បទ​​យក​ការណ៍​៖​ ជនជាតិ​​ដើម​​ភាគ​តិច​​នៅ​​មណ្ឌល​គិរី​​ច្នៃ​​ឫស្សី​​ធ្វើ​​របស់​​ប្រើប្រាស់​​ជំនួស​​ប្លាស្ទិក​

មន្ត្រី​ក្រសួងបរិស្ថាន​ចុះ​ជួប​សួរសុខទុក្ខ​និង​ពិនិត្យ​លើ​ស្នាដៃ​របស់​ប្រជា​សហគមន៍​នៅខេត្តមណ្ឌលគិរី ដែល​យក​ឫស្សី​កែច្នៃ​ជា​វត្ថុ​ប្រើ​ប្រាស់​ផ្សេង​ៗ។ (ជន ចាន់​រ៉ែ​ន)

​ខេត្តមណ្ឌលគិរី៖ ដើម​ឫស្សី​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​មាន​អត្ថ​ប្រយោជន៍​ដ៏​សម្បូរ​បែប និង​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តាំងពី​បុរាណកាល​រហូតមកដល់​បច្ចុប្បន្ន។

យោង​តាម​ឯកសារ​ស្រាវ​ជ្រាវ​ផ្សេង​ៗដែល​បង្ហោះ​លើ​គេហទំព័រ​ក្រសួងបរិស្ថាន ដើម​ឫស្សី​មាន​អត្ថ​ប្រយោជន៍​ទាំង​ផ្នែក​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម ដោយ​ឫស្សី​អាច​ជួយ​បង្កើត​បាន​នូវ​គម្រប​ព្រៃឈើ​បៃតង រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ស្រូប​យក​កា​បូន​ឌី​អុក​ស៊ី​សេ​អូ​ដឺ និង​អាច​ការពារ​ការ​ច្រោះដី​ជាដើម។ ដើម​ឫស្សី គេ​អាចយ​កទៅ​កែច្នៃ​ធ្វើជា​ឧបករណ៍​និង​វត្ថុ​ប្រើ​ប្រាស់​ផ្សេង​ៗ និង​ប្រើប្រាស់​សម្រាប់​ការសាងសង់​រោង ខ្ទម ឬលំនៅ​ដ្ឋាន​ខ្នាត​តូច ខណៈ​ទំពាំង​អាចយ​កទៅ​ធ្វើ​អាហារ​សម្រាប់​ទទួលទាន​ដ៏​មានឱជារស​ផង​ដែរ។

ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​នៃ​ដើម​ឫស្សី ជនជាតិ​ដើម​ភាគតិច​ពូន​ងនៅ​សហគមន៍​តំបន់​ការពារ​ស្រែព្រះ ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី បាន​ចងក្រង​គ្នា​រៀបចំ​កែច្នៃ​ផលិតផល​ឫស្សី​ទៅលើ​វត្ថុ​ប្រើ​ប្រាស់​ផ្សេង​ៗសម្រាប់​លក់​និង​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ផ្ទះ​របស់​ពួក​គាត់។

ផលិតផល​កែច្នៃ​ពី​ឫស្សី ដូចជា កែវ​ទឹក កាទឹក ជាដើម របស់​ប្រជា​សហគមន៍​នៅ​ខេត្តមណ្ឌលគិរី ដាក់​តាំង​លក់​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត។ (ជន ចាន់​រ៉ែ​ន)

ប្រធាន​ក្រុម​កែច្នៃ​ផលិតផល​ឫស្សី​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែព្រះ លោក ងើម ឡូញ រស់នៅ​ភូមិ​ពូ​ចារ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា មានប្រសាសន៍​ថា សហគមន៍​ទើបតែ​ចាប់ផ្តើម​ផលិត​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ឫស្សី​នេះ​បាន​ជិត២ខែ​ប៉ុណ្ណោះ ក្រោម​ការ​ជួយ​សម្របសម្រួល ផ្តល់​ឧប​ករណ៍​ផ្សេង​ៗសម្រាប់​កែច្នៃ​និង​បណ្តុះបណ្តាល​បច្ចេកទេស​នៃ​ការ​ធ្វើ​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS​) គាំទ្រ​ដោយ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា (USAID​) ក្រោម​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវសីមា។ 

បុរស​វ័យ៤៧ឆ្នាំ​រូប​នេះ បាន​និយាយ​ថា បច្ចុប្បន្ន ពួក​គាត់​ចេះកែ​ច្នៃ​ដើម​ឫស្សី​ទៅជា​សម្ភារ​ប្រើប្រាស់​មួយចំនួន​ដូចជា កាទឹក​ជាច្រើន​ម៉ូត​, ឈុត​ប៉ាន់តែ​, បំពង់​បំពង​សំឡេង​ទូរសព្ទ​, ប្រអប់​ដាក់​ក្រដាស​ជូន​មាត់​, ស្នួ​ព្យួរ​សម្លៀកបំពាក់​, ថូផ្កា​, កែវ​ទឹក​, បំពង់​ដាក់​ទៀន​ក្រអូប​, បំពង់​ដាក់​ប៊ិក​និង​ខ្មៅដៃ និង​សម្ភារ​ផ្ទះបាយ​មួយចំនួន​ទៀត។

បុរស​វ័យ៤៧ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ «ដំបូង​ឡើយ មិន​មាន​ជា​ការលក់ដូរ​អី​ធំដុំ​ទេ ខ្ញុំ​គ្រាន់តែ​កែច្នៃ [ដើម​ឫស្សី​] ធ្វើ​បំពង់​ដាក់​នៅផ្ទះ​បាយ ដាក់​អំបិល ប៊ីចេង និង​ធ្វើ​កែវ​ផឹកទឹក​អី​ធម្មតា​ទេ ខ្ញុំ​មិន​នឹកស្មាន​ដល់​ថ្នាក់​ហ្នឹង ហើយ​មាន​គេ [អង្គការ WCS​] ជូយ​យើង​កែច្នៃ​បាន​ប៉ុណ្ណឹង»។

មុននឹង​ចាប់ផ្តើម​ចងក្រង​សហគមន៍​និង​ឈាន​ដល់​ការផលិត​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ឫស្សី​នេះ លោក ងើម ឡូញ ក៏​ធ្លាប់​ជា​អតីត​អ្នក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឱ្យ​ឈ្មួញ​ផង​ដែរ​ក្រៅពី​មុខរបរ​ធ្វើស្រែ​ចម្ការ ដើម្បី​រក​ប្រាក់ចំណូល​បន្ថែម​ចិញ្ចឹមជីវិត។ 

តែ​យ៉ាងណា លោក​បានសម្រេច​ចិត្ត​ឈប់​ធ្វើមុខ​របរ​ដែល​ប្រឈម​នឹង​ផ្លូវច្បាប់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ងាក​មក​ចូលរួម​ការពារ​ព្រៃឈើ​ជាមួយ​សហគមន៍​វិញ ក្រោយពី​មានការ​ពន្យល់​ណែនាំ​អំពី​អត្ថ​ប្រយោជន៍​ព្រៃឈើ​និង​ផល​ប៉ះពាល់​ពី​ការ​បាត់​ព្រៃឈើ ពីសំណាក់​ក្រសួង ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ។

លោក​ថា៖ «ពីមុន​មាន [ចូលព្រៃ​កាប់​ឈើ​] តែ​ប្រហែល៥ឆ្នាំទៅ៦ឆ្នាំ​ហ្នឹង ខ្ញុំ​ឈប់​ធ្វើ​ហើយ»។

លោក ងើម ឡូញ បានឱ្យ​ដឹង​ថា ការ​ចេះ​ជំនាញ​កែច្នៃ​ដើម​ឫស្សី​ទៅជា​វត្ថុ​ប្រើប្រាស់​ដែល​ជាមុ​ខរ​បរ​ថ្មីនេះ បាន​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជា​សហគមន៍​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន និង​មិន​ងាក​ទៅ​រក​របរ​ចាស់​ដែល​ចូល​កាប់ព្រៃ​ឬបរបាញ់​សត្វព្រៃ​ទៀត ជាពិសេស​ជួយ​កាត់បន្ថយ​ការ​បំពុលបរិស្ថាន​ពី​ការប្រើ​សម្ភារ​ខ្លះ​ធ្វើ​ពី​ប្លាស្ទិក​ផង​ដែរ។ 

លោក​បាន​គូសបញ្ជាក់​ថា៖ «អាហ្នឹង​វា​ងាយស្រួល [ផលិតផល​ប្រើប្រាស់​ធ្វើ​ពី​ឫស្សី​] បើសិនជា​វា​ខូចខាត យើង​អាច​ប្រមូល​វា​ដុត​ចោល វា​គ្មាន​ស្លាកស្នាម​អី​ទេ មិនមែន​ដូច​ជ័រ [ប្លាស្ទិក​] ដូច​កែវ​យើង​ទេ វា​នៅ​មាន​អំបែង​មុត ហើយ​ប្លាស្ទិក​វា​ពាក់ព័ន្ធ​នឹង​បរិស្ថាន ប៉ះពាល់​សុខភាព»។

សហគមន៍​តំបន់​ការពារ​ស្រែព្រះ មានផ្ទៃ​ដី​ទំហំ៣ ៤៣៨ហិ​កតា ទទួល​បាន​សេចក្តី​ប្រកាស​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន កាលពី​ខែមករា ឆ្នាំ២០១៩ ហើយ​អង្គការ WCS បាន​សម្របសម្រួល​សហគមន៍​រៀបចំផែនការ​គ្រប់គ្រង​សហគមន៍​តំបន់​ការពារ​ស្រែព្រះ និង​បាន​ចងក្រង​ក្រុម​ប្រមូល​និង​ដាំ​ដើម​ឫស្សី​ដែល​មានការ​ចូលរួម​ពី​ប្រជា​សហគមន៍​ចំនួន២៧នាក់ និង​បាន​រៀបចំ​ថ្នាល​និង​បណ្តុះ​កូន​ឫស្សី​ចំនួន៥ ១៣៧ដើម។

បុរស​ពីរ​នាក់​កំពុង​អារ​បំពង់​ឫស្សី​ដើម្បី​យក​មក​ច្នៃ​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ សម្រាប់​យក​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផង​និង​យក​ទៅ​លក់​ដល់​ភ្ញៀវ​ទេសចរ​ផង។ (ជន ចាន់​រ៉ែ​ន)

កំពុង​ឈរ​បង្ហាញ​ពី​ផលិតផល​ប្រើប្រាស់​ធ្វើ​ពីដើម​ឫស្សី​ទៅកាន់​ភ្ញៀវ​ទេសចរ​នៅ​ភូមិ​ពូ​ចារ ឃុំ​ស្រែព្រះ អ្នកនាង ប៊ូ ប៊ុ​នត្រាក់ ជនជាតិ​ដើម​ភាគ​តិច​ពូន​ង ដែល​ចូលរួម​ជាមួយ​សហគមន៍​ក្នុង​ការកែច្នៃ​ឫស្សី បាន​និយាយ​ថា ការ​ចូលព្រៃ​កាប់​ឈើយ​កទៅ​លក់ ពិតជា​ទទួល​បាន​កម្រៃ​ច្រើន​មែន ប៉ុន្តែ​វា​បាន​បំផ្លាញ​ព្រៃឈើ​អស់​គ្មាន​សល់​និង​ប្រឈមមុខនឹង​ផ្លូវច្បាប់​ទៀត ប៉ុន្តែ​ការចូលរួម​ការពារ​ព្រៃឈើ និង​ដកហូត​ឫស្សី​សម្រាប់​កែច្នៃ​ដែល​ជាមុ​ខរ​បរ​ថ្មីនេះ បាន​ជួយ​រក្សា​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស និង​អាច​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ព្រៃឈើ​តាមរយៈ​ការ​លក់​ឥណទាន​កាបូន​និង​ការ​លក់​ផលិតផល​កែច្នៃ​ពី​ឫស្សី​នេះ​ថែមទៀត។

អ្នកនាង​ថា៖ «កាប់​ឈើ​លក់ បាន​លុយ​ច្រើន​មែន ប៉ុន្តែ​បំផ្លាញ​ព្រៃឈើ​អស់ ហើយ​ខុសច្បាប់​ទៀត ប៉ុន្តែ​កែច្នៃ​ឫស្សី​ហ្នឹង វា​មិនមែន​ថា​មិនបាន​លុយ​ទេ វា​គ្រាន់តែ​ចំណាយពេល​ច្រើន ហើយ​អាច​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មួយចំនួន​ទៀត»។

ជំហាន​នៃ​ការកែច្នៃ​ផលិតផល​ឫស្សី ត្រូវ​បាន​អ្នកភូមិ​បញ្ជាក់​ថា ដំបូង​គេ​ត្រូវ​កាប់​ឫស្សី​និង​ហាល​ឫស្សី​ក្រោម​ពន្លឺថ្ងៃ​ឱ្យ​ស្ងួត បន្ទាប់មក​ត្រូវ​កាត់​ឫស្សី​ទៅតាម​ខ្នាត​ឬទំហំ​នៃ​ផលិតផល រួច​យក​ទៅ​ស្ងោរ​រយៈពេល៣ម៉ោង។ ក្រោយពី​ស្ងោរ​ឫស្សី​រួច ត្រូវ​ស្រង់​ទុក​ឱ្យ​ត្រជាក់ បន្ទាប់មក​ចាំង​ឫស្សី​ដែល​ស្ងោរ​រួច​ឱ្យទៅ​ជា​រាង​ផលិតផល​ដែល​ចង់បាន។

ក្រុម​អ្នកភូមិ​បាន​បន្ថែម​ថា ជំហាន​បន្ទាប់ ត្រូវ​ហាល​ឫស្សី​ដែល​បាន​ចាំង​ឱ្យ​ស្ងួត​និង​ខាត់​ឱ្យ​រលោង រួច​លាប​ទឹក​ទ្រនាប់​និង​ទុក​ឱ្យ​ស្ងួត​រយៈពេល៣ម៉ោង បន្ទាប់មក​ខាត់​ឱ្យ​រលោង​ម្តង​ទៀត និង​អាច​បាញ់ថ្នាំ​ឬមិន​បាញ់ថ្នាំ​ឱ្យ​រលោង​តាម​ការ​ចង់បាន។

ស្ត្រីជន​ជាតិ​ដើម​ភាគតិច​រូប​នេះ បាន​បញ្ជាក់​ថា ក្រៅពី​ការ​ដកហូត​ដើម​ឫស្សី​ដើម្បី​ផលិត​ជា​របស់របរ​ប្រើប្រាស់​នោះ សហគមន៍​ក៏បាន​ដកហូត​ត្រពាំង​យក​មក​ធ្វើជា​ត្រពាំង​ក្រៀម​និង​ជ្រក់​ត្រពាំង ដើម្បី​ទទួលទាន​និង​លក់ដូរ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ផង​ដែរ។

បើ​តាម​ក្រុម​សហគមន៍ កាលដើមឡើយ ពួក​គាត់​អាច​រកចំណូល​ពី​ការ​ដកហូត​ឫស្សី​ដោយ​ច្រៀក​ធ្វើ​រនាបឫស្សី​លក់​ក្នុង​មួយ​ដើម​បាន​ប្រមាណ៥០០០រៀល​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​ដែល​ពួក​គាត់​យក​ឫស្សី​នោះ​ទៅ​កែច្នៃ​ធ្វើជា​វត្ថុ​ប្រើ​ប្រាស់​ផ្សេង​ៗវិញ អាច​រក​កម្រៃ​បាន​ក្នុង​មួយ​ដើម​ពី៤ម៉ឺន​ទៅ៥ម៉ឺន​រៀល។

ប្រធាន​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែព្រះ លោក លើក ធួក បានឱ្យ​ដឹង​ថា ឫស្សី​ដែល​សហគមន៍​យក​ទៅ​កែច្នៃ​នេះ ជា​ឫស្សី​ដែល​ដុះ​នៅក្នុង​ព្រៃ​សហគមន៍​លើ​ផ្ទៃដី​ប្រមាណ៦៩ហិ​កតា ហើយ​ឫស្សី​ដែល​សហគមន៍​អាច​ដកហូត​ទៅ​កែច្នៃ​បាន​ទាល់តែ​មាន​អាយុ២ឆ្នាំ។ លោក​បន្ត​ថា ការកែច្នៃ​ឫស្សី​នេះ ក្រុម​សហគមន៍​ក៏​នៅ​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដែរ ដូចជា ទីតាំង​ដកហូត​ឫស្សី​នៅ​ឆ្ងាយ​ពី​សហគមន៍ ការយល់​ដឹងពី​ការកែច្នៃ​នៅ​មានកម្រិត ខណៈ​ពលរដ្ឋ​មួយចំនួន​តូច​ទៀត​នៅ​មិនទាន់​យល់ដឹង​ពីសា​រៈ​ប្រយោជន៍​ព្រៃឈើ​នៅឡើយ។

តែ​យ៉ាងណា លោក​ថា៖ «យើង​នឹង​ពង្រឹង​ការ​ការពារ ទី១ ការពារ​ព្រៃ ទី២ ការពារ​តំបន់​ឫស្សី ទី៣ យើង​នឹង​ដាំ​បន្ថែម ដើម្បី​ឱ្យ​គាត់​ដកហូត​ទៅ​ឱ្យ​មាន​និរន្តរភាព មានន័យថា បាន​យូរអង្វែង អ៊ីចឹង​ការ​ដកហូត​នេះ ក៏​យើង​ដកហូត​តាម​បច្ចេកទេស​ដែរ»។

បើ​តាម​លោក លើក ធួក សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែព្រះ គ្រោង​នឹង​ដាំ​ដើម​ឫស្សី​បន្ថែម​ជាង៥ ១០០ដើម នៅ​លើ​ផ្ទៃដី​ជាង១០០ហិ​កតា​បន្ថែម​ទៀត ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​សហគមន៍​ផង​ដែរ។

ជំទប់​ទី១ ឃុំ​ស្រែព្រះ លោក ភោគ សេដ្ឋា មានប្រសាសន៍​ថា ការបង្កើត​មុខរបរ​ថ្មី​តាមរយៈ​ការកែច្នៃ​ផលិតផល​ឫស្សី​នេះ ពិតជា​បាន​ជួយ​បញ្ចៀស​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ភាគច្រើន​ឱ្យ​ចេញផុត​មុខរបរ​ចូលព្រៃ​កាប់​ឈើ​និង​បរបាញ់​សត្វព្រៃ។

លោក​ថា៖ «ប្រជាជន​ខ្ញុំ ក៏បាន​មានមុខ​របរការ​ងារ មានចំណេះ [កែច្នៃ​ផលិតផល​ពី​ឫស្សី​] ពី​អង្គការ [WCS​] ផង ផលប្រយោជន៍​ពី​ព្រៃឈើ​ផង ហើយ​កាលពី​មុខ​គាត់​ធ្លាប់តែ​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ ប៉ុន្តែ​ឥលូវ​មិន​មាន​ទៀត​ទេ មានតែ​អ្នក​មក​ពី​ខាងក្រៅ​សហគមន៍»។

ករណីនេះ លោក​ក៏បាន​ស្នើ​ដល់​ក្រសួងបរិស្ថាន​ជួយ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ដែល​ជនល្មើស​ភាគច្រើន​ជា​អ្នក​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​ឬតំបន់​ផ្សេង​ៗ ឱ្យ​មានប្រសិទ្ធភាព ដើម្បី​ថែរក្សា​និង​អភិរក្ស​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស។

ជា​ការ​ឆ្លើយតប លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​សាទរ​ចំពោះ​ការបង្កើត​នូវ​មុខរបរ​ថ្មី​របស់​ប្រជាពលរដ្ឋ​សហគមន៍ តាមរយៈ​ការកែច្នៃ​ផលិតផល​ធ្វើ​ពី​ឫស្សី​នេះ ដែល​ជាផ្នែក​មួយ​នៃ​ការ​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​មូលដ្ឋាន​និង​ផ្តល់​នូវ​ជម្រើស​ថ្មី​សម្រាប់​មុខរបរ​និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

(ឆ្វេង​) លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ចុះ​ជួប​ប្រជា​សហគមន៍​ខេត្តមណ្ឌលគិរី និង​សាកសួរ​ពី​ដំណើរការ​នៃ​ការផលិត​សម្ភារ​ដែល​ច្នៃ​ពី​ឫស្សី។ (ជន ចាន់​រ៉ែ​ន)

លោក​ថា៖ «ជម្រើស​ថ្មីនេះ យើង​សង្ឃឹម​និង​ជឿជាក់​ថា វា​នឹង​កែប្រែ​នូវ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ ហើយនិង​ធ្វើ​ឱ្យ​វិធានការ​នៃ​ការ​ការពារ​និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​យើង​មាន​និរន្តរភាព ពីព្រោះ​ប្រជាពលរដ្ឋ​គាត់​លែង​ចូលព្រៃ​ទៅ​កាប់​ឈើ ហើយ​អ្នក​ដែល​បាន​ក្លាយ​ខ្លួន ទៅជា​សមាជិក​របស់​សហគមន៍​តំបន់ការពារធម្មជាតិ មានមុខ​របរ មាន​ជម្រើស​ថ្មី​ហើយ គាត់​អត់​វិលត្រឡប់​ទៅ​មុខរ​របរ​ចាស់​របស់​ពួក​គាត់​ទេ»។

លោក​បាន​បន្ថែម​ថា៖ «អ្វី​ដែល​យើង​បាន​និង​កំពុង​ធ្វើ​នេះ កំពុង​ដើរ​នៅ​លើ​ផ្លូវត្រូវ​នៅក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ តាមរយៈ​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន បង្កើន​ជីវភាព​សហគមន៍»។

បើ​តាម​លោក នេត្រ ភក្ត្រា តាមរយៈ​ការចូលរួម​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​ជាមួយ​រាជរដ្ឋាភិបាល​នេះ សហគមន៍​នី​មួយ​ៗក៏​ទទួល​បាន​ចំណូល​ពី​ការ​លក់​ឥណទាន​កាបូន​ផង​ដែរ ដោយ​ក្នុង​មួយ​ភូមិ​ទទួល​បាន​ចំណូល​ជាង១១ ០០០ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​សហគមន៍​របស់​ពួក​គេ។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូប​នេះ ក៏បាន​បញ្ជាក់​ដែរ​ថា ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​ទប់ស្កាត់​រាល់​បទល្មើស​ធនធាន​ធម្មជាតិ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ផង​ដែរ។

នាយក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS​) ប្រចាំ​កម្ពុជា លោក កែន សេរី​រដ្ឋា មានប្រសាសន៍​ថា គម្រោង​បណ្តុះបណ្តាល​សហគមន៍​លើ​ការកែច្នៃ​ផលិតផល​ធ្វើ​ពី​ឫស្សី​នេះ ដែល​ជាផ្នែក​មួយ​នៃ​ការអនុវត្ត​នូវ​គម្រោង REDD​+ ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​សហគមន៍ ជំនួស​ឱ្យ​ការ​ចូលព្រៃ​កាប់​ឈើ​និង​បរបាញ់​សត្វព្រៃ​លក់​ខុសច្បាប់ ហើយ​បែរមក​ប្តេជ្ញា​ការពារ​ធនធាន​ធម្មជាតិ​ជំនួស​វិញ។

លោក​បន្ត​ថា ពេលនេះ​ប្រជា​សហគមន៍​អាចយ​កផលិតផល​កែច្នៃ​របស់​ពួក​គាត់​ដាក់​លក់​លើ​ទីផ្សារ​មួយចំនួន​ជាបន្តបន្ទាប់​ហើយ ហើយ​អង្គការ​នេះ​ក៏​មាន​គម្រោង​ចង់​តភ្ជាប់​ខ្សែ​សង្វាក់​ផលិតកម្ម ដោយ​យក​វត្ថុ​កែច្នៃ​ធ្វើ​ពី​ឫស្សី​នេះ​ទៅ​វេច​ខ្ចប់​ផលិតផល​ស្បៀង​ក្នុង​គម្រោង​ផ្សេងទៀត​ដែល​អង្គការ​នេះ​កំពុង​អនុវត្ត​ផង​ដែរ។

លោក​ថា៖ «ខាង​ណោះ​គាត់​ផលិត​ឧបករណ៍​ប្រើប្រាស់​ធ្វើ​ពី​ឫស្សី យើង​ចង់ឱ្យ​ខាង​ណេះ​ប្រើប្រាស់​ផលិតផល​ឫស្សី​ហ្នឹង​មក​វេច​ខ្ចប់ នេះ​ជា​រឿង​ដែល​យើង​កំពុង​សិក្សា ថា​តើ​រក​លទ្ធភាព​ធ្វើ​របៀប​ម៉េច តម្លៃ​របៀប​ម៉េច ដើម្បី​យើង​អាច​អនុវត្ត​ជួយ​ដល់​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល សេដ្ឋកិច្ច​របស់​សហគមន៍​នៅ​ទីនេះ ហើយ​សម្រេច​បាន​នូវ​គោលដៅ​អភិរក្ស​របស់​យើង»។

ត្រឡប់​មកកាន់​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែព្រះ​វិញ លោក លើក ធួក ប្រធាន​សហគមន៍ សង្ឃឹមថា ការកែច្នៃ​ផលិតផល​ឫស្សី​របស់​សហគមន៍​នេះ នឹង​ទទួល​បានការ​គាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ទាំងអស់​នៅ​ថ្ងៃ​អនាគត ដើម្បី​ឱ្យ​ប្រជា​សហគមន៍​មាន​ចំណូល​បន្ថែម​សម្រាប់​លើកកម្ពស់​ជីវភាព។

លោក​ថា៖ «ខ្ញុំ​មានតែ​ការ​អំពាវនាវ​តាមរយៈ​ការកែច្នៃ​ឫស្សី​នេះ អំពាវនាវ [ឱ្យ​មានការ​ជួយ​គាំទ្រ​] ជាចម្បង ដែល​អាច​ជួយ​បញ្ឈប់​ពួក​គាត់​ពី​ការប្រព្រឹត្ត​បទល្មើស [ធនធាន​ធម្មជាតិ​] ហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ