កូវីដ​១៩​និង​ការ​គាំទ្រ​អតីត​CNRP​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ក្លាយ​ជា​អ្នក​ទោស​នយោ​បាយ​

អ្នកស្រី សុខ ប៉ូល​ី​ម៉ា (កណ្ដាល) តវ៉ា​នៅ​ខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទៅ​តុលាការ​តម្លា​ក់​បទ​ចោទ​និង​ដោះលែង​ស្វាមី​ដែល​ជា​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ទោសរបស់លោក យឹម សារ៉េត បង្កមកពី​ការ​ដែលលោក​បង្ហោះ​រូបពាក់​ម៉ាស់របស់លោក​មួយសន្លឹកលើបណ្តាញសង្គម​ហ្វេសប៊ុក​ នេះបើតាម​ការបញ្ជាក់របស់​អ្នកស្រី អ៊ុក ចន្ធី ដែល​ត្រូវជាភរិយា។

រឿងនេះកើតឡើងកាលពីចុងខែមីនា ជាពេលដែលចំនួនករណីឆ្លងជំងឺកូវីដ១៩​បានកើនឡើងនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលបានចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ពីបទចែកចាយ «ព័ត៌មានក្លែងក្លាយ» អំពីជំងឺ​នេះ។ ភាគច្រើនអ្នកទាំងនោះ​ត្រូវបានដោះលែងហើយ ប៉ុន្តែអ្នកដែលពាក់ព័ន្ធនឹងអតីត​គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងដែលត្រូវបានរំលាយនោះ នៅតែ​ជាប់ពន្ធនាគារនៅឡើយ។

រយៈពេលជាងប្រាំមួយខែក្រោយមក អ្នកស្រី ចន្ធី បានតវ៉ាជារៀងរាល់សប្តាហ៍នៅខាងក្រៅសាលាដំបូងរាជធា​នីភ្នំពេញ អមជាមួយភរិយានិងសមាជិកគ្រួសាររបស់អ្នកដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកជា«អ្នកទោសនយោបាយ»

អ្នកស្រី អ៊ុ​ក ចន្ធី ឈរ​នៅមុខ​បន្ទប់​ជួល​របស់​អ្នកស្រី កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០ នៅ​រាជធានី​ភ្នំពេញ។ (Ananth Baliga)

អ្នក​ស្រី ចន្ធី បានថ្លែងប្រាប់សារព័ត៌មាន វីអូឌី ថា៖ «នៅពេលនោះ គាត់និយាយពីបញ្ហា​កូវីដ ហើយប្រទេសយើងមានកូវីដ។ ប៉ុន្តែវាមិនទាន់ខ្លាំងដល់ថ្នាក់សម្លាប់មនុស្សទេ អ៊ីចឹងខ្ញុំសង្ឃឹមថា បន្ទាប់ពីកូវីដវាបាត់ទៅ គេនឹងដោះលែង​​គាត់»។

អ្នកស្រី​បានបន្តថា៖ «ពាក្យពេចន៍គាត់និយាយ មិនមែនញុះញង់ទេ។ គាត់គ្រាន់តែនិយាយការពិតថា គាត់ពាក់ម៉ាស់ដើម្បីការពារ [ខ្លួនគាត់] ពីកូវីដ និងធូលីដីប៉ុណ្ណោះ ពីព្រោះគាត់ជាកម្មករ»។

ស្វាមីរបស់អ្នកស្រី សុខ ប៉ូលីម៉ា ឈ្មោះ ឃឹម ភាណា ក៏ជាប់ពន្ធនាគារដែរ។ អ្នកស្រី ប៉ូលីម៉ា បានឱ្យដឹងថា លោក ភាណា «Share (ចែករំលែក) ព័ត៌មាន» ឱ្យប្រយ័ត្នខ្លួនពីជំងឺកូវីដ១៩ តាមអនឡាញ ជាហេតុនាំឱ្យបុរស​រូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែមេសា។

អ្នកស្រីបានបន្តថា ប៉ុន្តែរឿងនោះមិនមែនជាអ្វីដែលនាំឱ្យគេបន្តឃុំខ្លួនគាត់ពិតប្រាកដទេ។

លោក ភាណា ដូចលោក សារ៉េត ដែរ គឺជាសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សសង្គ្រោះជាតិ នៅពេល​ដែលតុលាការកំពូលរំលាយគណបក្សប្រឆាំងនេះកាលពីឆ្នាំ២០១៧ ជាហេតុនាំឱ្យលោកត្រូវបានដកចេញពី​មុខតំណែង ជាមួយក្រុមប្រឹក្សាឃុំ​ជាង៥ ០០០នាក់ផ្សេងទៀត​នៅក្នុងគណបក្សនេះ។

អ្នកស្រី ប៉ូលីម៉ា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានស្នើឱ្យស្វាមីរបស់អ្នកស្រីប្តូរគណបក្ស ប៉ុន្តែស្វាមីអ្នកស្រីមិនព្រម។

អ្នកស្រី សុខ ប៉ូល​ី​ម៉ា តវ៉ា​នៅ​ខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទៅ​តុលាការ​តម្លា​ក់​បទ​ចោទ​និង​ដោះលែង​ស្វាមី​ដែល​ជា​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

អ្នកស្រីបានពោលដូច្នេះថា៖ «ពួកគេបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយពួកគេ ហើយដើរចេញពីគណបក្សសង្គ្រោះជាតិ ដូច្នេះ​ទើបពួកគេប្រើកូវីដជាលេសដើម្បី​ចាប់ខ្លួនគាត់»។

ទាំងលោក ភាណា និងលោក សារ៉េត បានធ្វើការក្នុងវិស័យសំណង់ នៅពេលដែលពួកគាត់ត្រូវបានគេចាប់ខ្លួន។

ខ្ញុំបានឮសន្ទនារបស់អ្នក

អ្នកដែលកំពុងសម្រាកព្យាបាល​ដោយសារកូវីដ១៩នៅកម្ពុជា ធ្លាក់មកនៅត្រឹមតែ៤ករណីប៉ុណ្ណោះគិតត្រឹមថ្ងៃទី២៦ ខែតុលានេះ ដោយមិនមានករណីស្លាប់ត្រូវបាន​រាយ​ការណ៍ទេ ប៉ុន្តែទោះបីជាជំងឺនេះចុះខ្សោយបន្តិចម្តងៗនៅក្នុងអារម្មណ៍របស់សាធារណជនក៏ដោយ ក៏​សមាជិកគណបក្សប្រឆាំងដែលបង្ហោះទាក់ទងនឹងជំងឺនេះតាមបណ្តាញសង្គមហ្វេសប៊ុក ហើយត្រូវបានចាប់ខ្លួន នៅតែជាប់​ពន្ធនា​គារដដែល។

សមាជិកអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀតក៏ត្រូវបាន​ជាប់​ឃុំ​ផងដែរ ដោយសារតែចូលរួម​នូវសកម្មភាពដែលត្រូវបានពួកគេហៅថា ជាសកម្មភាពជាតិនិយមឬក៏ដោយសារបទល្មើសចាស់របស់ពួកគេត្រូវបានសើរើ។

ស្ត្រីជា​ភរិយា​និង​សាច់ញាតិ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ឃុំ តវ៉ា​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​ស្វាមី​ឬសាច់ញាតិ​របស់​ពួក​គេ នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ពន្ធនាគារនៅប្រទេសកម្ពុជា បច្ចុប្បន្ន មានអ្នកទោសន​យោបាយ៥២នាក់ ដែលភាគច្រើនត្រូវបានចាប់ខ្លួនក្នុងឆ្នាំនេះ។ ទាំងគណបក្សកាន់អំណាចនិងអ្នករិះគន់​គណបក្សនេះ បានលើកឡើងថា មូលហេតុដែលនាំឱ្យមានករណីចាប់ខ្លួនទាំងនេះ គឺគោលបំណងកាត់បន្ថយ​សំឡេងគាំទ្រជាបន្តបន្ទាប់លើគណបក្សប្រឆាំងដែលត្រូវរំលាយចោល ទោះបីជាករណីទាំងនោះគ្របដណ្តប់​លើ​បញ្ហាផ្សេងៗទៀតជាច្រើនក៏ដោយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងសុន្ទរកថាមួយកាលពីដើមខែតុលានេះថា លោកបានស្តាប់កាលពីពេលថ្មីៗនេះនូវកិច្ចសន្ទនារវាងមន្ត្រីគណបក្សប្រឆាំងនិងអ្នកគាំទ្រម្នាក់។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំស្តាប់ឮហើយសំឡេងអ្នកឯងនិយាយគ្នានោះ» ហើយបានលើកឡើងពីអ្នក​គាំទ្រ​​គណ​បក្ស​​សង្គ្រោះជាតិ ដែលនិយាយថា «បើមិនបញ្ជូនលុយមក ខ្ញុំនឹងទៅចូលគុក ព្រោះតែកន្លែង​គុកហ្នឹង វាមានបាយស៊ីស្រាប់»

ថ្លែងអំពីរឿងលបស្តាប់គេនិយាយគ្នា លោក ហ៊ុន សែន បានកត់សម្គាល់ថា គណបក្សប្រឆាំងដែលត្រូវបានរំលាយនោះ បន្តសម្របសម្រួលឱ្យមានចលនាសកម្មជននៅខាងក្នុងប្រទេស។ មេដឹកនាំជាន់ខ្ពស់ភាគច្រើន​របស់គណបក្សសង្គ្រោះជាតិ បច្ចុប្បន្ន រស់នៅជានិរទេសជននៅក្រៅប្រទេស។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ព្រោះតែអាពីក្រៅរុញឱ្យធ្វើសកម្មភាព ដល់តែរុញធ្វើសកម្មភាព វាជាប់ទោស ដល់វាជាប់ទោស វារត់គេចខ្លួន បើអាខាងក្រៅអត់បញ្ជូនលុយមក អានេះគំរាមថា អញ្ចឹងខ្ញុំ​ទៅជាប់គុកតែម្តង មានបាយស៊ីស្រាប់។ ព្រោះតែអាខាងក្រៅរុញឱ្យតែអាអ្នកក្នុងជាប់គុកតែប៉ុណ្ណឹង»។

លោកបានបន្តថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងនៅខាងក្នុងនិងនៅខាងក្រៅប្រទេសកំពុងតែរំលោភ​សេចក្តីសម្រេចរំលាយគណបក្សនេះ ដែលចេញដោយតុលាការហើយ។

បទល្មើស «មានចេតនាអាក្រក់» ជាសម្ពាធនយោបាយ

ករណីចាប់ខ្លួនអតីតសមាជិកបក្សប្រឆាំង​បានកើតឡើងវិញជារឿយៗ តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយក្នុងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៨ មុនព្រឹត្តិការណ៍បោះឆ្នោតជាតិដែលគ្មានគូប្រកួតប្រជែង ពោលគឺមានតែគណបក្សកាន់អំណាចនោះ គណបក្សសង្គ្រោះជាតិបានរៀបចំយុទ្ធនាការ «ម្រាមដៃស្អាត» ដោយជំរុញឱ្យមានចលនាធ្វើពហិការចំពោះការបោះឆ្នោត។ ទឹកថ្នាំលើម្រាមដៃចង្អុល ត្រូវបានប្រើប្រាស់ជាសញ្ញាសម្គាល់​មួយសម្រាប់ការពារមិនឱ្យមានការបោះឆ្នោតពីរដង។

កាលពីឆ្នាំមុន គណបក្សសង្គ្រោះជាតិ បានជំរុញឱ្យសកម្មជននានាបង្ហាញស្មារតីគាំទ្រដល់គណបក្សប្រឆាំង​នេះ ដោយទទួលទាននំបញ្ចុក។ ហើយបន្ទាប់មកទៀត ​អតីតបក្សប្រឆាំងនេះក៏បានព្យាយាម​កៀរគរអ្នកគាំទ្រជាច្រើនម៉ឺននាក់ ឱ្យចូលរួម​ជាមួយលោក សម រង្ស៊ី តាមរយៈយុទ្ធនា​ការ «ម្រាម​ដៃប្រាំបួន» ដែលតំណាងឱ្យថ្ងៃទី៩ ខែវិច្ឆិកា ជាថ្ងៃដែលលោក សម រង្ស៊ី ថា​វិលត្រឡប់មកកម្ពុជា​វិញ។ ប៉ុន្តែលោក សម រង្ស៊ី មិនបានវិលមកដល់ប្រទេសកម្ពុជា​ទេ។

ឆ្នាំនេះ លោក សម រង្ស៊ី បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនអំពីស្ថានភាពជំងឺកូវីដ១៩ បំណុលមីក្រូហិរញ្ញវត្ថុ និងសន្យាជាថ្មីថានឹងវិលមកកម្ពុជាវិញ។ ខ្លឹមសារជំរុញនីមួយៗមានទំនាក់ទំនងជាមួយ​ករណី​ចាប់ខ្លួនជាបន្តបន្ទាប់។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងប្រចាំតំបន់​អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បាន​លើកឡើងថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិក្នុងស្រុក បានជួបនឹងហានិភ័យជាច្រើនដោយសារតែទឹកចិត្ត​ស្មោះត្រង់ជាប់លាប់របស់ពួកគេ ហើយលោកថា ទឹកចិត្តនេះទំនងជាកើតឡើងចេញពីជំនឿលើកម្មវិធីកែ​ទម្រង់នានា។

លោកបានមានប្រសាសន៍ថា៖ «មេដឹកនាំគណបក្សសង្គ្រោះជាតិក្នុងស្រុក គឺជាមនុស្សដែលធុញទ្រាន់នឹង​អំពើពុករលួយនិងរបៀបដឹកនាំខុសទិស ហើយពួកគេមានក្រុមអ្នកគាំទ្រនៅពីក្រោយ។ មនុស្សទាំងនេះចង់កែទម្រង់អនុវត្តសិទ្ធិ និង[ចង់]មើលឃើញស្ថានភាពប្រសើរជាងហ្នឹង មានគោលការណ៍​ប្រជាធិបតេយ្យច្រើនជាងហ្នឹង ហើយរហូតមកដល់ពេលនេះ ពួកគេហ៊ានប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ដោយសារតែមានជំនឿទាំងនេះ»។

លោកបានលើកឡើងបន្ថែមទៀតថា ករណីចាប់​ខ្លួនក្នុងឆ្នាំនេះ ជាពិសេស ដោយសារតែ «ព័ត៌មានក្លែងក្លាយ​» អំពីជំងឺកូវីដ១៩ មានគោលដៅចុងក្រោយផ្តោតលើអ្នកដែលនៅតែគាំទ្រអតីតគណបក្ស​សង្គ្រោះជាតិ។

លោក រ៉ូបឺតសុន បានមានប្រសាសន៍ថា៖ «សម្រាប់អ្នកដែលមិនពាក់ព័ន្ធនឹងរឿង​នយោបាយ ពួកគេប្រឈម​នឹង​ការគំរាមកំហែង ប៉ុន្តែចុងក្រោយត្រូវដោះលែងវិញ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាមិនធ្វើកិច្ចការបែប​នេះម្តងទៀត។ ប៉ុន្តែអ្នកដែលពាក់ព័ន្ធគណបក្សសង្គ្រោះជាតិ ទទួលទោសពេញ ហើយជាប់ចោទពី​បទ​ញុះញង់។ ចំណុចនេះឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋាភិបាលនឹង​ឆ្លៀតឱកាស​បិទច្រកសម្រាប់គណបក្សសង្គ្រោះ​ជាតិ​​ជានិច្ច»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា ករណីចាប់ខ្លួនអ្នកទាំងនោះជាការអនុវត្តច្បាប់។  

លោក ម៉ាលីន បានមានប្រសាសន៍ថា៖ «វិធានការអនុវត្តតាមច្បាប់ មិនគិតថា មនុស្សស្លាប់ឬមិនស្លាប់​ដោយ​សារ​ជំងឺ​កូវីដ ឬពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ និងបង្ហោះសារទាក់ទងនឹងជំងឺកូវីដទេ។ ទាំងនោះគឺជាបទ​ល្មើស ពីព្រោះពួកគេមានចេតនាអាក្រក់ គឺបំភិតបំភ័យ [ប្រជាជន] និងបង្កចលាចល»។

នៅពេលអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានជាអ្នកខ្លះនៅជាប់ពន្ធនាគារ ខណៈដែលអ្នកខ្លះទៀតត្រូវបានដោះលែង លោក ម៉ាលីន បានលើកឡើងថា រឿងនេះពាក់ព័ន្ធការបង្ហាញការដឹងខ្លួនខុស។

លោកបានបន្ថែមថា អ្នកដែលនៅជាប់ពន្ធនាគារគឺជាអ្នកមិនព្រមទទួលកំហុស ឬបានប្រព្រឹត្តបទល្មើសម្តង​ហើយម្តងទៀត។

អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា អ្នកគាំទ្រគណបក្សប្រឆាំង រងគំនាបឱ្យ​ទទួលកំហុស។

លោកស្រីបានមានប្រសាសន៍ថា៖ «អ្នកដែលត្រូវបានចាប់ខ្លួន តែងតែត្រូវបានគេកៀបសង្កត់ឱ្យចូលរួមជាមួយ​គណបក្សប្រជាជនកម្ពុជា។ សម្ពាធតាមផ្លូវចិត្ត គឺជាអំពើរំលោភសិទ្ធិនយោបាយ»។

នៅពេលអ្នកសារព័ត៌មានសួរថា តើ លោក សម រង្ស៊ី នឹងខកសន្យាជាថ្មីថានឹងត្រឡប់មកប្រទេសវិញដែរ​ឬយ៉ាងណា ទោះបីជាមានការដាក់ឱ្យអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពហានិភ័យនោះ លោក​ស្រី សុខហួរ បានបង្វែរសំណួរនេះទៅសួរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ។

អ្នកស្រី សុខហួរ បានថ្លែងបន្តថា៖ «ប្រសិនបើដំណើរវិល​មកវិញពិតជាមិនទំនងជាកើតឡើងទេ ហេតុអ្វីបាន​ជា​មានករណីចាប់ខ្លួនទាំងនេះ ហើយលោក ហ៊ុន សែន ចេញបញ្ជាផ្ទាល់មាត់ឬជាសាធារណៈឱ្យចាប់ខ្លួនឡើង​វិញបែបនេះ”។

លោកស្រីបានឱ្យដឹងថា អ្នក​ស្រី មូរ សុខហួរ និងលោក សម រង្ស៊ី ត្រូវបានទប់ស្កាត់មិនឱ្យត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីឆ្នាំមុន។ អ្នកស្រីថា បាន​ត្រៀម «ប្រឈមនឹងផលវិបាកនានា» រួចហើយ​ ប្រសិនបើវិលត្រឡប់មកវិញបាន។

អ្នក​ស្រី សុខហួរ បានមានប្រសាសន៍ថា៖ «​ដកបម្រាមដែលដាក់ចំពោះក្រុមហ៊ុនអាកាសចរណ៍ចេញទៅ នោះពួកយើងនឹងរកវិធីត្រឡប់ចូលស្រុកវិញ។ សំណួរគួរសួរទៅលោក ហ៊ុន សែន វិញទៅ ប្រសិនបើលោក រង្ស៊ី ជាឧក្រិដ្ឋជន ហេតុអ្វីបានជាមិនឱ្យលោកត្រឡប់ទៅវិញ ហើយចាប់ខ្លួនគាត់ទៅនៅនាទីដែលលោកទៅ​ដល់រាជធានីភ្នំពេញ?»។

អ្នកស្រី ប៉ូលីម៉ា ភរិយារបស់អតីតសមាជិកក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារដោយសារតែបានចែករំលែកព័ត៌មានអំពីជំងឺកូវីដ១៩នោះ ទទួលស្គាល់ថា បញ្ហារបស់ស្វាមីអ្នកស្រីអាចត្រូវ​បញ្ចប់តាមរយៈការចាកចេញពីគណបក្សប្រឆាំង។ ប៉ុន្តែអ្នកស្រីនៅតែមានមោទកភាពចំពោះជំហរ​ស្វាមីអ្នកស្រី។

អ្នកស្រី ប៉ូលីម៉ា មានថ្លែងថា៖ «គាត់ជាមនុស្សស្មោះត្រង់ ហើយគាត់ក្រោកឈរឡើងប្រឈមមុខនឹងមនុស្សដែលចូលចិត្តគំរាមកំហែងគេ ហើយគាត់មិនឱ្យគេទិញបានទេ»​៕

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយ កង សុធា

អត្ថបទនេះត្រូវបានផលិតឡើងក្រោមគម្រោង​សេចក្តីរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅអាស៊ីអំឡុងកូវីដ១៩ ដោយមានការគាំទ្រពី International Media Support (IMS)។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ