អាមេរិក​​ឱ្យ​​ស្រី​លង្កា​​ពិចារ​ណា​​ក្នុង​​ការ​​ទំនាក់​ទំនង​​ជាមួយ​​ចិន​

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ លោក Mike Pompeo ក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ (Twitter of Secretary Pompeo)

​មន្ត្រី​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​លើកឡើង​ថា ការ​វិនិយោគ​របស់​ចិន​នៅ​លើ​ពិភពលោកគឺជា​ការ​វិនិយោគ​បែប​អន្ទាក់​បំណុល ហើយ​បាន​ជំរុញ​ឱ្យ​ស្រីលង្កា​បញ្ជាក់​ជំហរ​ថា ជ្រើសរើស​យក​ចិនឬអាមេរិក​ជា​ដៃគូ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ លោក Mike Pompeo នឹង​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​ស្រីលង្កា​នៅ​សប្តាហ៍​ក្រោយ ដែល​ជាផ្នែក​មួយ​នៃ​ការ​ទស្សនកិច្ច​ដ៏​ធំ​ទូលាយ ហើយ​បន្ទាប់ពី​ស្រីលង្កា ​នឹង​បន្តដំណើរ​ទស្សនកិច្ច​ទៅប្រទេស​ឥណ្ឌា ម៉ាល់ឌីវ និង​ឥណ្ឌូ​នេ​ស៊ី​ជាមួយនឹង​គោលដៅ​សំខាន់​ដែល​រំពឹង​ថា ​នឹង​ទទួល​បានការ​គាំទ្រ​ក្នុង​ការ​ទប់​ឥទ្ធិពល​ប្រទេស​ចិន។

ទស្សនកិច្ច​របស់​លោក Pompeo កើតឡើង​មួយ​សប្តាហ៍​មុន​ការបោះឆ្នោត​នា​ថ្ងៃទី៣ ខែវិច្ឆិកា ដែល​ជា​ចំណុច​គន្លឹះ​មួយ​នៃ​យុទ្ធនា​ការឃោសនា​របស់​ប្រធានាធិបតី​ ដូ​ណាល់ ត្រាំ។

លោក ដូ​ណាល់ ត្រាំ​ បាន​បន្ទោស​ថា ចិន​ធ្វើ​ឱ្យ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ បណ្តាល​ឱ្យ​ស្លាប់​ពលរដ្ឋ​អាមេរិក​អស់២២១ ០០០នាក់ និងស្លាប់​ទូទាំង​ពិភពលោក​ជាង១លាន១សែន​នាក់។

លោក Pompeo និង​មន្ត្រី​ជាន់ខ្ពស់​ដទៃទៀត​របស់​សហរដ្ឋអាមេរិក​ បាន​បន្ត​និយាយ​រិះគន់​ចិន​ថា ធ្វើការ​ទូត​ដាក់​ឱ្យ​ជាប់បំណុល ហើយ​រាល់​ការ​វិនិយោគ​បន្សល់ទុក​បំណុល​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ក្រីក្រ។

មន្ត្រី​ការទូត​អាមេរិក​មួយ​រូប​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័​រថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សប្តាហ៍​ក្រោយនេះ ​អាមេរិក​នឹង​បញ្ជាក់​ជំហរ​ជាមួយ​ស្រីលង្កា​ថា តើ​ចិន​ឬអាមេរិក​ដែល​ស្រីលង្កា​ជ្រើសរើស​យក​ជា​ដៃគូ​សេដ្ឋកិច្ច។

លោក Dean Thompson អនុរដ្ឋ​លេខាធិការរង​នៃ​ការិយាល័យ​ទទួលបន្ទុក​​កិច្ចការ​អាស៊ី​ខាងត្បូង​និងអាស៊ី​កណ្តាល ថ្លែង​ថា អាមេរិក​នឹង​លើកទឹកចិត្ត​ឱ្យ​ស្រីលង្កា​ពិនិត្យ​ឡើងវិញ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​តម្លាភាពនិង​ស្ថិរ​ភាព ដែល​ផ្ទុយពី​ការអភិវឌ្ឍបែប​ផុយ​ស្រួយនិង​ទន្ទា​ក់​បំណុល។

លោក​បន្ត​ថា ករណីនេះ វា​ពិបាក​សម្រាប់​ស្រីលង្កា​ជ្រើសរើស ប៉ុន្តែវា​មាន​សារៈសំខាន់​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច​ដែល​មាន​ស្ថិរភាព​វែងឆ្ងាយនិង​មាន​លក្ខណៈ​ឯករាជ្យ។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ២០១៧ ស្រីលង្កា​បាន​ចុះហត្ថលេខាផ្ទេរ​ការគ្រប់គ្រង​កំពង់ផែនិង​ដី​នៅ​ក្បែរ​ៗនោះ ឱ្យទៅ​ចិន​គ្រប់គ្រង​ដោយសារតែ​បញ្ហា​បំណុល។ ករណីនេះ ​បាន​ធ្វើ​ឱ្យ​អាមេរិកនិង​ឥណ្ឌា​មានការ​ព្រួយបារម្ភ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ