ម.ស.ម.ក អំពាវនាវ​​ដល់​​រដ្ឋា​ភិបាល​​ដោះ​លែង​​អ្នក​សារ​ព័ត៌មាន​​និង​​អ្នក​ការពារ​​សិទ្ធិ​មនុស្ស​​

សមត្ថកិច្ចរារាំងអ្នកគាំទ្រនិងសាច់ញាតិលោក រ៉ុង ឈុន មិនឱ្យធ្វើដំណើរថ្មើរជើងយកញត្តិទៅដាក់នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅចំណុចស្ពានអាកាសក្បាលថ្នល់ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកសារព័ត៌មាននិង​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងអស់ ដែល​ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួនឬកាត់ទោសដោយសារ​ការប្រើ​ប្រាស់​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពួក​គេ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញមតិ។

ការ​អំពាវនាវ​នេះ បាន​ធ្វើឡើង​ស្រប​ពេល​ទិវាអន្តរជាតិ​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នកសារព័ត៌មាន ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក​) កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​លើកឡើង​ថា ចាប់តាំងពី​ឆ្នាំ១៩៩៤ យ៉ាងហោចណាស់​មាន​អ្នកសារព័ត៌មាន​ចំនួន១៣នាក់ ត្រូវ​បាន​សម្លាប់​អំឡុង​ពេល​បំពេញការងារ​របស់​ពួក​គេ។ 

ម.ស.ម.ក បន្ត​ថា ការ​ស្លាប់​របស់​អ្នកសារព័ត៌មាន​ចំនួន១២នាក់ កើតឡើង​ក្នុង​ខណៈ​ដែល​ពួក​គេ​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន ដែល​បង្ក​ហានិភ័យ​ដោយ​ផ្ទាល់​ដល់​បុគ្គល​មានអំណាច​នៅ​កម្ពុជា។

ម.ស.ម.ក បន្ថែម​ថា ទោះបី​ក្នុងរយៈពេល៤ឆ្នាំ​មកនេះ មិន​មាន​ករណី​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៅលើ​អ្នកសារព័ត៌មានឬអ្នកការពារ​សិទ្ធិមនុស្ស​ក៏ដោយ តែ​ក្នុង​ឆ្នាំ២០២០នេះ មាន​អ្នកសារព័ត៌មាន​ម្នាក់​បាន​ស្លាប់ដែល​បណ្តាល​ឱ្យ​មានការ​សង្ស័យ​ថា ជា​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​ករណីនេះ មិន​មានការ​ស៊ើបអង្កេត​បន្ត​ទៀត​ទេ ដោយសារតែ​អាជ្ញាធរ​សន្មត​ថា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍។

ម.ស.ម.ក បាន​អំពាវនាវ​ថា៖ «សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ជាក់លាក់​ជាបន្ទាន់ ដើម្បី​ធានា​ឱ្យ​មានការ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ត់ចត់ ឯករាជ្យ និង​តម្លាភាព​ទៅលើ​ករណី​ឧក្រិដ្ឋ​កម្ម​ទាំងអស់​ដែល​ប្រឆាំង​នឹង​អ្នកសារព័ត៌មាននិង​អ្នកការពារ​សិទ្ធិមនុស្ស»។

សេចក្តី​ថ្លែងការណ៍​របស់ ម.ស.ម.ក បាន​លើកឡើង​ដែរ​ថា ថ្មី​ៗនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​ត្រូវ​បាន​គេ​យល់ថា​បាន​រិះគន់​រដ្ឋាភិបាល ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ការិយាល័យ ខណៈ​អ្នកសារព័ត៌មានតែង​ត្រូវ​បាន​ដៅ​មុខសញ្ញា​ទុក​តាមរយៈ​ការប្រើ​ប្រាស់​អំពើ​ហិង្សាឬការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​ជាដើម ដែល​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​កំពុង​ស្ថិតនៅ​ក្រោម​ការ​គំរាមកំហែង​នៅ​កម្ពុជា។

ម.ស.ម.ក បាន​អំពាវនាវ​បន្ថែម​ថា៖ «សូម​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកសារព័ត៌មាននិង​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ ដែល​ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួនឬកាត់ទោស​ដោយសារ​ការប្រើ​ប្រាស់​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពួក​គេ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញមតិ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ