ថវិកាជាតិចំណាយឆ្នាំ២០២១ថយចុះ១,៩ភាគរយធៀបជាមួយឆ្នាំមុន​

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

រដ្ឋាភិបាលបានឲ្យដឹងថា នៅឆ្នាំ២០២១ គ្រោងចំណាយថវិកាជាតិប្រមាណ ៧ ៥០០លានដុល្លារ គឺថយចុះ១,៩% ធៀបនឹងឆ្នាំ២០២០ ការបន្ថយនេះដោយហេតុផលថា ដើម្បីធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ២៣ ខែតុលាបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១ តាមគម្រោងចំណូលថវិកាជាតិមានចំនួន ១៩ ៩២៧ ១៨៦លានរៀល (ប្រមាណ៤៩០២លានដុល្លារអាមេរិក) ត្រូវជា ១៦,៩៦% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។

ប៉ុន្តែនៅឆ្នាំ២០២១ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិ ប្រមាណ៣០​ ៤៩១ ៣៣៦លានរៀល (ប្រមាណ៧ ៥០០លានដុល្លារ) នៃ ផ.ស.ស  ពោលមានការថយចុះ១,៩% ធៀបនឹងឆ្នាំ២០២០ ដើម្បីធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែប្រសើរ។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថាការចំណាយចរន្តថ្នាក់ជាតិ ត្រូវបានកំណត់ឱ្យបានស្ថិតក្នុងកម្រិតចំនួន ១៧ ៤៤៦ ៨៤១លានរៀល ស្មើនឹងប្រមាណ៤ ២៩១លានដុល្លារ និងចំណាយលើបន្ទុកបុគ្គលិក ដែលរួមមានបៀវត្សមូលដ្ឋានប្រាក់បំណាច់មុខងារ លាភការ រង្វាន់ផ្សេងៗ និងប្រាក់វិភាជន៍សង្គម សម្រាប់ថ្នាក់ដឹកនាំនៃស្ថាប័នសាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន ៨ ៥៦៥ ៥៧៤ លានរៀលស្មើនឹង ប្រមាណ២១០៧លានដុល្លារ។

រីឯការ ចំណាយក្រៅបន្ទុកបុគ្គលិក ក្នុងឆ្នាំ២០២១ ត្រូវបានគ្រោងចំនួន៨ ៨៨១ ២៦៧លានរៀល ស្មើនឹងប្រមាណ ២ ១៨៤លានដុល្លារ ផងដែរ។

បន្ថែមពីនេះ ក្នុងឆ្នាំ២០២១ បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវរក្សាកម្រិតឆ្នាំ២០២០ ដើម្បីសន្សំថវិកា សម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយទឹកជំនន់រដូវវស្សាឆ្នាំ២០២០ទៀតផង។

សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ថវិកាឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យមួយចំនួន ទាំងក្នុងនិងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា ធានាសុខសន្តិភាព ស្ថិរភាព និងការពារអាយុជីវិតប្រជាជន ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ