ស្នង​ការ​​ខេត្ត​កំពត​ ឃាត់​ខ្លួន​​មន្ត្រី​​នគរ​បាល​៣​នាក់​ ក្រោយ​​ផ្ទុះ​អាវុធ​​បណ្តាល​​ឱ្យ​​ជន​សង្ស័យ​​ម្នាក់​​ស្លាប់​​

ក្រុមសមត្ថកិច្ចចុះអន្តរាគមន៍ករណីក្មេងទំនើងដេញកាប់គ្នា ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកំពត)

ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត ឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ចំនួន៣នាក់នៅ​ខេត្តកំពត ត្រូវ​បាន​ឃាត់ខ្លួនក្រោយ​ចុះ​ប្រតិ​បត្តិការ​បង្ក្រាប​យុវជន​ពីរ​ក្រុម​កាប់​គ្នា ហើយ​បាន​ផ្ទុះអាវុធ​បណ្តាល​ឱ្យ​ជនសង្ស័យ​ម្នាក់​ស្លាប់។

ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទ​មធរិទ្ធ ប្រាប់​វី​អូ​ឌី​នៅ​រសៀស​ថ្ងៃពុធ​នេះ​ថា កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ​មាន​យុវជន​មួយ​ក្រុមមាន​គ្នា៥នាក់ បាន​កាប់​ទៅ​យុវជន​មួយ​ក្រុម​ទៀតមាន​គ្នា​ពីរ​នាក់ បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះបាន​កើតឡើង​នៅត្រង់​ចំណុច​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត។

លោក​បន្ត​ថា ក្រោយ​ទទួល​បាន​ដំណឹង​នេះ មន្ត្រី​នគរបាល​ក្រុង​កំពត បាន​ចុះទៅ​ដល់កន្លែង​កើតហេតុ ដើម្បី​ប្រមូល​ព័ត៌មាននិង​ឃាត់ខ្លួន​ជន​បង្ក ហើយ​ភ្លាម​ៗនោះ សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​ជនសង្ស័យ១គ្រឿង​ដែល​ជិះគ្នា២នាក់ ប៉ុន្តែ​ពួក​គេ​មិនព្រម​ឈប់ និង​បាន​បើ​កម៉ូតូ​បំ​បុក​សមត្ថកិច្ច​បណ្តាល​ឱ្យ​រង​របួស២នាក់​ថែមទៀត។

ស្នងការ​នគរបាល​រូប​នេះអះអាង​ទៀត​ថា ពេល​ឃើញ​ជនសង្ស័យ​ធ្វើសកម្មភាព​បែបនេះ សមត្ថកិច្ច​បាន​ប្រើ​អាវុធ​បាញ់​ផ្ជុច​ដី​ដើម្បី​គំរាម​ឱ្យ​ជនសង្ស័យ​ឈប់ ប៉ុន្តែ​គ្រាប់​កាំភ្លើង​បាន​ផ្លា​តត្រូវ​ជនសង្ស័យ​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ម្នាក់ទៀត​ឃាត់ខ្លួន ខណៈ៣នាក់​រត់គេច​ខ្លួន។

លោក ម៉ៅ ច័ន្ទ​មធរិទ្ធ ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ការ​ផ្ទុះអាវុធ​បណ្តាល​ឱ្យ​ជនសង្ស័យ​ស្លាប់​នេះ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​មន្ត្រី​នគរបាល៣នាក់ មក​សាកសួរ ដើម្បី​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការទៅតាម​នីតិវិធី​ច្បាប់។

លោក​បន្ថែម​ថា៖ «ពាក់ព័ន្ធ​កម្លាំង​របស់ខ្ញុំ ដែល​ក្នុង​ប្រតិបត្តិ​ការបាន​ផ្ទុះអាវុធ​បណ្តាល​ឱ្យ​ជនសង្ស័យ​ស្លាប់​នោះ គឺ​ឥលូវ​នេះ​កំពុង​ដាក់​នៅក្នុង​ស្នងការ​ខេត្តកំពត ហើយ​យើង​កំពុង​រៀបចំ​ឯកសារដើម្បី​បញ្ជូន​ទៅ​តុលាការ​ឱ្យ​តុលាការ​វិនិច្ឆ័យ»។

បើ​តាម​សេចក្តី​បំភ្លឺ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត ជន​បង្ក​មួយ​ក្រុម​មាន​គ្នា៥នាក់​នោះ​ជា​ប្រុស​ទាំងអស់ ដែល​មានឈ្មោះ ម៉ម វិបុល អាយុ២៩ឆ្នាំ បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច ឈ្មោះ ធម្ម កុម្ភៈ អាយុ១៦ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន និង​ឈ្មោះ ម៉ាត់ សើ​គី​រីន អាយុ១៧ឆ្នាំ ឈ្មោះ សុខ ធាន អាយុ១៧ឆ្នាំ ឈ្មោះ រ៉ា​ន់ អាយុ២០ឆ្នាំ កំពុង​រត់គេច​ខ្លួន។ ស្នងការ​ដ្ឋាន​បន្ត​ថា ពួក​គេ​បាន​ជិះ​ម៉ូតូ២គ្រឿង​ទៅ​កាប់​យុវជន​មួយ​ក្រុម​ទៀតមាន​គ្នា២នាក់ បណ្តាលឱ្យ​យុវជន​ម្នាក់ ឈ្មោះ តឿ ចាន់ រងគ្រោះ​​របួសធ្ងន់។

ក្នុង​សេចក្តី​បំភ្លឺ​ដដែល​នេះ បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានអំពើ​ហិង្សា​កើតឡើង ដោយសារ​ជនរងគ្រោះ​បាន​ទៅ​ផឹក​កាហ្វេ​ក្បែរ​ជនសង្ស័យ​ក្នុង​ហាង​មួយ​កន្លែង ហើយ​ជនរងគ្រោះ​មើល​មុខ​ជនសង្ស័យ ដែល​បណ្តាល​ឱ្យ​ជនសង្ស័យ​ខឹង ក៏​តាម​កាប់​ជនរងគ្រោះពេល​ចេញពី​ហាង​កាហ្វេ​នោះ​តែម្តង។

លោក ម៉ម ដា​នី ឪពុក​របស់​យុវជន​ដែល​បាន​ស្លាប់ និយាយ​ទាំង​អួល​ដើមក​ថា ករណី​សមត្ថកិច្ច​ផ្ទុះអាវុធ​បណ្តាល​កូន​របស់​គាត់​ស្លាប់​ ជា​រឿង​អយុត្តិធម៌។ លោក​បន្ត​ថា សមត្ថកិច្ច​មាន​ចេតនា​បាញ់សម្លាប់​កូន​របស់​គាត់ ដោយសារ កូន​របស់​គាត់​បាន​ត្រូវគ្រាប់​កាំភ្លើង​ត្រង់​ឆ្អឹងជំនី​រខាងឆ្វេង ធ្លាយ​ទៅ​ឆ្អឹងជំនី​រខាងស្តាំ។

បើ​ទោះបីជា​កូនប្រុស​របស់​គាត់​បាន​ស្លាប់​ក៏ដោយ លោក ម៉ម ដា​នី អះអាង​ថា លោក​មិន​ប្តឹង​ករណីនេះ​ទៅ​តុលាការ​ទេ ដោយសារ​គ្រួសារ​ក្រីក្រ​ពេក ប៉ុន្តែ​លោក​ស្នើ​ឱ្យ​តុលាការ​រកនិង​ផ្តល់​យុត្តិធម៌​ដល់​កូន​របស់​គាត់​ដែល​បាន​ស្លាប់។

លោក​បន្ថែម​ថា៖ «ខ្ញុំ​អត់​ដាក់ពាក្យ​ប្តឹង​ទេ ព្រោះ​យើង​ក្រ បើ​យើង​ប្តឹង តែ​តុលាការ​កោះហៅ​យើង​ គេ​ត្រូវការ​លុយ ចុះបើ​យើង​អត់​លុយ បាន​លុយ​ពីណា​ឱ្យ​គេ។ ខ្ញុំ​ចង់ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​កូន​ខ្ញុំនិង​ផ្តល់​សំណង​ឱ្យ​ខ្ញុំ​បាន​សមរម្យ​ផង ពីព្រោះ​ខ្ញុំ​បាន​បាត់​កូន​មួយ​ទាំងមូល»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ