ក្រសួង​​មួយ​​គ្រោង​​ស្នើ​​បង្កើត​​ទីក្រុង​​សៀមរាប​​ថ្មី និង​​តំបន់​​ទេស​ចរណ៍​​បន្ថែម​នៅ​​ខេត្ត​សៀម​រាប​​

ភ្ញៀវទេសចរធ្វើដំណើរទស្សនាប្រាសាទអង្គរវត្ត កាលពីខែតុលា ឆ្នាំ២០១៨។ រូបភាព៖ អាជ្ញាធរជាតិអប្សរា

ក្រសួងទេសចរណ៍គ្រោង​ស្នើ​ទៅ​រដ្ឋាភិបាលបង្កើត​ទីក្រុង​សៀមរាប​ថ្មី និង​គោលដៅ​ទេសចរណ៍​ថ្មី​មួយចំនួន​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិទៅកាន់​ខេត្តសៀមរាបឱ្យ​បាន​៧​លាន​​នាក់ នៅ​ឆ្នាំ២០៣៥។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​របស់ក្រ​សួង​ស្រង់​ប្រសាសន៍​មក​ផ្សព្វផ្សាយនៅ​ថ្ងៃទី២៨ ខែតុលា​នេះ​ថា ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ទៅកាន់​ខេត្តសៀមរាប​-អង្គរ ឱ្យ​បាន​ប្រមាណ៧លាន​នាក់នៅ​ឆ្នាំ២០៣៥ គោលដៅ​ទេស​ចរ​ណ៍​ធំៗ​ថ្មី​នៅ​ជុំវិញ​អង្គរ នឹង​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ផែនការ​នេះត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប។

លោក​រដ្ឋមន្ត្រី បន្ត​ថា គោលដៅ​ទេសចរណ៍​ថ្មី​ចំនួន៤ធំៗ​បន្ថែម​ទៀតលើ​គោលដៅ​ទេសចរណ៍​ពីរដែល​មានស្រាប់ អាច​នឹង​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​នោះ​រួមមាន តំបន់​បឹងទន្លេសាប តំបន់​ភ្នំ​គូលែន តំបន់​បន្ទាយស្រី និង​ទីក្រុង​សៀមរាប​ថ្មី។

លោក​បាន​គូសបញ្ជាក់​ថា៖ «ចំពោះ​ការបង្កើត​ទីក្រុង​សៀមរាប​ថ្មីនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ទ្រទ្រង់​ដល់ទី​ក្រុង​សៀមរាប​បច្ចុប្បន្ន ដែល​មិន​អាច​សាងសង់​សំណង់​ទំនើប​ខ្ពស់​ៗឬសំណង់​ដែល​ប៉ះពាល់​ដល់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌»។ 

លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ត​ទៀត​ថា ទីក្រុង​ថ្មីនេះនឹង​រៀបចំ​ឱ្យ​ក្លាយជា​ទីក្រុង​វៃឆ្លាត (Smart City​) ប៉ុន្តែ​ប្លង់​គោល​ទីក្រុង​ទាំងមូល អាច​នឹង​ត្រូវ​សិក្សា​រចនា​ឡើង​តាម​ទម្រង់​បុរាណ​ខ្មែរ។ ចំពោះ​ទីតាំង​ទីក្រុង​សៀមរាប​ថ្មីនេះ លោក​រដ្ឋមន្ត្រី​បង្ហើប​ឱ្យ​ដឹង​ថា គឺ​ត្រូវ​ស្ថិតនៅ​ក្រៅពី​តំបន់​ការពារ​របស់​អាជ្ញាធរ​ជា​តិ​អប្សរា។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ត្រូវ​បាន​ដាក់​ឆ្លង​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ហើយ ក្នុង​នោះ​ក្រសួងទេសចរណ៍ក៏​កំពុង​រៀបចំ​កែសម្រួល​ឱ្យ​វា​ខ្លី​ជាង​មុន ដើម្បី​ដាក់​ឆ្លង​រាជរដ្ឋាភិបាលពិនិត្យនិង​អនុម័តនៅពេល​ខាងមុខ»។

បើ​តាម​ក្រសួងទេសចរណ៍ រាជរដ្ឋាភិបាល​កម្ពុជាបាន​ដាក់ចេញ​ចក្ខុវិស័យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិទៅ​ទស្សនា​ខេត្តសៀមរាប ឱ្យ​បាន៧លាន​នាក់នៅ​ឆ្នាំ២០៣៥ ដោយ​នឹង​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ៩០ម៉ឺន​នាក់ រួម​ជាមួយ​ការ​ទទួល​បាន​ប្រាក់ចំណូល​ប្រមាណ៥ពាន់​លាន​ដុល្លារ ក្នុងរយៈពេល​ដូចគ្នា​នោះ។ ករណីនេះ ក្រសួង​ថា ដើម្បី​សម្រេច​ចក្ខុវិស័យ​នេះ ទីក្រុង​សៀមរាប​បច្ចុប្បន្ន​មិន​អាច​ទ្រទ្រង់​បាន​គ្រប់គ្រាន់​ឡើយ គឺ​ចាំបាច់​ត្រូវ​បង្កើត​ឱ្យ​មាន​ទីក្រុង​ថ្មី​មួយទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ