រដ្ឋា​ភិបាល​​ណែនាំ​​កម្មករ​​ក្រៅ​​ប្រព័ន្ធ​​ចុះ​បញ្ជី​​បេឡា​​ជាតិ​​សន្តិ​សុខ​​សង្គម​​ដើម្បី​​បាន​ការ​​ព្យាបាល​​នៅ​​មន្ទីរពេទ្យ​​រដ្ឋ​​

រូបភាព៖ ពលរដ្ឋកំពុងធ្វើបែបបទប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គម (បសស)។

រដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ឱ្យចុះបញ្ជី​កម្មករ​ក្រៅ​ប្រព័ន្ធ ដើម្បី​ទទួល​បានការ​ធានា​រ៉ាប់រងសុខភាពនិង​អត្ថ​ប្រយោជន៍​ផ្សេងទៀត​ដែល​ផ្ដល់​ជូន​ដោយ​រដ្ឋ។

ក្នុង​សេចក្ដីណែនាំ​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​នេះ ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជូនដំណឹង​ទៅ​សមាគមនិង​អង្គការ​វិជ្ជាជីវៈ​នានា​ដែល​គ្រប់គ្រង​លើស​មា​ជិ​ករបស់​ខ្លួន​ជា​កម្មករ​ក្រៅ​ប្រព័ន្ធ អំពី​របៀប​ចុះឈ្មោះ​ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌​ចេញ​ដោយ​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស​)។

ក្រៅពី​ទទួល​បានការ​ព្យាបាល​ដោយ​មិន​គិត​កម្រៃ​ហើយ​នោះ ក្រសួង​អះអាង​ថា ស្ត្រី​ដែល​ជា​កម្មករ​ក្រៅ​ប្រព័ន្ធ ក៏​ទទួល​បានការ​ផ្ដល់​ប្រាក់​ឧប​ត្ថ​ម្ភបន្ថែមនៅពេល​ពួក​គាត់​សម្រាលកូន។

ក្រសួងការងារ​បញ្ជាក់​ថា សមាគម​ដែល​មាន​អាជ្ញាបណ្ណ​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ ហើយ​អង្គការ​វិជ្ជាជីវៈ​ដែល​មាន​វិញ្ញា​បន​បត្រ​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​ចេញពី​ក្រសួងការងារ ​អាច​ចុះឈ្មោះ​កម្មករ​និយោជិត​របស់​ខ្លួន​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម។

ក្រៅពី​ទទួលស្គាល់ពី​ក្រសួងមហាផ្ទៃ​និង​ក្រសួងការងារ​នោះ កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ​ដែល​ជាស​មា​ជិក​សមាគមនិង​អង្គការ​វិជ្ជាជីវៈ ត្រូវ​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរនិង​លិខិតបញ្ជាក់​អំពី​មុខ​របរ រួម​ទាំង​ទីលំនៅ​បច្ចុប្បន្ន​ដែល​ចេញ​ដោយ​អាជ្ញាធរ​រាជធានី​-ខេត្ត​ផង​ដែរ។

វី​អូ​ឌី​បាន​ព្យាយាម​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ ជុំវិញ​ចំនួន​កម្មករ​ក្រៅ​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​បេឡា​ជាតិ​សន្តិសុខ ប៉ុន្តែគិត​មកដល់ពេលនេះ លោក​មិនទាន់​ឆ្លើយតប​នៅឡើយ។

អគ្គលេខាធិការ​សហព័ន្ធ​សហជីពកម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក យ៉ាន់ ធី សាទរ​ចំពោះ​សេចក្ដីណែនាំ​របស់ក្រ​សួង ប៉ុន្តែលោក​ស្នើ​ឱ្យ​ក្រសួង​បញ្ជាក់​ចំណុច​ដែល​ក្រសួង​តម្រូវ​ឱ្យ​កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ​បញ្ជាក់​អំពី​មុខរបរនិង​លំនៅឋាន​បច្ចុប្បន្នដែល​ចេញ​ដោយ​អាជ្ញាធរ​រាជធានី​-ខេត្ត​ឱ្យ​បាន​ច្បាស់។

លោក យ៉ាន់ ធី ប្រាប់​ថា៖ «បើសិនជា​ឱ្យ​គាត់​ទៅ​បញ្ជាក់​នៅ​ខេត្ត​ទៀត អាហ្នឹង​យើង​អាស្រ័យ​លើ​ការសាកសួរ​របស់​កម្មករ​ថា តើ​គាត់​អាច​ទៅ​បញ្ជាក់​ពី​ភូមិ​ឃុំ​គាត់​បាន​ទៀត​អត់​? មួយទៀត​ខ្ញុំ​បារម្ភ​ថា ក្រសួងការងារ​គាត់​ចេញ​សេចក្ដីជូនដំណឹង​មក ខាងយើង​សមាគម អង្គការ ក្រុមហ៊ុន ​យើង​ទទួលយក​បាន ប៉ុន្តែអាជ្ញាធរ​មូលដ្ឋាន​គាត់​ទទួល​បាន​អត់​? ហើយ​អាជ្ញាធរ​មូលដ្ឋាន​គាត់​មាន​ទម្រង់និង​បែបបទសម្រាប់​លិខិតបញ្ជាក់ ហើយ​គាត់​សហការ​ធ្វើ​ឱ្យ​កម្មករ​អត់​? អាហ្នឹង​រឿង​មួយទៀត ​ព្រួយបារម្ភ​ដែរ»។

លោក យ៉ាន់ ធី បាន​ឱ្យដឹងថា សហព័ន្ធ​សហជីព​របស់​លោក​មាន​សមាជិក​ជិត១ម៉ឺននាក់ ​(៩ ៨៩៧) ក្នុង​នោះ​ស្ត្រី​ចំនួន៣ ៦៤៦នាក់ ហើយ​អ្នក​ដែល​បាន​ចុះ​ក្នុង​បេឡា​សន្តិសុខ​សង្គម​រួចហើយ​ មាន​ប្រហែល២ ០០០នាក់ ខណៈ​សមាជិក​ប្រហែល៨ ០០០នាក់​ទៀត លោក​ថា កំពុង​ប្រមូល​ឯកសារដើម្បី​ធ្វើការ​ចុះ​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម។

លោក ជឹម វី អាយុ៥២ឆ្នាំ ដែល​ជា​កម្មករ​វាយ​ពុម្ព​នៅ​ការដ្ឋាន​សាងសង់​មួយ​កន្លែង ​ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែកឯង ក្នុង​ខណ្ឌ​ច្បារអំពៅ ប្រាប់​វី​អូ​ឌី​ថា រូប​គាត់និង​ប្រពន្ធ​ចង់បាន​បេឡា​សន្តិសុខ​សង្គម ហើយ​បាន​ចុះឈ្មោះ​ជា​កម្មករ​ក្រៅ​ប្រព័ន្ធ​រួចរាល់​ហើយ។ កម្មករ​ដែល​មាន​ប្រភព​កំណើត​មក​ខេត្ត​កំពង់ចាម​រូប​នេះ សង្ឃឹមថា នឹងអាច​ទទួល​បានការ​ព្យាបាល​ឥតគិតថ្លៃនៅពេល​ដែល​គាត់​មាន​គ្រោះថ្នាក់ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ជាដើម។

លោក ជឹម វី ប្រាប់​ថា៖ «អ៊ីចឹង​បាន​ខ្ញុំ​ប្រឹង​ចូល​ជាស​មា​ជិក​ដែរ ព្រោះ​ចង់បាន ​[បេឡា​សន្តិសុខ​សង្គម​]។ អាហ្នឹង គ្រាន់តែ​វា​អត់​ទាន់បាន។ ខ្ញុំ​ចង់ឱ្យ​កម្ម​ករសំ​ណង់​ទាំងអស់គ្នា​បាន​អាហ្នឹង​[បេឡា​សន្តិសុខ​សង្គម​] ព្រោះ​ធូរ។ គ្រោះថ្នាក់​អី យើង​មើល​មិនឃើញ​ទេ ហើយ​កាត់បន្ថយ​លុយ​ខ្លះ​ដល់ពេល​យើង​មាន​គ្រោះថ្នាក់​ដេកពេទ្យ​ដេក​អីហ្នឹង»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា IDEA លោក វន់ ពៅ ស្វាគមន៍​សេចក្ដីណែនាំ​ក្រសួង ប៉ុន្តែ​លោក​ថា កម្មករ​ក្រៅ​ប្រព័ន្ធ​អាច​ប្រឈមមុខនឹង​ការ​លំបាក​ក្នុង​ការស្វែងរក​ការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​ដំណើរការ​ចុះបញ្ជី​នេះ។

លោក វន់ ពៅ ប្រាប់​ថា៖ «វា​ជា​ឧបសគ្គ​មួយ​ដែល​ស្រុក​យើង​មិនទាន់​មានក្រសួងឬស្ថាប័ន​ណា​បញ្ជាក់​អ្នកធ្វើការ​ទាំងអស់​ហ្នឹង ត្រូវ​បញ្ជាក់​ពី​បណ្ណ​មុខរបរ​ឱ្យ​គាត់​ទេ ​អ៊ីចឹង​ហើយ​នេះជា​ការ​លំបាក​ចុះបញ្ជី បើសិន​តម្រូវ​អ៊ីចឹង​មែន។ មួយទៀត ទាក់ទង​កម្មករ​ក្រៅ​ប្រព័ន្ធ​គាត់​មក​ពី​ខេត្ត ចំណាកស្រុក​មក​ទីប្រជុំជន អ៊ីចឹង​យើង​មិនដឹង​ថា ពេល​ចុះបញ្ជី​ទៅ អជ្ញា​ធរ​អាច​សម្រួល​បញ្ជាក់​ធ្វើ​លិខិត​ស្នាក់នៅ​ឱ្យ​គាត់​បាន​អត់​។ ដូច​អ្នក​អេត​ចាយ អ្នក​ប្រកបរបរ​មួយចំនួន​គាត់​ជួល​តែ​ផ្ទះ​គេ អ៊ីចឹង​តើ​គេ​បញ្ជាក់​ឱ្យ​អត់​?»។

វី​អូ​ឌី​បាន​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ពី​អ្នកនាំពាក្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម លោក ជាវ ប៊ុនរិទ្ធ ដែរ ប៉ុន្តែអ្នកទទួល​ទូរសព្ទ​ប្រាប់​ថា លោក​បាន​ទុក​ទូរសព្ទ​នៅផ្ទះហើយ​ចាកចេញ​ទៅ​ហាត់ប្រាណ​ហើយ។

លោក វន់ ពៅ បន្ត​ថា បច្ចុប្បន្ន សមាគម​លោក​មាន​សមា​ជិក​ប្រហែល១៥ ០០០នាក់ ក្នុង​នោះ​កម្មករ​ផ្នែក​ដឹកជញ្ជូន​មាន​ចំនួន​ប្រហែល៤ ០០០នាក់ បាន​ទទួ​លប​ណ្ណ​ ប.ស.ស ​រួចហើយ។

លោក​បញ្ជាក់​ថា ក្រោយពី​ក្រសួងចេញ​សេចក្ដីណែនាំ​នេះ លោក​នឹង​ប្រមូល​កម្មករ​ក្រៅ​ប្រព័ន្ធ​ជាច្រើន​ពាន់​នាក់​ទៀតឱ្យធ្វើ​ការចុះបញ្ជី​ក្នុង​បេឡា​សន្តិសុខ​សង្គម ដើម្បី​ទទួល​បាន​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល។

លោក វន់ ពៅ និយាយ​បន្ថែម​ថា៖ «បណ្ណ​សមធម៌​ចុះ​បេឡា​សន្តិសុខ​សង្គម​មែន ប៉ុន្តែមិន​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូច ប.ស.ស បង់លុយ​ទេ គឺ​អត្ថ​ប្រយោជន៍​វា​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទេ។ យើង​ទៅ​ពេទ្យ​រដ្ឋ​ អត់​បង់លុយ​ទេ ព្យាបាល​ជំងឺ​អី ស្ត្រី​ឆ្លង​[ឆ្លងទន្លេ]អត់​អស់​លុយ​ទេ ហើយ​គេ​បើកលុយ​ឱ្យ៤០ម៉ឺន​រៀល​ទៀត តែ​អាហ្នឹង​សម្រាប់​តែ​មន្ទីរពេទ្យ​រដ្ឋ​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ