នាយក​​រដ្ឋ​មន្ត្រី​ បញ្ជា​​ទៅ​​ក្រសួង​៤​ចុះ​​អន្តរា​គមន៍​​ដោះស្រាយ​​បញ្ហា​​បន្ទាន់​​ក្រោយ​​ទឹក​ជំនន់​

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពីទី​ក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​នរា និង​ពី​កោះ​នរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ១ ក្នុង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

​នាយក​រដ្ឋមន្ត្រីបញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន៤ ឱ្យ​ចុះ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធ​ធារា​សាស្ត្រ និង​ផ្នែក​កសិកម្ម​ដល់​ប្រជាពលរដ្ឋ ក្រោយ​កម្ពុជា​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង។

ការ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេបាសាក់ តភ្ជាប់​ពីទី​ក្រុង​កោះ​ពេជ្រ ទៅ​ទីក្រុង​រណប​កោះ​នរា និង​ពី​កោះ​នរា ទៅ​ផ្លូវជាតិ​លេខ១ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ក្រោយ​ជំនន់​ទឹកភ្លៀង ផ្លូវថ្នល់ ស្ពាន ប្រឡាយ ទំនប់ទឹក​មួយចំនួន បាន​រង​ការ​បែកបាក់​ខូចខាត ខណៈ​ដំណាំស្រូវនិង​ដំណាំ​កសិកម្ម​ផ្សេង​ៗជាច្រើន​ទៀត​របស់​ប្រជាកសិករ ក៏​ត្រូវ​បាន​ជន់​លិច​ខូចខាត​ផង​ដែរ។

ករណីនេះ លោក​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក្រសួងសាធារណការ ក្រសួងធនធានទឹក និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ត្រូវ​ចាត់​រដ្ឋលេខាធិការនិង​អនុរដ្ឋ​លេខាធិការ​របស់ក្រ​សួង​នីមួយ​ៗ ចុះទៅ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជាបន្ទាន់ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ។

លោក​ថា៖ «សភាព​ការ​ណ៍មិនធម្មតា នីតិវិធីក៏​មិនធម្មតា កុំ​រង់​ចាំ​! មន្ទីរ​កសិកម្ម​ក្តី មន្ទីរ​អភិវឌ្ឍន៍​ក្តី វាយតម្លៃ​ពី​ខាងក្រោម ឥលូវនេះ​ក្រសួង​មួយចំនួន​មាន​រដ្ឋលេខាធិការ អនុរដ្ឋ​លេខាធិការ​ច្រើនណាស់ អ៊ីចឹង​ត្រូវ​ចុះទៅ ហើយ​ក្រសួងសេដ្ឋកិច្ចចុះទៅ​ជាមួយ​ប្រឹ​ក្សា​ភ្លាម​ៗ ចុះ​ភ្លាម! ដើម្បី​ជួសជុល»។ 

លោកនាយក​រដ្ឋមន្ត្រី បន្ថែម​ថា៖ «កន្លែង​ដែល​ទឹកហូរ​ដាច់ ត្រូវ​ធ្វើ​ភ្លាម អាហ្នឹង​ជា​ចំណុច​ចង្អុល​ការ​របស់ខ្ញុំ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួលផល​ពី​សកម្មភាព​របស់​យើង​ដោយ​ឆាប់រហ័ស ហើយ​ខ្ញុំ​នឹង​ចាំ​មើល បើសិនជា​កន្លែងណា​យឺត ខ្ញុំ​នឹង​ចុះទៅ​កន្លែង​ហ្នឹង ចាំ​មើល​រដ្ឋមន្ត្រី​ធ្វើមុខ​ម៉េច ដូច​ថា [បើ​មាន​] ស្ពាន​ជនបទ​ខូច ហើយ​ប្រជាជន​ស្រែ​កមល ខ្ញុំ​ចុះទៅ ហើយ​រដ្ឋមន្ត្រី​រត់​តាម​ក្រោយ អាហ្នឹង​រឿង​ហើយ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​កសិកម្ម ចុះ​ពិនិត្យនិង​ចែក​ពូជស្រូវ ពូជ​ដំណាំ និង​ពូជ​បន្លែ​ជាបន្ទាន់ ដល់​ប្រជាកសិករ​ទាំងឡាយ​ណាដែល​ស្រូវនិង​ដំណាំ​របស់​ពួក​គាត់​ខូច​ដោយសារ​ជំនន់​ទឹកភ្លៀង​ផង​ដែរ។

លោក​ថា៖ «សូម​ឱ្យ​មន្ត្រី​របស់​យើង​ធ្វើសកម្មភាព ដឹង​ហើយ​ឆ្នាំនេះ នាយក​រដ្ឋមន្ត្រីចេញ​អន្តរាគមន៍​ដោយ​ផ្ទាល់​ទៅលើ​មុខព្រួញ​ដែល​ជួបប្រទះ​ដោយសារ​ជំនន់»។ 

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យ​ដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា គិត​ពី​ថ្ងៃទី០១ ខែកញ្ញា រហូតដល់​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ៤០នាក់ បាន​ស្លាប់ដោយសារ​ជំនន់​ទឹកភ្លៀង និង​ប៉ះពាល់​ដំណាំនិង​ទ្រព្យសម្បត្តិ​ប្រជាជន​ក្នុង២០រាជធានី​-ខេត្ត។

រាជធានី​-ខេត្ត​ទាំងនោះ​រួមមាន ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​កំពង់ធំ។

របាយការណ៍បានឱ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ប្រមាណ១៣៦ ៤៤២គ្រួសារ ជម្លៀស​ប្រជាពលរដ្ឋ​បាន១១ ៨៣៨គ្រួសារ ប៉ះពាល់​ផ្ទះ​ប្រមាណ១២០ ៤១៨ខ្នង សាលារៀន​លិចទឹក​ប្រមាណ៩២៥កន្លែង វត្ត​លិចទឹក​ប្រមាណ៣០៥កន្លែង ស្រូវ​លិចទឹក​ប្រមាណ២៧ម៉ឺន​ហិ​កតា និង​ដំណាំរួមផ្សំ​លិចទឹក​ជិត៩ម៉ឺន​ហិ​កតា រួម​ទាំង​បង្ក​ឱ្យ​ខូច​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ