លោក​ កឹម​ សុខា​ រំឭក​​កុំ​ឱ្យ​​យក​​ជម្លោះ​​ធ្វើ​ជា​​ឧបសគ្គ​​ជួយ​​អ្នក​រង​គ្រោះ​​ដោយ​​ជំនន់​​ទឹក​ភ្លៀង​

មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ លោក កឹម សុខា ក្នុង​ថ្ងៃ​ចុះ​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ Kem Sokha​)

​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ លោក កឹម សុខា ផ្ញើ​សារ​ក្រើន​រំឭក​កុំឱ្យ​មើលបំណាំ​គ្នា ឬយក​ជម្លោះ​ធ្វើជា​ឧបសគ្គរារាំង​ដល់​ការចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង។

លោក កឹម សុខា ថ្លែង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ចន្ទនិង​ថ្ងៃអង្គារ​នេះ​ថា លោក​និង​សហការី បាន​យក​ស្រូវពូជ​ទម្ងន់៤តោន ចែក​ជូន​កសិករ​ចំនួន១០០គ្រួសារនៅ​ខេត្ត​កំពង់ឆ្នាំង ដោយសារ​ស្រូវ​របស់​ពួក​គាត់​រលួយ​អស់​ដោយសារ​ទឹក​លិច។ លោក​ក៏បាន​ថ្លែង​អរគុណ​ដល់​សប្បុរសជនក្នុង​ប្រទេសនិង​ក្រៅប្រទេស ដែល​បាន​បន្ត​ផ្តល់​ជំនួយនិង​ពូជ​ដំណាំ​ជូន​កសិករ​ខ្មែរ​ដែល​ខ្វះខាត។

លោក​បន្ត​ថា៖ «សេចក្តី​ត្រូវការ​របស់​មនុស្សអាច​មិន​ចេះ​ចប់ តែ​សេចក្តី​ត្រូវការ​ដើម្បី​រស់គឺជា​ការចាំបាច់ ដែល​យើង​ជា​មនុស្ស​ត្រូវតែ​រួបរួម​គ្នា​ដើម្បី​ជួយសង្គ្រោះ ទោះបី​តិចឬច្រើន​ក្តី ដោយ​មិន​គួរ​មើលបំណាំ​គ្នាឬយក​ជម្លោះ​មក​ធ្វើជា​ឧបសគ្គ​ឡើយ»។ 

មេដឹកនាំ​អតីត​បក្ស​ប្រឆាំងដែល​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​ព្យាយាម​ធ្វើតាម​លទ្ធភាពនិង​ដោយ​អហិង្សា ទោះបី​លោក​មិនទាន់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក៏ដោយ។

អ្នកស្រី ធឿន ថា រស់នៅ​ភូមិ​បាក់រទេះ ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង ដែល​ជួប​គ្រោះ​ទឹកជំនន់ មានប្រសាសន៍​ថា ពួក​គាត់​មាន​ក្តី​ត្រេកអរនៅពេល​ទទួល​បាន​អំណោយ​ជា​ស្បៀងអាហារ​ពី​សប្បុរសជន​នានា ដោយសារ​ស្បៀង​ទាំងនោះអាច​ជួយ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់អាច​រស់​បាន​យ៉ាងតិច២សប្តាហ៍ ខណៈ​ដែល​ពួក​គាត់​នៅ​មិនទាន់​អាច​ចេញទៅ​ប្រកបមុខរបរ​រកស៊ី​បាន​វិញ​នៅឡើយ។

អ្នកស្រី​ថា៖ «បាន​គេ​ជួយ​មក​ អរ​យកតែមែនទែន! អរ​រំភើប​រហូត​ស្រក់​ទឹកភ្នែក គ្មាន​អី​អរ​ជាង​ដូច​គេ​ឱ្យ​យើង ពេល​យើង​អត់ទេ»។

ស្ត្រី​អាយុ៦០ឆ្នាំ ដែល​មានកូន៧នាក់និង​ចៅ៤នាក់​នៅក្នុងបន្ទុក បាន​និយាយ​ទៀត​ថា អ្នកភូមិ​ពេលនេះកំពុង​ជួប​បញ្ហា​ជីវភាព និង​ខ្លះទៀត​រក​ប្រាក់​លែង​បានសម្រាប់​សង​ត្រឡប់ទៅ​ធនាគារ​វិញ ដោយសារតែ​គ្រោះ​ជំនន់​ទឹកភ្លៀង។

ក្នុង​ពេល​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀងនៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​លើកទឹកចិត្ត​ឱ្យ​អ្នកនយោបាយ​ចុះ​ជួយ​អ្នករងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដូចគ្នានឹង​សកម្មភាព​របស់​រដ្ឋាភិបាល​ដែរ។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុក​សារ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​ថា ជា​សេរីភាព​បញ្ចេញមតិដែល​លោក​សុំ​មិន​វាយតម្លៃ​ទេ។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​នៅ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក ហេង គឹ​មហុង មានប្រសាសន៍​ថា ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ជួប​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀងនិង​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ ជា​ពេលវេលា​ដ៏​មាន​សារៈសំខាន់ ដែល​អ្នកមាន​ធនធានត្រូវ​បរិច្ចាគដើម្បី​ចូលរួម​ចំណែក​ជួយ​អ្នករងគ្រោះ និង​ជា​កាតព្វកិច្ច​របស់​អ្នកនយោបាយដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​សង្គម។

លោក​ថា៖ «បើសិនជា​យើង​ឈរ​លើ​សាមគ្គីធម៌និង​សាមគ្គីភាព ក្នុងនាម​ប្រជាជន​កម្ពុជា អ្នកមាន​ធនធាន​ត្រូវតែ​ចូលរួមដើម្បី​បង្ហាញ​ឱ្យ​ឃើញថា នេះ​ជាវ​ប្ប​ធម៌​ជួយគ្នា​រវាង​ខ្មែរ​និង​ខ្មែរ ដែល​ត្រូវ​ដោះស្រាយ​បញ្ហា មិនមែន​ជា​ឱកា​សកេ​ងប្រវ័ញ្ច​រឿងរ៉ាវ​នយោបាយ​ណាមួយ​នោះ​ទេ»។

អ្នកឃ្លាំមើល​រូប​នេះនិយាយ​ទៀត​ថា នៅពេល​ដែល​អ្នកមាន​ធនធានហ៊ាន​បរិច្ចាគ អ្នកនយោបាយ​សហការ​គ្នា​ដោះស្រាយ​បញ្ហា​សង្គមដោយ​មិន​រើសអើង​និន្នាការ​នយោបាយ នោះ​មានន័យថា ជា​ដំណើរ​ឈាន​ទៅ​រក​ការ​ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់ រួម​ទាំង​បញ្ហា​នយោបាយ។

លោក កឹម សុខា បាន​បាត់បង់​សិទ្ធិ​ធ្វើនយោបាយ​ជាង៣ឆ្នាំ​មក​ហើយ គិត​ពី​ថ្ងៃ​ចាប់ខ្លួនតាម​បណ្តឹ​ងរ​បស់​រដ្ឋាភិបាល ដែល​ចោទ​ថា​ ឃុបឃិតជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

ទោះ​យ៉ាងណា មួយ​រយៈ​ចុងក្រោយ​នេះ លោក​និង​សហការី បាន​ចុះ​ចែកអំណោយ​ដល់​ជនរងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀងនៅ​ខេត្តពោធិ៍សាត់ ព្រះសីហនុ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ។

ប៉ុន្តែកាលពី​ថ្ងៃទី១៥ ខែ​តុ​លា​ថ្មី​ៗនេះ លោក កឹម សុខា និង​ក្រុមការងារ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ រារាំង​ម្តង​ដែរ ពេល​ដែល​លោក​ព្យាយាម​ចែក​ស្បៀងអាហារ​ដល់​ពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​តំបន់​នោះ។ ការរារាំង​នោះបាន​អនុញ្ញាត​ឡើងវិញ ក្រោយពី​នាយក​រដ្ឋមន្ត្រី អន្តរាគមន៍​តាម​ទូរសព្ទទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​សហការ​ជាមួយ​គណបក្ស​នយោបាយ​នានាដែល​ចុះ​ជួយ​អ្នករងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ