ក្រសួង​​ណែនាំ​​អាជីវ​កម្ម​​ដឹក​ជញ្ជូន​​អ្នក​ដំណើរ​និង​​ពលរដ្ឋ​ ការពារ​​ខ្លួន​​ពី​​ជំងឺ​​កូ​វីដ​១៩​​

រថយន្តឈ្នួល​តម្រៀបជួរ​គ្នា​រង់ចាំ​អ្នកដំណើរ​មក​ជួល​ជិះ​ដើម្បី​ធ្វើដំណើរ​ទៅ​ខេត្ត នារ​ដូវ​កាល​បុណ្យភ្ជុំបិណ្ឌ នៅ​បេនឡាន​ម៉ុង​ឌី​យ៉ា​ល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ (អ៊ុយ សុធា​)

ក្រសួងសាធារណការ និង​ដឹកជញ្ជូន ណែនាំ​ដល់​ម្ចាស់​សេវាកម្ម​ដឹកជញ្ជូន​អ្នកដំណើរនិង​ប្រជាពលរដ្ឋ​ទាំងអស់ ការពារ​ខ្លួននិង​អនុវត្ត​វិធានការ​ការពារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ ក្នុង​ឱកាស​ថ្ងៃឈប់​សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក។

សេចក្តី​ណែនាំ​របស់ក្រ​សួង នៅ​ថ្ងៃទី២៨ ខែតុលា ម្សិលមិញ បាន​លើកឡើង​ដោយ​ណែនាំ​ដល់​សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ម្ចាស់​ក្រុមហ៊ុន ម្ចាស់​យានយន្ត​ធ្វើអាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ អ្នកបើកបរ និង​អ្នកបម្រើ​ភ្ញៀវ​លើ​រថយន្ត​ដឹក​អ្នកដំណើរ ព្រមទាំង​ប្រជាពលរដ្ឋ អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួនទៅតាម​គោលការណ៍​ណែនាំនិង​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ១៩។

ក្រសួង​បាន​បន្ត​ថា វិធានការ​ទាំងនោះ រួមមាន ត្រូវ​ចៀសវាង​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ​ដែល​មាន​ផ្ទុក​មនុស្ស​ច្រើន ប៉ុន្តែ​បើ​ករណី​ចាំបាច់​ធ្វើដំណើរ​តាមមធ្យោបាយ​សាធារណៈ ត្រូវ​ពាក់​ម៉ាក់​ជានិច្ច និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ត្រូវ​មាន​ទឹក​អាល់កុលឬជែ​លលា​ងដៃ។

ក្រសួង​បញ្ជាក់​ថា៖ «ចៀសវាង​ការ​ធ្វើដំណើរ​ប្រសិនបើ​មាន​អាការ​ក្តៅ​ខ្លួន ក្អក ឬពិបាក​ដកដង្ហើម ឬមាន​បញ្ហា​សុខភាព»។

ក្រសួងក៏បាន​ណែនាំ​ដល់​អ្នកបើកបរ​ ត្រូវ​សម្អាត​យានយន្ត​របស់​ខ្លួន​ជាប្រចាំ ឱ្យ​អ្នកដំណើរ​ពាក់​ម៉ាស់ បើក​បង្អួច​រថយន្ត និង​ត្រូវ​មាន​ទឹក​អាល់កុល​ឬជែល​ឱ្យ​អ្នកដំណើរ ហើយ​បើ​មាន​រោគសញ្ញា​គ្រុន​ផ្តា​សាយ ក្តៅ​ខ្លួន ឈឺបំពង់ក ពិបាក​ដកដង្ហើម​ ជាដើម ត្រូវ​ផ្អាក​ការ​បើកបរ​ជា​បណ្តោះអាសន្ននិង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព។

តាម​ប្រតិទិន នៅ​ថ្ងៃទី២៩ ខែតុលា​នេះ ជា​ថ្ងៃ​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្ងៃទី៣០ ខែតុលា ដល់​ថ្ងៃទី០១ ខែវិច្ឆិកា ជា​ថ្ងៃ​ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ