របាយ​ការណ៍​៖​ អ្នក​​ស្លាប់​​ដោយ​​ជំនន់​​ទឹក​ភ្លៀង​​ជិត​១​ខែ​​នេះ​ បាន​​កើន​​ដល់​​ជិត​៤០​នាក់​

ក្រុម​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នា​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​)

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ក្នុង​ជំនន់​ទឹកភ្លៀង បាន​កើន​ដល់​ជិត៤០នាក់ ក្នុង​នោះ​ខេត្ត​បន្ទាយមានជ័យ មាន​តួ​លេខ​អ្នក​ស្លាប់​ច្រើនជាង​គេ។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យ​ដឹង​ថា គិត​ពី​ថ្ងៃទី០១ ខែកញ្ញា រហូតដល់​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ៣៩នាក់ បាន​ស្លាប់ ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង នៅក្នុង​ខេត្ត​ចំនួន៧ផ្សេងគ្នា។

ខេត្ត​ទាំងនោះ​រួមមាន ខេត្តពោធិ៍សាត់ ៦នាក់​, បន្ទាយមានជ័យ ២២នាក់​, ប៉ៃលិន ១នាក់​, ព្រះសីហនុ ២នាក់​, កំពង់ធំ ៦នាក់​, ស្ទឹងត្រែង ១នាក់ និង​កំពង់ឆ្នាំង ១នាក់។

របាយការណ៍ ក៏បាន​ឱ្យ​ដឹង​ទៀត​ថា ជំនន់​ទឹកភ្លៀង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​សរុប១៩រាជធានី​-ខេត្ត ស្មើនឹង១១០ក្រុង​-ស្រុក​-ខណ្ឌ និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ១២០ ៧៨៥គ្រួសារ ស្មើនឹង​៤៨៣ ១៤០នាក់ ប៉ះពាល់​ផ្ទះ១១១ ៣៥៤ខ្នង សាលារៀន​លិចទឹក៧០៧កន្លែង ស្រូវ​លិចទឹក​ជាង២៣ម៉ឺន​ហិ​កតា និង​ដំណាំរួមផ្សំ​ជាង៨ម៉ឺន​ហិ​កតា រួម​ទាំង​បង្ក​ឱ្យ​ខូច​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់​ថា គិត​មកដល់​ព្រឹក​ថ្ងៃម្សិលមិញ ថវិកា​បាន​មក​ពី​សប្បុរសជន​នានាដែល​បាន​ចូលរួម​បរិច្ចាគ​ជួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង បាន​ប្រមាណ៨លាន​ដុល្លារ ខណៈ​បច្ចុប្បន្ន​នេះ នៅតែ​មាន​សប្បុរសជន​បន្ត​ជួយ​បរិច្ចាគ​ជូន​រដ្ឋាភិបាល​ជាបន្តបន្ទាប់​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ