លោក​ កឹម​ សុខា​៖​ ប្រទេស​​ប្រជា​ធិប​តេយ្យ​​មួយ​ចំនួន​នៅ​តែ​​ផ្តល់​​តម្លៃ​​និង​​បារម្ភ​​ពី​​សុវត្ថិ​ភាព​​លោក​​

ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ក្នុងជំនួបជាមួយលោក កឹម សុខា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (សាញ់ ប៊ុនហឿន)

អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​រំលាយ លោ​ក កឹម សុខា អះអាង​ថា ប្រទេស​ប្រជាធិបតេយ្យ​ដែល​លើកស្ទួយ​គុណ​តម្លៃ​សិទ្ធិមនុស្ស បាន​បង្ហាញ​កង្វល់​ចំពោះ​ស្ថានភាព​សិទ្ធិ​សេរីភាពនិង​សុវត្ថិភាព​របស់​លោក ខណៈ​ដែល​លោក​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើលនិង​ជាប់​បម្រាមតុលាការ។

លោក កឹម សុខា បាន​លើកឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ទោះបី​លោក​ទទួលរង​ការចោទប្រកាន់​មួលបង្កាច់និង​ការប្រមាថ​លាប​ពណ៌ ប៉ុន្តែក៏​នៅ​មាន​ប្រជាពលរដ្ឋនិង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ចំពោះ​សិទ្ធិ​សេរីភាពនិង​សុវត្ថិភាព រួម​នឹង​សុខភាព​របស់​លោក​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «ប្រទេស​ជា​មិត្តដែល​ប្រកាន់យក​នូវ​គោលការណ៍​ប្រជាធិបតេយ្យ លើកស្ទួយ​គុណ​តម្លៃ​សិទ្ធិមនុស្ស ដែល​នៅតែ​គោរពផ្តល់​តម្លៃ​ដល់​ខ្ញុំ ដោយ​ឱ្យ​មន្ត្រីទូត​ដែល​ជា​តំណាង​ប្រទេស​របស់​ខ្លួនមក​ជួប​ខ្ញុំ​ដល់​គេហដ្ឋាន និង​អញ្ជើញ​ខ្ញុំ​ទៅ​ស្ថានទូត ដើម្បី​សួរសុខទុក្ខ ទទួលទាន​អាហារ សម្តែង​ពី​កង្វល់ចំពោះ​ស្ថានភាព​សិទ្ធិ​សេរីភាព សុវត្ថិភាព​របស់ខ្ញុំ និង​បញ្ជូន​វេជ្ជបណ្ឌិត​មក​ជួយ​ពិនិត្យ​ព្យាបាលនិង​តាមដាន​សុខភាព​ខ្ញុំ​ជាប្រចាំ​ផង​ដែរ»។ 

សហ​មេធាវី​លោក កឹម សុខា គឺ​លោក ចាន់ ចេន ឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃ​ចន្ទ​នេះតាម​បណ្តាញ​សង្គម WhatsApp ថា មន្ត្រី​ជាន់ខ្ពស់​ទូត​ប្រចាំ​ប្រទេសដែល​ទៅ​ជួប​សួរសុខទុក្ខ និង​បញ្ជូន​វេជ្ជបណ្ឌិត​ឱ្យ​តាមដាន​សុខភាព​កូន​ក្តី​របស់​លោក​ជាប្រចាំ​នោះ ជា​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ទ្វីបអឺរ៉ុប អាមេរិក និង​ប្រទេស​តំបន់​អាស៊ី រួមមាន សហរដ្ឋអាមេរិក បារាំង អា​ល្លឺម៉​ង់ ស្វីស ស៊ុយអែត អូស្ត្រាលី ញូ​ហ្សឺ​លែន និង​ជប៉ុន រួម​នឹង​អង្គការ​មួយចំនួន​ទៀត។

លោក កឹម សុខា បាន​បាត់​សិទ្ធិ​ធ្វើនយោបាយ​ជាង៣ឆ្នាំ​មក​ហើយ គិត​ចាប់ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួនតាម​បណ្តឹ​ងរ​បស់​រដ្ឋាភិបាល ដែល​ចោទ​ថា ឃុបឃិតជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ