គ.ជ.ប​ ថា​ លទ្ធផល​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​ឆ្នាំ​នេះ​​មាន​ការ​​កោត​សរសើរ​​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប​) បង្ហាញ​លទ្ធផល​ចុះឈ្មោះ​បោះឆ្នោត​មុន​បិទ​បញ្ចប់១ថ្ងៃ​ថា លទ្ធផល​នេះត្រូវ​បាន​កោតសរសើរ​ពី​ភាគី​ពាក់ព័ន្ធ ទោះ​ដំណើ​ការ​ទៅ​មិនបាន​ល្អឥតខ្ចោះ​ក៏ដោយ។

ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោតនិង​ចុះឈ្មោះ​បោះឆ្នោតសម្រាប់​ឆ្នាំ២០២០នេះ គ.ជ.ប ប្រើ​ពេល១៩ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៩ ខែតុលា។

គ.ជ.ប បាន​លើកឡើង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ១៨ថ្ងៃ​មកនេះ អ្នក​ទៅចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ជាង២៥ម៉ឺន​នាក់​ (២៥៦ ៥៤៥​) ស្មើនឹង​ជាង៨៥​% (៨៥,៤០​) នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​ជាង៣០ម៉ឺន​នាក់ ​(៣០០ ៣៩០នាក់​)។

គ.ជ.ប ថ្លែង​ទៀត​ថា៖ «ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះនិង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំនេះ បើ​ទោះបីជា​មិន​ទទួល​បាន​លទ្ធផល​ល្អឥតខ្ចោះ​ក៏ដោយ ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​ការបោះឆ្នោត​បាន​សម្តែង​ការ​កោតសរសើរនិង​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះនិង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០»។

សមាជិកនិង​ជា​អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណា​រុំ បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ពុំ​មានការ​ងារ​ណា​ល្អឥតខ្ចោះ​នោះ​ទេ ដែល​ករណីនេះ​ចាំបាច់​ណាស់​ត្រូវ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក៏ដូចជា​ការបោះឆ្នោត កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។ 

លោក​បាន​បន្ថែម​ថា៖ «គិត​ត្រឹម​ថ្ងៃទី១៨ ខែតុលា បណ្តឹង​សរុប​មាន​ចំនួន១០៣បណ្តឹង ដែល​ជា​បណ្តឹង​មក​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្សប្រជាជន​កម្ពុជា និង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត»។

លោក សំ គន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​អព្យា​ក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយសេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (ហៅ​កាត់​ថា NICFEC​) បាន​គាំទ្រ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​បោះឆ្នោត។ 

តែ​យ៉ាងណា លោក​ថា ភាគី​ពាក់ព័ន្ធ ក៏បាន​ចោទសួរនិង​ស្នើសុំ​ឱ្យ គ.ជ.ប ធ្វើ​វិសោធនកម្ម​លើ​ប្រការ​មួយចំនួន​នៅក្នុង​បទបញ្ជានិង​នីតិ​វិ​ធី​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះនិង​ការ​ចុះឈ្មោះ​បោះឆ្នោត​, ស្នើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​សម្ភារ​សម្រាប់​បម្រើ​ឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត ជាពិសេស​កុំព្យូទ័រ ដែល​សម្ភារ​ទាំង​នោះ​ចាស់​ៗប្រើ​យូរឆ្នាំហើយ និង​ចោទសួរ​ថា​ តើ គ.ជ.ប មាន​ផែន​ការ​ពន្យា​រពេល​បោះឆ្នោត​ដែរ​ឬយ៉ាងណា។

ទោះជាយ៉ាងណា មន្ត្រី​ គ.ជ.ប បាន​បញ្ជាក់​ថា មិន​មាន​ការ​ពន្យារ​ពេល​ការពិនិត្យ​បញ្ជី​ឈ្មោះនិង​ចុះឈ្មោះ​បោះឆ្នោត​ទេ និង​ថា បច្ចុប្បន្ន គ.ជ.ប មាន​គម្រោង​ប្តូរ​សម្ភារដែល​ចាស់​ៗទាំងនោះ​ដែរ ដោយ​បាន​ធ្វើ​សំ​ណើទៅកាន់​ភាគី​ជប៉ុន តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ។

សហរដ្ឋអាមេរិកនិង​សហភាព​អឺរ៉ុប នៅដើម​ឆ្នាំ២០១៨ បាន​ផ្តាច់​ជំនួយ​ពី គ.ជ.ប វិញ ក្រោយពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកបោះឆ្នោត​គាំទ្រ​ជាង៤០ភាគរយ ត្រូវ​បាន​ផាត់ចេញ​ពី​ឆាកនយោបាយ តាមរយៈ​សាលដីកា​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោល​គឺ​មុន​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី៦ចូល​មកដល់។

ពេលនោះ ក្បាលម៉ាស៊ីន គ.ជ.ប ត្រូវ​បាន​រុះរើ ដោយ​សមាជិក គ.ជ.ប ៣រូប កូតា​មក​ពី​គណបក្ស​ប្រឆាំង​ បានសម្រេច​ដើរចេញ។ ស្រប​ពេលនោះ​ដែរ សង្គម​ស៊ីវិលនិង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន រួម​ទាំង​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខុ​មហ្វ្រែល​ផង បាន​ប្រកាស​ដកខ្លួន​ឈប់​ឃ្លាំមើល​ការបោះឆ្នោត​ចាប់ពី​ពេលនោះ​មក ក្រោម​ហេតុផល​ថា​ បាន​រង​នូវ​ការ​គំរាមកំហែង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ