ក្រសួង​ទេស​ចរណ៍​៖​ ៩​ខែ​​នេះ​ អាជីវ​កម្ម​​ទេស​ចរណ៍​​ជិត​៣​ពាន់​​ទី​តាំង​​បាន​​បិទ​/ព្យួរ

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក សុង តុង​ហាប់ ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​ទេសចរណ៍​ក្នុង​ដំណាក់កាល​កូ​វីដ​-១៩ “វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​យន្តការ​លើកទឹកចិត្ត​” នៅ​ខេត្តសៀមរាប ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ក្រសួងទេសចរណ៍ Ministry of Tourism​, Cambodia​)

​ក្រសួងទេសចរណ៍ឱ្យ​ដឹង​ថា រយៈពេល៩ខែ​ឆ្នាំនេះ អាជីវកម្ម​ទេសចរណ៍​ជិត៣ពាន់​ទីតាំងបាន​បិទនិង​ព្យួរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បុគ្គលិក​ជាង៥ម៉ឺន​នាក់បាត់បង់​ការងារ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក សុង តុង​ហាប់ ត្រូវ​បាន​ស្រង់​ប្រសាសន៍​មក​ផ្សព្វផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ក្រ​សួង​នៅ​ថ្ងៃសុក្រ​នេះ​ថា គិត​ត្រឹម​ដំណាច់ខែ​កញ្ញា ឆ្នាំ២០២០ អាជីវកម្ម​ទេសចរណ៍​សរុប​ចំនួន២ ៨៣៨ទីតាំង ស្មើនឹង២៩,៦៣​% នៃ​អាជីវកម្ម​សរុប​បាន​បិទ​/ព្យួរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បុគ្គលិក​សរុប៥០ ៩៩៦នាក់។ 

លោក​បន្ត​ថា ក្នុងចំណោម​អាជីវកម្ម​ទេសចរណ៍​ដែល​បាន​បិទ​/ព្យួរ​នោះ សម្រាប់​ខេត្តសៀមរាប មាន៦៥៨ទីតាំង ដែល​បាន​បិទ​/ព្យួរ បណ្តាល​ឱ្យ​បុគ្គលិក​សរុប១៤ ៧០២នាក់បាត់បង់​ការងារ។

លោក សុង តុង​ហាប់ បាន​បញ្ជាក់​ថា៖ «វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​សកល ពិសេស​វិស័យ​ទេសចរណ៍និង​ការ​ធ្វើដំណើរ ក្នុង​នោះ វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ឆ្នាំ២០២០ ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​អវិជ្ជមាន​ក្នុងរង្វង់៨០​% សម្រាប់​ទេសចរ​អន្តរជាតិ និង៥០​% សម្រាប់​ទេសចរណ៍​ផ្ទៃក្នុង ជាមួយនឹង​ការបាត់បង់​ចំណូល​ប្រមាណ​៣​ពាន់​​លាន​ដុល្លារ​អាមេរិក»។ 

ការ​ថ្លែង​របស់​រដ្ឋលេខាធិការ​ក្រសួង​រូប​នេះ បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា ស្តី​ពី ប្រតិបត្តិ​ការ​អាជីវកម្ម​ទេសចរណ៍​ក្នុង​ដំណាក់កាល​កូ​វីដ​-១៩ “វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​យន្តការ​លើកទឹកចិត្ត​” នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងទេសចរណ៍បាន​បញ្ជាក់​ថា ដើម្បី​ត្រៀមខ្លួន​ស្តារ​វិស័យ​ទេសចរណ៍​ទ្បើង​វិញ ក្រសួង​នឹង​រៀបចំ​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​នូវ​ឯកសារ​យុទ្ធ​សាស្រ្ត​សំ​ខាន់​ៗ រួមមាន ផែនទី​ចង្អុល​ផ្លូវ​ស្តី​ពី​ការ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ឆ្នាំ២០២០​-២០២៥​, ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និង​ខេត្ត​កែប ឆ្នាំ២០២០​-២០៣៥ និង​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ​ឆ្នាំ២០២១​-២០៣០។ 

ក្រសួង​បន្ត​ថា ដើម្បី​ដោះស្រាយនិង​ទ្រទ្រង់​ស្ថានភាព​អាជីវកម្ម​ទេសចរណ៍​ក្នុង​ដំណាក់កាល​កូ​វីដ​-១៩ រាជរដ្ឋាភិបាលបាន​ដាក់ចេញ​ជាបន្តបន្ទាប់​នូវ​វិធានការ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​ជាតិ​ បាន​ចំនួន០៦ជុំ រួមមាន វិធានការ​ពន្ធដារ វិធានការ​គាំពារ​កម្មករ​-និយោជិត និង​វិធានការ​លើកលែង​កម្រៃ​នៃ​ការ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​គ្រប់​ប្រភេទ​នៅ​ទូ​ទំាង​ប្រទេស​សម្រាប់​ឆ្នាំ២០២១។ 

លោក សុង តុង​ហាប់ បាន​គូសបញ្ជាក់​ថា ក្រៅពី​វិធានការ​គ្រប់គ្រងនិង​គាំពារ​របស់​រាជរដ្ឋាភិបាល ក្រសួង​ក៏បាន​ដាក់ចេញ​នូវ​សកម្មភាព​អាទិភាព ដើម្បី​ស្តារនិង​បង្កើត​មុខមាត់​ថ្មី​ជូន​វិស័យ​ទេសចរណ៍​កម្ពុជា​ផង​ដែរ ដូចជា សកម្មភាព​ជំរុញទេសចរណ៍​ក្នុង​ស្រុក ការ​ដាក់​ឱ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការសិក្សា​លទ្ធភាព​ដាក់ចេញ​ទម្រង់​នៃ​ការ​ធ្វើដំណើរនិង​ទេសចរណ៍​សុវត្ថិភាព (Travel Bubble or One way closed​-loop charter Planes​) ដែល​អាច​ជា​ពន្លឺ​ថ្មី​មួយ​សម្រាប់​ការ​ងើប​ទ្បើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ