អាជ្ញាធរ​​ថា​ ផ្ទះ​១៤០០​ល្វែង​ក្នុង​​បុរី​​ពិភព​​ថ្មី​​ត្រពាំង​​ថ្លឹង​​សង់​​សំណង់​​បន្ថែម​​បំពាន​ច្បាប់​

ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ ចុះ​បាញ់ថ្នាំ​ត្រង់​ចំណុច​ដែល​សាង​សង់​លេី​ដី​សាធារណៈ​និង​ចិញ្ចេីម​ផ្លូវ​ថ្មេី​រជេីង ក្នុង​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍សែនជ័យ ក្រុងភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ​)

​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ អះអាង​ថា មានផ្ទះ​ប្រមាណ១ ៤០០ល្វែង ក្នុង​បុរី​ពិភព​ថ្មី២ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី១ បាន​សង់​សំណង់​បន្ថែម​រំលោភ​លើ​ប្រព័ន្ធ​លូនិង​ចិញ្ចើម​ផ្លូវ​សាធារណៈ ដែល​តម្រូវ​ឱ្យ​ម្ចាស់ផ្ទះ​ធ្វើការ​រុះរើ​ចេញ​ជាបន្ទាន់​ក្នុងរយៈពេល១០ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​ជូនដំណឹង។

ក្នុង​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ ចុះ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លើកឡើង​ថា ពលរដ្ឋ​និង​អាជីវករ​មួយចំនួនបាន​សង់​របង​ផ្ទះ​និង​សំ​ណង់​ផ្សេង​ៗដោយ​ខុសច្បាប់ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរន្ត​បង្ហូរទឹក និង​ប៉ះពាល់​សោ​ភ័ណ​ភាព​សុវត្ថិភាព​សាធារណៈ។ 

មន្រ្តី​ជំនាញ​ផ្នែក​ទំនាក់ទំនង​សំណង់​នៃ​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហុក សុ​ទិ​ត្យា ប្រាប់ វី​អូ​ឌី ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុង​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង មានផ្ទះ​ល្វែង​ប្រមាណ​ជាង២ពាន់​ផ្ទះ ក្នុង​នោះ​មាន​ជិត៧០ភាគរយ​ ឬស្មើ​ប្រមាណ១ ៤០០ខ្នង សង់​សំណង់​បន្ថែម​ដោយ​ខុសច្បាប់ ក្នុង​នោះ​ផ្ទះ៤០ភាគរយ​ដែល​ភាគច្រើន​ជា​ផ្ទះ​កែង សង់​ប៉ះ​លើ​គម្រ​បរ៉ឺហ្គែ​លូ ​(ថ្នក់​លូ​សម្រាប់​ស្ទាក់​សំរាម​) ដែល​នាំ​ឱ្យ​អាជ្ញាធរ​ពិបាក​ដំណើរការ​ស្តារ​ប្រព័ន្ធ​បង្ហូរទឹក​ចូល​ប្រឡាយ។ 

លោក សុ​ទិ​ត្យា ប្រាប់​ថា៖ «ឥលូវនេះ យើង​កាយ​អស់ហើយ​នៅ​ខាងមុខ​ប្រឡាយ​ទាំងអស់។ នៅពេល​ខ្លះ​វា​នៅ​យឺត អ៊ីចឹង​មិន​ចង់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ឆ្នាំក្រោយ​ទៀត គាត់​មានការ​ជន់​លិច​ទៀត អ៊ីចឹង​សុំ​ឱ្យ​គាត់ ​[រុះរើ​សំណង់​ចេញ​] សុំ​ពី​មុ​ខរ៉ឺហ្គែ​លូ ដើម្បី​ឱ្យ​ងាយស្រួល​ដល់​អាជ្ញាធរ​យើង​សម្រាប់​ចុះទៅ​ស្តារ»។ 

អភិបាលខណ្ឌ​ពោធិ៍សែនជ័យ លោក ហែម ដារិ​ទ្ធ លើកឡើង​ថា បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ប្រមាណ២០ភាគរយ​ហើយ​កំពុងធ្វើការ​រុះរើ​តាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ ហើយ​មាន​មួយចំនួន​បាន​ស្នើ​សុំ​ពន្យា​រពេល ដោយ​សំណង់​របស់​ពួក​គាត់មាន​ជាប់​កុងត្រា​ជួល។ ទោះ​យ៉ាងណា លោក​ថា ការ​ស្នើ​សុំ​ពន្យារ​ពេល​ត្រូវ​ឆ្លងកាត់​ការពិភាក្សានិង​ចុះ​កិច្ចសន្យា​ជាមុន បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​ចាត់វិធានការ​ទៅតាម​ការ​ជូនដំណឹង។ 

លោក​មានប្រសាសន៍​ថា៖ «ការងារ​ចំពោះមុខ​របស់​យើង សំ​ខាន់​បំផុត​គឺ​ការ​កាយ​និង​ពង្រីក​ប្រឡាយ និង​បើ​ករ៉ឺហ្គែ​ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​ចរន្តទឹក​ហូរ​បាន​ខ្លាំង។ ការងារ​រុះរើ​ពាក់ព័ន្ធ​កន្លែងណា​ចាំបាច់​យើង​ត្រូវតែ​ធ្វើ កន្លែងណា​មិនទាន់​ចាំបាច់ គឺ​យើង​ពន្យា​រពេល​ឱ្យ​គាត់​បាន»។

លោក ស៊ិន វុត្ថា អាយុ៤៧ឆ្នាំ ជា​ម្ចាស់ផ្ទះ​លក់​គ្រឿងទេស​និង​ដូរលុយ​ក្នុង​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង បាន​លើកឡើង​ថា ចំណែក​សំណង់​នៅមុខ​ផ្ទះ​របស់​លោក បាន​សង់​ឡើង​តាំងពី​មុន​ការពង្រីក​ផ្លូវ​មក​ម៉្លេះ តែ​យ៉ាងណា លោក​នៅតែ​យល់ព្រម​តាម​អាជ្ញាធរ បើ​ទោះជា​កន្លែង​ប្រកប​អាជីវកម្ម​របស់​លោក​ត្រូវ​រួម​តូច។

លោក​និយាយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ធ្វើ​ហ្នឹង វា​អត់មាន​លូ​ឆ្លង​ពី​ខាងក្រោម​ទេ។ តែ​ខ្ញុំ​យល់ឃើញ​ថា បើសិនជា​យើង​រវល់​តែ​តវ៉ា​ច្រើនពេក វា​ខាត​ការងារ ខាតពេល​វេលា​ យើង​រក​ស៊ី​ដដែល​ៗ ហើយ​យើង​ត្រូវតែ​រុះ​ហើយ បើ​តាមផ្លូវ​ច្បាប់ ម្ចាស់ផ្ទះ​យើង​ដឹងខ្លួន​ យើង​ត្រូវតែ​រុះ​ហើយ»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ គាំទ្រ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ ដោយ​លោក​មើលឃើញ​ថា ពលរដ្ឋ​ក្នុង​បុរី​បាន​សាងសង់​សំ​យ៉ា​ប របង​ផ្ទះ និង​សំណង់​រឹង​មាំ​ផ្សេង​ៗទៀត​ជាបន្តបន្ទាប់​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ខ្លះ​ថែមទាំង​មិន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​ដែនដី ដោយ​សម្អាង​ថា ខ្លួន​មាន​ខ្នងបង្អែក​ធំ​ទៀតផង។ 

លោក សន ជ័យ មានប្រសាសន៍​ថា៖ «គឺជា​ឥរិយាបថ​ខុសឆ្គង​ដែល​ពលរដ្ឋ​ដែល​បាន​ប្រព្រឹត្ត​ត្រូវតែ​ទទួលស្គាល់​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ។ មិន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ផង មិន​ត្រឹមត្រូវ​តាមផ្លូវ​សីលធម៌​សង្គម​ផង។ ហើយ​ពួក​គេ​ចេះតែ​នាំគ្នា​យោគយល់ ប៉ុន្តែខ្លួនឯង​ហ្នឹង ពួក​គេ​ខ្លះ​ហ្នឹង​មិនបាន​យោគយល់​ទៅដល់​ប្រយោជន៍​រួម​ទេ»។

កាលពី​អំឡុង​ខែតុលា ឆ្នាំ២០២០នេះ រាជធានី​-ខេត្ត​ចំនួន២០ បាន​ជួបប្រទះ​នូវ​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​ឱ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​រាប់ពាន់​ខ្នង​បាន​រង​ការ​ជន់​លិច ក្នុង​នោះនៅ​រាជធានី​ភ្នំពេញ ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នងនៅក្នុង​បុរី​មួយចំនួនក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ជន់​លិច​ខ្លាំង​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ