សង្គម​​ស៊ីវិល​​ស្នើ​​រដ្ឋា​ភិបាល​​គោរព​​កិច្ច​​ព្រមព្រៀង​​ក្រុង​ប៉ារីស​​ឱ្យ​​បាន​​ពេញ​លេញ​​ដើម្បី​​បញ្ចៀស​​ការ​បែក​បាក់​​ជាតិ

ក្រុម​សមាគម អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​សម្ព័ន្ធ​សហជីព បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវ​នាវឱ្យ​រដ្ឋាភិបាល​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស «២៣តុលា» តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ថានភាព​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិ ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​បែកបាក់​ជាតិ​ដែល​ធ្លាប់​កើតមាន​ក្នុង​ប្រវត្តិ​សាស្រ្ត​កម្ពុជា​នា​ពេល​កន្លងមក។ 

កិច្ច​ព្រមព្រៀង​អន្តរជាតិ​នេះ​មាន​ចែង​អំពី​ការធានា​អធិបតេយ្យ​ភាព​កម្ពុជា បូរណភាពទឹកដី​ មិន​អាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព ការផ្សះផ្សា​ជាតិ ឯកភាពជាតិ សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ជាតិ។ 

ក្រុម​សមាគម អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​សម្ព័ន្ធ​សហជីព បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន​)

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ធន សារ៉ាយ ដែល​បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស ថ្លែង​តាម​វីដេអូ​ក្នុង​ពិធី​ប្រារព្ធ​ខួប២៩ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស«២៣តុលា​» ថា​កិច្ច​ព្រមព្រៀង​អន្តរជាតិ​នេះ តម្រូវ​ឱ្យ​មេដឹកនាំ​ខ្មែរកសាង​ប្រទេស​ឡើងវិញ ភ្ជាប់នឹង​ការគោរព​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ ក្រោយពី​កម្ពុជា​ជា​ជួប​វិនាសកម្ម​ធ្ងន់ធ្ងរ​ដោយសារ​សង្គ្រាមរ៉ាំរ៉ៃ​រវាង​ខ្មែរ​និង​ខ្មែរ។

ប៉ុន្តែ​លោក​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្ថានភាព​នយោបាយ វាប​ង្កើត​ការ​ព្រួយបារម្ភ​ថា កម្ពុជា​អាចវិលទៅ​រក​អតីតកាល បង្កើត​ការឈឺចាប់​ដល់​សង្គមជាតិ​ជាថ្មី​ទៀត បើ​គ្មាន​ការ​កែប្រែ។

លោក​ថា៖ «ប្រជាពលរដ្ឋ​យើង ​ប្រទេស​យើង​រងទុក្ខ​វេទនា​ឆ្អែតឆ្អន់​ណាស់​ហើយ សូមកុំ​ឱ្យ​អ្នកដឹកនាំ​ត្រឡប់ទៅ​រក​ដាន​ចាស់​ហ្នឹង​វិញ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈឺចាប់​បន្ត​ទៅទៀត។ អ៊ីចឹង​ហើយ​ក្នុង​ទិវា​នៃ​ខួប​កិច្ច​ព្រមព្រៀង​នេះ ខ្ញុំ​ស្នើ​ហើយ​ស្នើ​ទៀត​ថា ​សូម​មេដឹកនាំ​របស់​យើង ​សូម​គិត​ផលប្រយោជន៍​ជាតិ​ជា​ធំ​មក»។

អ្នកឃ្លាំមើល​ពី​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូចគ្នា​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា តម្រូវ​ឱ្យ​រដ្ឋាភិបាល​កើត​ក្រោយ​បោះឆ្នោត ត្រូវតែ​មាន​សមត្ថភាព ធានា​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ និង​រក​ឱ្យ​ឃើញ​នូវ​ឯកភាពជាតិ។

ប៉ុន្តែ​លោក​ថា ​ជម្លោះ​នយោបាយ​បច្ចុប្បន្ន វា​ដើរ​ដល់​ចំណុច​មិន​អាច​និយាយ​គ្នា​បាន ដោយ​បក្ស​មួយ​ចោទ​បក្ស​មួយទៀត​ថា​ ជា​ក្រុម​«ក្បត់ជាតិ» រី​ឯបក្ស​មួយវិញទៀត​​ថា ​ជា​ក្រុម​ឧទ្ទា​មក្រៅ​ច្បាប់​ដែល​លោក​ថា​ ល្បែង​នយោបាយ​នេះ​កំពុង​ជំរុញ​ឱ្យ​មាន​ភាព​ផុយ​ស្រួយ​នៃ​ការ​បែកបាក់​ជាតិ។

លោក​ថា៖ «បើសិនជា​យើង​នៅតែ​ឮពាក្យ​«ឧទ្ទាម​ក្រៅច្បាប់»​គឺ​បានន័យ​ថា ​សង្គម​ហ្នឹង​នៅតែ​ទទួលរង​នូវ​ការបះបោរ មាន​អ្នកកាន់កាប់​អំណាច ​ហើយ​ការ​បង្រួបបង្រួម​ជាតិនេះ​ វា​នឹង​មិន​អាចយ​កម​កវាស់វែង​បានទេ»។

អ្នកគ្រប់គ្រង​កម្មវិធី​នៅ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ លោក ហេង គីមហុង និយាយ​ថា​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ស្តារ​មុខមាត់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ផង​ដែរ តាមរយៈ​តម្រូវ​ឱ្យ​អន្តរជាតិ​លុបចោល​ទណ្ឌកម្មមក​លើ​កម្ពុជា ​ដើម្បី​មានឱកាស​ស្តារ​ឡើងវិញ​ដូច​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ដែរ។ ប៉ុន្តែ​លោក​ថា ២៩ឆ្នាំមកនេះ ពលរដ្ឋ​នៅតែ​អះអាង​ថា ​សិទ្ធិ​របស់​ពួក​គេដែល​ធានា​ដោយ​ច្បាប់​ នៅតែ​រង​ការរំលោភ​បំពាន។

តំណាង​ឱ្យ​កម្មករ​ អ្នកស្រី ឈឹម ស៊ី​ថរ និយាយ​ប្រហាក់​ប្រហែល​ដែរ​ថា៖ «២៩ឆ្នាំ​ វា​គួរតែ​ល្អ រីកចម្រើន​ទៅមុខ ​ប៉ុន្តែ​នីតិរដ្ឋ​ហ្នឹង​ដើរថយក្រោយ ដោយថយក្រោយ​នៅត្រង់​ថា ​ឥលូវនេះ​សិទ្ធិ​សេរីភាព​តំណាង​សហជីព​ទាំងអស់​ត្រូវ​បាន​គំរាមកំហែង​ចាប់​ដាក់គុក ចោទ​ថា ជា​អ្នក​បង្ក​ឱ្យ​មាន​ចលាចល​សង្គម»។

តំណាង​កសិករ​ម្នាក់នៅ​ស្រុក​បាទី ខេត្តតាកែវ ដែល​បាន​ចូលរួមក្នុង​ពិ​ធី​ប្រា​រព្ធខួប​នេះ​ដែរ គឺ​អ្នកស្រី អ៊ុច ស៊ី​មន និយាយ​ថា​ និ​ន្នា​កា​រលាភ​ពណ៌​ផ្នែក​នយោបាយ​ បាន​រាល​ដាល​ដល់​តំបន់ជនបទ។

ស្ត្រីអាយុ៥២ឆ្នាំ ​មានកូន៣នាក់​ក្នុង​បន្ទុក​រូប​នេះ​ និយាយ​ទៀត​ថា ការ​លាភ​ពណ៌​ផ្នែក​នយោបាយ​នេះ សហ​គម​ន៍​ក៏​រង​នូវ​ការ​តាមដាននិង​បំភិតបំភ័យ​ពី​អាជ្ញាធរ​ដែនដី​នៅពេល​តំណាង​អង្គការ​ចុះទៅ​បើក​វគ្គ​វណ្តុះ​បណ្តាល ដោយ​តម្រូវ​ឱ្យ​មានការ​ឯកភាព​ពីអាជ្ញាធរ​ជាមុន​សិន។

អ្នកស្រី​ថា៖ «ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋខ្មែរ​មួយ​រូប ​ខ្ញុំ​សូម​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ចេះ​ចរ​ចា​គ្នា​ ដើម្បី​ដឹកនាំ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ​ មាន​សេចក្តី​សុខ ដូច​ប្រទេស​គេ»។

ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ី​ផាន បាន​លើកឡើង​ថា​ វិធានការ​នានា​ដែល​រដ្ឋាភិបាល​ធ្វើកន្លង​មក ​គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ រក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​ជា​ជម្រើស​អាទិភាព​សម្រាប់​កសាង​ប្រទេស។

លោក​ថា៖ «ជន​ណាក៏ដោយ​ដែល​មិន​គោរព​នូវ​គោលការណ៍​នេះ​ គឺ​យើង​មិន​អនុញ្ញាត​ជាដាច់ខាត ​ពីព្រោះ​ផលប្រយោជន៍​ប្រទេសជាតិ​ធំ​ណាស់​ គឺ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​នេះឯង»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយមានជ័យ​ កាលពី​ម្សិលមិញ បាន​ថ្លែង​ថា ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ជំរុញ​ដល់​ការ​អភិវឌ្ឍនិង​រក្សា​បាន​សន្តិភាព​រហូត​បច្ចុប្បន្ន វា​កើត​ចេញពី​នយោបាយ«​ឈ្នះ ឈ្នះ»របស់​លោក។

លោក​ថា៖ «នយោបាយឈ្នះ-ឈ្នះនេះ​ជា​ឱសថ​ទិព្វ ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​សង្គ្រាមមិនចេះចប់មិនចេះហើយ​រាប់​រយ​ឆ្នាំ បាន​បញ្ចប់​នៅក្នុង​ឆ្នាំ១៩៩៨»។

យ៉ាងណា ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​រដ្ឋាភិបាល​ដកចេញ​ពី​ប្រតិទិន​នៃ​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ ជា​លើក​ទីពីរ កាលពី​ឆ្នាំមុន។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR​) បាន​និយាយ​ក្នុង​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ដាក់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជា​តិ កាលពី​ដើមខែ​នេះ​ថា ១ឆ្នាំ​ចុងក្រោយ​នេះ ការ​បង្ក្រាប​ខាងនយោបាយ​កាន់តែ​ខ្លាំង បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

ស្ថាប័ន​អន្តរជាតិ​នេះ​គូសបញ្ជាក់​ថា យ៉ាងហោចណាស់​មនុស្ស​ចំនួន១៤០នាក់​ដែល​ជាប់​ខ្លួន​ទាក់ទង​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់ខ្លួន។ ចំណែក​សំណុំរឿង​ចោទប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ «ក្បត់ជាតិ» ត្រូវ​បាន​គេ​ជឿជាក់​ថា «ជាហេតុ​ផល​នយោបាយ និង​ជាផ្នែក​មួយ​នៃ​លំនាំ​ដ៏​ធំ​មួយ​នៃ​ការប្រើ​ប្រាស់​ច្បាប់​មិន​ត្រឹមត្រូវ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ