៩​ខែ​​ឆ្នាំ​នេះ​ កម្ពុជា​​មាន​​ភ្ញៀវ​​ទេសចរ​​ជាតិ​និង​​អន្តរ​ជាតិ​​ជាង​៨លា​ន​នាក់​ តែ​​ថយ​​ចុះ​​ដោយ​សារ​​កូ​វីដ​

ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រាសាទអង្គរវត្ត​មានចំនួនតិចតួច កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ (រូបថត៖ ពៅ មេត្តា)

​ក្រសួងទេសចរណ៍ឱ្យ​ដឹង​ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ជាង១លាន​នាក់ និង​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ជាង៧លាន​នាក់ ដែល​អត្រា​នេះ​មានការ​ថយ​ចុះ​ជាង​ឆ្នាំមុន ដោយសារ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វីដ១៩។

របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ក្រ​សួង​ទេសចរណ៍កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​លើកឡើង​ថា ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មានត្រឹមតែ១ ២៤៧ ៦៨០នាក់ ថយ​ចុះ ៧៤,១​% និង​ទេសចរ​ផ្ទៃក្នុង​មាន​ចំនួន៧ ២៨៤ ៤០៩នាក់ ថយ​ចុះ ៥១,៩​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ក្រសួង​បន្ត​ថា ក្នុង​ដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ចាប់ពី​ខែមេសា ដល់​ខែកញ្ញា និន្នាការ​ទេសចរណ៍​មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង ក្នុង​នោះទេសចរ​សម្រាកលំហែ​កម្សាន្ត​មាន ៤៣,៤​% ទេសចរ​ធុរកិច្ចនិង​ការទូត​មាន ៥៤,៤​% និង​ផ្សេង​ៗ ២,៣​% ខណៈ​កាលពី​ឆ្នាំ២០១៩ ទេសចរ​សម្រាកលំហែ​កម្សាន្ត​មាន​រហូតដល់ ៧៦,២​% ទេសចរ​ធុរកិច្ចនិង​ការទូត​មាន ២០,៧​% និង​ប្រភេទ​ផ្សេង​ៗ ៣,១​%។

ក្រសួងទេសចរណ៍ក៏បាន​ស្រង់​លទ្ធផល​វាយតម្លៃ​របស់​អ្នកជំនាញ​ទេសចរណ៍​ដែរ​ថា ស្ថានភាព​ទេសចរណ៍​កម្ពុជានឹង​វិល​ត្រលប់​មក​ប្រក្រតី​ភាព​ឡើងវិញ តាម​សេ​ណា​រី​យ៉ូ​ចំនួន២ រួមមាន សេ​ណា​រី​យ៉ូ​ទី១ ប្រើ​រយៈពេល៣ឆ្នាំ (២០២០​-២០២៣​) និង​សេ​ណា​រី​យ៉ូ​ទី២ ប្រើ​រយៈពេល៥ឆ្នាំ (២០២០​-២០២៥​)។

តាម​ការព្យាករ​នៅ​ឆ្នាំ២០២០ ក្រសួង​ថា កម្ពុជា​នឹង​ទទួល​ទេសចរ​អន្តរជាតិ​ប្រមាណ១,៣២លាន​នាក់ ថយ​ចុះ ៨០​% ធៀប​នឹង​ឆ្នាំ២០១៩។ ចំពោះ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​វិញ ក្រសួង​បាន​ប៉ាន់ប្រមាណ​ថា អាច​នឹង​មាន​ចំនួន៩លាន​នាក់ ថយ​ចុះ ២០​% ធៀប​នឹង​ឆ្នាំ២០១៩ ខណៈ​ទេសចរ​ផ្ទៃក្នុង​នឹង​វិល​មក​ប្រក្រតី​ភាព​ឡើងវិញ​ក្នុងរយៈពេល៣ឆ្នាំ ពោល​គឺ​ឆ្នាំ២០២៣ កម្ពុជា​នឹង​ទទួល​បាន១១លាន​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ