ក្រសួង​​អប់រំ​អនុញ្ញាត​​ឱ្យ​​សាលា​​រដ្ឋ​​ទាំង​អស់​​បើក​​ដំណើរ​ការ​​ឡើង​វិញ​​ចាប់​ពី​​ថ្ងៃ​​ដើម​ខែ​​វិច្ឆិកា​​

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សាប៊ូថងទេសអន្លុង ស្ថិតក្នុងខេត្តរតនគិរី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។ (ហេង វិចិត្រ)

ក្រសួង​អប់រំ យុវជន និងកីឡា ប្រកាស​ពី​ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់​ឡើងវិញ ក្នុង​ដំណាក់កាល​ទី៣ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់​ដំណាច់ខែ​ធ្នូ ឆ្នាំ២០២០។

ក្នុង​សេចក្ដីណែនាំ​របស់ក្រ​សួង​អប់រំ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បាន​លើកឡើង​ថា ក្រោយពី​បានការ​អនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ ​(សាលា​រដ្ឋ​) ទាំងអស់ បើក​ដំណើរការ​ឡើងវិញ ក្នុង​ដំណាក់កាល​ទី៣ ដោយ​អនុវត្ត​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់​ដា​រ (SOP​) ក្នុងស្មារតី​បន្ត​បង្ការ ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

ក្រសួង​បាន​បន្ត​ថា ការអនុវត្ត​ឆមាស​ទី២ នៃ​ឆ្នាំ​សិក្សា២០១៩​-២០២០ គិត​ចាប់ពី​ថ្ងៃទី០៧ ខែកញ្ញា ដល់​ដំណាច់ខែ​ធ្នូ ឆ្នាំ២០២០។

ក្រសួង​ក៏បាន​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថាន​មត្តេយ្យ​សិក្សានិង​កន្លែង​ផ្ដល់​សេវា​អប់រំ​កុមារ​តូច ត្រូវ​បើក​ដំណើរការ​បង្រៀននិង​រៀន​ពេញលេញ​គ្រប់​កម្រិត​ថ្នាក់ ចំនួន៥ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដោយ​កំណត់​ចំនួន​កុមារមិន​ឱ្យ​លើស​ពី២៥នាក់ក្នុង​មួយ​ថ្នាក់។

សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា ក្រសួង​បាន​ណែនាំ​ឱ្យ​អនុវត្ត​ការ​បង្រៀននិង​រៀនលើ​មុខវិជ្ជា​សិក្សា​គោល​ពីរគឺ​ ភាសាខ្មែរនិង​គណិតវិទ្យា និង​អនុវត្ត​ការ​បង្រៀននិង​រៀន​ចំនួន៣ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយ​បែងចែក​សិស្ស​ជា​ពីរ​ក្រុមក្នុង​មួយ​ថ្នាក់ និង​មិន​លើស​ពី៣០នាក់​ក្នុង​មួយ​ក្រុម។

ក្រសួង​បាន​បន្ថែម​ថា ចំពោះ​ការអនុវត្ត​កម្មវិធី​សិក្សា​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា ថ្នាក់​ទី៩និង​ទី១២ ត្រូវ​បន្ដ​អនុវត្ត​ដូច​ដំណាក់កាល​ទី២ ខណៈ​ថ្នាក់​ទី៧ ទី៨ ទី១០ និង​ទី១១ ត្រូវ​អនុវត្ត​ការ​បង្រៀននិង​រៀន៣ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដែល​ក្នុង​មួយ​បន្ទប់​មាន​សិស្ស​មិនឱ្យ​លើសពី៣០នាក់ និង​អនុវត្ត​ការសិក្សា​បែប​ចម្រុះ ដោយ​ផ្ដោត​លើ​មុខវិជ្ជា​សិក្សា​គោល​យ៉ាងតិច៦មុខវិជ្ជា ស្របតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ចំនួន​បន្ទប់​រៀននិង​ចំនួន​គ្រូ។

ចំពោះ​ការ​ផ្តល់​សេ​វា​ផ្សេង​ៗ ដូចជា សេវា​រថយន្ត​ដឹក​សិស្ស បណ្តាល័​យ សកម្មភាព​អប់រំកាយ​និងកីឡា សកម្មភាព​សិល្បៈ និង​អា​ហារ​ដ្ឋានវិញ ក្រសួង​ក៏បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ​អាច​ដំណើរការ​ឡើងវិញ​បានដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ