មន្ត្រី​​ជម្លៀស​​អ្នក​ជាប់​ឃុំ​​ជាង​១​ពាន់​​នាក់​ចេញ​ពី​​មណ្ឌល​​អប់រំ​​កែ​​ប្រែ​​ម២​ ដោយ​សារ​​ជំនន់​​ទឹក​ភ្លៀង​​

ក្រុម​អាជ្ញាធរ​ចុះ​ពិនិត្យ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ (ត្រាន់ តិច​សេង​)

មន្ត្រី​ពន្ធនាគារឱ្យ​ដឹង​ថា អ្នកទោស​ជា​ស្ត្រីនិង​អនីតិជន​ជាង១ ៤០០នាក់ ត្រូវ​បាន​ជម្លៀស​ចេញពី​មណ្ឌល​អប់រំ​កែ​ប្រែ​«ម២» ទៅកាន់​ពន្ធនាគារ​ចំនួន​ពីរ​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​មណ្ឌល​អប់រំ​កែ​ប្រែ​«ម២»នេះ បាន​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង។

អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោ​ក នុ​ត សាវ​នា បាន​ប្រាប់ VOD កាលពី​ថ្ងៃម្សិលមិញ​ថា មណ្ឌល​អប់រំ​កែ​ប្រែ​ម២ នៃ​ពន្ធនាគារ​ព្រៃស ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​រង​នូវ​ការ​ជន់​លិច​ខ្លាំង ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​ករណី​បាន​នេះ​ធ្វើ​ឱ្យ​មន្ត្រី​ពន្ធនាគារ​សម្រេច​ជម្លៀស​អ្នកជាប់ឃុំ​ជា​ស្ត្រីនិង​អនីតិជន​នៅ​ទីនោះ​ ចេញទៅ​កាន់​ពន្ធនាគារ​ចំនួន២។ 

លោក​បន្ត​ថា អ្នកជាប់ឃុំ​ប្រមាណ៩០០នាក់ បាន​ជម្លៀស​ទៅកាន់​មណ្ឌល​អប់រំ​កែ​ប្រែ​ម១នៃ​ពន្ធនាគារ​ព្រៃសដែល​នៅ​ក្បែរ​នោះ ខណៈ​អ្នកជាប់ឃុំ​ជាង៥០០នាក់​ទៀត ត្រូវ​បាន​ជម្លៀស​ទៅកាន់​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េ​ស៊ី (PJ​)។ 

លោក​ សាវ​នា បាន​បញ្ជាក់​ថា៖ «នេះ​ជា​រឿង​បន្ទាន់​ អ្នកជាប់ឃុំ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ​ហើយ»។

លោក​បាន​បន្ថែម​ថា កាលពី​ថ្ងៃអង្គារ កម្រិត​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ព្រៃស បាន​កើនឡើង៨សង់ទីម៉ែត្រ​ទៀត ដោយសារ​មាន​ភ្លៀង​ខ្លាំង​កាលពី​យប់​ថ្ងៃ​ចន្ទ ប៉ុន្តែ​លោក​មិនបាន​ដឹង​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​បន្ថែម​ទៀត​នោះ​ទេ។

មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ បាន​ទទួលស្គាល់​ពី​ភាព​ចង្អៀតណែន​ខ្លាំង​ជាង​មុននៅក្នុង​ពន្ធនាគារ នៅពេល​មានការ​ជម្លៀស​អ្នកជាប់ឃុំ​នេះ ប៉ុន្តែ​នៅចំពោះមុខ មន្ត្រី​ពន្ធនាគារចាំបាច់​ត្រូវ​ជួយសង្គ្រោះ​អ្នកជាប់ឃុំ​ឱ្យ​រួចផុត​ពីទី​តាំង​ដែល​មានការ​ជន់​លិច។

លោក​បាន​ថ្លែង​ថា៖ «វា​មាន​ភាព​ចង្អៀត​ណែន ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ គឺ​ជួយ​មនុស្ស​ចេញពី​ជំនន់​ទឹកភ្លៀង»។

អនុប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​សុខភាពនិង​អនាម័យ​សម្រាប់​អ្នកជាប់ឃុំ នៅពេល​មានការ​ជម្លៀស​អ្នកជាប់ឃុំ​បន្ថែម​ទៅកាន់​ពន្ធនាគារ​ដែល​មាន​អ្នកជាប់ឃុំ​ច្រើន​រួច​ទៅ​ហើយ​នោះ។

លោក​មានប្រសាសន៍​ថា៖ «បើសិនជា​យើង​និយាយ​ពី​បន្ទប់ យើង​ឃើញថា មណ្ឌល​អប់រំ​កែប្រែ​ទី១ និង​ពន្ធនាគារ​ប៉េ​ស៊ី មាន​ភាព​ចង្អៀត​ណែន​រួចហើយ ហើយ​ឥលូវ​ត្រូវ​បន្ថែម​អ្នកជាប់ឃុំ​ច្រើន​ទៀត អ៊ីចឹង​នឹង​កាន់តែ​ចង្អៀត​ណែន​ទៅទៀត»។

លោក ​អំ សំអាត បន្ត​ថា ប្រសិនបើ​ជំនន់​ទឹកភ្លៀង​នៅ​បន្ត​កើតមាន នោះ​មណ្ឌល​អប់រំ​កែប្រែ​ទី១ និង​ពន្ធនាគារ​ប៉េ​ស៊ី ក៏អាច​នឹង​រង​ការ​ជន់​លិច​ដែរ ដែល​ករណីនេះនឹង​ធ្វើ​ឱ្យ​អ្នកជាប់ឃុំ​កាន់តែ​មាន​ភាព​លំបាក ហើយ​មន្ត្រី​ពន្ធនាគារ​ក៏​នឹង​មានការ​ពិបាក​ក្នុង​ការគ្រប់គ្រង​ដែរ។

លោក​បញ្ជាក់​ថា៖ «នៅពេល​ដែល​មាន​មនុស្ស​ [អ្នកជាប់ឃុំ​] កាន់តែ​ច្រើន អាហ្នឹង​ក៏អាច​នឹង​មាន​ហា​និ​ភ័យ​ផ្សេង​ៗកើតឡើង​ច្រើន​ដែរ»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ឃុន សុខា មានប្រសាសន៍​កាលពី​ថ្ងៃអង្គារ​ថា ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌដង្កោ បាន​ស្រ​កខ្លះ​ៗហើយ ប៉ុន្តែ​នៅតែ​ស្ថិត​ក្នុង​កម្រិត​គ្រោះថ្នាក់​នៅឡើយ។ 

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ដល់​ថ្ងៃទី១៩ ខែតុលា ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់​ដល់១៩រាជធានី​-ខេត្ត និង​ប៉ះពាល់​ប្រជាជន៧៨ ០៥៦គ្រួសារ ស្មើ​ប្រមាណ​ជាង៣១ម៉ឺន​នាក់ និង​មាន​មនុស្ស​ចំនួន២៥នាក់​បាន​ស្លាប់។

របាយការណ៍​ដដែល​បន្ត​ថា ផ្ទះ​ជាង៧ម៉ឺន៣ពាន់​ខ្នង បាន​រង​ផល​ប៉ះពាល់ និង​ស្រូវ​ប្រមាណ​ជាង២១ម៉ឺន​ហិ​កតា ដំណាំរួមផ្សំ​ជិត៨ម៉ឺន​ហិ​កតា រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ក៏​ត្រូវ​បាន​ទឹកជន់​លិច​ផង​ដែរ​៕

ប្រែ​សម្រួល​ពីអ​ត្ថ​បទ​ភាសាអង់គ្លេស​ដោយ សុខ ហាំង​ឃាង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ