សត្វ​​ផ្សោត​​ជិត​១០០​ក្បាល​រស់​នៅ​​ក្នុង​​ទន្លេ​មេគង្គ​​នៅ​តែ​​ប្រឈម​​នឹង​​ការ​​គំរាម​កំហែង​

សត្វ​ផ្សោត​មួយ​ក្បាល​កំពុងតែ​ហែលទឹក​លេង នៅ​អន្លង់​ផ្សោត​កាំ​ពី ខេត្តក្រចេះ កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ WWF​-Cambodia​)

​ក្រុម​អ្នកជំនាញឱ្យ​ដឹង​ថា ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ សត្វ​ផ្សោត​នៅ​កម្ពុជា​មាន​ចំនួន​ជិត១០០ក្បាល ដោយ​តួលេខ​នេះ​មិន​មានការ​កើនឡើង​ឬថយ​ចុះ​នោះ​ទេ ប៉ុន្តែ​សត្វ​ផ្សោត​ចំនួន២៥ក្បាលបាន​បាត់ដាន​ពី​ការអង្កេត ស្រប​ពេល​ដែល​សត្វ​ផ្សោត​ទាំងនោះ​នៅតែ​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​អ្នកនេសាទ​ខុសច្បាប់។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បច្ចេកទេស ស្តី​ពី «ការសិក្សា​លើ​ចំនួន​សរុប​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ឆ្នាំ២០២០ ដោយ​ប្រើ​គំរូ​វិភាគ Mark​-Resight Models» អគ្គនាយករង​នៃ​រដ្ឋបាល​ជលផល និង​ជា​អគ្គលេខាធិការ​រងនៃ​គណៈកម្មាធិការ​ជាតិ ESCAP លោក ស្រ៊ុ​ន លឹម​សុង បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ សត្វ​ផ្សោត​រស់នៅ​រាយប៉ាយ​តាម​ដងទន្លេ​មេគង្គ រួមមាន ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក រួម​ទាំង​បឹងទន្លេសាប​ ជាដើម។ 

លោក​បន្ត​ថា ចាប់ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០២០នេះ ចំនួន​សត្វ​ផ្សោត​មិន​មានការ​ថយ​ចុះឬកើនឡើង​នោះ​ទេ ពោល​នៅ​មាន​ចំនួន​ថេរ​ប្រហែលជា៨៩ក្បាល ហើយ​សត្វ​ទាំងនោះកំពុង​រស់នៅ​តាម​ដងទន្លេ​មេគង្គ​ក្នុង​ចន្លោះ​ចម្ងាយ១៨០គីឡូម៉ែត្រ ចាប់ពី​អន្លង់​កាំ​ពី ក្នុង​ខេត្តក្រចេះ បន្ត​ឡើង​ដល់​ល្បាក់ទឹក​ខោន​ក្នុង​ប្រទេស​ឡាវ ដែល​ជាប់ទៅនឹង​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង។

លោក លឹម​សុង ថ្លែង​ទៀត​ថា បច្ចុប្បន្ន​ សត្វ​ផ្សោត​ទាំងនោះ កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ជាច្រើន​ពី​សកម្មភាព​អ្នកនេសាទ​ខុសច្បាប់និង​ទំនប់​វារីអគ្គិសនី​នៅ​ចរន្តទឹក​ខាងលើ​ជាដើម។

លោក​ថា៖ «សត្វ​ផ្សោត៨៩ក្បាលកំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ជាច្រើន ដូចជា ការ​ទាក់ជាប់​ទៅ​នឹង​មង​នេសាទ​នៅ​តំបន់​ការងារ​សត្វ នេសាទ​ខុសច្បាប់ ប្រើ​ឧបករណ៍​ឆក់ នុយ​នេសាទ​ដែល​មាន​ជាតិពុល និង​ទំ​បន់​វារីអគ្គិសនី​នៅ​ចរន្តទឹក​ខាងលើ»។

បន្ថែម​ពីនេះ នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ ហៅ​កាត់ WWF លោក សេង ទៀក ដែល​សហការ​ធ្វើការងារ​ជាមួយ​រដ្ឋបាល​ជលផល បាន​ថ្លែង​ថា រយៈពេល៣ឆ្នាំ​កន្លងទៅ​នេះ បទល្មើស​នេសាទ​ខុសច្បាប់​ដែល​ប្រព្រឹត្ត​នៅ​តាម​ដងទន្លេ​មេគង្គ​ស្ថិតនៅ​តំបន់​សត្វ​ផ្សោត​រស់នៅ​នោះ ក្រុមការងារ​ជំនាញ​ទាំង​រដ្ឋាភិបាលនិង​អង្គការ​បាន​សហការ​គ្នាទប់ស្កាត់​និង​រឹបអូស​បាន​មង​២២ម៉ឺន​ម៉ែត្រ និង​ឧបករណ៍​ឆក់ រួម​ទាំង​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ចំនួន១៣នាក់​ផង​ដែរ។

លោក​មានប្រសាសន៍​ថា៖ «បើ​យើង​ពិនិត្យមើល​ការអនុវត្ត​ច្បាប់​កន្លងមក​រយៈពេល៣ឆ្នាំនេះ គ្រាន់តែ​មង​ជា​បញ្ហា​ប្រឈម​របស់​យើង​ ប្រហែល២២ម៉ឺន​ម៉ែ​ត្រ ត្រូវ​បាន​រឹបអូស​ពី​អន្លង់​ផ្សោត ហើយ​សន្ទូច​រនោង១២ម៉ឺន​ម៉ែត្រ ឧបករណ៍​ឆក់៦៤ករណី ហើយ​ជនល្មើស​ដែល​បង្ក​បទល្មើស​ជលផល១៣នាក់ បាន​ចងក្រង​និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​ទៅតាមច្បាប់»។

មន្ត្រី​រដ្ឋបាល​ជលផលនិង​សង្គម​ស៊ីវិលដែល​ធ្វើការងារ​អភិរក្ស​សត្វ​ផ្សោត ក៏បាន​បង្ហាញ​ការ​ប្តេជ្ញា​ថា ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់​នានា​នៅ​តំបន់​ពួក​គេ​រស់នៅ ពីព្រោះ​សត្វ​ទាំងនោះត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកជា​រតន​សម្បត្តិ​ជាតិ​មានជីវិត បន្ទាប់ពី​ប្រាសាទ​អង្គ​វត្ត។

សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវ​បាន​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ ហៅ​កាត់​ថា IUCN ចាត់​ថ្នាក់​ក្នុង​បញ្ជី​ក្រហមជា​ប្រភេទ​ជិត​ផុតពូជ។

របាយការណ៍​បច្ចេកទេស​របស់​រដ្ឋបាល​ជលផល​ចេញផ្សាយ​នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ រក​ឃើញថា ក្នុង​ទសវត្ស​នៃ​ឆ្នាំ១៩៧៤ ឬឆ្នាំ១៩៧៥ សត្វ​ផ្សោត Irrawaddy រាប់ពាន់​ក្បាល​បាន​រស់នៅ​រាយប៉ាយ​តាម​ដងទន្លេ​មេគង្គ។ ក្រោយមក​ នៅចន្លោះ​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ សត្វ​ផ្សោត​រាប់​រយ​ក្បាល​ ត្រូវ​បាន​របប​ខ្មែរ​ក្រ​ហម​ប្រ​មាញ់​សម្លាប់​រាប់​រយ​ក្បាល ដើម្បី​ចម្រាញ់យកប្រេង (MAFF​, 2005​. The Mekong Dolphin Conservation Strategy) ការ​ទម្លាក់​គ្រាប់បែក​ចំនួន២,៧លាន​តោនក្នុង​ប្រទេស​កម្ពុជា តាម​ដងទន្លេ​មេគង្គ​ក្នុង​អំឡុង​សង្គ្រាម​រវាង​អាមេរិកនិង​វៀតណាម រួម​ទាំង​សកម្ម​ភា​ពនេ​សា​ទបំ​ផ្លិច​បំផ្លាញ​ខុសច្បាប់​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ