មន្ត្រី​ថា​ កម្ពុជា​​មិន​ដែល​​និយាយ​​ជាមួយ​​ប្រទេស​​ណា​មួយ​​លើ​​ការ​ប្រើ​ប្រាស់​​កំពង់ផែ​​កម្ពុជា​​សម្រាប់​​យោធា​​បរទេស​​ទេ​​

សមយុទ្ធយោធា «លំហាត់នាគមាសកម្ពុជា-ចិន ២០១៨»។ រូបភាព៖ វេបសាយ ក្រសួងការពារជាតិ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល បាន​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាលមិនដែល​និយាយ​ជាមួយ​ប្រទេស​ចិនឬប្រទេស​ណាមួយ ស្តី​ពីការប្រើ​ប្រាស់​កំពង់ផែនិង​វាលយន្តហោះ​កម្ពុជា សម្រាប់​យោធា​បរទេស​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ បាន​ស្រង់​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី នៅ​ថ្ងៃនេះ មក​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​ថា៖

«ខ្ញុំ​ [លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​] មិនដែល​និយាយ​ជាមួយ​ចិនឬជាមួយ​ប្រទេស​ណាមួយ ស្តី​ពី​បម្រើបម្រាស់​កំពង់ផែ វាលយន្តហោះ​កម្ពុជា សម្រាប់​យោធា​បរទេស ហើយ​រដ្ឋធម្មនុញ្ញក៏មិន​អនុញ្ញាត​ឱ្យ​ដែរ»។

ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ធ្វើឡើង​ស្រប​ពេល​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជិត២០នាក់ បាន​នាំគ្នា​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​នៅ​ស្ថានទូត​បរទេស​មួយចំនួន​ប្រចាំ​នៅ​កម្ពុជា ក្នុង​នោះ​មាន​ស្ថានទូត​ចិន​ផង​ដែរ ដោយ​ពួក​គេ​ស្នើសុំ​កុំឱ្យ​មានការ​បោះទីតាំង​ទ័ព​ចិន​នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង។

កាលពី​ថ្ងៃទី៧ ខែតុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា កំពង់ផែ​យោធា​រាម ខេត្ត​ព្រះសីហនុ ជា​កំពង់ផែ​ផ្តាច់​មុខ​របស់​កម្ពុជា ហើយ​កម្ពុជា​ក៏​មិនបាន​ប្រគល់​កំពង់ផែ​នេះ​ឱ្យ​ចិន​ប្រើប្រាស់​ផ្តាច់​មុខដូច​ការចោទប្រកាន់​នោះ​ដែរ។ លោក​បន្ត​ថា ប្រសិនបើ​ប្រទេស​ណាមួយ​ដែល​ចង់​ចូល​ចត​នៅ​កំពង់ផែ​យោធា​នេះ ត្រូវ​សុំ​ការអនុញ្ញាត​ពី​កម្ពុជា​ជាមុន​សិន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា៖ «យើង​មាន​កំពង់ផែ​យោធា អាហ្នឹង​កំពង់ផែ​ចម្បាំង អញ្ចឹង​ត្រូវ​សុំ​ការអនុញ្ញាត មិនមែន​គ្រាន់តែ​ចិន​មួយ​មាន​សិទ្ធិ​ប្រើប្រាស់​នោះ​ទេ ប្រទេស​ដទៃ​ដែល​សុំ​ការអនុញ្ញាតមក​ចូល​ចត ចាក់​ប្រេង ឬឡើងគោក ដើម្បី​សមយុទ្ធ​ជាមួយនឹង​កម្ពុជាឬធ្វើ​កិច្ចការ​អ្វីមួយ​ជាមួយនឹង​កម្ពុជា យើង​ស្វា​គមន៍ៗ»។

យោង​តាម​មាត្រា៥៣ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យា​ក្រឹត្យ​អចិន្ត្រៃយ៍ និង​មិន​ចូលបក្ស​សម្ព័ន្ធ​ […] ព្រះរាជាណាចក្រ​កម្ពុជា មិន​ចងសម្ព័ន្ធ​យោធាឬចូលក្នុង​កិច្ច​ព្រមព្រៀង​យោធា​ណាមួយដែល​មិន​ស្រប​នឹង​អព្យា​ក្រឹត្យ​ភាព​របស់​ខ្លួន​ឡើយ។ ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើទឹក​ដី​របស់​ខ្លួន ហើយក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ លើកលែងតែ​ក្នុង​ក្របខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ