នាយក​រដ្ឋ​មន្ត្រី​ថា ​ទោះ​គ្មាន​ពិធី​អុំទូក​ តែ​​អក​អំបុក​-​សំពះ​ព្រះ​ខែ​ ​និង​ថ្ងៃ​​ឈប់​សម្រាក​នៅ​មាន​ដដែល​

ទិដ្ឋភាពទីតាំងមួយកន្លែង ក្នុងក្រុងភ្នំពេញ មុនថ្ងៃប្រារព្ធពិធីបុណ្យអុំទូកមួយថ្ងៃ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា បើទោះជាព្រះរាជពិធីបុណ្យ​អុំទូកនៅឆ្នាំនេះ មិនមានពិធីប្រណាំងទូកនៅរាជធានីភ្នំពេញ ប៉ុន្តែពិធីអកអំបុកនិងសំពះព្រះខែនៅតាមផ្ទះ និងការ​ឈប់សម្រាក​នៅមានដដែល។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន​ចំនួន​ពីរនៅខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ឆ្នាំនេះ រាជរដ្ឋាភិបាលសម្រេច​ផ្អាក​ប្រារព្ធព្រះរាជពិធីបុណ្យ​អុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ដោយសារ​បញ្ហាវិបត្តិជំងឺកូវីដ​១៩។

លោក​បន្តថា៖ «តែគ្រាន់តែសូមបញ្ជាក់នៅទីនេះបន្តិច យើងគ្រាន់តែមិនចាត់តាំងអុំទូកតែប៉ុណ្ណោះ ប៉ុន្តែរឿងសំពះព្រះខែនៅតាមផ្ទះ អកអំបុក​នៅតាម​ផ្ទះ គឺនៅតែធ្វើ​ មន្ត្រីរាជការរបស់​យើង កម្មករ​-កម្មការិនី ត្រូវទទួលបានការ​ឈប់សម្រាក ក៏នៅតែទទួលបានការឈប់សម្រាក​ដដែល»។

ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​បុណ្យជាតិនិង​អន្តរជាតិ លោក ប៊ូ ជុំ​សេរី មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែសីហា​​ ថា ដើមចម​ដែល​នាំឱ្យរដ្ឋាភិបាល​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ដោយសារតែ​រដ្ឋាភិបាល​មានការ​បារម្ភ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ព្រោះ​តែ​ព្រះរាជ​ពិធីបុណ្យ​នេះ នឹង​មាន​មនុស្ស​ប្រមូល​ផ្តុំ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង។

លោក​ថា៖ «បងប្អូន​មក​ពី២៥រាជធានី​-ខេត្ត​ក្រុង មនុស្ស​រាប់​សែនរាប់​លាន​នាក់ ជួបជុំគ្នា​នៅមុខ​វាំង និយាយរួម​មាន​ហានិភ័យ​ខ្ពស់ យើង​ធ្វើ​ទៅ​ អាច​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ខ្លាំង យល់​ឃើញអ៊ី​ចឹង​ហើយ បាន​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក»។

កន្លងមក រដ្ឋាភិបាលក៏​ធ្លាប់​បាន​ផ្អាក​ព្រះរាជ​ពិធី​ប្រណាំងទូក​នៅ​ដងទន្លេ​សាប​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ នេះជា​ច្រើន​ដងផង​ដែរ​​​ ដោយសារ​មូល​ហេ​តុ​ផ្សេង​ៗ ដូចជា អំឡុង​ពេល​​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ យាង​សោយ​ទិវង្គ​ត និង​ពេល​មាន​វិបត្តិ​ទឹកជំនន់​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ