ក្រសួងព័ត៌មានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយ ខណៈអ្នកសារព័ត៌មានជាតិនិងអន្តរជាតិកំពុងបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរីនិងគ្រប់ទីកន្លែង។
ការអះអាងនេះ បានធ្វើឡើងជាការបំភ្លឺទៅនឹងការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីថ្ងៃម្សិលមិញ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីជូនព័ត៌មាននៅថ្ងៃទី០៣ ខែវិច្ឆិកានេះថា អង្គការសង្គមស៊ីវិលចំនួន៥៧ កាលពីថ្ងៃម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ថាបានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអ្នកសារព័ត៌មាន ប៉ុន្តែក្នុងចំណោមអង្គការទាំងនោះ មានតែអង្គការចំនួន១២ប៉ុណ្ណោះដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ និងមួយចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រៅពីនោះជាក្រុមអង្គការសង្គមស៊ីវិលដែលមិនបានចុះបញ្ជីស្របច្បាប់ឡើយ។
ករណីនេះ អ្នកនាំពាក្យ បានចាត់ទុកការចោទប្រកាន់នោះ ថាគ្រាន់តែជាយុទ្ធសាស្ត្ររបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញយកលុយពីក្រៅប្រទេស ទាក់ទាញការចាប់អារម្មណ៍និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងមានចេតនាបំភាន់សាធារណមតិតែប៉ុណ្ណោះ។
អ្នកនាំពាក្យ បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយ ស្របតាមមាត្រា៣១និងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥»។
អ្នកនាំពាក្យ បន្ថែមថា៖ «បច្ចុប្បន្ននេះ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិកំពុងតែបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរីនិងបានគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរើសអើងនិងគ្មានការគំរាមកំហែង»។
កាលពីថ្ងៃម្សិលមិញ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយចំនួន៥៧ បានចេញសេចក្តីថ្លែងការណ៍រួម ដោយទាមទារទៅរដ្ឋាភិបាលឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ច្បាប់ដែលមានលក្ខណៈបម្រើហេតុផលនយោបាយ ដើម្បីគាបសង្កត់សេរីភាពអ្នកសារព័ត៌មានឯករាជ្យ។ ក្រុមអង្គការ-សមាគមទាំងនោះ បានបង្ហាញការព្រួយបារម្ភអំពីការយាយីរបស់រដ្ឋាភិបាលកម្ពុជា ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអ្នកសារព័ត៌មាន។
អង្គការ-សមាគមទាំងនោះ បានអំពាវនាវដល់រដ្ឋាភិបាលគួរទម្លាក់ចោលការចោទប្រកាន់ទៅលើក្រុមអ្នកសារព័ត៌មាន និងដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ។ ពួកគេក៏បានស្នើឱ្យលុបចោលឬកែប្រែច្បាប់ ដែលមានលក្ខណៈគាបសង្កត់សេរីភាពក្នុងការបញ្ចេញមតិ និងបញ្ឈប់ជាបន្ទាន់ នូវការដកហូតអាជ្ញាបណ្ណរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ។
ពាក់ព័ន្ធនឹងការស្នើទាំងនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការអនុវត្តច្បាប់លើអ្នកសារព័ត៌មានកន្លងមក ជាការអនុវត្តតាមអង្គហេតុនិងអង្គច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋ ហើយសំណុំរឿងទាំងនោះកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។
ចំពោះការចោទប្រកាន់ទៅលើក្រសួងព័ត៌មាន អំពីការដកអាជ្ញាបណ្ណអង្គភាពសារព័ត៌មានមួយដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ អ្នកនាំពាក្យក្រសួងបញ្ជាក់ថា ដោយសារតែអង្គភាពទាំងនោះប្រព្រឹត្តផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកិច្ចសន្យារបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ជាមួយគ្នានេះដែរ ក្រសួងក៏បានអំពាវនាវនិងលើកទឹកចិត្តដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យារបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន ដោយកុំបំពានសិទ្ធិអ្នកដទៃនិងកុំបំភ្លៃការពិត និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន៕