មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង លោក ហូរ វ៉ាន់ ដែលរងការគំរាមធ្ងន់ៗពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ថា ភរិយាគាត់ជាអ្នកដាំបាយឬមេផ្ទះ មិនជាប់ពាក់ព័ន្ធទៅនឹងកិច្ចការនយោបាយណាមួយនោះទេ។
លោក ហូរ វ៉ាន់ សរសេររៀបរាប់ថា៖ «ភរិយាខ្ញុំ កូនខ្ញុំ […] ពួកគាត់ជាអ្នកដាំបាយ […] តែម្សិលមិញ ថ្ងៃទី២៦ តុលា ២០២០ ស្រាប់តែខ្ញុំបានឮសម្ដីដែលអ្នកនយោបាយដូចគ្នា ប្រើពាក្យរាលដាលដល់អ្នកដាំបាយដែលគាត់មិនដែលរវល់នឹងរឿងនយោបាយសោះ»។
ជាងនេះទៀត អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ ចោទសួរវិញថា «តើនេះគឺជាចំណាប់ខ្មាំងឬ?»។
លោក ហូរ វ៉ាន់ បានសរសេរបែបនេះ បន្ទាប់ពីលោក ហ៊ុន សែន ព្រមានទៅលើរូបលោកកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយចោទលោកថា ជាអ្នកស្ថិតពីក្រោយនៃការប្រមូលផ្ដុំតវ៉ាមួយនៅមុខស្ថានទូតចិនកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅចំថ្ងៃរំឭកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្រុមអ្នកតវ៉ា បានសម្ដែងការជំទាស់របស់ពួកគេទៅនឹងកងទ័ពចិន ដែលត្រូវបានរាយការណ៍ថា ឈរជើងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា។
លោក ហូរ វ៉ាន់ បានសរសេរបែបនេះ បន្ទាប់ពីលោក ហ៊ុន សែន ព្រមានទៅលើរូបលោកកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយចោទលោកថា ជាអ្នកស្ថិតពីក្រោយនៃការប្រមូលផ្ដុំតវ៉ាមួយនៅមុខស្ថានទូតចិនកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅចំថ្ងៃរំឭកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្រុមអ្នកតវ៉ា បានសម្ដែងការជំទាស់របស់ពួកគេទៅនឹងកងទ័ពចិន ដែលត្រូវបានរាយការណ៍ថា ឈរជើងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «អ្ហែងអត់រួចខ្លួនទេ! តែអ្ហែងកុំរុញកូនអ្ហែង ប្រពន្ធអ្ហែងឱ្យចូលគុកថែម។ សង្ឃឹមថា លោកជំទាវ ហូរ វ៉ាន់ [ភរិយាលោក ហូរ វ៉ាន់] មិនធ្វើជាអ្នកបែងចែកលុយសម្រាប់ក្រុមឧទ្ទាមក្នុងស្រុកទេ។ និយាយគ្នាឱ្យច្បាស់!»។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ ប្រាប់ VOD បន្ថែមថា គិតត្រឹមថ្ងៃពុធនេះ ភរិយានិងក្រុមគ្រួសារគាត់មានសុវត្ថិភាពនៅឡើយ ប៉ុន្តែស្ថិតក្នុងស្ថានភាពភ័យខ្លាច។
លោក ហូរ វ៉ាន់ ប្រាប់ថា៖ «មកដល់ពេលនេះ គ្រួសារខ្ញុំគាត់សម្ងំនៅតែក្នុងផ្ទះ គាត់អត់ដើរចេញទៅណា ហើយក៏អត់ជួបឧបសគ្គអ្វីមួយដែរ ព្រោះគាត់នៅតែក្នុងផ្ទះ គាត់អត់ចេញដើរទៅក្រៅ ព្រោះដោយសារ ព្រោះគាត់រក្សាសុវត្ថិភាពគាត់ដែរ»។
លោកឱ្យដឹងបន្ថែមថា ភរិយាលោកធ្លាប់ព្រួយបារម្ភបញ្ហានេះយូរមកហើយ ដោយចាត់ទុកវត្តមានលោកជាគ្រាប់បែកមួយគ្រាប់នៅក្នុងផ្ទះ ដែលមិនដឹងថា នឹងត្រូវផ្ទុះនៅថ្ងៃណា។ តែលោកថា វាជាការល្អដែលលោកបាននិរទេសខ្លួនទៅក្រៅប្រទេសទាន់។
យ៉ាងណា លោកចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ ធានានូវការគោរពសិទ្ធិមនុស្ស មិនរើសអើងនិន្នាការនយោបាយ និងមិនរណបបរទេសណាមួយ។
ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលគ្មានចំណាត់ការណាមួយទៅលើអ្នកដែលមិនបានប្រព្រឹត្តកំហុសទេ ហើយលោកថា ចំណាត់ការទៅលើក្រុមប្រឆាំង រួមទាំងលោក ហូរ វ៉ាន់ ជាវិធានការទប់ស្កាត់អំពើចលាចល ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ។
លោក ផៃ ស៊ីផាន ប្រាប់ថា៖ «ឯកឧត្តម ហូរ វ៉ាន់ គេចាត់ទុកថា ជាអ្នកបង្ករឿងដែលស្ថិតក្រោមកាតព្វកិច្ចរបស់តុលាការចោទប្រកាន់ រីឯក្រុមគ្រួសាររបស់ឯកឧត្តម ហូរ វ៉ាន់ គាត់អត់មានពាក់ព័ន្ធ គាត់ជាប្រជាពលរដ្ឋសាមញ្ញធម្មតា។ សុំកុំឱ្យមានការបារម្ភអ៊ីចឹង ហើយក៏សុំអំពាវនាវដល់អាជ្ញាធរមូលដ្ឋានហ្នឹង កុំទៅប៉ះពាល់គាត់ ពីព្រោះគាត់អត់មានដឹងអីទេ»។
នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា សារព្រមានរបស់នាយករដ្ឋមន្ត្រីកាន់តែបង្ហាញថា ស្ថានភាពនយោបាយដើរដល់ចំណុចធ្ងន់ធ្ងរ ចាត់ទុកអ្នកនយោបាយដូចគ្នាជាសត្រូវ តាមរយៈប្រើពាក្យ «ក្រុមឧទ្ទាមក្រៅច្បាប់»។
លោកមានប្រសាសន៍ទៀតថា ជម្លោះនេះ ភាគីទាំងពីរហាក់ខិតខំធ្វើអ្វីគ្រប់យ៉ាង ទោះចំណាយធនធានក្នុងទំហំណាក៏ដោយ ឱ្យតែសម្រេចគោលដៅរបស់ពួកគេ ដោយមិនគិតរឿងគុណធម៌ សីលធម៌ ឬយកច្បាប់ជាធំ ដើម្បីប្រយោជន៍សង្គមទេ។
អ្នកឃ្លាំមើលរូបនេះ ផ្តល់យោបល់ថា អាជ្ញាធរមិនគួរបង្កការឈឺចាប់ណាមួយដល់ក្រុមមនុស្ស ដែលមិនបានប្រព្រឹត្តកំហុសនោះទេ រួមទាំងក្រុមគ្រួសារអ្នកនយោបាយប្រឆាំងនេះផងដែរ។
លោក ប៉ា ចន្ទរឿន និយាយថា៖ «ប្រសិនសមាជិកក្រុមគ្រួសារ កូនប្រពន្ធរបស់អ្នកនយោបាយណាមួយដែលគាត់មិនបានពាក់ព័ន្ធទៅនឹងសកម្មភាពរបស់គ្រួសារគាត់ឬក៏ប្តីគាត់ទេ យើងមិនត្រូវទៅប្រកាន់ទោសអូសដំណើរគាត់ទេ សូម្បីតែការគំរាមកំហែងហ្នឹង។ អាហ្នឹងជាអំពើអសីលធម៌ហើយ។ អាហ្នឹង យើងមិនទាន់គិតដល់ផ្លូវច្បាប់ផង»។
យ៉ាងណា គណបក្សសង្គ្រោះជាតិ តាមរយៈសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ បង្ហាញពីការព្រួយបារម្ភទៅលើសុវត្ថិភាពក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំ ដែលរងការគំរាមពីនាយករដ្ឋមន្ត្រី។
ភ្ជាប់នឹងបញ្ហានេះ លិខិតដែលផ្សាយចេញពីក្រៅប្រទេស បានអំពាវនាវទៅក្រុមសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ឱ្យជួយឃ្លាំមើលសន្តិសុខនិងសុវត្ថិភាពក្រុមគ្រួសារដែលរងការគំរាម និងបាននិយាយថា បើអ្នកទាំងនោះជួបគ្រោះថ្នាក់ក្នុងរូបភាពណាមួយ វាជាការទទួលខុសត្រូវរបស់មេដឹកនំាគណបក្សដែលកំពុងគ្រប់គ្រងអំណាច។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) និយាយក្នុងរបាយការណ៍របស់ខ្លួនកាលដើមខែតុលានេះថា ១ឆ្នាំចុងក្រោយនេះ ការបង្ក្រាបខាងនយោបាយបានកើតឡើងកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា។
អង្គការមួយនេះ និយាយថា យ៉ាងហោចណាស់មនុស្ស១៤០នាក់ដែលមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន។ ចំណែកសំណុំរឿងចោទប្រកាន់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ពីបទ«ក្បត់ជាតិ» អង្គការ OHCHR ចាត់ទុកជា «ហេតុផលនយោបាយនៃលំនាំដ៏ធំមួយនៃការប្រើប្រាស់ច្បាប់មិនត្រឹមត្រូវ»។
តែយ៉ាងណា តំណាងរដ្ឋាភិបាលនៅអង្គការសហប្រជាជាតិ បានច្រានចោលរបាយការណ៍នេះ ដោយចាត់ទុកថា ការកឃើញនេះឆ្លុះបញ្ចាំងតែមួយជ្រុង មើលរំលងពីការខំប្រឹងប្រែងរបស់រដ្ឋាភិបាល៕