អាជ្ញាធរ​​បំបែក​​ការ​​ប្រមូល​​ផ្តុំ​​របស់​​ពលរដ្ឋ​​នៅ​​ក្បែរ​​ស្ថាន​ទូត​​ចិន​ និង​​ឃាត់​ខ្លួន​​មនុស្ស​៣​នាក់​​

អាជ្ញាធររារាំងនិងឃាត់ខ្លួនអ្នកតវ៉ានៅមុខស្ថានទូតចិន ក្នុងថ្ងៃខួប២៩ឆ្នាំនៃសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (ម៉ិច ដារ៉ា)

អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃសុក្រ​នេះ បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជិត២០នាក់ដែល​ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ចំ​ថ្ងៃខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​នោះ​អាជ្ញាធរ​បាន​ឃាត់ខ្លួន​អ្នក​ប្រមូល​ផ្តុំ​ចំនួន៣នាក់។

លោក ស៊ុម សារិ​ទ្ធ អាយុ៥៨ឆ្នាំ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​ក្បែរ​ស្ថានទូត មានប្រសាសន៍​ថា ពួក​គាត់​មានបំណង​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើ​កុំឱ្យ​មានការ​ដាក់​កងទ័ព​ចិន​នៅ​កម្ពុជា និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​ពេល​ខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក​ថា៖ «ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្កើត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ និង​ប្រឆាំង​ចិន ដែល​មក​ដាក់​ទ័ព​នៅ​កម្ពុជា កាលណា​ដាក់​ទ័ព​ទៅ វា​អាច​មានការ​ប្រទូស្ត​រាយ​គ្នា​ទៅ វា​ពិបាក​ប្រជាពលរដ្ឋ​ខ្មែរ បាន​ជា​ខ្ញុំ​ចង់​មក​ហ្នឹង​ណា​ […] ប្រជាពលរដ្ឋ​មកនេះ​ មិនមែន​មក​ចង់​ប្រឆាំង​អី​ទេ គ្រាន់តែ​ចង់​មក​ដាក់​ញត្តិ»។

បើ​តាម​ក្រុម​ពលរដ្ឋ​ទាំងនោះ ក្នុងអំឡុងពេល​ប្រមូល​ផ្តុំ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់បាន​ដាក់​កម្លាំង​រារាំងនិង​បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ពួក​គេ ក្នុង​នោះ​បាន​ឃាត់ខ្លួន​ពលរដ្ឋ៣នាក់ រួមមាន អ្នកស្រី លឹម សាន​, លោក សុន និមល និង​អ្នកស្រី យ៉យ ស្រីមុំ។

ទោះ​យ៉ាងណា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកា​សតាមឧ​គ្ឃោសនា​សព្ទ ដោយ​ស្នើ​ឱ្យ​ពលរដ្ឋ​ទាំងនោះរំសាយ​ការ​តវ៉ា មុននឹង​អាជ្ញាធរ​មាន​វិធានការ​រដ្ឋបាល​ទៅលើ​ពួក​គាត់។

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​និយាយ​ថា៖ «មិន​អនុញ្ញាត​ឱ្យ​បងប្អូន​ប្រមូល​ផ្តុំ​លើក​បដា​នៅ​ទីនេះ​ទេ សូម​រំសាយរយៈពេល៥នាទី បើ​បងប្អូន​មិន​រំសាយ​ទេ ខ្ញុំ​នឹង​មាន​នីតិវិធី​តាម​រដ្ឋបាល ​[…] កម្លាំង​អាជ្ញាធរ​នឹង​មាន​វិធានការ​តាមផ្លូវ​ច្បាប់»។

កាលពី​ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​ក្រុម​ដែល​ចង់​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ដោយ​ថា កម្ពុជា​កំពុង​មានទុក្ខ​ដោយសារ​គ្រោះ​ទឹកជំនន់​និង​បញ្ហា​ជំងឺ​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ