គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា រយៈពេលជិតមួយខែនេះ ប្រជាពលរដ្ឋ៤០នាក់បានស្លាប់ ដោយសារជំនន់ទឹកភ្លៀង។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងកាលពីថ្ងៃ២៤ ខែតុលាម្សិលមិញថា គិតពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ ៤០នាក់ បានស្លាប់ ដោយសារជំនន់ទឹកភ្លៀង និងប៉ះពាល់ដំណាំ និងទ្រព្យសម្បត្តិប្រជាជនក្នុង២០រាជធានី-ខេត្ត។
រាជធានី-ខេត្តទាំងនោះរួមមាន ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។
របាយការណ៍ក៏បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់សរុប ២០រាជធានី-ខេត្ត ស្មើនឹង១១៧ក្រុង-ស្រុក-ខណ្ឌ និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១,៣៦៤,៤៤២គ្រួសារ ស្មើនឹង ៥៤៥,៧៦៨នាក់ ជម្លៀសប្រជាពលរដ្ឋបាន១១,៨៣៨គ្រួសារ ស្មើប្រមាណ ៥៤៥,៧៦៨នាក់ ប៉ះពាល់ផ្ទះប្រមាណ ១២០,៤១៨ខ្នង ខូចខាត៦៣ខ្នង សាលារៀនលិចទឹកប្រមាណ៩២៥កន្លែង វត្តលិចទឹកប្រមាណ៣០៥កន្លែង ស្រូវលិចទឹកប្រមាណ ២៧០,០០៧ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៨,៧៧៩ហិកតា រួមទាំងបង្កឱ្យខូចហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមម៉ោង៩និង៥៣នាទីយប់ ថ្ងៃ១៧ ខែតុលា ឆ្នាំ២០២០ សរុបជនដែលបានចូលរួមបរិច្ចាកថវិកាជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងមានចំនួន ៦ ៨៣០, ០៤៩ ដុល្លារ លុយខ្មែរមានចំនួន៤៣៤ ៤០០ ០០០រៀល និងលុយអឺរ៉ូមានចំនួន ៥ ០០០€ (ប្រាំពាន់អឺរ៉ូ) បើគិតជាលុយដុល្លារទាំងអស់មានចំនួនសរុប ជិត៧លានដុល្លារ (៦ ៩៤០ ៩៩៧ដុល្លារ) ខណៈបច្ចុប្បន្ននេះនៅតែមានសប្បុរសជនបន្តជួយបរិច្ចាកជូនរដ្ឋាភិបាលបន្ថែមទៀត៕