នាយក​​រដ្ឋ​មន្ត្រី​​អំពាវនាវ​​ដល់​​ធនាគារ​​និង​​មីក្រូ​ហិរញ្ញ​វត្ថុ​​កុំ​​រឹប​អូស​​ទ្រព្យ​សម្បត្តិ​​ពី​​ពលរដ្ឋ​​រង​គ្រោះ​​ដោយ​​ជំនន់​​ទឹក​ភ្លៀង​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​សួរសុខទុក្ខនិង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ធនាគារនិង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ បន្ត​ការយោគយល់ ដោយ​បន្ធូរបន្ថយ​អត្រា​ការប្រាក់ ពន្យា​រពេល​នៃ​ការ​សង​ប្រាក់ និង​កុំ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង។

ក្នុង​ពេល​ចុះ​ជួប​សួរសុខទុក្ខនិង​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា កន្លងមក រាជរដ្ឋាភិបាលធ្លាប់​បាន​អំពាវនាវ​ដល់​ធនាគារនិង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ​អត្រា​ការប្រាក់និង​ពន្យារ​ពេល​ការសង សម្រាប់​ប្រជា​ពល​រដ្ឋដែលរង​ផល​ប៉ះពាល់​ពិតប្រាកដ​ដោយ​ជំងឺ​កូវីដ១៩ម្តង​រួចហើយ។ 

លោក​បន្ត​ថា ដោយសារ​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១សែន​គ្រួសារ បន្ត​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​បន្ថែម​ទៀត ដែល​ករណីនេះ លោក​អំពាវនាវ​ជាថ្មីដល់​ធនាគារនិង​មីក្រូហិរញ្ញវត្ថុ បន្ត​ការយោគយល់​ដូចគ្នា​នេះចំពោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង។

លោក​បាន​គូសបញ្ជាក់​ថា៖ «នៅក្នុង​រយៈពេល​នៃ​ការ​លំបាក ដែល​ខ្ញុំ​គិតថា ទាំ​ងធនា​គារ​ធំៗ សំខាន់​មីក្រូ មេ​ត្តាយោគយល់​ចំពោះ​បញ្ហា​នេះ»។ 

លោកនាយក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​ធនាគារនិង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ កុំឱ្យ​មានការ​រឹបអូស​ផ្ទះសម្បែង ដីធ្លី និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ទាំង​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ១៩ និង​អ្នក​ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ផង​ដែរ។

តែ​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ធនាគារនិង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រឹបអូស​ទ្រព្យសម្បត្តិ​ចំពោះ​ជន​ទាំងឡាយ​ណាដែល​បំផុស​ចលនា​ឱ្យ​មាន​ចរន្ត​ដកប្រាក់​ឱ្យ​អស់ពី​ធនាគារនិង​កុំ​សង​លុយ​ធនាគារ និង​អ្នក​ដែល​ជឿ​លើ​ការ​ញុះញង់​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ