របាយការណ៍បង្ហាញថា អ្នកស្លាប់ដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនៅកម្ពុជា បានកើនដល់៣៤នាក់ ខណៈពលរដ្ឋជាង១០ម៉ឺនគ្រួសារ រងផលប៉ះពាល់។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្តចំនួន១៩របស់កម្ពុជា បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានអ្នកស្លាប់ចំនួន៣៤នាក់។
របាយការណ៍បន្តថា ជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១០៤ ៣៤៨គ្រួសារ ស្មើប្រមាណ៤១៧ ៣៩២នាក់ ខណៈប្រជាពលរដ្ឋចំនួន១០ ៥៨៣គ្រួសារ ស្មើប្រមាណ៤២ ៣៣២នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ក្រៅពីនោះ របាយការណ៍បញ្ជាក់ថា មានផ្ទះប្រជាពលរដ្ឋប្រមាណ៩៥ ១៣០ខ្នង រងផលប៉ះពាល់ និងខូចខាត៦៣ខ្នង ខណៈសាលារៀន៥៨៩កន្លែង ស្រូវជាង២៤ម៉ឺនហិកតា ដំណាំរួមផ្សំជាង៨ម៉ឺនហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត បានរងនូវការជន់លិច។
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី-ខេត្តទាំង១៩ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ៕