មន្ត្រី​​ជំនាញ​​យក​​កុលាល​ភាជន៍​​ដែល​​រក​​ឃើញ​​នៅ​​ប្រាសាទ​ព្រះខ័ន​​ទៅ​​ជួសជុល​​និង​​អភិរក្ស​

កុលាលភាជន៍​ចំនួន១៩ ថ្មដុស​ថ្នាំចំ​នួន២ អង្រែ​កិន​ថ្នាំ១ និង​បំណែក​កុលាលភាជន៍​ចំនួន៣០ ដែល​បាន​ពី​ការ​ស្តារ​ប្រឡាយ​នៅ​បរិវេណ​ថ្នាល​បណ្តុះ​កូនឈើ​ប្រាសាទព្រះខ័ន​កាលពីដើម​ឆ្នាំ២០២០ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​យក​មក​រក្សាទុក​ដើម្បី​ជួសជុល នា​រសៀល​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ អាជ្ញាធរ​ជាតិ​អប្សរា Apsara National Authority​)

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រមូល​យក​កុលាលភាជន៍និង​វត្ថុបុរាណ​មួយចំនួនដែល​រក​ឃើញ​ពី​ការ​ស្តារ​ប្រឡាយ​នៅ​បរិវេណ​ប្រាសាទព្រះខ័ន ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ទៅ​រក្សាទុក ដើម្បី​សម្អាតនិង​ជួសជុល។

មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ញ៉ែម រស្មី ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា ស្រង់​ប្រសាសន៍​ថា កុលាលភាជន៍​ចំនួន១៩ ថ្មដុស​ថ្នាំចំ​នួន២ អង្រែ​កិន​ថ្នាំ១ និង​បំណែក​កុ​លា​លភា​ជន៍​ចំនួន៣០ ដែល​បាន​ពី​ការ​ស្តារ​ប្រឡាយ​នៅ​បរិវេណ​ថ្នាល​បណ្តុះ​កូនឈើ​ប្រាសាទព្រះខ័ន​នោះ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរាយក​មក​រក្សាទុកដើម្បី​ជួសជុល កាលពី​ថ្ងៃម្សិលមិញ។

លោក​បន្ត​ថា កុលាលភាជន៍​និង​ថ្ម​កិន​ថ្មាំ ដែល​រក​ឃើញ​ដ៏​ច្រើន​នេះ ជីក​បាន​នៅ​ខែមីនា ឆ្នាំ២០២០ នៅពេល​ក្រុមការងារ​ស្តារ​ប្រឡាយ​ចំនួន១ ៧០០ម៉ែត្រ​នៃ​បរិវេណ​ប្រាសាទព្រះខ័ន។

លោក​បញ្ជាក់​ថា៖ «វត្ថុបុរាណ​ទាំងអស់​នេះ ស្ថិតនៅ​រាយប៉ាយ​ពីគ្នាក្នុង​ជម្រៅ១ម៉ែត្រ​ជាង។ ក្រោយ​ប្រទះឃើញ ក្រុមការងារ​ក៏បាន​រក្សាទុក​វត្ថុបុរាណ​ទាំងអស់ រហូតដល់​បញ្ចប់​ការ​ស្តារ​ប្រឡាយទើប​ប្រគល់​ជូន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​ យក​ទៅ​អភិរក្ស ដោយមាន​ការ​ដឹង​ឮពី​នគរបាល​បេតិកភណ្ឌ​ជា​សាក្សី»។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា ចំពោះ​កិច្ច​អភិរក្ស​វត្ថុបុរាណ​ទាំងអស់​នេះ ស្ថាប័ន​នឹង​យក​ទៅ​រក្សាទុក ដើម្បី​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ ដុស​សម្អាត រួម​ទាំង​ជួសជុល​ឱ្យ​ផុត​ពី​ហានិភ័យ​ទុកជា​សម្បត្តិ​ជាតិ ពិសេស​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​បន្ថែម​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ