អគ្គិភ័យ​​ឆេះ​​ផ្សារ​​កំពង់​ពពិល​​ខេត្ត​ព្រៃវែង​​បណ្តាល​​ឱ្យ​​ខូច​ខាត​​ជាង​៧០​តូប​​និង​​ទឹក​ប្រាក់​​ជាង​១​លាន​​ដុល្លារ​​

ក្រុម​ពន្លត់​អគ្គិភ័យ​ប្រតិបត្តិ​ការ​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​កំពង់ពពិល ស្ថិត​ក្នុង​ភូមិ​កំពង់ពពិល ឃុំ​កំពង់ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង យប់​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​)

សមត្ថកិច្ច​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា អគ្គិភ័យ​ដែល​ឆេះ​ផ្សារ​កំពង់ពពិល ស្ថិតនៅ​ស្រុក​ពារាំង បាន​បណ្តាល​ឱ្យ​ខូចខាត​អស់៧៥តូប និង​ទ្រព្យសម្បត្តិ ដោយ​គិតជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង១លាន​ដុល្លារ។

ស្នងការ​រង​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង ទទួលបន្ទុក​ផ្នែក​អគ្គិភ័យ លោក រស់ ភឿន បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា បើ​តាម​ព័ត៌មាន​បឋម អគ្គិភ័យ​បាន​ឆេះ​ផ្សារ​កំពង់ពពិល កាលពី​ម៉ោង​ប្រមាណ​ជាង៩យប់ រហូតដល់​ម៉ោង១២និង៣០នាទីរំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្តាល​ឱ្យ​ខូចខាត​តូប​អស់៧៥តូប និង​ខូចខាត​ទ្រព្យសម្បត្តិផ្សេងៗ គិតជា​ទឹកប្រាក់​អស់​ប្រហែល​ជាង១លាន​ដុល្លារ។

ស្នងការ​រូប​នោះបញ្ជាក់​ថា ដើមចម​ដែល​នាំ​ឱ្យ​អគ្គិភ័យ​ឆេះ​នោះ ទំនង​ជា​ទុស្សេ​ខ្សែភ្លើង។ ប៉ុន្តែ​លោក​ថា ក្រុមការងារ​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​នេះ និង​បូកសរុប​របាយការណ៍ដើម្បី​ស្រង់​ស្ថិតិ​នៃ​ទំហំ​ដែល​ខូចខាត​ពិតប្រាកដ ដើម្បី​ជូនដំណឹង​ទៅ​សាធារណ​ជន​ឱ្យ​បានដឹង​ពី​រឿង​នេះ។

លោក រស់ ភឿន ឱ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន កម្លាំង​អាជ្ញាធរ​ខេត្តព្រៃវែងនិង​ខេត្តកណ្តាល បាន​រួមគ្នា​ចុះ​អន្តរាគមន៍​បន្ទាន់ រហូតដល់​អាច​ពន្លត់​ទាំងស្រុងដោយ​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន២១គ្រឿង រួម​ទាំង​ឡានទឹក​របស់​ក្រុមហ៊ុន OCIC មក​ពី​រាជធានី​ភ្នំពេញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ