វិភាគ​៖​ ភាព​​ខុស​គ្នា​​រវាង​​អារម្មណ៍​​ពលរដ្ឋ​ខ្មែរ​​និង​​អាមេរិក​​ពេល​​បោះ​ឆ្នោត​​

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

ក្នុង​ពេល​បោះឆ្នោត ប្រជាពលរដ្ឋ​សហរដ្ឋអាមេរិក​ហាក់​សប្បាយរីករាយ​ដោយ​បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ត្រួតពិនិត្យ​លើ​សមត្ថភាព​មេដឹកនាំ​ថា តើ​គួរ​ត្រូវ​ឱ្យ​ដឹកនាំ​បន្ត​ឬត្រូវ​ជ្រើសរើស​អ្នកថ្មី​មក​ជំនួស​វិញ ចំណែក​ពលរដ្ឋខ្មែរ​ពេល​បោះឆ្នោត​ព្រួយបារម្ភ​ពី​សង្គ្រាម​ហើយ​សម្រុក​ទិញ​ស្បៀងអាហារ​ទុក។

យើង​ពិនិត្យ​លើ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ជា​ការប្រកួត​ប្រជែង​រវាង​លោក Donald Trump មក​ពី​គណបក្ស​សាធារណរដ្ឋ និង លោក Joe Biden មក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​ដំណើរការ​ដូច​ពេល​មុន​ៗដែរ។

ពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​មិន​មានការ​គំរាមកំហែង ក្រោយពេល​បោះ​ហើយ ពួក​គេ​អាច​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ថា គេ​បោះ​ឱ្យ​អ្នកនេះ​ឬបោះ​ឱ្យ​អ្នកនោះ​ដោយ​ផ្អែកលើ​ហេតុ​ផល​ផ្សេង​ៗ។ ការ​បង្ហាញ​ជំហរ​គាំទ្រ​អ្នកណា​ម្នាក់​របស់​ពួក​គេ ដោយ​មិន​ខ្លាច​ថា ភាគី​ម្ខាងទៀត​មានការ​គំរាមកំហែង​នោះ​ទេ។
ចំណែក​លទ្ធផល​នៃ​ការបោះឆ្នោត​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឬស្ថាន​ប័ន​ធ្វើការងារ​លើ​កិច្ចការ​បោះឆ្នោត បាន​ធ្វើ​បច្ចុប្បន្នភាព​រហូត​ដោយ​មិន​មានការ​ហាមឃាត់​ឬរារាំង​ពី​ស្ថាប័ន​ណាមួយ​នោះ​ទេ។

ដោយសារ​ពលរដ្ឋ​មិន​មានការ​ភ័យខ្លាច ពួក​គេ​មិនបាន​ធ្វើសកម្មភាព​ណាមួយ​ខុសប្រក្រតី​នោះ​ទេ ដូច្នេះ​នាំ​ឱ្យ​ទំនិញ​នៅ​តាម​ទីផ្សារ ការ​ប្រកប​អាជីវ​កម្ម​ផ្សេង​ៗទៀត ក៏​នៅតែ​ដំណើរការ​ប្រក្រតី​ធម្មតា។

ដោយឡែក ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ចាប់ពី​អាណត្តិ​ទី១ ឆ្នាំ១៩៩៣ ដល់​អាណត្តិ​ទី៦ ឆ្នាំ២០១៨ ជា​អាណត្តិ​ចុងក្រោយ​នោះ គឺ​ពលរដ្ឋ​បង្ហាញ​ការភ័យខ្លាច​តាមរយៈ​ការ​សម្រុក​ទិញ​ស្បៀង អាហារ ដក​លុយ​ពី​ធនាគារ ឬហាម​កូនចៅ​មិន​ឱ្យ​ចេញក្រៅ​ផ្ទះ ជាដើម។

អ្នក​សិក្សា​ផ្នែក​ច្បាប់​ដែល​បាន​តាមដាន​ដំណើរការ​ច្បាប់​និង​នយោបាយ លោក ឃី ពិសី មើលឃើញ​ថា ពលរដ្ឋ​អាមេរិក​ក្លៀវក្លា​ចូលរួម​កិច្ចការ​បោះឆ្នោត ហាក់​ដឹងពី​តួនាទី​របស់​ខ្លួន​ច្បាស់លាស់ នៅតែ​ទៅ​បោះឆ្នោត​ទោះ​ដឹង​ថា​ប្រឈម​ការ​ឆ្លង​មេរោគ​កូ​វីដ១៩។ 

លោក ពិសី លើកឡើង​ថា ពលរដ្ឋខ្មែរ​ភ័យខ្លាច ដោយសារតែ​អ្នកនយោបាយ​មានការ​គំរាមកំហែង​ថា មាន​សង្គ្រាម ជេរប្រមាថ ឬចល័ត​រថ​គ្រោះ​ហាក់ដូច​ត្រៀម​ធ្វើសង្គ្រាម ជាដើម។

លោក ឃី ពិសី៖ «អ្នកខ្លះ​ទៅ ឱ្យ​តែ​ជិតដល់​ពេល​បោះឆ្នោត នាំគ្នា​ទិញ​អង្ករ ទិញ​សៀង ទិញ​មី ត្រីខ ទុក​ហើយ​! ព្រោះ​ខ្លាច​តែ​ការបោះឆ្នោត​ហ្នឹង​វា​នាំ​ឱ្យ​មាន​បញ្ហា នាំ​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម។ អ៊ីចឹង​នាំ​ឱ្យ​ពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ខុសពី​ពលរដ្ឋ​អាមេរិក ដែល​ពលរដ្ឋ​អាមេរិក​គាត់​សប្បាយរីករាយ។ អ៊ីចឹង​ពលរដ្ឋ​កម្ពុជា ឱ្យ​តែ​ជិតដល់​ពេល​បោះឆ្នោត អារម្មណ៍​ពួក​គាត់​គឺ​តែងតែ​ភ័យ​ហើយ​រក​អង្ករ​រក​ស្បៀង​ទុក​ហើយ»។

ចំពោះ​អ្នក​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ប៉ោ មករា លើកឡើង​ថា ពលរដ្ឋ​អាមេរិក​សប្បាយរីករាយ​ក្នុង​ការចូលរួម​បោះឆ្នោត ដោយសារ​ពួក​គេ​ទទួល​បានការ​អប់រំ​បាន​ខ្ពស់។ លោក​បន្ត​ថា ពលរដ្ឋ​អាមេរិក​មិនមែន​តាមដាន​តែ​នយោបាយ​នៅក្នុង​ប្រទេស​ទេ គឺ​តាមដាន​នយោបាយ​នៅ​លើ​ពិភពលោក​ទាំងមូល។

លោក ប៉ោ មករា បន្ត​ថា ចំពោះ​ពលរដ្ឋខ្មែរ​នៅតែ​មានការ​ភ័យខ្លាច​ខ្លាំង​ចំពោះ​កិច្ចការ​នយោបាយ។

លោក ប៉ោ មករា៖ «អាមេរិក​និង​កម្ពុជា កម្រិត​វប្បធម៌​គឺ​ខុសគ្នា អាច​ថា ខុសគ្នា​ដល់​ពាក់កណ្តាល។ អ៊ីចឹង​ការយល់​ដឹងរឿង​នយោបាយ រឿង​ដឹកនាំ​ប្រទេស​ហ្នឹង វា​ខ្ពស់​ជាង​កម្ពុជា​ឆ្ងាយណាស់ មិនមែន​តែ​រឿង​ដឹកនាំ​នៅ​អាមេរិក​ហ្នឹង​មួយទៀត​ទេ គឺ​ពលរដ្ឋ​អាមេរិក​យល់ដឹង​ពី​ការដឹកនាំ​ពិភពលោក​ទាំងមូល​តែម្តង»។

អ្នក​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់ទៀត លោក ម៉ី វុទ្ធី លើកឡើង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ពលរដ្ឋ​អាមេរិក​មិន​មានការ​ព្រួយបារម្ភ ព្រោះ​ពលរដ្ឋ​នៃ​ប្រទេស​មហាអំណាច​នេះ​មានចំណេះ​ដឹង​ខ្ពស់ បូក​ផ្សំ​ជាមួយ​ប្រព័ន្ធ​ច្បាប់​ឬរដ្ឋបាល​នៃ​ប្រទេស​នេះ​រឹងមាំ​ហើយ ទោះ​លោក Donald Trump ឬ Joe Biden ឈ្នះ ក៏​មិនបាន​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក​ភ័យខ្លាច​ដែរ។

លោក ម៉ី វុទ្ធី៖ «នរណា​ក្តី Joe Biden ក្តី​! Trump ក្តី​! គឺ​ពលរដ្ឋ​អាមេរិក​មិន​មានអី​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ។ ចំណុច​នេះ បើ​និយាយ​ស្រុក​យើង​វិញ យើង​តែងតែ​បារម្ភ ជាប់​អ្នកនេះ ជាប់​អ្នកនោះ ឬជាប់​អ្នកណា​ទេ​? បារម្ភ​ខ្លាច​សង្គ្រាម ប៉ុន្តែ​នៅ​អាមេរិក អត់ទេ​បាទ អត់ទេ»។

ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក មិនមែន​តែ​ពលរដ្ឋ​អាមេរិក​ទេ​ដែល​និយាយ​ដោយសេរី​នោះ​គឺ​ពលរដ្ឋ​នៅ​តាម​ប្រទេស​ផ្សេង​ក៏​នាំគ្នា​និយាយ​និង​តាមដាន​ព្រឹត្តិ​ការណ៍​នេះ​ដែរ។ នៅ​ប្រទេស​ឥណ្ឌា​មានការ​រៀបចំ​ធ្វើពិធី​បួងសួង​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ដែល​ពួក​គេ​ស្រលាញ់​ឱ្យ​ឈ្នះ។ នៅ​កម្ពុជា ទាំង​ការ​ជជែកគ្នា​នៅ​តាម​ទី​សាធារណៈ​ឬនៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក គេ​នាំគ្នា​ជជែក​ផុសផុល​ពី​ការបោះឆ្នោត​នៅ​អាមេរិក​នេះ អ្នកខ្លះ​ក៏បាន​ភ្នាល់​គ្នា​ផង​ដែរ​ថា បេក្ខជន​ណាមួយ​ឈ្នះ។

អ្នកនយោបាយ​និង​ពលរដ្ឋ​អាមេរិក​

នៅក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត បេក្ខជន​ប្រធានាធិបតី​បាន​ជជែក​ដេញដោល​ជា​សា​ធា​ណរៈ​និង​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពី​គោលនយោបាយ​ដឹកនាំ​ប្រទេស ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សេវា​ថែទាំ​សុខភាព ប្រឆាំង​អំពើពុករលួយ ពង្រឹង​សន្តិសុខ​ផ្ទៃក្នុង ការពង្រីក​សេដ្ឋកិច្ច និង​ពង្រឹង​ឥទ្ធិពល​អាមេរិក​លើឆាកអន្តរជាតិ ជាដើម។

នៅក្នុង​សារ​នយោបាយ​របស់​អ្នកនយោបាយ​អាមេរិក មិនបាន​លើកឡើង​ពី​សង្គ្រាម​ឬអសន្តិសុខ​កើតឡើង​ពេល​ភាគី​ណាមួយ​ចាញ់​នោះ​ទេ គឺ​ពួក​គេ​លើកឡើង​តែ​ពី​គោលនយោបាយ​ដែល​ពួក​គេ​បាន​ស្រាវជ្រាវ រក​ឃើញ​គន្លឹះ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​បាន​សុខ ប្រទេសជាតិ​រីកចម្រើន និង​មាន​ឥទ្ធិពល​លើ​ពិភពលោក។

ចំពោះ​ពលរដ្ឋ​អាមេរិក​ដែល​ទទួល​បានការ​អប់រំ​ខ្ពស់ ក៏បាន​តាមដាន​គោលនយោបាយ​របស់​បេក្ខជន​នី​មួយ​ៗពេល​ឃោសនា មុន​ឈាន​ដល់​ការសម្រេច​ចិត្ត​គាំទ្រ​ដល់​បុគ្គល​ណាមួយ​ដោយ​មិន​សម្រេច​ព្រោះ​មានការ​ភ័យខ្លាច​នោះ​ទេ។ ការសម្រេច​គាំទ្រ​អ្នកនយោបាយ​នោះ​ទៀតសោត គឺ​ពលរដ្ឋ​អាមេរិក​មិនបាន​គាំទ្រ​លើ​បុគ្គល​ណាមួយ​ផ្តាច់​មុខ​នោះ​ទេ។

អ្នកនយោបាយ​និង​ពលរដ្ឋ​កម្ពុជា

​នៅ​កម្ពុជា​ក្លាយទៅជា​រឿង​ធម្មតា​ទៅ​ហើយ គឺ​មិនថា​ជិតដល់​ពេល​បោះឆ្នោត​ឬពេល​ធម្មតា​ទេ អ្នកនយោបាយ​តែងតែ​ជេរប្រមាថ​គ្នា​ដោយ​ប្រើពាក្យ​អសុរោះ គំរាមកំហែង ព្រមាន​ចាប់​ដាក់​ពន្ធនាគារ ការ​សម្លាប់ ឬកើតសង្គ្រាម ជាដើម។ អ្នកនយោបាយ​ជើងថ្មី​ឬជើងចាស់ ក៏​តែងតែ​ជេរដៀល​ពូជ​ហែកកេរ្តិ៍​គ្នា​រឿង​បុគ្គល​ដែរ។

ជា​លទ្ធផលជាក់​ស្តែង ថ្នាក់ដឹកនាំ​និង​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់ ហើយក៏​មានការ​វាយបែក​ក្បាល វាយ​ឱ្យ​រង​របួស​ផ្សេង​ៗទៀត បន្តបន្ទាប់​ដែរ។

ដោយសារតែ​គំរូ​មិនល្អ​របស់​អ្នកនយោបាយ​បែបនេះ ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លាច​សូម្បីតែ​ពាក្យ​ថា «នយោបាយ» ដែល​មាននៅ​ក្នុង​ផ្នត់គំនិត​មហាជន​ថា «នយោបាយ បើ​មិន​ស្លាប់ ត្រូវ​ជាប់គុក ឬ រត់ចោលស្រុក» ឬ ថា «បើ​មិន​ចង់​ស្លាប់​ចោល​គ្រួសារ​ទេ កុំ​ខ្វល់​រឿង​នយោបាយ»

បើ​និយាយ​ពី​កម្រិតយល់ដឹង​របស់​ពលរដ្ឋ​មាន ក្នុង​ការ​ស្វែងយល់​ពី​នយោបាយ​ដឹកនាំ​ប្រទេស​នោះ មិន​មានការ​សិក្សា​ជា​ផ្លូវការ​ទេ ប៉ុន្តែ​បើ​និយាយ​ក្តី​បារម្ភ​ចំពោះ​គ្រឿងញៀន​និង​គ្រឿងស្រវឹង​បំផ្លាញ​សុខភាព បញ្ញា​ស្មារតី និង​អាយុជីវិត​ពលរដ្ឋ​វិញ គឺ​ទាំង​ថ្នាក់ដឹកនាំ​និង​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​ក៏បាន​លើកឡើង​ថា បញ្ហា​ទាំងនេះ​ឈាន​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ។

បើ​ពលរដ្ឋ​កាន់តែ​ច្រើន​ដែល​រង​ឥទ្ធិពល​ពី​គ្រឿងស្រវឹង​និង​គ្រឿងញៀន​នោះ ប្រហែលជា​ពួក​គាត់​មិន​មាន​ពេល​តាមដាន​នយោបាយ​ដឹកនាំ​ប្រទេស​ដូច​ពលរដ្ឋ​អាមេរិក​នោះ​ទេ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ