អាមេរិក​​ជួយ​​ពលរដ្ឋ​​រងគ្រោះ​​ដោយ​​ទឹក​ជំនន់​​ជាង​២៥០០​គ្រួសារ​នៅ​​ខេត្ត​ពោធិ៍សាត់​

ពលរដ្ឋរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ ទទួលអំណោយ​ក្រោម​ការ​គាំទ្រ​ថវិកា​ពីទី​ភ្នាក់ងារ​ជំនួយ​អាមេរិក USAID នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​ជា​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ជាង២ ៥០០គ្រួសារ នៅ​ខេត្តពោធិ៍សាត់។

ការ​ផ្តល់​ជំនួយ​នេះ ធ្វើឡើង​ក្រោម​ការ​គាំទ្រ​ថវិកា​ពីទី​ភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង​ត្រូវ​បាន​ចែកចាយ​តាមរយៈ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) នៃ​អង្គការសហប្រជាជាតិ។ 

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ទទួលរង​គ្រោះ​ទឹកជំនន់​ខ្លាំង​បំផុត ក្នុងរយៈពេល២០ឆ្នាំ​មកនេះ ពិសេស​នៅ​តាម​តំបន់​ដែល​មិនបាន​ត្រៀម​ចំពោះ​ទឹកជំនន់​ដ៏​គំហុក​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បន្ត​ថា អង្គការ WFP បាន​ចែក​ជំនួយ​ស្បៀងអាហារកាលពី​ថ្ងៃទី២៨ ខែតុលា ទៅដល់​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​ចំនួន២ ៥៦០គ្រួសារ នៅក្នុង​ក្រុង​-ស្រុក​ចំនួន៣ រួមមាន ក្រុង​ពោធិ៍សាត់ ស្រុក​បាកាន និង​ស្រុក​ភ្នំក្រវាញ នៃ​ខេត្តពោធិ៍សាត់។

សេចក្តី​ប្រកាស​ព័ត៌មានបន្ថែម​ថា គ្រួសារ​ទាំងនោះត្រូវ​បាន​ជ្រើសរើស​ដោយ​ឆ្លងតាម​ការសម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ខេត្ត ស្រុក និង​ឃុំ។ អង្គការ WFP បាន​ផ្តល់​អាទិភាព​ទៅលើ​គ្រួសារ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ ដោយរួមទាំង​គ្រួសារ​ដែល​ត្រូវ​បាន​ចុះបញ្ជី​នៃ​កម្មវិធី​ជំនួយ​សម្រាប់​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាលនិង​គ្រួសារ​ដែល​មាន​ស្រ្តីជា​មេ​គ្រួសារ ខណៈទឹកជំនន់​បាន​ធ្វើ​ឱ្យ​ចំណូល និង​ស្បៀង​នៅសល់​ក្នុង​គ្រួសារ​ពួក​គេដែល​មាន​តិច​ស្រាប់​នោះ កាន់តែ​មាន​ចំនួន​តិច​ទៅៗ។ 

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID បាន​ផ្តល់​ថវិកា​ចំនួន​ជាង៧លាន​ដុល្លារ សម្រាប់​ការ​ឆ្លើយតប ការ​ត្រៀម​រៀបចំ​សម្រាប់​គ្រោះមហន្តរាយ និង​ការកាត់បន្ថយ​ហានិភ័យ​នៅ​កម្ពុជា គិត​តាំងពី​ឆ្នាំ២០០០មក។ 

តាមរយៈ​គម្រោង​ស្តី​ពី​ភាពជា​ដៃគូ​រវាង​សហរដ្ឋអាមេរិកនិង​តំបន់​ទន្លេមេគង្គ សហរដ្ឋអាមេរិក​ថែមទាំង​កំពុងតែ​ពង្រឹង​លក្ខណៈ​សម្រាប់​ការ​ឆ្លើយតបនិង​ការ​ត្រៀម​រៀបចំ​សម្រាប់​គ្រោះមហន្តរាយ​នៅក្នុង​មូលដ្ឋាន នៅ​ទូទាំង​ប្រទេស​ទាំង៥ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម ក្នុង​នោះ​ក៏មាន​ប្រទេស​កម្ពុជា​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ