គណៈ​កម្មា​ធិការ​​ជំនាញ​ ក្រើន​រំឭក​​ដល់​​អ្នក​ប្រើ​​ប្រាស់​​ផ្លូវ​​គោរព​ច្បាប់​​ចរា​ចរណ៍​​ពេល​​បើក​បរ​​

រ៉ឺម៉កកង់បីឥណ្ឌាឈរលើទីតាំងគំនូសពណ៌ស ដែលគំនូសនេះប្រើសម្រាប់អ្នកដំណើរថ្មើជើងឆ្លងកាត់តែប៉ុណ្ណោះ។ រូបភាព៖ សូរ្យ ជ័យឧត្ដម

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកប្រើ​ប្រាស់​ផ្លូវ ឱ្យគោរពច្បាប់​ចរាចរណ៍និង​បើកបរ​ដោយ​ការ​ប្រុងប្រយ័ត្ន ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក។

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី៣០ ខែតុលា ដល់​ថ្ងៃទី០១ ខែវិច្ឆិកា ដែល​អំឡុង​ពេលនេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ធ្វើដំណើរ​ទៅ​ស្រុកកំណើតនិង​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស។

សេចក្តី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចុះ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បាន​ក្រើនរំឭក​ដល់​អ្នកប្រើ​ប្រាស់​ផ្លូវ ត្រូវ​គោរពច្បាប់​ចរាចរណ៍ ដោយ​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង​និង​ងងុយគេង មិន​ត្រូវ​បត់​ឬវ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន​ឬប្រើប្រាស់​ទូរសព្ទ និង​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ​ឬទំនិញ​លើស​ច្បាប់កំណត់។

គណៈកម្មាធិការ​ជាតិ ក៏បាន​ណែនាំ​ដល់​អ្នកប្រើ​ប្រាស់​ផ្លូវ ត្រូវ​ពាក់​មួកសុវត្ថិភាព​ឬខ្សែក្រវាត់​សុវត្ថិភាព គោរព​សិទ្ធិអាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​បើកបរ​ក្នុងស្មារតី​ប្រុងប្រយ័ត្ន។ 

បើ​តាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុងរយៈពេល៩ខែ​ឆ្នាំ២០២០នេះ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក មានការ​ថយ​ចុះ២៣​% អ្នក​ស្លាប់​ថយ១៧​% និង​របួស​ថយ ២២​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន។ គណៈកម្មាធិការ​ជាតិ បន្ត​ថា ភាគច្រើន​នៃ​ជនរងគ្រោះ​ចំនួន៧៣​% ជា​អ្នក​ជិះ​ទោចក្រយានយន្ត​មិន​ពាក់មួក​សុវត្ថិភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ