ជន​ជាតិ​​វៀត​ណាម​៦​នាក់​និង​​ខ្មែរ​​ម្នាក់​​ស្លាប់​​ក្រោយ​​រថយន្ត​​មួយ​​គ្រឿង​​ធ្លាក់​​ចេញ​ពី​​ផ្លូវ​​

រថយន្តបង្កហេតុគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយ ផ្លូវជាតិ៦ ក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប កើតហេតុនៅយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap)

នគរបាល​ខេត្តសៀមរាបបានឱ្យ​ដឹង​ថា យ៉ាងហោចណាស់​មនុស្ស៧នាក់បាន​ស្លាប់ ហើយ៤នាក់​ទៀតរងរបួសស្រាល បន្ទាប់ពី​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿងបាន​រត់​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ៦ ស្ថិត​ក្នុង​ខេត្តសៀមរាប​ កាលពីយប់មិញ​នេះ។

ស្នងការ​រង​នគរបាល​ខេត្តសៀមរាប លោក តេង ច័ន្ទ​ណាត ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា រថយន្ត​ដឹកនាំ​អ្នកដំណើរ​មួយ​គ្រឿង​ប្រភេទ​ហ៊ី​យ៉ាន់​ដាយ ស្ដារី​ច បាន​រត់​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ៦ នៅត្រង់​ភូមិ​ស្ពានត្នោត១ ស្ថិត​ក្នុង​ស្រុក​ជីក្រែង ចន្លោះ​ម៉ោង១ទៅ២យប់ ​ឈាន​ចូល​ថ្ងៃទី៦ ខែវិច្ឆិកា​នេះ។

មន្ត្រី​នគរបាល​រូប​នេះឱ្យ​ដឹង​បន្ថែម​ថា ឧបទ្ទវហេតុ​នេះបណ្ដាល​ឱ្យ​ជនជាតិ​វៀតណាម៦នាក់និង​អ្នក​បើ​កបរ​ម្នា​ក់ជា​ជនជាតិ​ខ្មែរបាន​ស្លាប់ ហើយ​ជនជាតិ​វៀតណាម៤នាក់​ផ្សេងទៀតបាន​រង​របួសស្រាល។

បើ​តាម​លោក ច័ន្ទ​ណាត សព​ត្រូវ​បាន​បញ្ជូន​ទៅ​វត្ត​ស្ទឹងមានជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ នៅ​រាជធានី​ភ្នំពេញ ហើយ​អ្នកដំណើរ​ដែល​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯមន្ទីរពេទ្យ។

ស្នងការ​រង​រូប​នេះឱ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច អ្នកបើកបរ​អាច​ងងុយដេកនិង​បើក​លឿន បណ្តាល​ឱ្យ​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ