ក្រសួង​​អប់រំ​ អនុញ្ញាត​​ឱ្យ​​បើក​​ដំណើរ​ការ​​សេវា​​មួយ​ចំនួន​​នៅ​​តាម​​គ្រឹះ​ស្ថាន​​ឯកជន​​ឡើង​វិញ​​

កូនសិស្ស​ម្នាក់​ត្រៀម​ធ្វើដំណើរ​ត្រឡប់ទៅ​ផ្ទះ​វិញ ក្រោយពី​ចប់​ម៉ោង​សិក្សា​នៅ​សាលារៀន​ថ្ងៃ​ដំបូង នា​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ចាប់តាំងពី​ក្រសួង​ប្រកាស​បិទ​ដំណើរការ​សិក្សា​ដោយសារ​វិបត្តិ​កូ​វីដ១៩។ (Michael Dickison​)

ក្រសួង​អប់រំ យុវជន និងកីឡា បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំកាយនិងកីឡា និង​សេវា​អាហារដ្ឋាន នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន ប៉ុន្តែ​ត្រូវ​គោរព​គោលការណ៍​ប្រតិបត្តិ​ស្តង់​ដារ​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩។

យោង​តាម​លិខិត​របស់ក្រ​សួង​អប់រំ ទៅកាន់​ប្រធាន​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បាន​លើកឡើង​ថា ក្រសួង​សម្រេច​អនុញ្ញាត​ជាគោល​ការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់ដែល​ទទួល​បាន​លិខិតអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ អាច​ដំណើរការ​នូវ​សេវា​ទាំងនេះ​បាន ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់របស់​គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និង​អាណាព្យាបាល ក្នុង​ការប្រើ​ប្រាស់​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំកាយនិងកីឡា និង​សេវា​អាហារដ្ឋាន។

លិខិត​ដដែល​បាន​បន្ត​ថា ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ទាំងនោះ ត្រូវ​អនុវត្ត​តាម​គោល​ការណ៍​ប្រតិបត្តិ​ស្តង់​ដារ (SOP​) ឱ្យ​បាន​ម៉ឺងម៉ាត់និង​ខ្ជាប់ខ្ជួន​បំផុត ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ បើ​ពុំ​នោះ​ទេ ក្រសួង​នឹង​អនុវត្ត​វិធានការ​នានា​ដែល​មាន​ជាធរមាន។

បើ​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់​ដារ (SOP​) របស់ក្រ​សួង​អប់រំដែល​បាន​រៀបចំឡើង​នោះ មាន​គោលបំណង​ណែនាំអំពីវិធានការ​អនាម័យ រួម​ទាំង​វិធានការ​សុខាភិបាល ដើម្បី​គ្រឹះស្ថានសិក្សា​អាច​រៀបចំនិង​ត្រៀមលក្ខណៈ​ដំណើរការ​សេវា​នានាក្នុង​គ្រឹះស្ថានសិក្សា​ពេញលេញ ក៏ដូចជា​ការ​បន្ត​អភិវឌ្ឍ​គ្រឹះស្ថានសិក្សា​នី​មួយ​ៗឱ្យ​មាន​និរន្តរភាព ធានា​បាន​នូវ​សុវត្ថិភាព សុខភាព​សម្រាប់​បុគ្គលិក​សិក្សា គ្រូបង្រៀន និង​សិស្សានុសិស្ស​ក្នុង​បរិបទ​កូ​វីដ១៩ និង​ទៅ​អនាគត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ