អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានកំពុងធ្វើការសាកសួរជនសង្ស័យម្នាក់ ក្រោយពីសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួននិងបញ្ជូនសំណុំរឿងទៅតុលាការ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាង៧គីឡូក្រាម។
កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញអគ្គសង្នការដ្ឋាននគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ៥A បុរីលឹមឈាងហាក់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបានសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ៧ ៦២២ក្រាម។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពដដែលបានបន្តថា ក្រោយពីបានសាកសួររួច សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង មានប្រសាសន៍នៅរសៀលថ្ងៃអង្គារនេះថា ពាក់ព័ន្ធនឹងករណីនេះ ព្រះរាជអាជ្ញារងអមសាលាដំបូង លោក សាយ ណូរ៉ា បាននិងកំពុងសាកសួរតាមនីតិវិធី។
យោងតាមរបាយការណ៍បង្ក្រាបបទល្មើសគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៧ ៧៨៨ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥ ៧៧០នាក់ (ស្រី៩៨០នាក់) ក្នុងនោះមានជនបរទេស២២៤នាក់ (ស្រី៣៣នាក់)។
របាយការណ៍បន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានរឹបអូសថ្នាំញៀនគ្រប់ប្រភេទជាង៧០២គីឡូក្រាម និង៥៤៦កញ្ចប់តូច កញ្ឆាជាង២៨៧គីឡូក្រាមនិង១៩៩ ៥៥៩ដើម៕