អាជីវកម្ម​បម្រើ​វិស័យ​ទេសចរណ៍​ខ្ទង់​៣០​ភាគរយ​បាន​ផ្អាក​ប៉ះពាល់​ការងារ​ជាង​៥​ម៉ឺន​កន្លែង

ភ្ញៀវទេសចរទស្សនាតំបន់អង្គរនៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២០។ រូបពីក្រសួងទេសចរណ៍

មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា អាជីវកម្ម​បម្រើ​វិស័យ​ទេសចរណ៍​សរុប​ដល់​ទៅ​ជិត ៣​ពាន់​ទីតាំង បាន​ស្នើ​បិទ ឬ​ព្យួរប្រតិបត្តិការ​អាជីវកម្ម​របស់​​ពួកគេ​ដោយសារ​តែ​វិបត្តិ​សុខភាព​សកល​ ដែល​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​ការងារ​បុគ្គលិក និង​កម្មករ​ជាង ៥​ម៉ឺន​កន្លែង។

អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក្រ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃម្សិលមិញ​ថា ចាប់​តាំង​ពី​ខែ​មីនា រហូត​ដល់​ចុង​ខែ​កញ្ញា​ឆ្នាំ​នេះ អាជីវកម្ម​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដល់​ទៅ ២ ៨៣៨​ទីតាំង បាន​បិទ ឬ​ក៏​ព្យួរ​ប្រតិបត្តិការ​របស់​ខ្លួន ដែល​ចំនួន​នេះ​ស្មើ​នឹង​ ២៩,៦៣​ភាគរយ​នៃ​ចំនួន​អាជីវកម្ម​បម្រើ​វិស័យ​ទេសចរណ៍​ទាំង​អស់​​នៅ​ទូទាំង​ប្រទេស។

មន្ត្រី​ទេសចរណ៍​រូប​នេះ ឱ្យ​ដឹង​បន្ថែម​ថា ស្ថានភាព​បែប​នេះ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​បុគ្គលិក និង​កម្មករ​ដល់​ទៅ ៥០៩៩៦​កន្លែង​នៅ​ទូទាំង​ប្រទេស។

លោក សុភ័ក្រ ប្រាប់​ថា អាជីវកម្ម​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ បាន​បិទ ឬ​ព្យួរ​ប្រតិបត្តិការ​​របស់​ពួកគេ​បែប​នេះ ក៏​ព្រោះ​តែ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ឬ​ជំងឺ​កូវីដ​១៩ ដែល​បង្ខំ​ឱ្យ​បិទ​ជើង​ហោះ​ហើរ​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ២៩២​ករណី​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩​ដល់​ទៅ ២៨៦​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ​អ្នក​ជំងឺ ៦​នាក់​ទៀត កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ។

នៅ​ចន្លោះ​ខែមករា​ដល់​ខែ​កញ្ញា​កន្លង​មក​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ត្រឹម​តែ​ជាង ១​លាន ២៤​ម៉ឺន​នាក់​ប៉ុណ្ណោះ ដោយ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៧៤,១​ភាគរយ​ឯណោះ បើធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ដល់​ទៅ​ខ្ទង់ ១​លាន ៨​សែន​នាក់។

ខណៈ​ដែល​បុគ្គលិក និង​កម្មករ​រាប់​ម៉ឺន​នាក់ បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ការ​បិទ ឬ​ព្យួរ​អាជីវកម្ម​នេះ លោក សុភ័ក្រ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ ៤០​ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​ដល់​ពួកគេ។

លោក តុប សុភ័ក្រ មានប្រសាសន៍ថា៖ «ក្នុងដំណាក់កាលហ្នឹងរដ្ឋក៏បានជួយជ្រុំជ្រែងទៅដល់អាជីវកម្មមួយចំនួនដែលបានបិទផ្អាក ការផ្តល់នៅប្រាក់គោលនយោបាយក្នុងមួយខែ៤០ដុល្លារ ហើយក៏មិនមែនសុទ្ធតែអ្នកបិទអាជីវកម្មសុទ្ធតែបាន គឺមានលក្ខខណ្ឌរបស់គេតម្រូវទៅតាមកិច្ចសន្យាការងារដែលមានច្បាប់ត្រឹមត្រូវ ហើយគាត់ទៅព្យួរការងារជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបខាងក្រសួងការងារផ្នែកហិរញ្ញវត្ថុគេផ្តល់ឱ្យចំពោះការឧបត្ថម្ភដល់បុគ្គកលិកនយោជក់របស់គាត់»

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ បង្ហាញ​ជំនឿ​ចិត្ត​ថា វិស័យ​ទេសចរណ៍​កម្ពុជា​នឹង​វិល​ទៅ​រក​ប្រក្រតីភាព​ឡើង​វិញ ក្រោយ​ពី​បញ្ហា​កូវីដ​១៩ បាន​ធូរ​ស្រាល បន្ទាប់​ពី​ពិភព​លោក​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លង​មួយ​ប្រភេទ​នេះ។

​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ លោក ទូច កុសល អះអាងថា ក្រុមហ៊ុនសម្អាតហៅកាត់ថា HCC នៅក្នុងព្រលានយន្តហោះ ខេត្តសៀមរាប ត្រូវបានផ្អាក សណ្ឋាគារសូហ្វីថែល ហើយភូមិវប្បធម៌ បានបិទធ្វើអាជីវកម្ម ដោយសារបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែ លោកថា រាល់ការផ្អាក ឬបិទអាជីវកម្ម ម្ចាស់ក្រុមហ៊ុនមិនបានគោរពតាមច្បាប់ការងារនោះទេ។ ករណីនេះ ធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់កម្មករផងដែរ។

លោក ទូច កុសល ប្រាប់ថា៖ «នៅពេលដែលបិទ កម្មករដែលមានអតីតភាពការងារយូរឆ្នាំ ចំណុចខ្លះនៅក្នុងច្បាប់ស្តីពីការងារ វាអត់បានផ្តល់ឱ្យទេ ដូចជា ការជូនដំណឹង កន្លែងខ្លះគេអត់ឱ្យសំណងជំងឺចិត្ត។ ​ឥឡូវ ខ្ញុំមើលឃើញនៅក្រោមឆ័ត្រសហព័ន្ធ នៅសណ្ឋាគារសូហ្វីថេល គេបញ្ឈប់កម្មករ ៥៣នាក់ ហើយគេមិនព្រមទូទាត់សំណងដល់កម្មករដែរ ហើយកម្មករខ្លះ គាត់ធ្វើការ១០ឆ្នាំជាង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ