រដ្ឋា​ភិបាល​និង​​មេដឹក​នាំ​​បក្ស​នយោ​បាយ​​មួយ​ចំនួន​ បង្ហាញ​​ទស្សនៈ​​ជុំវិញ​​ថ្ងៃ​២៣​តុលា​​

ទិដ្ឋភាពវិមានឯករាជ្យ ក្នុងថ្ងៃខួប​ ១៤​ព្រះ​វស្សា​នៃ​ ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបភាព៖ ហេង វិចិត្រ)

នាយក​រដ្ឋមន្ត្រី អតី​មេដឹកនាំ​បក្ស​ប្រឆាំង និង​គណបក្ស​នយោបាយ​មួយចំនួន អបអរ​ខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​បាន​ភ្ជាប់​នូវ​ទស្សនៈនិង​សារ​ផ្សេងគ្នា។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជា​ខួប២៩ឆ្នាំ (២៣ តុលា ១៩៩១​ – ២៣ តុលា ២០២០​) នៃ​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃសុក្រ​នេះ​ថា កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគី​ទាំង៤ របស់​កម្ពុជា រួមមាន រូបលោក​ផ្ទាល់ តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​, ចលនា​តស៊ូ​ហ៊្វុន​ស៊ិន​ប៉ិច តំណាងដោយ សម្តេច​ព្រះ នរោត្តម សីហនុ និង​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ឋិ​, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ តំណាងដោយ លោក សឺន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (ប៉ុ​លព​ត) តំណាងដោយ លោក ខៀវ សំ​ផន បាន​ឈាន​ទៅចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​សន្តិភាពនៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មក​ពី១៨ប្រទេស រួម​ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផង​ដែរ ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ទោះបី​មាន​កិច្ច​ព្រមព្រៀងសន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ពិតមែន ប៉ុន្តែ​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជានៅ​បន្ត​ ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ [ប៉ុ​លព​ត]។ ក្រោម​នយោបាយ ឈ្នះ​-ឈ្នះ ​របស់​សម្តេច​តេជោ ហ៊ុន សែន គឺ​បាន​បញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំងស្រុងនៅ​ឆ្នាំ១៩៩៨ ដែល​កម្ពុជា​ទូទាំង​ប្រទេស​បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញនិង​សម្បូរ​សប្បាយ​រហូតមកដល់​សព្វថ្ងៃ»។

ចំណែកអតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោកនៅ​ថ្ងៃនេះ​ដែរ​ថា ខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្តី​ពី​កម្ពុជា ២៣ តុលា ១៩៩១ ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​សម្រាប់​កម្ពុជា ដែល​មានការ​ព្រមព្រៀង​គ្នា​ជា​អន្តរជាតិ ដោយមាន​សហគមន៍​អន្តរជាតិ​ជា​សាក្សី។ 

ករណីនេះ លោក​បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ ពិនិត្យមើល​មូលហេតុនិង​វាយតម្លៃ​នូវ​អ្វី​ដែល​ខ្លួន​បាន​សន្យា ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​កុំឱ្យ​ជាន់​ដាន​ចាស់។

លោក កឹម សុខា បាន​បន្ថែម​ថា៖ «ទស្សនៈ​របស់ខ្ញុំ គឺ​មានតែ​ការ​រួបរួម​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ក៏ដូចជា​សហគមន៍​អន្តរជាតិ យក​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះមក​បន្ត​ធ្វើ​នូវ​អ្វី​ដែល​មិនទាន់​សម្រេច​បាន ដើម្បី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ជាជាង​ការ​យក​ប្រជាពលរដ្ឋ​ខ្មែរនិង​ទឹកដី​កម្ពុជាដែល​រងទុក្ខ​វេទនា​ជាច្រើន​ណាស់​មក​ហើយ បម្រេី​តាម​មហិច្ឆតា​រៀង​ៗខ្លួន​តទៅទៀត»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃនេះ ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អបអរ​ខួប​ទី២៩នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បង្ហាញ​ការ​ដឹងគុណនិង​ចងចាំ​ពី​វីរភាព​របស់​វីរជន​ខ្មែរ ស្ថាបនិក និង​បណ្តា​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់ ក្នុង​ការ​បញ្ចប់​សង្គ្រាមនិង​ការ​ចាប់ផ្តើម​ស្តារ​ឡើងវិញ និង​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា។ 

ទោះជាយ៉ាងណា គណបក្ស​នេះ មើលឃើញ​ថា ការគោរព​សិទ្ធិមនុស្សនិង​ប្រជា​ធិ​បតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន នៅ​ប្រាសចាក​ច្រើន​ពី​គោលការណ៍​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​នៅឡើយ ជាពិសេស​ទាក់ទង​នឹង​ការ​ឱ្យ​មាន​ឯកភាពជាតិ ការធានា​គោរព​សិទ្ធិមនុស្ស ការអនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​តុលាការ​ឯករាជ្យ។

គណបក្ស​នេះ បាន​អំពាវនាវ​ថា៖ «សូម​រាជ​​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថែរក្សានិង​ការពារ​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យា​ក្រឹត្យ​ភាពនិង​ឯកភាពជាតិ​របស់​កម្ពុជា អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស ធ្វើការ​ដោះស្រាយ​បញ្ហា​ជាតិ ដូចជា បញ្ហា​ទឹកជំនន់ បញ្ហា​បោះបង្គោល​ព្រំដែន។ល។»

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ចូលរួម​អនុវត្ត​វប្បធម៌​នយោបាយ​ថ្មី ដោយ​ប្រកាន់យក​ភាព​អត់ធ្មត់និង​យោគយល់​ខ្ពស់​ចំពោះ​អ្នកមាន​ទស្សនៈ​នយោបាយ​ផ្សេង និង​ចូល​រួម​លុបបំបាត់​នយោបាយ​លាប​ពណ៌ ការចោទប្រកាន់​គ្នា​ថាក្បត់ជាតិ និង​ជេរប្រមាថ​អ្នកមាន​ទស្សនៈ​នយោបាយ​ផ្សេង​ផង​ដែរ។

លោក គង់ មូ​នី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​បង្ហាញ​ទស្សនៈ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ដែរ​ថា តួនាទី​មហាអំណាច​មាន​ចិននិង​សហរដ្ឋអាមេរិក គឺជា​គន្លឹះ​សំខាន់​ជួយ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ឱ្យ​មាន​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ដើម្បី​បញ្ចប់​ជម្លោះ​ភាគី​នយោបាយខ្មែរ ឱ្យ​កម្ពុជា​មាន​សន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាព កសាង​នីតិរដ្ឋ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​ជា​រៀង​រហូត​មកទល់​ពេលនេះ។

លោក​បន្ត​ថា រយៈពេល២៩ឆ្នាំ​មក មាន​មហាអំណាច​ពីរ​នៅ​អាស៊ី គឺ​ចិននិង​ជប៉ុន បាន​ជួយ​អភិវឌ្ឍ​កម្ពុជាជាចម្បង​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធនិង​វិស័យ​មួយចំនួន​ទៀត ខណៈ​កម្ពុជាក៏​មិនដែល​ទុក​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​បស្ចិម​ប្រទេស​ណាជាស​ត្រូវ​សោះ​ឡើយ។

លោក​បាន​បន្ថែម​ថា៖ «ក្នុងនាម​ជា​អ្នកនយោបាយ​បន្តវេន អ្នកនយោបាយ​ស្រករក្រោយ គណបក្ស​ឆន្ទៈ​ខ្មែរ យល់ឃើញ​ថា ​ការ​យក​ហេតុផល​បុគ្គលដែល​ពុំមែន​ជា​បញ្ហា​សំ​ខាន់​ៗរបស់​ប្រទេសជាតិ ដើម្បី​បង្ក​ភាព​មិន​ជឿ​ទុកចិត្ត​គ្នា​រវាង​អ្នកនយោបាយ​ អាច​នាំទៅរក​ការបាត់បង់​ឯកភាពជាតិ​គួរ​ឱ្យសោក​ស្តាយ​ជាទីបំផុត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ