សមត្ថ​កិច្ច​​គ្រោង​​បញ្ជូន​​មន្ត្រី​​នគរ​បាល​​ខេត្ត​កំពត​​បី​​រូប​​ទៅ​​តុលាការ​ ក្រោយ​​ផ្ទុះ​អាវុធ​​បណ្ដាល​​ឱ្យ​​បុរស​​ម្នាក់​​ស្លាប់ ​

ជនរងគ្រោះ​ឈ្មោះ ម៉ម វិបុល បញ្ជូន​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយ​ត្រូវគ្រាប់​កាំភ្លើង​បាញ់​ពី​សមត្ថកិច្ច​ក្នុងករណី​បង្ក្រាប​ក្មេង​ទំនើង​វាយគ្នា ស្ថិតនៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត​)

មេន​គរ​បាល​ខេត្តកំពត បានឱ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​បញ្ជូន​មន្ត្រី​នគរបាល​ចំនួន៣នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ការ​ផ្ទុះអាវុធ​បណ្តាល​ឱ្យ​ជនសង្ស័យ​ម្នាក់​ស្លាប់​នោះ ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទ​មធុរិ​ទ្ធ បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត បាន​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ចំនួន៣នាក់​កាលពី​ថ្ងៃម្សិលមិញ​នេះ ២ថ្ងៃក្រោយ​ពួក​គេ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ការ​កាប់​ប្រហារ​គ្នា​រវាង​យុវជន​ពីរ​ក្រុម ហើយ​បាន​ផ្ទុះអាវុធ​បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់។

បើ​តាម​មេន​គរ​បាល​រូប​នេះ មន្ត្រី​នគរបាល​ទាំង៣រូប​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត​នៅឡើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែលោក​ថា នឹង​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ។

លោក ម៉ៅ ច័ន្ទ​មធុរិ​ទ្ធ ប្រាប់​ថា៖ «ឥលូវ​នេះ យើង​កំពុង​អនុវត្ត​ពិន័យ​នៅ​ស្នងការ​នៅឡើយ ហើយ​ឯកសារ ខ្ញុំ​កំពុងតែ​រៀបចំ​ដើម្បី​បញ្ជូន​ទៅ​អយ្យការ​នៅ​រសៀល​ថ្ងៃនេះ»។

កាលពី​ម្សិលមិញ នគរបាល​ខេត្តកំពតបាន​ចេញ​លិខិត​បំភ្លឺ​មួយដោយ​រៀបរាប់​ថា កាលពី​ថ្ងៃទី២ ខែវិច្ឆិកា មាន​យុវជន​មួយ​ក្រុម​មាន​គ្នា៥នាក់បាន​កាប់​ប្រហារ​ទៅលើ​យុវជន​ពីរ​នាក់ ដោយ​បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នោះបាន​កើតឡើង​នៅត្រង់​ចំណុច​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត។

នគរបាល​ខេត្ត​នេះលើកឡើង​ថា ក្រោយ​ទទួល​បាន​ដំណឹង​នោះ មន្ត្រី​នគរបាល​ក្រុង​កំពតបាន​ចុះទៅ​ដល់កន្លែង​កើតហេតុ ដើម្បី​ប្រមូល​ព័ត៌មាននិង​ឃាត់ខ្លួន​ជន​បង្ក ដោយ​ភ្លាម​ៗនោះ សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​ជនសង្ស័យ១គ្រឿង​ជិះគ្នា២នាក់ ប៉ុន្តែពួក​គេ​មិនព្រម​ឈប់និង​បាន​បើ​កម៉ូតូ​បំ​បុក​សមត្ថកិច្ច​បណ្តាល​ឱ្យ​រង​របួស២នាក់​ថែមទៀត។

ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត បន្ថែម​ថា ពេល​ឃើញ​ជនសង្ស័យ​ធ្វើសកម្មភាព​បែបនេះ សមត្ថកិច្ច​បាន​ប្រើ​អាវុធ​បាញ់​ផ្ជុច​ដី ដើម្បី​គំរាម​ឱ្យ​ជនសង្ស័យ​ឈប់ ប៉ុន្តែគ្រាប់​កាំភ្លើង​នោះ​បាន​ផ្លា​តត្រូវ​បុរស​ម្នាក់​ឈ្មោះ ម៉ម វិបុល អាយុ២៩ឆ្នាំ បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ម្នាក់ទៀត​ត្រូវ​ឃាត់ខ្លួន ខណៈ៣នាក់​រត់គេច​ខ្លួន។

លោក ម៉ៅ ច័ន្ទ​មធុរិទ្ធ អះអាង​ថា សមត្ថកិច្ច​មិន​មាន​ចេតនា​ក្នុង​ការ​ផ្ទុះអាវុធ​ឱ្យ​ត្រូវ​ជនរងគ្រោះ​នោះ​ទេ ដោយ​ចាត់ទុកជា​រឿង​«ចៃដន្យ»ប៉ុណ្ណោះ ហើយ​លោក​ថា ការ​ផ្ទុះអាវុធ​នោះ គឺ​គោលបំណង​ដើម្បី​បង្អាក់​ការ​រត់គេច​ខ្លួន​របស់​ភាគី​ដែល​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ម្ខាងទៀត​តែប៉ុណ្ណោះ។

មេន​គរ​បាល​ខេត្តកំពត​រូប​នេះ ឱ្យ​ដឹង​ថា ក្រោយ​ជនសង្ស័យ​ស្លាប់ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ជូនលុយ៤ ៥០០ដុល្លារ​ទៅដល់​ក្រុម​គ្រួសារ​នៃ​សព​ សម្រាប់​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ប៉ុន្តែបដិសេធ​ថា មិនមែន​ជា​ថ្លៃ​សំណង​នោះ​ទេ។ ចំណែក​មន្ត្រី​នគរបាលដែល​បាន​ផ្ទុះអាវុធ​នោះ កំពុង​ត្រូវ​បាន​អនុវត្ត​វិន័យ​របស់​កង​កំលាំង​នគរបាល​ជាតិ និង​រៀបចំ​បញ្ជូន​ទៅ​តុលាការ​តាម​នី​តិ​វិធី។

លោក ម៉ម ដា​នី ឪពុក​របស់​យុវជន​ដែល​ត្រូវគ្រាប់​កាំភ្លើង​ស្លាប់​នោះ ប្រាប់​វី​អូ​ឌីកា​លពី​ម្សិលមិញ​ថា ករណី​សមត្ថកិច្ច​ផ្ទុះអាវុធ​បណ្តាលឱ្យ​កូន​របស់​គាត់​ស្លាប់ ជា​រឿង​អយុត្តិធម៌។ លោក​បន្ត​ថា សមត្ថកិច្ច​មាន​ចេតនា​បាញ់សម្លាប់​កូន​របស់​គាត់ ដោយសារ​កូន​របស់​គាត់​បាន​ត្រូវគ្រាប់​កាំភ្លើង​ត្រង់​ឆ្អឹងជំនីរ​ខាងឆ្វេង ធ្លាយ​ទៅ​ឆ្អឹងជំនីរ​ខាងស្តាំ។

បើ​ទោះបីជា​កូនប្រុស​របស់​គាត់​បាន​ស្លាប់​ក៏ដោយ លោក ម៉ម ដា​នី អះអាង​ថា លោក​មិន​ប្តឹង​ករណីនេះ​ទៅ​តុលាការ​ទេ ដោយសារ​គ្រួសារ​ក្រីក្រ​ពេក ប៉ុន្តែលោក​ស្នើ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​កូន​របស់​គាត់​ដែល​បាន​ស្លាប់។

លោក ម៉ម ដា​នី និយាយ​ថា៖ «ខ្ញុំ​អត់​ដាក់ពាក្យ​ប្តឹង​ទេ ព្រោះ​យើង​ក្រ។ បើ​យើង​ប្តឹង តែ​តុលាការ​កោះហៅ​យើង គេ​ត្រូវការ​លុយ។ ចុះបើ​យើង​អត់​លុយ បាន​លុយ​ពីណា​ឱ្យ​គេ។ ខ្ញុំ​ចង់ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​កូន​ខ្ញុំ និង​ផ្តល់​សំណង​ឱ្យ​ខ្ញុំ​បាន​សមរម្យ​ផង ពីព្រោះ​ខ្ញុំ​បាន​បាត់​កូន​មួយ​ទាំងមូល»។

ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត បានឱ្យ​ដឹង​ថា យុវជន ធម្ម កុម្ភៈ អាយុ១៦ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន ខណៈ​យុវជន ម៉ាត សើ​គី​រីន អាយុ១៧ឆ្នាំ យុវជន សុខ ធាន អាយុ១៧ឆ្នាំ និង​យុវជន​ម្នាក់ទៀត​ឈ្មោះ រ៉ា​ន់ អាយុ២០ឆ្នាំ កំពុង​រត់គេច​ខ្លួន។

ស្នងការ​ដ្ឋាន​បន្ត​ថា ពួក​គេ​បាន​ជិះ​ម៉ូតូ២គ្រឿង​ទៅ​កាប់​យុវជន​មួយ​ក្រុម​ទៀត​មាន​គ្នា២នាក់ បណ្តាល​ឱ្យ​យុវជន​ម្នាក់​ឈ្មោះ តឿ ចាន់ រងគ្រោះ​របួសធ្ងន់។

ក្នុង​សេចក្តី​បំភ្លឺ​ដដែល​នេះ បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានអំពើ​ហិង្សា​កើតឡើង ដោយសារ​ជនរងគ្រោះ​បាន​ទៅ​ផឹក​កាហ្វេ​ក្បែរ​ជនសង្ស័យ​ក្នុង​ហាង​មួយ​កន្លែង ហើយ​ជនរងគ្រោះ​មើល​មុខ​ជនសង្ស័យ ដែល​បណ្តាល​ឱ្យ​ជនសង្ស័យ​ខឹង ក៏​តាម​កាប់​ជនរងគ្រោះ​ពេល​ចេញពី​ហាង​កាហ្វេ​នោះ​តែម្តង។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត ស្នើ​ឱ្យមានការ​ស៊ើបអង្កេត​ឱ្យ​ច្បាស់លាស់នូវ​ករណី​សមត្ថកិច្ច​ផ្ទុះអាវុធ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ដែល​បាន​ស្លាប់ ហើយ​អ្នក​បង្ក​ត្រូវតែ​ទទួលទោស​តាមផ្លូវ​ច្បាប់។

មន្ត្រី​អង្កេត​សិទ្ធិមនុស្ស​រូប​នេះ សង្ស័យ​ថា សមត្ថកិច្ច​ប្រើប្រាស់​អាវុធ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​យុវជន​ឈ្លោះ​គ្នា​នោះ មិន​មាន​បច្ចេកទេស​ក្នុង​ការប្រើ​ប្រាស់​អាវុធ​នោះ​ទេ បាន​ជា​បណ្តាលឱ្យ​ត្រូវ​មនុស្ស​បែបនេះ។

លោក អំ សំអាត បន្ថែម​ថា៖ «អ្នកប្រើ​ប្រាស់ឬអ្នកកាន់កាប់​អាវុធ យើង​ដឹង​ហើយ​ថា កាលណា​យើង​ប្រើប្រាស់ឬក៏​បាញ់​វា​ចេញទៅ គឺ​វា​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ប្រសិនបើ​យើង​ប្រើប្រាស់​វា​មិន​ត្រឹមត្រូវ។ អ៊ីចឹង ករណី​ខ្លះ​ដែល​យើង​មិន​គួរណា​ផ្ទុះអាវុធ យើង​កុំ​ប្រើប្រាស់​នូវ​ការ​ផ្ទុះអាវុធ។ យើង​អាច​រក​វិធីឬមធ្យោបាយ​ផ្សេង​វិញ​ទៅ ព្រោះ​កាលណា​ផ្ទុះអាវុធ ទី១ បង្ក​ភាព​ភ័យខ្លាច ទី២ បង្ក​ឱ្យ​មនុស្ស​គ្រោះថ្នាក់​អ៊ីចឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ