នាយក​​រដ្ឋ​មន្ត្រី​​អំពាវ​នាវ​​កុំ​ឱ្យ​​រឹប​អូស​​ទ្រព្យ​សម្បត្តិ​​កូន​បំណុល​​ដែល​​រង​គ្រោះ​​ដោយ​​ទឹក​ជំនន់​និង​​វិបត្តិ​​កូ​វីដ​១៩​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​សួរសុខទុក្ខនិង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ជាថ្មី​ទៀតទៅ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី កុំឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​កូនបំណុលដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដោយ​ថា បញ្ហា​នេះ​វា​ជា​ការ​ឈឺ​ចាប់​ផ្ទួន​ៗរបស់​ប្រជាពលរដ្ឋ​កម្ពុជាក្រោយពី​ការវាយប្រហារ​ដោយ​កូ​វីដ១៩។

ការ​ថ្លែង​របស់​មេដឹកនាំ​រូប​នេះ ធ្វើឡើង​ក្នុង​ពេល​ចុះ​ចែក​អំណោយ​ជា​ស្បៀងអាហារនិង​ថវិ​កាដ​ល់​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃពុធ​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៀត​ថា ធនា​គារ​ធំៗនិង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គួរ​យោគយល់​ចំពោះ​អ្នក​ដែល​លិចលង់​ពិតប្រាកដ​នៅ​គ្រប់​ទីកន្លែង។ ការយោគយល់ លោក​សំដៅ​ដល់​ការ​ពន្យា​រពេល​សង​ប្រាក់ឬការកាត់បន្ថយ​អត្រា​ការ​ប្រាក់​ ក្នុងរយៈពេល​ដែល​កូនបំណុល​ជួប​ការ​លំបាក​ដោយ​ទឹកជំនន់។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ព្រោះ​រឿង​នេះជា​រឿង​ដែល​បាន​កើតឡើង ហើយ​ផ្តល់​ការឈឺចាប់​ណាស់​ទៅ​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ហើយ​ខ្ញុំ​សូម​អំពាវនាវ​កុំឱ្យ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ដំណាក់កាល​កូ​វីដនិង​ដំណាក់កាល​នៃ​ទឹកជំនន់»។

តែ​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី​បង្ហើប​ផ្លូវ​ឱ្យ​ម្ចាស់បំណុលអាច​រឹបអូស​ទ្រព្យសម្បត្តិ​កូនបំណុល​ទាំងឡាយ​ណាដែល​លោក​យល់ថា ធ្វើសកម្មភាព​បម្រើ​ឱ្យ​អ្នកនយោបាយ​ក្រុមប្រឆាំងដែល​ធ្លាប់​អំពាវ​នាវ​កុំឱ្យ​ពួក​គេ​សង​ប្រាក់​ត្រឡប់ទៅ​ម្ចាស់បំណុល​វិញ។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​(CMA​) លោក កាំង តុង​ងី ប្រាប់​ថា សមាគម​ធ្លាប់​បាន​ជជែក​ជាមួយ​សមាជិក​របស់​ខ្លួន​រួចមក​ហើយ​ថា ក្នុង​កាលៈទេសៈ​ដែល​កូនបំណុល​រង​ផល​ប៉ះពាល់​ដោយ​កូ​វីដ១៩និង​រងគ្រោះ​ដោយ​ទឹកជំនន់ មិន​អនុញ្ញ​តឱ្យ​សមាជិក​ណាមួយរឹបអូស​ដីធ្លីនិង​ផ្ទះសម្បែង​កូនបំណុល​ទេ។

លោក​ថា ចាប់ពី​ដើមឆ្នាំ២០២០មក មិន​មាន​អ្នកប្រើ​ប្រាស់​កម្ចី​ណា​ម្នាក់ត្រូវ​បាន​សមាជិក​របស់​ខ្លួន​រឹបអូស​ទ្រព្យ​សម្ប​ត្តិ ដីធ្លី ឬទ្រព្យ​បញ្ចាំ​នោះ​ទេ។

លោក កាំង តុង​ងី ប្រាប់​ថា៖ «គ្រប់​គ្រឹះស្ថាន​ទាំងអស់ យើង​ទាមទារ​ឱ្យ​គាត់​មាន​ភាព​ទន់ភ្លន់ មាន​ភាព​បត់បែន ធ្វើ​ម៉េច​ជួយ​រក​ដំណោះស្រាយ​ឱ្យ​អតិថិជន ហើយ​យើង​ឱ្យ​គាត់​ចៀស​ពី​ជម្រើស​រឹបអូស​ផ្ទះសម្បែង​ មិន​ឱ្យ​កើតឡើង​ទេ​ក្នុង​ឆ្នាំ២០២០»។

លោក កាំង តុង​ងី បញ្ជាក់​ថា មកដល់ពេលនេះ សមាគម​បាន​រៀបចំ​កម្ចី​ឡើងវិញ​ជូន​អតិថិជន​បាន២៦ម៉ឺន៥ពាន់​កម្ចី​រួចមក​ហើយ ក្នុងចំណោម​អ្នកស្នើ​សុំ​កម្ចី​ឡើងវិញ២៨ម៉ឺន​នាក់ គិតជា​ប្រាក់​សរុប១ ៣០០លាន​ដុល្លារ។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត មានប្រសាសន៍​ថា ការ​រួមគ្នា​សង្គ្រោះ​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ ជា​ការចូលរួម​ចំណែក​លើកកម្ពស់​សិទ្ធិ​រស់រាន​មានជីវិត តប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ។

ប៉ុន្តែលោកគូសបញ្ជាក់​ថា បើ​ពលរដ្ឋ​រងគ្រោះ​ដូចគ្នា តែ​ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល​ខុសគ្នា វា​ជា​ការរើសអើង​ផ្នែក​នយោបាយ ផ្ទុយ​ទៅ​នឹង​ច្បាប់​កំពូល​របស់​កម្ពុជា។

លោក អំ សំអាត ប្រាប់​ថា៖ «បើសិនជា​ប្រជាពលរដ្ឋ​គាត់​រងគ្រោះ​ដោយ​កូ​វី​ដក​ន្លង​មក ហើយ​បច្ចុប្បន្ន​គាត់​រងគ្រោះ​ដោយ​ទឹកជំនន់​ទៀត ដែល​ជា​វិបត្តិ​ធ្ងន់ធ្ងរ គួរតែ​អនុវត្ត​ឱ្យ​ស្មើភាព​គ្នា ពីព្រោះ​អាហ្នឹង​មិន​អាច​ប្រកាន់​និន្នាការ​នយោបាយ​បានទេ ពី​គ្រោះ​គាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដូចគ្នា ត្រូវ​ទទួល​បានការ​សម្របសម្រួល​ដូចគ្នា បើ​គាត់​ជួប​វិបត្តិ​ទាំងអស់​ហ្នឹង»។

មាត្រា៣៥ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា៖ «ពលរដ្ឋខ្មែរ​ទាំងពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ»។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គិត​ត្រឹម​ថ្ងៃពុធ​នេះ ទឹកជំនន់​បាន​សម្លាប់មនុស្ស​អស់​៣៤នាក់ បង្ក​ផល​ប៉ះពាល់​ជាង១០ម៉ឺន​គ្រួសារ ស្មើនឹងជាង៤១ម៉ឺននាក់ (៤១៧ ៣៩២នាក់)។

តាមរយៈ​របាយការណ៍​ចុះ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ អង្គការ​សមាគម១៣៥ស្ថាប័ន បាន​ថ្លែង​ថា វិបត្តិ​កូ​វីដ១៩ ក្រៅពី​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ វា​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​នូវ​វិបត្តិ​បំណុល​ច្រើនលើស​លុប ដែល​ថា កើត​ចេញពី​កម្ចី​ឥណទាន​ជាង១០ពាន់​លាន​ដុល្លារ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន។

ក្រុម​អ្នក​តាមដាន​ទាំងនោះ និយាយ​ទៀត​ថា៖ «បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង២លាន៥សែន​នាក់ មាន​ជាប់ជំពាក់​កម្ចី​ខ្នាត​តូច​ជាមធ្យម​មាន​ទំហំ៣ ៨០០ដុល្លារ ដែល​ជា​ចំនួន​ច្រើនជាង​គេ​នៅ​លើ​ពិភពលោក។ ការណ៍​នេះ​ធ្វើ​ឱ្យ​ជីវភាពរស់នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ប្រឈម​នឹង​ហានិភ័យ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ