នាយក​​រដ្ឋ​មន្ត្រី​​អំពាវនាវ​​កុំ​ឱ្យ​​ពលរដ្ឋ​​ជឿ​​មេ​ខ្យល់​​នាំ​ទៅ​​ធ្វើការ​​នៅ​​ប្រទេស​ជិត​ខាង​​

អាជ្ញាធរប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានធ្វើតេស្តលើពលករខ្មែរមកពីថៃ ដែលត្រលប់មកស្រុកកំណើតវិញ។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេសជិតខាងតាមរយៈ​ការ​អូសទាញ​របស់​មេខ្យល់ ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូ​វីដ១៩នេះ ដោយ​ថា​ ស្ថានភាព​បែបនេះ​នឹង​បង្ក​ឱ្យ​ជួប​ហានិភ័យ​ខ្ពស់។

ការ​ថ្លែង​របស់​ថ្នាក់ដឹកនាំ​រូប​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃទី២២ ខែតុលា​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សំដៅ​ដល់​សារ​សំឡេង​អំពាវនាវ​តាម​បណ្តាញ​សង្គមរបស់​ព្រះសង្ឃ​ខ្មែរសុរិន្ទ​មួយ​ព្រះអង្គដែល​គង្គ​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ដែល​មាន​សង្ឃដីកា​ថា ពលរដ្ឋខ្មែរ​កំពុង​ចាញ់បោក​មេ​ខ្យស់​នាំចូល​ទៅ​ធ្វើការ ខណៈ​ប្រទេសជិតខាង​មួយ​នេះ នៅ​បិទ​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩នៅឡើយ ។

លោក​ថា៖ «លោកតា ស៊ុច [ព្រះសង្ឃ​ខ្មែរសុរិន្ទ​] បាន​ផ្ញើ​ជា​សារ​សំឡេង ដែល​លោក​ថត​បាន​ជា​វីដេអូ​ថា កុំឱ្យ​ចាញ់បោក​គេ គេ​នាំទៅ អ៊ីចឹង​ទេ ​យើង​ខិតខំ​ធ្វើការ​នៅក្នុង​ប្រទេស​របស់​យើង ទៅណោះ ​[ប្រទេស​ថៃ​] ចាញ់បោក​គេ​ ជួនកាល​ត្រូវ​បាន​គេ ​[អាជ្ញាធរ​ថៃ​] ចាប់​ដាក់គុក ហើយ​គេ​ចាប់​បញ្ជូន​ត្រឡប់មកវិញ ហើយ​សម័យ​កូ​វី​ដនេះ​ទៀត​ ក្រែង​ទៅ​ឆ្លង​គេ​ឆ្លង​ឯង ​ឬនាំ​ជំងឺ​ពី​គេ​ចូល​មក​យើង​ […] ប៉ុន្តែ​សុំ​កុំឱ្យ​ចាញ់បោក​បន្ថែម​ទៀត»។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោកស្រី ជូ ប៊ុ​នអេង មានប្រសាសន៍​ថា បញ្ហា​វា​បាន​កើតឡើង​ក្រោយពេល​ភាគី​ថៃ​ប្រកាស​បិទ​ព្រំដែន​ដោយ​ឯកតោភាគី ក្រោម​ហេតុផល​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩។

លោកស្រី​បន្ត​ថា ពេល​មាន​វិបត្តិ​កូ​វីដ១៩ ថៃ​បាន​ដឹក​ពលករ​ខ្មែរ​មក​ទុក​តាម​ព្រំដែន ធ្វើ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​នឹកស្រុក​កំណើត​ស្រាប់ បាន​សម្រុកចូល​មក​កម្ពុជា​វិញ រហូតមកដល់​ពេលនេះ មាន​ជាង១០ម៉ឺន​នាក់ ។

លោកស្រី​បន្ត​ទៀត​ថា ក្រោយមក ​ថៃ​ខ្វះ​កម្លាំង​ពលកម្ម ក៏​ឃោសនា​តាមរយៈ​មេខ្យល់ឱ្យមក​អូសទាញ​ពលរដ្ឋខ្មែរ​ត្រឡប់ទៅ​ធ្វើការ​វិញ ដែល​ជាហេតុ​ធ្វើ​ឱ្យ​លំហូរ​ចំណាកស្រុកតាមរយៈ​មេខ្យល់​ច្រើន ខណៈ​ប្រទេសជិតខាង​នៅ​មិនទាន់​បើក​ច្រកព្រំដែន​វិញ​នៅឡើយ។

លោកស្រី ជូ ប៊ុ​នអេង មានប្រសាសន៍​ទៀត​ថា គិត​មកដល់ពេលនេះ ពលករ​ខ្មែរ​ប្រមាណ​២០០​ទៅ៣០០នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃចាប់​បញ្ជូន​មកវិញ។

ទោះ​ជាយ៉ាងណា លោកស្រី​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​មានការ​អត់ធ្មត់និង​ចាប់​យក​អាជីវកម្ម​នៅក្នុង​ស្រុក ដើម្បី​បង្កើន​ជីវភាពរស់នៅ​ប្រចាំថ្ងៃ ជាជាង​ធ្វើ​ចំណាកស្រុក​តាម​មេខ្យល់​ទាំង​ប្រឈម​នឹង​គ្រោះថ្នាក់។

លោកស្រី​ថា៖ «កម្ពុជា​ជា​ប្រទេស​ដែល​គាត់​រស់នៅ​រាប់​ឆ្នាំ​មក​ហើយ ទើបនឹង​ចេញទៅ​ប្រទេស​គេ​បាន​ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​ហ្នឹង អ៊ីចឹង​រឿង​អី​ដែល​យើង​រស់នៅ​ក្នុង​ស្រុក​យើង​អត់​កើត។ តាំងពី​ដូនតា​មក​ យើង​មិនដែល​រស់​ពឹង​ទៅលើ​ទេ​សន្ត​ប្រវេសន៍​ឯណា យើង​រស់នៅ​ក្នុង​ស្រុក​យ៉ាង​សប្បាយរីករាយ ដោយ​យើង​គិតថា ​កន្លែង​នេះ​ជា​មាតុភូមិ​របស់​ខ្លួនឯង អ៊ីចឹង​យើង​សួរ​ថា ​អ្នក​ដែល​នៅក្នុង​ស្រុក​គាត់​រស់​បាន​របៀប​ម៉េច អ៊ីចឹង​យើង​នាំគ្នា​រស់​ដូចគ្នា​ទៅ»។

លោកស្រី ជូ ប៊ុ​នអេង ថាពលករ​ចំណាកស្រុក​ទាំងនោះត្រូវ​បាន​រដ្ឋាភិបាលជួយ​ដោះស្រាយ​ជីវភាព តាមរយៈ​គោលនយោបាយ​គាំពារ​សង្គមដូច​ពលរដ្ឋ​មិន​ចំណាកស្រុក​ដែរ។

ពលករ​ចំណាកស្រុក​ធ្វើការ​លើ​ទូក​នេសាទ​សមុទ្រ​នៅ​ប្រទេស​ថៃ លោក សួង សង និយាយ​ថា គាត់​បាន​វិលត្រឡប់​មកកាន់​ស្រុកកំណើត​ជិត៤ខែ​ហើយ មិន​ទទួល​បានការ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ណាមួយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ។

បុរស​អាយុ២៧ឆ្នាំ រស់នៅ​ស្រុក​ចុងកាល​់ ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ប្រពន្ធ​ជិត​គ្រប់ខែ​ផង​នោះ និយាយ​ទៀត​ថា គា​ត់​នឹង​សច្រេច​ចិត្ត​ទៅ​ធ្វើការ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​វិញ ដើម្បី​ដោះបំណុល ទោះ​ដឹង​ថា​ ការ​ត្រឡប់ទៅវិញ​នោះ​ជួប​ការ​ចាប់ខ្លួន​ពី​អាជ្ញាធរ​ថៃ​ក៏ដោយ។

លោក​ថា៖ «ធ្វើ​ម៉េ​ងបើ​យើង​មិន​មាន មានតែ​រក​គេ ខ្ចីគេ ហើយ​បើ​ខ្ចីគេ​ហើយ នៅផ្ទះ​យើង​រក​អី​បាន​សង​គេទេ! ​អាការ​ចាប់ចង​ វា​ខ្លាច​ណាស់ តែបើ​យើង​ចាល់​ [ទាល់​] មិនដឹង​ធ្វើ​ម៉េច»។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៅ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ លោក ឃុន ថា​រ៉ូ មានប្រសាសន៍​ថា ឫសគល់​នៃ​ការ​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​របស់​ពលរដ្ឋខ្មែរ គឺ​បញ្ហា​បំណុលនិង​ឱកាស​ការងារ​ក្នុង​ស្រុក​ពុំសូវ​សម្បូរ។

លោក​ថា៖ «កត្តា​ក្រពះនិង​បំណុលហ្នឹងហើយ​ដែល​ជំរុញ​ឱ្យ​គាត់​ត្រឡប់ទៅវិញ យើង​អត់​អាច​ទប់ស្កាត់​គាត់​បានទេ អា​ចំណុច​មួយ​ហ្នឹង តែបើ​ចង់​ទប់ស្កាត់​បាន​ ទាល់តែ​រដ្ឋាភិបាល​មានកម្ម​វិធី​ឧបត្ថម្ភ​គាំទ្រ​សង្គម​ច្បាស់លាស់»។

ទោះជាយ៉ាងណា លោក​ថា លំហូរ​ចំណាកស្រុក​ខុសច្បាប់​នឹង​មិន​អាច​ទប់ស្កាត់​បានទេ បើ​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហា​បំណុល ផ្តល់​ឱកាស​ការងារ​ឱ្យ​បាន​កាន់តែ​ច្រើន​ទេ​នោះ ខណៈ​កម្មករ​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​ជាង៤ម៉ឺន​នាក់​រួច​ហើយបានបា​ត់​បង់​ការងារ និង​ការ​ធ្លាក់ចុះ​នៃ​វិស័យ​ទេសចរណ៍ រួម​ទាំង​បញ្ហា​ទឹកជំនន់​ដែល​កំពុង​គំរាមកំហែង​ដល់​វិស័យ​កសិកម្ម​ថែមទៀត​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ