បទ​យកការណ៍៖ បំណុល​កាន់តែ​កើន ដី​ក៏​អស់ ដោយសារ​មេរោគ​កូ​រ៉ូ​ណា​

នាង សែត ស្រីឡុន ឈរនៅក្បែរផ្ទះរបស់នាងក្នុងស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ (Thomson Reuters Foundation/Matt Blomberg)

ខេត្តសៀមរាប – កម្ពុជា (Thomson Reuters Foundation​)៖ នាង សែត ស្រី​ឡុន ប្រញាប់​ប្រញាល់​រៀបចំផ្ទះ​សម្បែង​ដែល​តែង​រង​ការ​គំរាមកំហែង​ពី​ជំនន់​ទឹកភ្លៀង​រៀងរាល់​ឆ្នាំ នៅពេល​នាង​ឃើញ​ហ្វូង​ពពក​ខ្មៅ​កាន់តែ​រសាត់​មករ​កភូមិ​របស់​នាង​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា នារ​សៀ​លមួ​យក្នុង​ខែកក្កដា។ 

ទឹកភ្លៀង​ជា​កង្វល់​មួយ​ទៅ​ហើយ ប៉ុន្តែ ស្រី​ឡុន អាយុ៣៧ឆ្នាំ នៅ​មាន​កង្វល់​ធំជាង​នេះ​ទៅទៀត​ចំពោះ​ទ្រព្យសម្បត្តិ​របស់​នាង នោះ​គឺ​ការណ៍​ដែល​ភ្នាក់ងារ​មីក្រូហិរញ្ញវត្ថុ​ចេះតែ​មក​ផ្ទះ​នាង​រៀងរាល់ថ្ងៃ ដើម្បី​ទារបំណុល​និង​ការប្រាក់​នៃ​កម្ចី​ដែល​នាង​បាន​ខ្ចី​ពី​ស្ថាប័ន​មួយ​ទៅ​សង​ស្ថាប័ន​មួយទៀត។ 

ក្រោយពី​នាង​និង​ប្តី​បាត់បង់​ការងារ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ដោយសារតែ​ការ​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណា ស្រី​ឡុន ដែល​មានកូន​ពីរ​នាក់ បាន​ស្ថិត​ក្នុង​ភាព​ទ័ល​ច្រក​មួយ ដោយ​មិនដឹង​ថា​ធ្វើ​យ៉ាងម៉េច​ដើម្បី​កុំឱ្យ​ម្ចាស់បំណុល​មក​តាម​ទារ​លុយ​រាល់ថ្ងៃ​ពេក និង​ដើម្បី​ទូទាត់​ឱ្យ​ដាច់ស្រេច​នូវ​គំនរ​បំណុល​ដែល​នាង​បាន​ខ្ចីគេ ដោយ​យក​ប្លង់​កម្មសិទ្ធិ​ដីធ្លី​របស់​គ្រួសារ​ទៅ​ដាក់ជា​ការធានា។ 

ដំបូង​ឡើយ នាង​ខ្ចី​លុយ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​តែមួយ​កន្លែង​ទេ ប៉ុន្តែ​ក្នុងរយៈពេល​ជិត​មួយឆ្នាំ ចំនួន​ប្រាក់បំណុល​បាន​កើនឡើង​សឹងតែ​ទ្វេដង ដល់​ជិត៨ ០០០ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​មាន​អ្នក​ចងការប្រាក់​ខ្លះ​ទារ​ការប្រាក់​រហូតដល់​ទៅ៤០​%ក៏មានដែរ។ 

«យើង​ខ្ចី​ពី “ក” ទៅ​សង “ខ” ហើយ​ខ្ចី​ពី “ខ” ទៅ​សង “គ” ទៀត។» នាង​និយាយ​ដូច្នេះ​នៅ​ក្រៅ​ផ្ទះ​របស់​នាង ក្នុង​ស្រុក​ពួក ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ទេសចរណ៍​ប្រាសាទ​អង្គរ ក្នុង​ខេត្តសៀមរាប។ 

ស្រី​ឡុន ពោល​ដូច្នេះ​ប្រាប់​អ្នកយកព័ត៌មាន​របស់​ទីភ្នាក់ងារព័ត៌មាន Thomson Reuters Foundation៖ «ទីបំផុត​ទៅជា​យ៉ាងណា​? គឺ​យើង​លែង​មាន​លិខិតធានា ហើយ​យើង​ត្រូវតែ​លក់​ដី»។

មីក្រូហិរញ្ញវត្ថុ​ត្រូវ​បាន​លោក មូ​ហា​ម៉ាត់ យូ​នូស ជ័យលាភី​ណូបែល នាំមុខ​គេ​ធ្វើ​តាំងពី​ទសវត្ស​ឆ្នាំ១៩៧០មក​ម៉្លេះ ដើម្បី​ផ្តល់​ឥណទាន​មានការ​ប្រាក់​ទាប​ដល់​ជន​ក្រីក្រ​ឬអ្នក​រស់នៅ​ទី​ជនបទ​យក​ទៅ​បង្កើត​អាជីវកម្ម ប៉ុន្តែ​ជាមួយនឹង​ការលូតលាស់​យ៉ាង​លឿន​របស់​វា វិស័យ​នេះ​ត្រូវ​បាន​អ្នករក​ស៊ី​ចងការប្រាក់​ប្រជ្រៀត​ខ្លួន​ចូល​រកស៊ី​ដែរ តាមរបៀប​គិតតែ​កេងប្រវ័ញ្ច​យកចំណេញ ហើយ​បោច​យក​ទៅវិញ​នូវ​អ្វី​ៗគ្រប់បែបយ៉ាង​បន្តិច​ម្តង​ៗពី​កូនបំណុល។

កសិករម្នាក់កំពុងដើរទៅធ្វើការងាររបស់គាត់ ក្នុងស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (Thomson Reuters Foundation/Matt Blomberg)

បទសម្ភាសន៍​ជាច្រើន​ដែល​បាន​ធ្វើជា​មួយ​អ្នកភូមិ​ជាប់បំណុល បុគ្គលិក​អង្គការ​មនុស្សធម៌ សេដ្ឋវិទូ អ្នក​ផ្តល់​កម្ចី និង​មន្ត្រី​នានា បាន​លាតត្រដាង​ឱ្យ​ឃើញ​អំពី​សម្ពាធ​ដែល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ បាន​បន្ថែម​ទៅលើ​បន្ទុក​បំណុល​មីក្រូហិរញ្ញវត្ថុ អម​ដោយ​ក្តី​កង្វល់​ថា ពលរដ្ឋ​កម្ពុជា​មិន​តិច​នាក់​ទេ​អាច​នឹង​ធ្លាក់ខ្លួន​ក្ររហាម​និង​បាត់បង់​ផ្ទះសម្បែង​ទៀតផង។ 

លោក Milford Bateman សាស្ត្រា​ចារ្យ​ទស្សនកិច្ច​មួយ​រូប​នៃ​សាកល​វិទ្យាល័យ Juraj Dobrila University of Pula នៅ​ប្រទេស​ក្រូអាត។ លោក​ជា​បណ្ឌិតសភា​ចារ្យ​ជាន់ខ្ពស់​លំដាប់​ពិភពលោក​ម្នាក់ និង​ស្ថិត​ក្នុងចំណោម​អ្នកនិពន្ធ​ច្រើន​រូប​លើ​បញ្ហា​មីក្រូហិរញ្ញវត្ថុ​នេះ។

លោកថា៖ «មុន​នេះ​បន្តិច វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុងតែ​តម្រង់​ក្បាល​ទៅ​រក​ការ​ដួល​រលំ​ហើយ។ ពេលនេះ ជំងឺ​កូ​វីដ​-១៩ បាន​ធ្វើ​ឱ្យ​ក្តី​មហន្ត​រា​យស​ន្សឹមៗ​កាន់តែ​លឿន​ឆាប់រហ័ស​សម្រាប់​ជន​ក្រីក្រ ក្នុង​ខណៈ​ដែល​ពួក​គេ​ត្រូវ​បាត់បង់​ដីធ្លី​បន្តិច​ម្តង​ៗ»។

ពីជួយអ្នកក្រីក្រទៅរកចំណេញ

ស្រីឡុន មិនមែនតែម្នាក់ឯងទេដែលស្ថិតក្នុងស្ថានភាពនេះ។ នាង​ជាកូនបំណុលម្នាក់​ក្នុងចំណោម​កម្ចីមីក្រូហិរញ្ញវត្ថុចំនួន២,៧លានកម្ចី នៅក្នុងប្រទេសមួយដែលមានជាង​៣,៣លានគ្រួសារ។ នៅ​ក្នុងចំណោម​កម្ចីទាំងអស់នេះ កូនបំណុលម្នាក់ជំពាក់ប្រាក់ជាមធ្យមចំនួន​៣ ៨០០ដុល្លារអាមេរិក ជាអត្រាខ្ពស់ជាងគេលើពិភពលោក ហើយពីរដងច្រើនជាង​តម្លៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (ផ.ស.ស)​ ​របស់​កម្ពុជាក្នុងពលរដ្ឋម្នាក់ទៅទៀត។ ​  

ក្រោយពីប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ​បានងើបចេញពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងទសវត្សឆ្នាំ១៩៩០មក មីក្រូហិរញ្ញវត្ថុ​បាន​វិវឌ្ឍក្លាយទៅជា​វិស័យមួយមានតម្លៃទឹកប្រាក់១០ប៊ីលានដុល្លារ ដែល​នាំផលចំណេញច្រើន​ដល់​​ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

ក្មេងៗប្រញាប់ប្រញាល់ចូកដីពីគោយន្តដាក់ក្នុងផ្ទះ ស្រីឡុន ក្នុងស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ (Thomson Reuters Foundation/Matt Blomberg)

គំរូ​របស់​មីក្រូហិរញ្ញវត្ថុនេះ ធ្លាប់ត្រូវ​បាន​គេ​ទទួលស្គាល់ថា​ បានជួយ​ស្ទូចមនុស្សរាប់លាននាក់ចេញ​​ពីរណ្តៅភាពក្រីក្រ​ ដោយ​ផ្តល់កម្ចីសម្រាប់យកទៅទិញគ្រឿងបរិក្ខារកសិកម្ម​ឬ​បង្កើន​អាជីវកម្មតូចតាច ប៉ុន្តែទន្ទឹមគ្នានេះ សកម្មជនសិទ្ធិមនុស្ស​និង​បណ្ឌិតសភាចារ្យជាន់ខ្ពស់ជាច្រើន​​ និយាយ​ថា​ វា​ក៏​បានញ៉ាំងមនុស្សកាន់តែច្រើនឡើង​ឱ្យលក់ដីធ្លី ធ្វើចំណាកស្រុក ឬ​បង្ខំកូនរបស់ខ្លួន​ឱ្យ​ទៅ​ធ្វើ​ការដើម្បីដោះបំណុលដែរ។

ទិន្នន័យ​របស់រដ្ឋចុងក្រោយនេះ បានបង្ហាញថា ពលរដ្ឋកម្ពុជាម្នាក់​ក្នុង​ចំណោមពីរនាក់​ជាជន​ក្រី​ក្រអត់ដីធ្លី​ក្នុង​ឆ្នាំ​២០១៦ ដែលកើន​ពីមួយភាគបី​ក្នុង​ឆ្នាំ​២០០៩។ យ៉ាងណាក្តី គេ​មិនទាន់ដឹងច្បាស់ថា តើក្នុងចំណោមនោះ ភាពក្រីក្រអត់ដីធ្លីដោយសារឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ មានទំហំប៉ុណ្ណាទេ។

នៅក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អង្គការនានា រួមទាំងអង្គការសហប្រជាជាតិ​និង​មូលនិធិរូបិយវត្ថុអន្តរជាតិផង បានព្រមានថា មីក្រូហិរញ្ញវត្ថុ​នាំហានិភ័យ​មួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​ថា​ ការ​ផ្តល់កម្ចីកាន់តែច្រើន ​នឹងកាន់​តែរុញ​អ្នកខ្ចីបុលឱ្យធ្លាក់ជ្រៅទៅក្នុងភាពក្រីក្រថែមទៀតតែប៉ុណ្ណោះ។

ធនាគារពិភពលោកនិយាយក្នុងឆ្នាំ២០១៩ថា «ទម្លាប់​អនុវត្ត​មិនសូវល្អក្នុងការផ្តល់កម្ចី​និង​អក្ខរភាពហិរញ្ញវត្ថុកម្រិតទាប» នៅកម្ពុជា ជាដើមចម​នាំឱ្យទំហំនៃកម្ចីជាមធ្យមរីកធំជាង​មុន​១០ដង ក្នុង​រយៈពេលប្រាំឆ្នាំកន្លងទៅ។

ក្មេងប្រុសម្នាក់កំពុងមើលទូរសព្ទរបស់ខ្លួននៅក្រោមខិតបណ្ណផ្សព្វផ្សាយកម្ចីនៅកន្លែងលក់ភេសជ្ជៈមួយនាស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (Thomson Reuters Foundation/Matt Blomberg)

អង្គការសិទ្ធិមនុស្សលីកាដូ​និង​សមាគមធាងត្នោត បាននិយាយថា​ អត្រាការប្រាក់ខ្ពស់ ការ​ទារដាក់​ប្លង់កម្មសិទ្ធិដីជាវត្ថុធានា​ និង​សម្ពាធ​ត្រូវ​សង​បំណុលវិញ បាន​បណ្តាលឱ្យ «ការផ្តល់​កម្ចី​បែបកេងប្រវ័ញ្ច» កើនច្រើនឡើងៗ។

អ្នកនាំពាក្យមួយរូបនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និយាយថា កម្ពុជា​បានដាក់ចេញ​​ផែនការសង្គ្រោះបន្ទាន់មួយ​សម្រាប់​ទប់ទល់​ជាមួយការដួលរលំ​វិស័យមីក្រូហិរញ្ញវត្ថុ​ក្នុងករណីដែលវាអាចកើនឡើង ប៉ុន្តែអ្នកនាំពាក្យរូបនោះមិនបានផ្តល់ព័ត៌មានពិស្តារទៀតទេ​ ហើយ​ប្រាប់​អ្នក​យកព័ត៌មានឱ្យសួរទៅកាន់​ធនាគារជាតិកម្ពុជាវិញ។

ធនាគារជាតិនិយាយថា ខ្លួន​កំពុងធ្វើ​ការ​បង្ក្រាបទៅលើ​អ្នករកស៊ី​ផ្តល់ប្រាក់​​កម្ចីក្រៅផ្លូវការ ហើយទន្ទឹមគ្នានោះ ក៏​ប្រឹងប្រែង​ធ្វើយុទ្ធនាការមួយចំនួន​សំដៅអប់រំប្រជាជនអំពីអក្ខរភាពផ្នែកហិរញ្ញវត្ថុផងដែរ។

លោកស្រី ជា​ សិរី អគ្គនាយកនៃធនាគារជាតិកម្ពុជា និយាយថា៖ «ការអប់រំគឺជា​ដំណោះស្រាយ​មានចីរភាព​និង​មាន​ឥទ្ធិពលបំផុត​ ប៉ុន្តែ​វាត្រូវការពេលវេលាទើបទទួល​បាន​ផល។»

លោកស្រី​ក៏ទទូចឱ្យមានការប្រុងប្រយ័ត្នផងដែរជាមួយរបាយការណ៍​ថ្មីៗនេះ ដែលនិយាយថា​អ្នកខ្ចីបុលកាន់តែច្រើន កំពុងផុងខ្លួនទៅក្នុងបំណុលជ្រៅទៅៗ។

លោកស្រីប្រាប់ Thomson Reuters Foundation តាម​រយៈអ៊ីម៉ែល៖ «ក្នុងនាមជាអ្នកធ្វើគោលនយោបាយ យើងចាំបាច់ត្រូវតែប្រយ័ត្នប្រយែងជាមួយ “ការសិក្សា” និង​ “ការ​ស្រាវជ្រាវ” ដែលនាំឱ្យមាន​សេចក្តីសន្និដ្ឋានបែបបំភ័ន្តទៅវិញ»។​

លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានច្រានចោលនូវការលើកឡើងអំពីទម្លាប់អនុវត្តផ្តល់កម្ចីបែបកេងប្រវ័ញ្ច ហើយនិយាយថា គ្មានសមាជិកណាមួយ​ក្នុង​ចំណោម​សមាជិកទាំង៩០របស់សមាគម បានរឹបអូស​យកដីធ្លីណាមួយ​ឡើយនៅក្នុងអំឡុងពេលមានការ​រាត​ត្បាត​ជំងឺកូវីដ១៩នេះ។

គ្រួសារកំពុងបាត់បង់​អ្វីៗទាំងអស់

នៅ​ក្នុង​ឆ្នាំ២០១៧ រដ្ឋាភិបាល​បាន​កំណត់ពិតាន​អត្រា​ការ​ប្រាក់​របស់​ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ ឱ្យនៅ​ត្រឹម​១៨% ក្នុងគោលដៅជួយអ្នកខ្ចីបុល។

ប៉ុន្តែសកម្មជននិយាយថា អ្នកផ្តល់កម្ចី​បាន​តបទៅនឹងវិធានការនេះដោយ​ដាក់ចេញថ្លៃសោហ៊ុយសេវា​ខ្ចីប្រាក់មួយទៀត ដើម្បីប៉ះប៉ូវឱ្យការខាតបង់របស់ខ្លួននៅពេលដែល​បំណុល​ចេះតែបន្តគរច្រើនឡើងៗជាលំដាប់។

អ្នកខ្ចីបុលដែលគ្មានលទ្ធភាពសងបំណុលដែលខ្លួនកំពុងជំពាក់ ច្រើនតែទៅ​ខ្ចីបុល​ថែមទៀតពីស្ថាប័នហិរញ្ញវត្ថុឬមួយក៏ងាកទៅរក​អ្នកផ្តល់កម្ចីក្រៅផ្លូវការ (អ្នករកស៊ីចងការ) ដែល​មិនស្ថិតនៅក្រោមប្រព័ន្ធរ៉ាដាត្រួតពិនិត្យរបស់រដ្ឋ ហើយ​អាចផ្តល់លុយឱ្យខ្ចីភ្លាមៗបាន​ក្នុង​អត្រាការប្រាក់​ខ្ពស់​រហូតដល់ទៅ៥០%ក៏មានដែរ។

ការស្ទាបស្ទង់មួយ​ដោយ​ក្រុមហ៊ុនពិគ្រោះយោបល់ឈ្មោះ Angkor Research ដែលបានធ្វើ​ជាមួយ​មេភូមិ៥៤នាក់ និង​ពលរដ្ឋ១ ០០០គ្រួសារ បានឱ្យដឹងថា ពលរដ្ឋកម្ពុជា៤៥%​ក្នុងចំណោមអ្នក​ដែលផ្តល់​សម្ភាស បាន​ធ្លាក់​ខ្លួនកាន់តែជ្រៅទៅក្នុងភាពក្រីក្រក្នុងចន្លោះខែមករានិង​ខែ​មេសា ខណៈដែល​ម្នាក់​ក្នុងចំណោមប្រាំបីនាក់​ ត្រូវ​បង្ខំចិត្ត​លក់​ទ្រព្យសម្បត្តិ ដូចជា​សត្វពាហនៈ គ្រឿងយន្ត​កសិកម្ម និង​ដីធ្លី ជា​ដើម។

នៅ​ក្នុងអំឡុងពេលដូចគ្នានោះដែរ មួយភាគបីនៃប្រាក់កម្ចីថ្មី​ត្រូវ​បាន​ខ្ចីដើម្បី​យកទៅសង​បំណុល​ដែល​មិនទាន់ទូទាត់​ឬ​យកទៅ​ចាយ​វាយ​លើ​តម្រូវ​ការ​ជីវភាព ខណៈដែល​សមាមាត្រ​នៃ​គ្រួសារ​ដែលខ្ចីបុល​ពី​អ្នក​រកស៊ីចងការ​បានកើន​ដល់ទៅ១៨%ពី​៨,៦%។ នេះ​បើ​តាម​ទិន្នន័យ​ដែល​គ្របដណ្តប់លើ​ខេត្ត​ចំនួន​៥​ក្នុង​ចំណោម​ខេត្ត​ទាំង២៥​នៅ​កម្ពុជា។

លោក ដន ដៀម ជាមេភូមិមួយរូបនៅ​ខេត្តសៀមរាប ដែល​ក្នុងភូមិទាំងមូល​មាន​ពលរដ្ឋជំពាក់​បំណុល​សរុប​ជាង២៥០ ០០០ដុល្លារ។ លោកមានប្រសាសន៍ថា បញ្ហាបំណុលនេះ​បាន​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​នៅ​ក្នុង​សហគមន៍ រហូតដល់មានអ្នកស្រុ​ក​គំរាមកំហែងដាក់គ្នាទៅវិញទៅមកទៀតផង។

លោក ដន ដៀម ជាមេភូមិមួយរូបក្នុងស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ពន្យល់ពីឥទ្ធិពលបំណុលបានគ្របដណ្ដប់សហគមន៍របស់គាត់។ (Thomson Reuters Foundation/Matt Blomberg)

លោកមេភូមិរូបនេះនិយាយថា៖ «គ្រួសារជាច្រើនបានបាត់បង់គ្រប់បែបយ៉ាង។ ឪម៉ែជាប់នៅឯស្រុកថៃ ហើយកូននៅឯណេះ។ ភូមិនៅជុំវិញក៏ស្ថិតក្នុងស្ថានភាពដូចគ្នាដែរ។ មីក្រូហិរញ្ញវត្ថុ​នាំ​រឿងអាក្រក់ច្រើនជាងរឿងល្អ។ បញ្ហានេះកំពុងកាន់តែអាក្រក់ទៅៗ ហើយ​ខ្ញុំ​មើលមិនឃើញថា តើត្រូវដោះស្រាយ​បានដោយរបៀបណាទេ។»

ភើល ភាព អាយុ៣៨ឆ្នាំ ជា​អ្នក​ស្រុកម្នាក់​នៅ​ក្នុងភូមិនោះដែរ។​ លោកមានប្រសាសន៍ថា មានអ្នក​ជិតខាងខ្លះ​របស់​គាត់ ​បាន​លក់​ផ្ទះសម្បែងរបស់ខ្លួន ដើម្បី​យក​លុយ​មក​ដោះបំណុល​ក្នុង​ឆ្នាំនេះ បន្ទាប់មកគេនាំគ្នា​ចេញទៅប្រទេសថៃក្នុងគោលបំណងរកការងារធ្វើ ដោយសុខចិត្ត​ប្រថុយប្រថានជាមួយការចាប់ខ្លួននៅពេលដែលព្រំដែននៅបិទនៅឡើយ។

ទិន្នន័យផ្លូវការមិនទាន់មានទេជុំវិញរឿង​ប្រជាជនឆ្លងដែនក្នុងពេលនេះ ប៉ុន្តែ​របាយការណ៍​សារព័ត៌មាននានា​បាន​រៀបរាប់ឱ្យដឹងអំពីការ​ចាប់ខ្លួន​ពលរដ្ឋ​កម្ពុជា​រាប់​រយ​នាក់ដែល​ប៉ុនប៉ង​ឆ្លង​ដែន​បន្ទាប់​ពី​ត្រូវ​បាន​បិទ​តាំងពីខែមីនាមក។ តាម​ការ​ប៉ាន់​ស្មាន មានប្រជា​ជនកម្ពុជា​ប្រមាណជា​២​លាននាក់ ធ្វើ​ការ​នៅតាមផ្នែកនានាដូចជា នេសាទនិង​កសិកម្ម នៅ​​ក្នុង​ប្រទេស​ថៃ។

លោក ភើល ភាព និយាយដូច្នេះថា៖ «លក់ឡាយឡុង លក់ផ្ទះ ដោះបំណុល ទៅថៃ ហើយ​ចាប់​ផ្តើម​សារថ្មី។ ខ្ញុំនៅក្នុងចំណោមអ្នក​មានសំណាងហើយ។ ខ្ញុំ​​បានព្យាយាម​សងបំណុលដើម្បីកុំ​ឱ្យវាគរច្រើន​បាន ប៉ុន្តែមានអ្នកច្រើនឯទៀតដែល​ខ្ចីគេច្រើនពេក ហើយពួកគេនឹងមិនត្រឡប់មកវិញទេ។»

ម្ចាស់បំណុលបដិសេធថាមិនបានរឹបអូសយកដីទេ

ខណៈដែលកម្ពុជា​គ្មាន​មនុស្សស្លាប់​ដោយសារជំងឺកូវីដ-១៩ និងមានអ្នកឆ្លងតិចជាង៣០០នាក់​ក៏ពិតមែន ការ​រាតត្បាតនៃជំងឺនេះ​បានវាយសន្ធប់​យ៉ាងខ្លាំងទៅលើ​ឧស្សាហកម្មទេសចរណ៍និង​ការនាំចេញសម្លៀកបំពាក់ ដែលជាចន្ទល់​យ៉ាងសំខាន់មួយ​ទ្រទ្រង់​សេដ្ឋកិច្ច ដោយ​ធ្វើ​ឱ្យ​មនុស្ស​រាប់​រយ​ពាន់​នាក់​បាត់​បង់​ការងារ។

ផ្ទះទើបសាងសង់ថ្មីមួយក្នុងស្រុកពួក ខេត្តសៀមរាប ដែលបានថតនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានទុកចោល ដែលអ្នកភូមិបានអះអាងថា ម្ចាស់ផ្ទះបានចេញទៅរកការងារនៅតាមព្រំដែន ដើម្បីរកប្រាក់សងបំណុល។ (Thomson Reuters Foundation/Matt Blomberg)

ធនាគារពិភពលោក​និយាយ​កាល​ពីខែ​ឧសភាថា ការ​ងារ​ជាង១,៧៦លាន​កន្លែងក្នុង​ចំណោម​ប្រជា​ជន​១៦លាននាក់ ត្រូវ​ប្រឈមហានិភ័យ​ដោយសារ​តែកូវីដ-១៩ ក្នុងខណៈដែល​អត្រាភាពក្រីក្រអាចកើតទ្វេឡើង គឺបានន័យថា ក្នុងចំណោមពលរដ្ឋ​បួននាក់ នឹងមានម្នាក់ជាអ្នកក្រ។

នៅក្នុងឆ្នាំនេះដែរ ក្រុមអង្គការសិទ្ធិមនុស្ស​នៅកម្ពុជា បាន​អំពាវនាវ​ឱ្យបង្កកការទូទាត់សង​បំណុលសិន ដោយសារតែវិបត្តិបង្កដោយវីរុសនេះ និង​ឱ្យម្ចាស់បំណុល​ប្រគល់​កម្មសិទ្ធិដីធ្លី​ជាងមួយលានកម្មសិទ្ធិ​ដែលស្ថិតក្នុងការឃុំគ្រងរបស់គេ​ដែលជា​វត្ថុធានា ទៅឱ្យម្ចាស់ដើមវិញ។

អ្នកផ្តល់កម្ចី​ធំៗចំនួនប្រាំបួនស្ថាប័ន​កាន់​កាប់​៩០%នៃ​បំណុល​ខ្នាតមីក្រូដែលមានតម្លៃសរុប១០ប៊ីលានដុល្លារនៅកម្ពុជា ក្នុងនោះ​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុពីរផងដែរ​ដែល​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​បាត់ទៅហើយ។

យ៉ាងណាក៏ដោយ សកម្មជនសិទ្ធិមនុស្ស​និង​អ្នក​ជំនាញនិយាយថា តួលេខបំណុលពិតប្រាកដទំនងជាអាច​ខ្ពស់ជាងនេះ ពីព្រោះថា​ តួលេខបច្ចុប្បន្ន​មិន​ទាន់រាប់បញ្ចូលកម្ចីខ្នាតមីក្រូដែល​ផ្តល់​ដោយធនាគារផ្សេងទៀតឬ​ដោយអ្នក​រកស៊ី​ចងការ​ប្រាក់នៅឡើយទេ។

បុរសម្នាក់និងកូនៗរបស់គាត់ចាប់ត្រីសម្រាប់ធ្វើម្ហូបពេលល្ងាចនៅស្រះមួយខាងក្រៅផ្ទះរបស់ពួកគាត់ នៅស្រុកពួក ខេត្ដសៀមរាប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ។ (Thomson Reuters Foundation/Matt Blomberg)

លោក បូរាណ ប្រធានសមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា និយាយថា ការ​សងបំណុល​ត្រូវ​បាន​បង្កក​សម្រាប់​មនុស្ស២៥ ០០០នាក់ ក្នុងចំណោម​កម្ចីចំនួន២៥០ ០០០កម្ចី ដែល​ត្រូវ​បាន​ពន្យារពេល​សងដើម្បីសម្រាលសម្ពាធទៅលើកូនបំណុល​ ចាប់តាំងពីខែមីនាមក ក្រោយពេលការរាត​ត្បាតជំងឺបានចាប់ផ្តើម។

លោកនិយាយថា របាយការណ៍នានាដែលថា ​បុគ្គលិកស្ថាប័នមីក្រូហិរញ្ញវត្ថុ​នាំគ្នា​ដាក់សម្ពាធទៅលើ​អ្នកខ្ចីបុលឬ​សម្រួលឱ្យពួកគេលក់ដីធ្លី គឺ​ជា​រឿង​បំផ្លើស។ គាត់បាន​លើកឡើងអំពី​ស្តង់​ដារ​ប្រតិបត្តិមួយចំនួន​របស់​ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ ដែលសមាជិក​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យអនុវត្ត​តាម តែមិនជាប់កាតព្វកិច្ចទេ និងលេខទូរសព្ទជំនួយការមួយសម្រាប់ឆ្លើយតបទៅនឹង​ការ​តវ៉ានានា​របស់​អតិថិជន។

គាត់មានប្រសាសន៍ថា ការរិះគន់​ទៅលើ​វិស័យនេះ គឺជារឿងមិនត្រឹមត្រូវ ដោយសារការរិះគន់នោះ​មានមូលដ្ឋាន​លើការយល់ឃើញចាស់គំរឹលអំពីគំរូ​មីក្រូហិរញ្ញវត្ថុដែល​បានវិវឌ្ឍប្រែប្រួល​ច្រើន​ណាស់​មក​ហើយ។

លោក បូរាណ បានឱ្យដឹងដែរថា ខណៈដែលនៅមានអ្នក​ផ្តល់​កម្ចីខ្លះបន្ត​ផ្តល់​​​កម្ចី​តាមបែបប្រពៃណីដោយផ្តោតលើការអភិវឌ្ឍ ជាកញ្ចប់​កម្ចីខ្នាតតូចគ្មានត្រូវការ​វត្ថុ​ធានាដើម្បី​យក​ទៅ​បើករបរអាជីវកម្ម​ ពេលនេះក៏មានអ្នក​ផ្តល់​កម្ចីផ្សេង​ទៀតបាន​ចាប់​ផ្តើម​ផ្តល់កម្ចី​សម្រាប់​យក​ទៅ​ទិញ​ឡាន សង់ផ្ទះ ឬសម្រាប់យកទៅវិនិយោគ​បន្តដែរ។

លោក បូរាណ មានប្រសាសន៍ថា៖ «គេបាននិយាយថា វិស័យមីក្រូហិរញ្ញវត្ថុ​ទទួល​ខុសត្រូវ​ក្នុង​ការ​ស្ទូចប្រជាជនឱ្យ​ចេញផុត​ពីភាពក្រីក្រ ប៉ុន្តែយើងមិនមែនទទួល​ខុសត្រូវ​តែម្នាក់​ឯងទេ។ គេចាំបាច់​ត្រូវ​តែ​ប្តូររបៀបដែលគេធ្លាប់តែសម្លឹងមើលមក​កាន់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឡើងវិញ។»

ការបារម្ភអំពីការវិនិយោគបរទេស

កន្លងមក សារដែល​ចេញពីរដ្ឋាភិបាលជុំវិញវិស័យមីក្រូហិរញ្ញវត្ថុ ហាក់​ដូចជា​មានសភាពច្របូកច្របល់បន្តិច ចាប់​តាំងពីពេលដែលឥទ្ធិពល​នៃការ​រាតត្បាតជំងឺនេះ​ធ្វើ​ឱ្យមានភាពជ្រួលជ្រើមខ្លាំង។

កាលពីខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យ​ម្ចាស់បំណុល​រៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ​សម្រាប់កូនបំណុលដែលរងផលប៉ះពាល់ដោយសារវីរុស ប៉ុន្តែ​ក្រោយមកទៀត លោកនិយាយថា ធនាគារគួរតែរឹបអូស​យកទ្រព្យ​សម្បត្តិពីអ្នកទាំងឡាយណាដែលមិនព្រម​សងបំណុល។

លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិកម្ពុជា និយាយថា ចំនួន​កូនបំណុលដែល​មិនទាន់បានទូទាត់សងបំណុល មានការធ្លាក់ចុះនៅក្នុងខែ​កក្កដា បន្ទាប់ពីកើនឡើងសឹងតែទ្វេដង រហូតដល់២,៧២% ​ក្នុងចន្លោះពីខែមករាដល់ខែមិថុនា។

ប៉ុន្តែអ្នកតស៊ូមតិឱ្យមានការបង្កកការសងបំណុល និយាយថា ចំនួននេះមិនទាន់រាប់​បញ្ចូល​នៅឡើយទេនូវកូនបំណុលនានាដែល​កំពុងត្រដាបត្រដួសទៅខ្ចីប្រាក់ពីអ្នក​ចង​ការ​ប្រាក់​ក្រៅផ្លូវការ​ដើម្បី​យក​ទៅ​សង​បំណុលផ្លូវការ​ជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែល​ពួកគាត់​បាន​យក​កម្មសិទ្ធិដីធ្លីទៅតម្កល់ជាវត្ថុធានា។

ក្មេងៗអង្គុយនៅលើកង់នៅក្រោយទីងមោងដែលអ្នកភូមិបញ្ឈរនៅមុខផ្ទះ ដើម្បីការពារកុំឱ្យមានមេរោគកូរ៉ូណាកើតមានឡើងនៅក្នុងភូមិ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នាស្រុកពួក ខេត្តសៀមរាប ។ (Thomson Reuters Foundation/Matt Blomberg)

ក្រុមអង្គការសិទ្ធិមនុស្សកម្ពុជា​បាន​​រិះគន់ដល់កង្វះ​ការ​ត្រួ​តពិនិត្យ​តាម​ដានរបស់​រដ្ឋា​ភិបាល និងលើតួនាទីរបស់​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បស្ចិម​លោកនិង​របស់​វិនិយោគិនបរទេស​មួយចំនួន ក្នុង​នោះ​មាន​ទាំង​ធនាគារ​អភិវឌ្ឍន៍​របស់រដ្ឋ​នៅ​អឺរ៉ុប​ផង ដែល​ខកខានក្នុងការឆ្លើយតបទៅនឹង​កង្វល់នានា​ជុំវិញបំណុលមីក្រូហិរញ្ញវត្ថុនេះ។

អង្គការលីកាដូនិយាយថា ផ្តើមចេញពីឫសគល់​របស់ខ្លួន ថាជាអ្នកជួយ​​កាត់បន្ថយ​ភាពក្រីក្រ ស្ថាប័នមីក្រូហិរញ្ញវត្ថុធំៗទាំងប្រាំបួនដែលផ្តល់កម្ចីច្រើនជាងគេនៅ​កម្ពុជា​ ពេលនេះសឹងតែក្លាយជាកម្មសិទ្ធិទាំងស្រុងរបស់​ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិរួចទៅហើយ ហើយគ្មានអ្វីដឹកមុខពួកគេ​ក្រៅតែពីការ​រកផលចំ​ណេញនោះទេ។

លោកស្រី Naly Pilorge នាយកអង្គការលីកាដូ និយាយថា៖ «តួអង្គនានាផ្នែកអភិវឌ្ឍន៍​ […] បានបរាជ័យក្នុងការធានាថា បណ្តាកម្មវិធីដែលខ្លួនបានឧបត្ថម្ភថវិកា នឹងមិននាំផលអាក្រក់ឡើយ ប៉ុន្តែ​ពេលនេះ ​ពលរដ្ឋ​កម្ពុជា​គឺ​ជា​អ្នក​បង់​ខាតដោយសារតែ​ភាពបរាជ័យរបស់តួអង្គទាំងនោះ។»

លោកស្រីពោលបន្ថែមថា៖ «លុយដែល​ឱ្យសម្រាប់ផ្តល់កម្ចី​ថែមទៀត​ នឹង​ធ្វើ​ឱ្យ​វិបត្តិជំពាក់បំណុលនេះរឹតតែ​មានសភាពធ្ងន់ធ្ងរតែប៉ុណ្ណោះ។»

កាលពីខែមិថុនា សាជីវកម្ម​ហិរញ្ញវត្ថុអន្តរជាតិ (International Financial Corporation/IFC)  ដែលផ្តោតលើ​ការអភិវឌ្ឍវិស័យឯកជននៅតាមបណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ បានអនុម័ត​ថវិកា៧៥លានដុល្លារ ជាកញ្ចប់មូលនិធិជួយសង្គ្រោះពេលមានវិបត្តិកូវីដ-១៩ ដើម្បី​យកទៅឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជាមួយចំនួនខ្ចីបន្ត។

កសិករបីរូបដើរទៅធ្វើការងារស្រែចម្ការ នាស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (Thomson Reuters Foundation/Matt Blomberg)

ស្ថាប័នមីក្រូហិរញ្ញវត្ថុ LOLC Cambodia  ដែលជាស្ថាប័នធំមួយ ហើយពីមុនមានឈ្មោះថា«ធនាគារភូមិ»  បានប្រកាសប្រាក់ចំណេញជាង២១លានដុល្លារនៅក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២០ គឺច្រើនជាងប្រាក់ចំណេញ១៧,៦លានដុល្លារដែលស្ថាប័ននេះរកបាន​នៅ​ក្នុង​ឆ្នាំមុន។ ​

នៅឆ្នាំ២០១៩ ក្រុមហ៊ុនអាណាព្យាបាល​របស់​ស្ថាប័នមីក្រូហិរញ្ញវត្ថុ LOLC  គឺ LOLC Group ដែលជាអាជីវកម្មមីក្រូហិរញ្ញវត្ថុរកប្រាក់ចំណេញបានច្រើនជាងគេនៅប្រទេសស្រីលង្កា បានលក់​ភាគហ៊ុន៧០%របស់ខ្លួននៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ​ប្រាសាក់ដែលជា​អ្នក​ឱ្យលុយខ្ចីធំជាងគេនៅកម្ពុជា ក្នុងតម្លៃ៦០៣លានដុល្លារ ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន។

លោក Bateman សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Juraj Dobrila University of Pula នៅប្រទេសក្រូអាត និយាយដូច្នេះថា៖ «វាច្បាស់ណាស់ទៅហើយថា អ្នកដែលទទួល​ផលចំណេញពិតប្រាកដពី​មីក្រូឥណទាននៅកម្ពុជា​ជា​អ្នក​ណាខ្លះ។ ពួកគេជាមន្ត្រី​នាយកប្រតិបត្តិនិង​ប្រធានគ្រប់គ្រងជាន់​ខ្ពស់​នៅ​តាម​ស្ថាប័នមីក្រូហិរញ្ញវត្ថុធំៗ ព្រមទាំងភាគហ៊ុនិកស្នូលនិង​វិនិយោគិនមានៗរបស់គេផងដែរ ដែលកេងយកចំណេញដូចចោរអ៊ីចឹង។»

ស្ថាប័ន LOLC និងភាគហ៊ុនិកផ្សេងទៀតនៃស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានដូចជា PhillipCapital Group, Shanghai Commercial & Savings Bank, Bank of Ayudhya, Netherlands Development Finance និង European Investment Bank មិនបានឆ្លើយតបចំពោះសំណើ​សុំ​អត្ថាធិប្បាយសម្រាប់អត្ថបទនេះទេ។

លោក Charis Pothig អ្នកនាំពាក្យរបស់​ធនាគារ KfW ដែលជាធនាគារអភិវឌ្ឍន៍​អាល្លឺម៉ង់កាន់កាប់ដោយរដ្ឋ មានប្រសាសន៍ថា ​ស្ថាប័នរបស់លោក​មានផែនការធ្វើ​ការ​ពិនិត្យទៅលើ​របាយការណ៍​ដែលថា ​មាន​​ទម្លាប់អនុវត្តន៍​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​ផ្តល់​កម្ចីដោយស្ថាប័នមីក្រូហិរញ្ញ​វត្ថុ និង​ការ​បង្ខំឱ្យលក់ដីសងបំណុលនៅកម្ពុជា។

ទុក្ខវេទនា​និង​បំណុល

ជាភ្នាក់ងារផ្តល់កម្ចីមួយរូប ជា ចន្ថា រៀងរាល់ថ្ងៃ ដើរតាមផ្ទះទារលុយបំណុលនិង​បញ្ចុះ​បញ្ចូល​អ្នក​ភូមិ​ឱ្យ​ខ្ចីលុយថ្មីទៀតពីនិយោជករបស់គាត់ដែលជា​ស្ថាប័នមួយចុះបញ្ជីផ្លូវការត្រឹមត្រូវ។ គាត់និយាយថា ការណ៍ដែល​អតិថិជនគ្មានលទ្ធភាពសង​និង​បាត់បង់ដីធ្លី គឺ​ជារឿងដែលគាត់ជួបប្រទះ​ជា​ធម្ម​តា​ទៅហើយ​នៅ​ក្នុង​ការ​ងារ​របស់​គាត់។

«នៅពេលណាដែលអ្នកខ្ចីលុយ អ្នក​ដឹងលក្ខខណ្ឌ​របស់​វា​អស់​ហើយ។» ចន្ថា ​និយាយដូច្នេះ ដោយពន្យល់ថា ជួនកាលគាត់ត្រូវ​អានឮៗនូវកិច្ចសន្យា​ខ្ចីប្រាក់​ឱ្យអតិថិជនស្តាប់ ដោយសារតែពួកគាត់អត់ចេះអក្សរ។ «បើអ្នកចុះហត្ថលេខា បានន័យថា អ្នក​យល់ព្រម។ បើអ្នក​មិន​អាចសងបំណុលវិញបានទេ អ្នក​ពិតជានឹងបាត់បង់ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ហើយ។»

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និយាយថា ប្រហែល៦០%នៃ​កម្ចីខ្នាតតូចនៅកម្ពុជា មានតម្កល់វត្ថុ​ធានា​ ដែលក្នុងនោះច្រើនតែជាប្លង់​កម្មសិទ្ធិដីធ្លី។ ប៉ុន្តែសមាគមនេះនិយាយថា សមាជិក​របស់ខ្លួនកម្ររឹបអូសយក​កម្មសិទ្ធិដីដែលដាក់ធានាណាស់នៅពេលណាកូនបំណុលគ្មានលទ្ធភាពសង ហើយក៏មិនដែលបានធ្វើបែបនេះដែរតាំងពីខែមីនាមក។

លោក ផុន ថេត ដាក់មួកនគរបាលចាស់មួយនៅលើទីងមោងដែលដាក់នៅមុខផ្ទះរបស់លោក នាស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (Thomson Reuters Foundation/Matt Blomberg)

ផ្ទុយទៅវិញ សកម្មជនសិទ្ធិមនុស្សបានរៀបរាប់ល្បិចក្រៅសៀវភៅដែលកូនបំណុលត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឱ្យ​លក់ដីរបស់ខ្លួនសិន មុន​នឹង​ដីនោះ​ត្រូវ​បាន​គេរឹបអូសយក។

អង្គការលីកាដូ​និង​សមាគមធាងត្នោត និយាយថា ការរឹបអូសយកដីផ្លូវការ ត្រូវធ្វើឡើងតាមរយៈតុលាការ ដូច្នេះម្ចាស់លុយ​ប្រាប់​អ្នក​ជំពាក់​លុយ​ឱ្យលក់វាជាលក្ខណៈ​ឯកជនសិនទៅ ដើម្បីយក​លុយ​មក​ទូទាត់សងបំណុល ហើយវិធីនេះ​អាចជួយការពារ​ភាគីទាំងសងខាង​ពី​ការ​ខាតបង់​ចំណាយទៅលើ​សេវាកម្មផ្លូវច្បាប់​ផង។

របាយការណ៍ដែលអង្គការលីកាដូ​និង​សមាគមធាងត្នោតធ្វើ​រួមគ្នា​កាល​ពីឆ្នាំ​២០១៩ បានដក​ស្រង់​សម្តី​មន្ត្រី​ជាន់ខ្ពស់នៃស្ថាប័នមីក្រូហិរញ្ញវត្ថុពីររូបដែលមិនបញ្ចេញឈ្មោះ ដោយនិយាយថា  វិធីបែបនេះ ដោយ​តែងមានការសន្យាអំពី​កម្ចីថ្មីអមជាមួយ​នឹងការ​ជួយ​អ្នក​ខ្ចីបុលឱ្យរក្សាពិន្ទុកេរ្តិ៍ឈ្មោះបានល្អ​ ហើយថែមទាំងការពារម្ចាស់កម្ចី​មិនឱ្យអសោចកេរ្តិ៍ឈ្មោះផងដែរ។

កសិករម្នាក់បណ្តើរគោរបស់គាត់តាមផ្លូវមួយ នាស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (Thomson Reuters Foundation/Matt Blomberg)

យោងតាមរបាយការណ៍នេះ មន្ត្រី​ក្នុងមូលដ្ឋានតែងតែដើរតួជាភាគីមួយ​នៅ​ក្នុង​កិច្ច​សន្យា​ខ្ចីប្រាក់ដែរ ហើយ​​អ្នក​ផ្តល់​កម្ចីសហការគ្នា​ជាមួយ​អាជ្ញាធរ​ដើម្បី​បង្កើនសម្ពាធទៅលើអ្នក​ខ្ចីបុល ដែល​ជាទង្វើមួយ​«ខ្ចរខ្ចាយ»​អ្នក​ណា​ក៏ដឹងដែរ។

លោក ដន ដៀម មេភូមិនៅ​ខេត្តសៀមរាប និយាយថា​ ការ​សម្រួល​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀងរវាង​អ្នក​ផ្តល់​កម្ចី​និង​អ្នក​ខ្ចីលុយ បានក្លាយទៅជា​ផ្នែកមួយនៃកិច្ច​ការ​ជា​ប្រចាំ​ក្នុង​តួនាទីរបស់​គាត់​ទៅហើយ ​ទោះបីជាគាត់មិនចង់ក៏ដោយ។

«ដំបូងខ្ចី៥ ០០០ដុល្លារ ក្រោយមក​១០ ០០០ដុល្លារ ក្រោយមកទៀត២០ ០០០ដុល្លារ រួចហើយ​អ្នកឯងលាទៅបាត់»។ លោកមេភូមិមានប្រសាសន៍ដូច្នេះ ដោយបន្ថែមថា មាន​ផ្ទះចំនួន​ប្រហែលមួយភាគបីនៃផ្ទះ​១៣៤នៅ​ក្នុងភូមិរបស់គាត់ដែលត្រូវ​បាន​ដាក់​លក់ឬ​ក៏​បាន​លក់​បាត់​ទៅហើយ​ដើម្បី​ដោះបំណុល។

ជាអ្នកភូមិម្នាក់ លោកស្រី ណាន សារិន អាយុ៣៥ឆ្នាំ ​បាន​ធ្លាក់ខ្លួនជំពាក់បំណុល៣ ០០០ដុល្លារដែលនាងបាន​ខ្ចី​យកមកធ្វើបុណ្យ​ជូន​ឪពុកម្តាយមានជំងឺ។ នាងបានរៀបរាប់​អំពីរឿងរ៉ាវដែលនាងត្រូវលក់ដីស្រែរបស់គ្រួសារមួយដុំម្តងៗ នៅពេលដែល​បំណុលគ្រួសារ​ចេះតែកើន​ច្រើនមុខ ហើយគរដោះលែងរួច។

នាង ណាន ណារិន រស់នៅស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់គាត់ទៅកាន់លោក ដន ដៀម ដែលជាមេភូមិ ខណៈដែលកូនៗគាត់កំពុងស្តាប់ការរៀបរាប់នោះ។ (Thomson Reuters Foundation/Matt Blomberg)

«ការពិបាកចិត្តសឹងតែសម្លាប់ខ្ញុំទៅហើយ»។ នាងនិយាយបណ្តើរ បំបៅកូនតូចមួយបណ្តើរ នៅ​ពេលដែលកូនពីរនាក់ទៀតស្តាប់នាង​រៀបរាប់​អំពីបញ្ហាហិរញ្ញវត្ថុ​របស់​គ្រួសារ។

«យើងមើលមិនឃើញបានរីកចម្រើនអីសោះពីកម្ចីទាំងនេះ ក្រៅតែពីទុក្ខវេទនានិងបំណុល»

ប្រែសម្រួល​ពីអត្ថបទដើមដែលផលិតដោយ​ Thomson Reuters Foundation

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ