អ្នក​ការពារ​​បរិស្ថាន​​យល់​ថា​​ អនាគត​​ដី​សើម​​ដែល​​កំពុង​​ទទួល​រង​​ភាព​​រេចរឹល​​ស្ថិត​​ក្នុង​​ដៃ​​សហ​គមន៍​​

អ្នកស្រី ជា សិលា អ្នកស្រាវជ្រាវ​សង្គម​ដែល​ផ្តោត​លើ​សហគមន៍​តំបន់​«រ៉ាម​សារ​ក្នុង​ខេត្ត​ស្ទឹងត្រែង» ជិះទូក​លើ​ទន្លេមេគង្គ នា​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (Enric Català​)

ខេត្ត​ស្ទឹងត្រែង៖ គ្រាន់តែ​ក្រឡេក​មើល​ភ្លាម អ្នកស្រី ស៊ី ចាន់​ដន ដែល​មាន​តួនាទី​ជា​មេ​ភូមិ​វ៉ឺ​នសៀន ចាំ​យ៉ាង​ច្បាស់​ភ្ញៀវ​ម្នាក់​ដែល​ឈរ​នៅ​មាត់ទ្វារ​ផ្ទះបាយ​របស់​អ្នកស្រី ហើយ​បាន​ស្រែក​ទទួល​ថា៖ «ម្ចាស់​កូន​ម៉ែ»។ 

មេ​ភូមិ​វ៉ឺ​នសៀន អ្នកស្រី ស៊ី ចាន់​ដន ឱប​ស្វាគមន៍​អ្នកស្រី ជា សិលា នៅពេល​ដែល​អ្នកស្រី​ទៅ​ឃុំ​អូរស្វាយ នៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (Enric Català​)

អ្នកស្រី ជា សិលា បាន​ឈរ​នៅ​ច្រកចូល​ខ្ទម​ឈើ​មួយ​នេះ​លើកដំបូង​នៅក្នុង​ឆ្នាំ២០០៥ នៅពេល​ដែល​អ្នកស្រី​កំពុង​ព្យាយាម​កសាង​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​នៅ​ភូមិ​ចំនួន៤ ស្ថិតនៅ​ក្នុង​តំបន់ដីសើម ដែល​ឡោមព័ទ្ធ​ដោយ​ព្រៃលិចទឹក មេត្រី​ពូជ​ដែល​មាន​ទម្ងន់​ជាង២០០គីឡូ និង​អន្លង់​ទឹកជ្រៅ​ជាច្រើន។ តំបន់ដីសើម​នេះ​នៅ​មិនទាន់​ត្រូវ​បាន​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​នៅឡើយ​ទេ បើ​ទោះបីជា​ទន្លេ​នេះ​ជា​ទន្លេ​ដែល​ផ្តល់​ជីវិត​ដល់​សហគមន៍​យ៉ាងណា​ក្តី។

រយៈ​ជាង២៤ខែ អ្នកស្រី សិលា បាន​សម្របសម្រួល​អ្នកស្រាវជ្រាវ​សហគមន៍​ក្នុង​ការ​កត់ត្រា​នូវ​ប្រភេទ​ត្រី រុក្ខជាតិ និង​ទំនៀមទម្លាប់​ក្នុង​សហគមន៍​ដែល​ពួក​គេ​មិន​មានឱកាស​កត់ត្រា​ទុក។ 

ក្រៅពី​មានការ​បំពាក់​បន្ទះ​សូ​ឡា​នៅផ្ទះ​ខ្លះ ភូមិ​មួយ​នេះ​នៅ​មិនទាន់​ភ្ជាប់​បង្គោល​ភ្លើងអគ្គិសនី​នោះ​ទេ ហើយក៏​គ្មាន​ផ្លូវគោក​ទៅដល់​ភូមិ​នេះ​ដែរ។ អ្នក​ដែល​ចង់ទៅ​ដល់​ភូមិ​នេះ​ គឺ​សុទ្ធតែ​ត្រូវ​ធ្វើដំណើរ​តាម​ទូក។

ពេញ​មួយឆ្នាំ សហគមន៍​មួយ​នេះតែងតែ​ការពារ​អន្លង់​អភិរក្ស​របស់​សហគមន៍​ដោយ​ប្រើប្រាស់​ទូក​ចាស់​មួយ ប៉ុន្តែ​ទូក​នោះ​ដេញ​មិនទាន់​អ្នកនេសាទ​ល្មើសច្បាប់​ដែល​មាន​ទូក​តូច​និង​ល្បឿន​លឿននោះទេ។

កាលពី​ខែសីហា អ្នក​ស្រី​ ចាន់​ដន បា​នរៀ​បរា​ប់​ប្រាប់​អ្នកស្រី សិលា ​អំពី​ការ​លំបាក​នៃ​ការល្បាត​បទល្មើស​នេសាទ​ថា ​នៅពេល​ដែល​អ្នកស្រី​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នេះ​នៅក្នុង​អង្គប្រជុំ​ជាមួយនឹង​មន្ត្រី​និង​អង្គការ​ក្នុង​ស្រុក​មួយ​ ដោយ​ថា ​ទូក​សហ​គម៍​ចាស់ ដេញ​មិនទាន់​អ្នកនេសាទ​ខុសច្បាប់​នោះ អ្នកស្រី​ទទួល​បាន​ត្រឹម​ចម្លើយ​ថា «សហគមន៍​គួរតែ​ថែរក្សា​ទូក​នោះ​ឱ្យ​បាន​ល្អ»។ អ្នកស្រី​ សិលា ក្រោយពី​បាន​ស្តាប់​ហើយ មិនបាន​សន្យា​ថា​នឹង​មាន​អន្តរាគមន៍​អ្វី​ជាក់លាក់​នោះ​ទេ។

អ្នកនេសាទ​ម្នាក់​មិន​ទទួល​បាន​ត្រី​មួយ​សោះ​នៅពេល​ដែល​គាត់​លើក​មង​របស់​គាត់​ដែល​ដាក់​នៅក្នុង​ដងស្ទឹង​មួយ​ក្នុង​ឃុំ​អូរស្វាយ ខេត្ត​ស្ទឹងត្រែង នា​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (Enric Català​)

អ្នកស្រាវជ្រាវ​សង្គម​ម្នាក់​នេះ​យល់​ពី​បញ្ហា​លំបាក​របស់​សហគមន៍ ហើយ​បាន​ចាត់ទុក​ករណី​ដែល​អ្នក​ស្រី​ ចាន់​ដន បាន​លើកឡើង ​ជាហេតុ​ផល​មួយទៀត​ក្នុងការ​បន្ត​គោលដៅ​របស់​អ្នកស្រី​ក្នុង​ការ​ជួយ​ឱ្យ​សហគមន៍​នៅ​តំបន់ដីសើម​អាច​ដឹកនាំ​ក្នុង​ការងារ​ការពារ​ជីវភាព​និង​បរិស្ថាន​របស់​ពួក​គេ។

អ្នកស្រី​ សិលា ​បាន​ជាប់ចិត្ត​តំបន់ដីសើម ​«រ៉ាម​សារស្ទឹងត្រែង» ​តាំងពី​ពេល​ដែល​អ្នកស្រី​បាន​ឆ្លងកាត់​ព្រៃលិចទឹក​នេះ​កាលពី១៥ឆ្នាំមុន។ តាមរយៈ​ការងារ​ជាច្រើន​ឆ្នាំ​នៅក្នុង​តំបន់ដីសើម​នេះ អ្នកស្រី​បាន​សង្កេតឃើញ​ការ​គាំទ្រ​ទៅដល់​សហគមន៍​និង​ប្រព័ន្ធ​អេកូឡូស៊ី​មួយ​នេះ​ឡើងចុះ​ដូច​វដ្ត​របស់​ទន្លេមេគង្គ​ដែរ ដោយសារ​គម្រោង​ខ្លះ​ត្រូវ​បាន​បោះបង់​ពាក់កណ្តាល​ទីនៅ​ពេល​ដែល​ហិរញ្ញប្បទាន​គាំទ្រ​គម្រោង​នោះ​លែង​មាន។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​អ្នកភូមិ​ស្រងាកចិត្ត​និង​មិន​មានទំនុក​ចិត្ត​តទៅទៀត។ 

អ្នកស្រី ​សិលា ​បច្ចុប្បន្ន​ បាន​ប្តូរ​ការងារ​ពី​អ្នកស្រាវជ្រាវ​មក​ធ្វើការ​ជា​អ្នកតស៊ូ​មតិ​វិញ។ អ្នកស្រី​ជា​មនុស្សម្នាក់​ក្នុងចំណោម​អ្នកធ្វើការ​ងារ​អភិរក្ស​បរិស្ថាន​ដែល​បាន​ចំណាយពេល​វេលា​ជាច្រើន​ម៉ោង​ជជែក​និង​ស្តាប់​សហគមន៍​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​ទទួល​បានការ​ទុកចិត្ត​ពី​អ្នកភូមិ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​អ្នកជំនាញ​ក្នុង​វិស័យ​នេះ។

សម្រាប់​អ្នកស្រី​ សិលា គឺ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ដែលជា​អ្នក​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ការពារ​តំបន់ដីសើម​ដែល​កំពុង​រង​ការ​គំរាមកំហែង​ដោយ​កត្តា​ផ្សេង​ៗ ព្រោះ​ពួក​គេ​មានចំណេះ​ដឹង​និង​ទំនៀមទម្លាប់​ដែល​នៅ​មិន​ទាន់​ត្រូវបាន​គេ​ស្វែងយល់​ឱ្យ​បាន​ដិតដល់។

ចាប់ផ្តើម​ស្គាល់​តំបន់​រ៉ាម​សារ​ស្ទឹងត្រែង​

អ្នកស្រី​ សិលា ​បានមករស់នៅ​ខេត្ត​ស្ទឹងត្រែង​នៅ​ឆ្នាំ២០០៥ ក្នុងនាម​ជា​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​ប្រមូល​ទិន្នន័យ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ​អំពី​ផល​ប៉ះពាល់​ទំនប់​វារី​អគ្គិស​នី Yali ប៉ះពាល់​ដល់កម្រិត​ទឹក​និង​ជីវភាពរស់នៅ​របស់​សហគមន៍​ដែល​រស់នៅ​តាម​ដងទន្លេ​សេសាន ទន្លេស្រែពក និង​សេកុង​ ដែល​ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​សម្រាប់​ទន្លេមេគង្គ។

ក្រោយពី​បាន​ចំណាយពេល​មួយឆ្នាំ​ធ្វើដំណើរ​និង​ជជែក​ជាមួយ​អ្នកភូមិ អ្នកស្រី សិលា បាន​និយាយ​ថា អ្នកស្រី​បាន​ចាប់ចិត្ត​នឹង​ទេសភាព​និង​ជីវចម្រុះ​នៅ​តំបន់​នេះ​ជា​ខ្លាំង ប៉ុន្តែ​លើស​ពីនេះ អ្នកស្រី​រឹតតែ​ចាប់អារម្មណ៍​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ទន្លេ​នេះ។

អ្នកស្រី​និយាយ​ថា៖ «សហគមន៍​ប្រៀប​ដូចជា​សាលារៀន​អញ្ចឹង។ យើង​អាច​រៀន​បាន​ច្រើនណាស់​ពី​សហគមន៍។ ពួក​គាត់​តែងតែ​ផ្សារភ្ជាប់​ជីវិត​របស់​ពួក​គាត់​ទៅ​នឹង​ទន្លេ​និង​ត្រី។ សូម្បីតែ​ត្រី​ក៏​មានរឿង​និទាន សូម្បីតែ​ព្រៃ ព្រៃលិចទឹក​ក៏​មានរឿង​ដំណាល​របស់​វា សូម្បីតែ​ថ្ម​នៅក្នុង​ទន្លេ​ក៏​មានរឿង​និទាន​ដែរ។ វា​បាន​បង្រៀន​ខ្ញុំ​ជាច្រើន​ដែល​ខ្ញុំ​នឹកស្មាន​មិនដល់។»

ខេត្ត​ស្ទឹងត្រែង​ជា​កន្លែង​មួយ​ក្នុងចំណោម​តំបន់ដីសើម​ការពារ​ទាំង​ប្រាំ​របស់​ប្រទេស​កម្ពុជា​ឬតំបន់​«រ៉ាម​សារ»។ ផ្ទៃដី១៤ ៦០០ហិ​កតា​ ដែល​លាតសន្ធឹង​កណ្តាលទន្លេ​មេគង្គ​ គឺជា​ជម្រក​របស់​សត្វ​ផ្សោត​មេគង្គ​និងត្រី​មេ​ពូជ​ដែល​ជិត​ផុតពូជ​របស់​ប្រទេស​កម្ពុជា ​រួមមាន ​ត្រី​គល់រាំង ត្រី​រាជ បបែល​មេគង្គ និង​ត្រី​ប៉ាសេ​អ៊ី​ ជាដើម។ 

ប្រភេទ​សត្វ​ជាច្រើន​ទៀត​រាប់​ចាប់ពី​ប្រភេទ​បក្សី​ជិត​ផុតពូជ​ឬជិត​រង​ការ​គំរាមកំហែង​ រហូតដល់​ក្រពើ​ភ្នំ ក៏​រស់នៅ​ក្នុង​តំបន់ដីសើម​«រ៉ាម​សារ»​នៃ​ខេត្ត​ស្ទឹងត្រែង​នេះ​ដែរ។ បើ​ទោះបីជាសម្រស់​និង​សារៈសំខាន់​របស់​តំបន់«​រ៉ាម​សារ​ស្ទឹងត្រែង​»ដែល​ជា​ជម្រក​និង​មាន​តួនាទី​ស្រូប​យក​កាបូន​ឌីអុកស៊ីត តំបន់​នេះ​ជា​រឿយ​ៗត្រូវ​បាន​គេ​មិនសូវ​យកចិត្ត​ទុកដាក់​ប៉ុន្មាន​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ សិលា។

អ្នកស្រី​ សិលា ​បាន​ថ្លែង​ថា៖ «នៅពេល​ខ្ញុំ​សម្រេចចិត្ត​ទៅ​ខេត្ត​ស្ទឹងត្រែង ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើដំណើរ​ផ្សងព្រេង។ នៅពេល​ដែល​ខ្ញុំ​នៅ​ទីនោះ​ក្នុង​ខែកញ្ញា ​ឆ្នាំ២០០៥ ខ្ញុំ​បាន​ភ្ញាក់ផ្អើល​ជា​ខ្លាំង»។ 

អ្នកស្រាវជ្រាវ​ដែល​មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​ បាន​និយាយ​បន្ថែម​ដោយ​ពិពណ៌នា​ពី​ភាព​ទាក់ទាញ​នៃ​តំបន់ដីសើម​នេះ​ថា៖ «អន្លង់​ជ្រៅ ដែល​យើង​មើល​មិនឃើញ​ ជា​ជម្រក​និង​កន្លែង​កកើ​តរបស់​ព​ពួក​ត្រី​មេ​ពូជ​ដែល​មាន​ទម្ងន់​ជាង២០០គីឡូ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មាន​ប្រភេទ​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៀត​កំពុង​រស់នៅ​ក្នុង​តំបន់​រងទឹក​ភ្លៀង​នេះ និង​ដើមឈើ​ព្រៃលិចទឹក​ដែល​ឈរ​បង្ហាញខ្លួន​យ៉ាង​រឹងមាំ​នៅក្នុង​ទន្លេមេគង្គ»។ 

អ្នកស្រី​ សិលា ​បាន​ថ្លែង​បន្ត​ថា៖ «មាន​កោះ​ខ្សាច់​ជាច្រើន ហើយ​អ្វី​ដែល​ទាក់ទាញ​ខ្លាំង​នោះ​គឺ​ព្រៃលិចទឹកដែល​ដុះ​នៅ​កណ្តាលទន្លេ មាន​ដើមឈើ​ច្រើនណាស់។ មាន​ក្អែកទឹក​និង​ប្រវឹក។ ដើមឈើ​ព្រៃលិចទឹក​ ជាពិសេស​នៅ​ខាងមុខ​ភូមិ​វ៉ឺ​នសៀន ដុះ​ខ្ពស់​ៗ ដើម​វា​មិនធំ​ទេ តែ​វា​ខ្ពស់​ហើយ​ច្រើន»។ 

អ្នកស្រី ​សិលា​ បាន​ស្គាល់​ប្រភេទ​សត្វ​ទាំងនេះ​រឹតតែ​ច្បាស់ តាមរយៈ​ការងារ​ជា​ជំនួយការ​ស្រាវជ្រាវ​សម្រាប់​គម្រោង​«សាលា​ភូមិ»​ដែល​បាន​កត់ត្រា​ប្រភេទ​ត្រី​ជាង១៣០ប្រភេទ​ដែល​មាន​វត្តមាន​នៅក្នុង​តំបន់​រ៉ាម​សារ​ខេត្ត​ស្ទឹងត្រែង ក៏ដូចជា​ប្រភេទ​រុក្ខជាតិ ឫស​ឈើ ​និង​បច្ចេកទេស​នេសាទ ដោយ​ផ្អែកលើ​ចំណេះដឹង​របស់​អ្នកភូមិ​ដែល​រស់នៅ​ទីនោះ។ 

អ្នកស្រី​បានឱ្យ​ដឹង​ថា ​នេះ​គឺជា​លើកទីមួយ​ហើយដែល​អ្នកភូមិ​កត់ត្រា​ទុក​និង​ចងក្រង​ចំណេះដឹង​ទាំងអស់​នេះ​ជា​លាយ​លក្ខណ៍អក្សរ។

អ្នកស្រី​ សិលា ​បន្ត​ថា៖ «ក្នុង​គម្រោង​នេះ អ្នកភូមិ​ប្រើប្រាស់​ចំណេះដឹង​របស់​ពួក​គេ​ដែល​បាន​ចែករំលែក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ពួក​គាត់​ភាគច្រើន​មិន​ចេះអក្សរ​ទេ ដូច្នេះ​គម្រោង​នេះ​ជួយ​ពួក​គាត់​ឱ្យ​ចងក្រង​ចំណេះដឹង​ទាំងនេះ។»

អ្នកភូមិ​ជាច្រើន​រូប​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​«សាលា​ភូមិ» មាន​ភាព​សកម្ម​ក្នុង​ការងារ​ការពារ​បរិស្ថាន បន្ទាប់ពី​ពួក​គេ​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​ចែករំលែក​ចំណេះដឹង​របស់​ពួក​គេ។ ការងារ​នេះ​ជា​ការងារ​សំខាន់​មួយ ប្រសិនបើ​សង្កេតឃើញ​ថា​មិន​មានការ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​បែប​វិទ្យាសាស្ត្រ​ទៅលើ​តំបន់​នេះនោះ​ទេ។

អ្នកស្រី​បានបន្ថែម​ថា៖ «ខ្ញុំ​គិតថា​ នៅតែ​មិនទាន់​ដឹង​ច្រើន​អំពី​តំបន់​នោះ​ឬរឿង​ដែល​មិនទាន់​ត្រូវ​បាន​សិក្សា​ស៊ីជម្រៅ​អ្វី​ដែល​គួរ​សិក្សា​ឬពិភាក្សា​នៅឡើយ»។

លោក ម៉ម កុសល អ្នក​បរិស្ថាន​វិទ្យា​ផ្នែក​ជលផល​នៃ​អង្គការ WorldFish ជា​សហការី​របស់​អ្នកស្រី​ សិលា ​បាន​លើកឡើង​ថា អ្នកស្រី​ សិលា​ ទទួល​បាន​ទំនុកចិត្ត​ពី​សហគមន៍ ខណៈ​ដែល​មិន​មាន​អ្នកស្រាវជ្រាវ​សង្គម​ច្រើន​ទេ​ដែល​អាច​ធ្វើ​បាន។ នេះ​ក៏ដោយ​សារ​អ្នកស្រី​ សិលា​ បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងនោះ ហើយ​ថែមទាំង​បាន​បន្ត​ធ្វើការ​ពាក់ព័ន្ធ​នឹង​តំបន់​នេះ ដូច្នេះហើយ​ទើប​គម្រោង​ដែល​បាន​ធ្វើកន្លង​មក​មានប្រសិទ្ធភាព។ 

លោក​ថ្លែង​ថា៖ «មិន​មាន​អ្នកស្រាវជ្រាវ​ច្រើន​នាក់​ទេ​ដែល​បាន​ចំ​ណាយ​ពេល​យ៉ាងច្រើន​នៅក្នុង​សហគមន៍​ដូច​គាត់។ គាត់​មាន​ទំនាក់ទំនង​ជាមួយ​សហគមន៍ ខណៈ​ពេល​ដែល​គាត់​ធ្វើការ​ឱ្យ​គម្រោង​ជាច្រើន​នៅក្នុង​តំបន់​នោះ បន្ទាប់ពី​គម្រោង​”សាលា​ភូមិ​”បាន​បញ្ចប់​ទៅ។ »

អ្នកស្រី​ សិលា ​បាន​ចែកពេល​វេលា​របស់​អ្នកស្រី​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ស្ទឹងត្រែង ខណៈ​ពេល​ពពោះ​កូន​ទាំងពីរ​នាក់​របស់​អ្នកស្រី។ បច្ចុប្បន្ន​នេះ អ្នកស្រី​បាន​ចំណាយពេល​វេលា​ច្រើនជាង​នៅ​ឯរាជធានី ខណៈ​កូន​ៗរបស់​អ្នកស្រី​ស្ថិត​ក្នុង​វ័យ​សំខាន់​មួយ​ដែល​ពួក​គេ​កំពុង​ចង់​ដឹង​និង​សួរ​ច្រើន។ នៅពេល​នាង​ធ្វើដំណើរ​ជាមួយ​អ្នកយកព័ត៌មាន​ទៅ​ខេត្ត​ស្ទឹងត្រែង ក្រុម​គ្រួសារ​របស់​នាង​មិន​នៅ​ឆ្ងាយ​នោះ​ទេ គឺ​បាន​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ស្ទឹងត្រែង​នៅ​ចុង​សប្តាហ៍។

តុល្យភាព​ដែល​ផុយ​ស្រួយ​

ទោះបីជា​ភាព​ស្រស់​ស្អាត​នៃ​ទេសភាព​ធម្មជាតិ​នៅ​តំបន់​នោះ ​ជា​អ្វី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នកស្រី​ សិលា ប៉ុន្តែ​មិនយូរ​ប៉ុន្មាន ​គឺ​ប្រជាជន​ដែល​រស់នៅ​ក្នុង​អេកូឡូស៊ី​នៃ​តំបន់ដីសើម​នេះ​ទៅវិញទេ ​ដែល​អ្នកស្រី​ សិលា ​ផ្តោត​ការយកចិត្ត​ទុកដាក់។

អស់​រយៈពេល​ជាង១៥ឆ្នាំ​នៅក្នុង​ការស្រាវជ្រាវ​អំពី​ជីវភាពរស់នៅ អ្នកស្រី សិលា សម្រប​ខ្លួន​ទៅ​ក្នុង​ជីវិត​ជាមួយ​សហគមន៍​នៅ​តំបន់ដីសើម​ស្ទឹងត្រែង ហើយ​បាន​ក្លាយជា​ភ្ញៀវ​ដែល​មក​តំបន់​នេះ​ជា​ទៀងទាត់ ចែករំលែក​នំចំណី​ជាមួយ​ក្មេង​តូច​ៗ និង​ជជែក​លេង​ជាមួយ​អ្នកភូមិ​នៅពេល​ពួក​គេ​កំពុង​នេសាទ​និង​ធ្វើ​កសិកម្ម​នៅក្នុង​តំបន់​អភិរក្ស​នេះ។

អ្នកការពារ​ព្រៃ​តំបន់​«រ៉ាម​សារ»ក្នុង​ខេត្ត​ស្ទឹងត្រែង​ម្នាក់ បើកទូក​កាត់​ព្រៃលិចទឹក​ទន្លេមេគង្គ នា​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (Enric Català​)

អ្នកស្រុក​នៅ​តំបន់​រ៉ាម​សា ​មិន​សុទ្ធ​តែងតែ​រីករាយ​ចូលរួម​ក្នុង​គម្រោង​របស់​អ្នកស្រី​នោះ​ទេ ហើយ​អ្នកស្រី ​សិលា​ បាន​លើកឡើង​ថា ​វា​អាច​មានការ​ពិបាក​នឹង​ស្នើសុំ​ឱ្យ​អ្នកភូមិ​ដែល​ធ្លាប់​នេសាទ​ពេញ​មួយឆ្នាំ កំណត់​ការ​នេសាទ​ពាណិជ្ជកម្ម​របស់​ពួក​គេ​រហូតដល់​រដូវ​បើក​នេសាទ​វិញ។ ប៉ុន្តែ​អ្នកស្រី​ សិលា ​មានការ​តាំងចិត្ត​ស្វែងរក​ចំណុច​កណ្តាល​មួយ​ដែល​មាន​តុល្យភាព​រវាង​ប្រយោជន៍​សម្រាប់​សហគមន៍​និង​តំបន់​ការពារ។

អ្នកស្រី​ សិលា ​លើកឡើង​ថា៖ «នៅពេល​យើង​សម្រេចចិត្ត​ដាក់​តំបន់​ណាមួយ​ដើម្បី​អភិរក្ស យើង​ត្រូវ​គិតគូរ​ពី​ផលប្រយោជន៍​សម្រាប់​សហគមន៍ ព្រោះថា​ អ្នកភូមិ​គាត់​ត្រូវ​ទៅនេសាទ​នៅ​តំបន់​នោះ សម្រាប់​ហូប។ ដូច្នេះ​ប្រសិនបើ​មិន​មានការ​ជជែក​ពិភាក្សា​ជាមួយ​សហគមន៍​នោះ​ទេ ហើយ​មានតែ​បញ្ជា​មក​ពីលើ នោះ​យើង​នឹង​ជួប​បញ្ហា។»

ពេលខ្លះ​ រឿង​នេះ​តម្រូវ​ឱ្យ​មានការ​ជជែក​ជាមួយ​អ្នកនេសាទ​អំពី​វិធី​ដែល​ពួក​គេ​អាច​ប្តូរ​ទម្លាប់​នេសាទ​បច្ចុប្បន្ន​របស់​ពួក​គេ​ទៅ​ការ​នេសាទ​ក្រៅពី​ត្រី​ក្នុង​ទន្លេ ដើម្បី​រកចំណូល​សម្រាប់​ជីវភាព ដូចជា​ការ​ចិញ្ចឹម​ក្តាម​ទឹកសាប​ជាដើម។ ហើយ​ពេលខ្លះ​ អ្នកស្រី​សិលា​ចូលរួម​ជាមួយ​អ្នកលេង​ល្បែង​កម្សាន្ត​អំពី​ការចូលរួម​ក្រុម​សន្សំ​ដែល​ជា​ទុន​សន្សំ​ក្នុង​សហគមន៍​ ដែល​អ្នកស្រី​ សិលា យល់ថា​ មាន​សារៈសំខាន់​សម្រាប់​ជម្រើស​ជីវភាព​ផ្សេង​ក្រៅពីការ​នេសាទ​ត្រី​ទន្លេ។

អ្នកស្រី​ សិលា ​បាន​ថ្លែង​ថា៖ «សហគមន៍​ពឹងផ្អែក​លើ​ដីសើម​ ហើយ​ដីសើម​ពឹងផ្អែក​លើ​សហគមន៍។ ចំនួន​ប្រជាជន​កាន់តែ​កើនឡើង អញ្ចឹង​ធនធាន​ដែល​មាន​ហ្នឹង​ត្រូវ​បែងចែក​សម្រាប់​មនុស្ស​កាន់តែ​ច្រើន បង្ក​ឱ្យ​មាន​សម្ពា​ធកាន់តែ​ខ្លាំង​ទៅលើ​ធនធាន​ធម្មជាតិ។ វា​ជា​ការសំខាន់​ណាស់​ដែល​ពួក​គាត់​មាន​ជំនាញ​និង​មាន​ជម្រើស​ក្នុង​ការ​ចិញ្ចឹមជីវិត​ជំនួស​ដល់​ការ​នេសាទ​ ពេលនោះ​គាត់​នឹង​កាត់បន្ថយ​ការពឹងផ្អែក​លើ​ធនធាន​ទាំងនេះ ​ហើយ​បន្ទាប់មក​អាច​ចូលរួម​ការពារ​ធនធាន​ទាំងនេះ​បាន»។

តំបន់ដីសើម​ដែល​ត្រូវ​បានការ​ពារ​នៅ​ខេត្ត​ស្ទឹងត្រែង​មាន​លក្ខណៈ​ពិសេស ​គឺ​អន្លង់​ទឹកជ្រៅ​ដែល​ជា​ជម្រក​សុវត្ថិភាព​សម្រាប់ត្រី​មេ​ពូជ។ ទន្លេ​នេះ​តភ្ជាប់​ទៅ​បឹងទន្លេសាប​ដែល​ចាប់ផ្តើម​ស្រក​ទឹក​ចាប់ពី​ខែមីនា​ដល់​ខែឧសភា ជា​ពេល​ដែល​ប្រភេទ​ត្រី​ជាច្រើន​ប្រភេទ​ផ្លាស់ទី​ទៅ​ទន្លេមេគង្គ​ដើម្បី​ការ​បង្ក​កំណើត។ វា​ក៏​ផ្តល់​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​នៅ​តំបន់​នោះ​និង​ជាច្រើន​ទៀត​នៅ​តាម​ដងទន្លេ​មេគង្គ​និង​ទន្លេសាប។

ប៉ុន្តែ​តំបន់​ការពារ​នេះ​កំពុង​រង​ការ​គំរាមកំហែង​ពី​ការ​នេសាទ​ខុសច្បាប់ កង្វះ​ថវិកា​ក្នុង​ការការពារ និង​មិន​មាន​ផែនការ​គ្រប់គ្រង​នៅពេលអនាគត។

លោក​ ម៉ៅ សា​រ៉េ​ត ដែល​បាន​ចូលរួម​ក្នុង​គម្រោង​ស្រាវជ្រាវ​ក្នុង​គម្រោង​«សាលា​ភូមិ​»សម្រាប់​ភូមិ​កោះ​ខន​ឌិន ហើយ​ក្រោយមក​បាន​ក្លាយ​ទៅជា​ប្រធាន​សហគមន៍​នេសាទ​«អន្លង់​កោះ​កាង» ​បាន​និយាយ​ថា​ ចាប់តាំងពី​ឆ្នាំ២០១៧មក មានតែ​រដ្ឋបាល​ជលផល​ទេ​ដែល​បាន​គាំទ្រ​ផ្នែក​ថវិកា​ទៅដល់​សហគមន៍​ក្នុង​ការ​ដើរ​ល្បាត​អន្លង់​អភិរក្ស​របស់​សហគមន៍។

អ្នកស្រី ជា សិលា ជជែក​ជាមួយ​លោក ម៉ៅ សា​រ៉េ​ត អតីតប្រធាន​សហគមន៍​នេសាទ​ឃុំ​សាមគ្គី ខេត្ត​ស្ទឹងត្រែង នា​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ (Enric Català​)

លោក​ថ្លែង​ថា៖ «ពី​ដំបូង​ពេល​ដែល​យើង​ចាប់ផ្តើម​គម្រោង”​សាលា​ភូមិ” សហគមន៍​នេសាទ​យើង​សកម្ម​ណាស់​ក្នុង​ការងារ​អភិរក្ស​ដើរ​ល្បាត ដោយសារ​ពេលនោះ​មាន​អង្គការ​ជាច្រើន​បានឱ្យ​ជំនួយ។ ដល់តែ​គេ​ដក​ជំនួយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វា​ប៉ះពាល់​ដល់​សកម្មភាព​ដើរ​ល្បាត​របស់​សហគមន៍​យើង​ដែរ»។

លោ​ក ផោ​គ និមល ប្រធាន​ក្រុមល្បាត​ប្រចាំ​នៅ​តំបន់​រ៉ាម​សារ​ខេត្ត​ស្ទឹងត្រែង ដែល​អតីត​ជា​អ្នកស្រាវជ្រាវ​គម្រោង​«សាលា​ភូមិ​»ដែរ​នោះ ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ មាន​ក្រុម​ដើរ​ល្បាត​ការពារ​តំបន់ដីសើម​នេះ​ត្រឹមតែ៨នាក់​តែប៉ុណ្ណោះ។ លើស​ពីនេះ ពួក​គេ​ទាំង៨នាក់​នេះ​ក៏​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ការពារ​និង​ល្បាត​ច្រករបៀង​សេដ្ឋកិច្ច​ជីវចម្រុះ​នៅ​ជិត​តំបន់​រ៉ាម​សារ​នេះ​ដែរ។

ប្រធាន​ក្រុម​ដើរ​ត្បាត​រូប​នេះ​បាន​កោតសរសើរ​អ្នកភូមិ​ដែល​បាន​ចូលរួម​អភិរក្ស​ព្រៃលិចទឹក​និង​គោរព​តាម​រដូវ​នេសាទ ប៉ុន្តែ​លោក​បារម្ភ​អំពី​ការ​នេសាទ​ល្មើសច្បាប់​នៅតែ​កំពុង​កើតមាន​នៅក្នុង​តំបន់​នេះ។

លោក​ថ្លែង​ថា៖ «បើ​តែ១៤ ៦០០ហិ​កតា គ្នា៨នាក់​នេះ​ការពារ​បាន ប៉ុន្តែ​ឥលូវនេះ ​យើង​ត្រូវការ​ពារ​ទាំង​ដីគោក ទាំង​ក្នុងទឹក»។ 

លោ​ក ឈួន ឆន អនុប្រធាន​នាយកដ្ឋាន​តំបន់​រ៉ាម​សារ​ស្ទឹងត្រែង បានឱ្យ​ដឹង​ថា ជីវចម្រុះ​នៅ​តំបន់​នេះ​បាន​ប៉ះពាល់​និង​ខូចខាត​ច្រើន​គួរ​ឱ្យ​កត់សម្គាល់។ 

លោក​ថ្លែង​ថា៖ «ចាប់តាំងពី​ឆ្នាំ២០១៧ ខ្ញុំ​សង្កេតឃើញ​ថា ​ព្រៃលិចទឹក​បាន​ខូចខាត​ច្រើន។ កម្រិត​ទឹកស្រក​ខ្លាំង ដើមឈើ​និង​ព្រៃលិចទឹក​មួយចំនួន​ធំ​បាន​ជ្រុះ​ស្លឹក ដួល​ងាប់។ ឯសត្វ​ភេ​វិញ យើង​នៅ​មាន គ្រាន់តែ​មាន​តិច។ បបែល​និង​ត្រី​ប្រ​ម៉ា​ក៏​អញ្ចឹង។ ឯត្រី​គល់រាំង​ក៏​នៅ​មាន តែ​មាន​តិច»។

លោក គង់ គី​មស្រេង ប្រធាន​នាយកដ្ឋាន​អភិរក្ស​តំបន់​ការពារ​ដីគោក​នៅ​ក្រសួងបរិស្ថាន​ បានឱ្យ​ដឹង​ថា លោក​ទទួលស្គាល់​ពី​បញ្ហា​ប្រឈម​និង​ការ​គំរាមកំហែង​លើ​តំបន់​រ៉ាម​សារ និង​បាន​លើកឡើង​ថា បើ​គ្មាន​ជំនួយ​ពី​ម្ចាស់​ជំនួយ​ទេ​នោះ ការវាយតម្លៃ​ថា​តើ​តំបន់​នេះ​នៅ​មាន​ធនធាន​ជីវចម្រុះ​អ្វីខ្លះ​នោះ​ គឺ​មិន​ងាយ​នឹង​ធ្វើ​បាន​ឡើយ។

អ្នកស្រី​ សិលា បាន​កត់សម្គាល់​អំពី​ការ​ចុះ​អន់ថយ​យ៉ាង​លឿន​នៃ​ដីសើម​នេះ​ នៅ​គ្រប់ពេល​ដែល​អ្នកស្រី​បាន​ទៅ​ខេត្ត​ស្ទឹងត្រែង ចាប់តាំងពី​ឆ្នាំ២០១៨។

បច្ចុប្បន្ន​នេះ អ្នកស្រី ​សិលា​ កំពុង​សរសេរ​អត្ថបទ​មួយ​ដែល​ឆ្លើយនឹង​សំនួរ​ថា ​តើមាន​មធ្យោបាយ​ណា​ដែល​អាច​កៀរគរ​មូលនិធិ​សម្រាប់​សហគមន៍​ប្រើប្រាស់​ ដើម្បី​ដើរ​ល្បាត​និង​ការពារ​តំបន់ដីសើម​នេះ។

អ្នកស្រី​ពន្យល់​ថា ​អ្នកប្រតិបត្តិ​ការ​អេកូ​ទេសចរណ៍​និង​អ្នកនេសាទ​ នឹង​ត្រូវ​បង់​វិភាគទាន​សម្រាប់​ការ​ការពារ​តំបន់​នេះ។ វា​នឹង​ជួយ​ធ្វើ​ឱ្យ​ស្ថានភាព​បច្ចុប្បន្ន​នេះ ​មាន​ភាព​ប្រសើរ​ឡើង​ជាង​ការ​រង់​ចាំ​ការ​ផ្តល់​ជំនួយ​ពី​ម្ចាស់​ជំនួយ​និង​ការ​កាត់​ផ្តាច់​ជំនួយ​ភ្លាម​ៗពីសំណាក់​ម្ចាស់​ជំនួយ​ដែរ។

នៅពេល​ករណីនេះ​កើតឡើង សហគមន៍​តែងតែ​ត្រូវ​បាន​ទុកចោល ​និង​មាន​ភាព​ងឿងឆ្ងល់​នៅពេល​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បោះបង់​គម្រោង​របស់​ពួក​គេ។

អ្នកស្រី​ សិលា ​បាន​បន្ថែម​ថា៖ «នៅពេល​ដែល​យើង​មិន​មានការ​ពន្យល់​ទៅ​សហគមន៍ ពួក​គាត់​មិនដឹង​ថា មានរឿង​អ្វី​កើតឡើង។ ពួក​គាត់​មិន​យល់ថា ​ហេតុអ្វីបានជា​គម្រោង​ស្រាប់តែ​ផ្អាក ហើយ​ពួក​គេ​នឹងលែង​មានទំនុក​ចិត្ត​លើ​យើង​ជា​អ្នក​អនុវត្ត​គម្រោង​ទៀតហើយ។»

មិនមែន​គ្រប់គ្នា​នៅ​ខេត្ត​ស្ទឹងត្រែង​ជា​អ្នកតស៊ូ​មតិ​ដើម្បី​ការ​អភិរក្ស​នោះ​ទេ។ ប៉ុន្តែ​អ្នកស្រី​និយាយ​ថា ​សហគមន៍​ដែល​រស់នៅ​«តំបន់​រ៉ាម​សារ​» យល់​អំពី​ទំនាក់ទំនង​ដ៏​វិសេស​រវាង​ពួក​គេ​នឹង​បរិស្ថាន ​និង​តម្រូវការ​ក្នុង​ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ពួក​គេ​ពឹងផ្អែក​លើ​សម្រាប់​ជីវភាព។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ជាទូទៅ ដីសើម​នៅ​ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធទៅ​នឹង​សហគមន៍និង​តម្លៃ​វប្បធម៌​របស់​ពូក​គេ។ អង្គការ​អភិវឌ្ឍ​ន៍ត្រូវតែ​យល់​ពីសា​រៈសំ​ខាន់​នៃ​តួនាទី​របស់​សហគមន៍​ក្នុង​ការងារ​អភិរក្ស ដោយហេតុថា ​សហគមន៍​ទទួល​បាន​ប្រយោជន៍​ពី​ប្រព័ន្ធ​នេះ ហើយ​ពួក​គេ​ជា​អ្នក​រស់នៅ​ទីនោះ»៕

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស​ ដោយ ចាន់​ មុយហុង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ