នាយក​​រដ្ឋ​មន្ត្រី​៖​ អ្នក​​ស្លាប់​​ក្នុង​​ជំនន់​ទឹក​ភ្លៀង​​កើន​​ដល់​៣៦នាក់

ស្ថានភាពកម្ពស់ជំនន់ទឹកភ្លៀង នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ឱ្យ​ដឹង​ថា អ្នក​ស្លាប់​ដោយសារ​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា បាន​កើន​ដល់៣៦នាក់ ក្នុង​នោះ​ខេត្ត​បន្ទាយមានជ័យ​មាន​អ្នក​ស្លាប់និង​រងគ្រោះ​ច្រើនជាង​គេ។

ក្នុង​ជំនួប​សួរសុខទុក្ខនិង​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ការ​សោក​ស្តាយនិង​ចូលរួម​រំលែកទុក្ខ​ចំពោះ​គ្រួសារ​សព​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​គ្រោះ​ទឹកជំនន់​ទាំង៣៦នាក់ ក្នុង​នោះ​ នៅ​ខេត្ត​បន្ទាយមានជ័យមាន​អ្នក​ស្លាប់​រហូតដល់​ទៅ១៩នាក់ ខណៈ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ខេត្ត​នេះ​កើន​ដល់​ជាង៣ម៉ឺន​គ្រួសារ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី០១ ខែកញ្ញា ដល់​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រាជធានី​-ខេត្ត​ចំនួន១៩របស់​កម្ពុជា បាន​រង​ការ​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង។

របាយការណ៍​បន្ត​ថា ជំនន់​ទឹកភ្លៀងក៏បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង១០ម៉ឺន​គ្រួសារ ខណៈ​ប្រជាពលរដ្ឋ​ជាង១ម៉ឺន​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព និង​ប៉ះពាល់​ដល់​ផ្ទះសម្បែងនិង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។

បើ​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រាជធានី​-ខេត្ត​ទាំង១៩ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង រួមមាន រាជធានី​ភ្នំពេញ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ