UPDATE៖ នាយក​​រដ្ឋ​មន្ត្រី​​ថា​ លទ្ធផល​​ធ្វើ​តេស្ត​​កូ​វីដ​១៩​ លើក​​ទី​២ ​របស់​​លោក​​និង​​អ្នក​​នៅ​ជា​មួយ​​គឺ​​អវិជ្ជ​មាន​

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថាលទ្ធផល​ធ្វើតេស្ត​រក​វីរុស​កូ​វីដ១៩ ជា​លើក​ទី២ របស់​លោកនិង​ភរិយា ព្រមទាំង​អ្នក​នៅជា​មួយ​លោក​ទាំងអស់គ្នា គឺ​អវិជ្ជមាន។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា នៅ​ថ្ងៃទី៩ ខែវិច្ឆិកា​នេះ ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​របស់​លោកនិង​ភរិយា ព្រមទាំង​អ្នក​នៅជា​មួយ និង​អ្នក​នៅ​ជាប់​លោក​ទាំងអស់​ ទៅ​ធ្វើតេស្ត​ជា​លើក​ទី២ ដោយ​លទ្ធ​ផលបង្ហាញថា «អវិជ្ជមាន​» ទាំងអស់។ លោកនាយក​រដ្ឋមន្ត្រី ចាត់ទុក​ការ​ធ្វើតេស្ត​អវិជ្ជមាន លើក​ទី២នេះ​ថា ​ជា​លទ្ធផល​ល្អ ខណៈ​លោក​នឹង​បន្ត​ធ្វើតេស្ត​រក​វីរុស​កូ​វីដ១៩ ចំនួន២ដង​ទៀតនៅពេល​ខាងមុខ។

លោក​បាន​បញ្ជាក់​ថា៖ «លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ គឺជា​លទ្ធផល​ល្អ​សម្រាប់​ដំណាក់កាល​ទី២ ក្នុងចំណោម៤ដំណាក់កាល។ ខ្ញុំ​ត្រូវ​ធ្វើ​ចត្តាឡីស័​កបន្ត​ទៀត​ នឹង​រង់ចាំ​ការ​ធ្វើតេស្ត​ជា​លើក​ទី៣ នៅ​ថ្ងៃទី១៤ វិច្ឆិកា និង​លើក​ទី៤ នៅ​ថ្ងៃទី១៨ វិច្ឆិកា»។

លោកនាយក​រដ្ឋមន្ត្រី បន្ត​ទៀត​ថា អំឡុង​ពេលនេះ លោក​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ឬដោយប្រយោល​ជិត៩០០នាក់​ផ្សេងទៀត​ផង​ដែរ។ លោក​ថា ដើម្បី​កម្រិ​តកុំឱ្យ​មនុស្ស​កើនឡើង​នោះ តម្រូវ​ឱ្យ​អ្នក​ដែល​បាន​និង​កំពុង​ធ្វើ​ចត្តាឡីស័​កកុំ​ចេញទៅ​ជួប​ជាមួយ​មនុស្ស​ផ្សេងទៀត។ 

ដើម្បី​បញ្ចៀស​ករណីនេះ លោក​បញ្ជា​ឱ្យ​ក្រសួងសុខាភិបាល អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ពិនិត្យ​តាមដាន​គ្រប់​មនុស្ស​ដែល​បាន​និង​កំពុង​ធ្វើ​ចត្តាឡីស័​ក ហើយ​ប្រសិន​ពួក​គាត់​អនុវត្ត​មិនបាន​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើ​ចត្តាឡីស័​កតាម​ផ្ទះ​ទេ ត្រូវ​ឱ្យទៅ​ធ្វើ​ចត្តាឡីស័​កតាម​ទីកន្លែង ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល ដោយមាន​ការ​យាមកាម​ពី​កម្លាំង​នគរបាល​ឬកងរាជអាវុធហត្ថ​ឱ្យ​បាន​ហ្មត់ចត់។

កាលពី​ថ្ងៃទី៧ ខែ​វិ​ចិ្ឆ​កា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រសួងសុខាភិបាល រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​យកចិត្ត​ទុកដាក់​ ហើយ​ធ្វើការ​តាមដាន​ចំពោះ​អ្នក​ធ្វើ​ចត្តាឡីស័​កឱ្យ​បាន​ម៉ត់ចត់ ដើម្បី​បញ្ចៀស​ហានិភ័យ​ដល់​ប្រទេស​កម្ពុជា។ 

លោក​ថា៖ «អំពាវនាវ​ក្រសួង​ស្ថាប័ន ដែល​គ្រប់គ្រង​មន្ត្រី បុគ្គលិក ក៏ដូចជា ស្ថាប័ន​ព័ត៌មាន​ទាំងឡាយដែល​គ្រប់គ្រង​បុគ្គលិក ​ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត តាមដានចំពោះ​អ្នក​ដែល​ធ្វើ​ចត្តាឡីស័​កឱ្យ​បាន​ម៉ត់ចត់ បើមិនដូច្នោះទេ ហានិភ័យ​នឹង​មាន​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​យើង នៅក្នុង​កាលៈទេសៈ​នេះ។ ចាត់ទុកថា នេះជា​បញ្ហា​ធំ​នៅក្នុង​វិស័យ​សុខភាព​សាធារណៈ​របស់​យើង ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល​ជាង១០ខែ​កន្លងទៅ​នេះ»។

ក្រៅពី​ឱ្យធ្វើ​ការ​តាមដាន​ហើយ លោក ហ៊ុន សែន ក៏បាន​ឱ្យ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល សហការ​គ្នា​ជួល​សណ្ឋាគារ សុខា ដើម្បី​ដាក់​អ្នក​គ្មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ចត្តាឡីស័​កនៅ​តាម​ផ្ទះ​ផង​ដែរ។ 

ការប្រកាស​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​អង្គរក្ស​ផ្ទាល់​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ១៩។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន មានប្រសាសន៍​ថា អ្នក​គ្មាន​លទ្ធ​ភាព​ធ្វើចត្តាឡីស័​កនៅផ្ទះ ហើយ​មក​ធ្វើ​ចត្តាឡីស័​កនៅ​សណ្ឋាគារ សុខា គិត​ត្រឹម​ម៉ោងជាង១រសៀល​ថ្ងៃ​ចន្ទ​នេះ លោកស្រី​ថា មាន​ចំនួន១៥នាក់ និង​បច្ចុប្បន្ន​ក្រសួង​កំពុង​រង់ចាំ​មើល​បន្ត​ទៀត។ 

លោកស្រី​ថា៖ «ពីម្សិលមិញ​ល្ងាច​ហើយ ខ្ញុំ​ទទួល​បាន​ព័ត៌មាន ព្រោះ​ទើប​ចាប់ផ្ដើម អ៊ីចឹង​មាន​បងប្អូន​យើង​មក​បណ្ដើរ​ៗហើយ ។ សម្រាប់​ការ​ធ្វើតេស្ត​លើក​ទី២នេះ ទុក​ឱ្យ​ម៉ាស៊ីន​ធ្វើការ​សិន មិន​អាចយ​កសំណាក​ភ្លាម​ ហើយ​ដឹង​លទ្ធផល​ភ្លាម​ទេ។ អ៊ីចឹង​សូម​រង់ចាំ​នូវ​ការ​ជូន​ព័ត៌មាន​បន្ត​ទៀត»។

កា​លពីមិ្ស​លមិញ ក្រសួងសុខាភិបាលចាត់វិធានការ​បន្ទាន់​ជាថ្មី ដោយ​បិទ KTV ក្លឹប​កម្សាន្ត រោងភាពយន្ត និង​សារមន្ទីរ​ទូទាំង​ប្រទេស ដោយ​មិនកំណត់​ពេល ខណៈ​ក្រសួង​អប់រំក៏​ប្រកាស​បិទ​សាលារៀន​នៅ​ភ្នំពេញ និង​ទីរួមខេត្ត​កណ្តាល រយៈពេល២សប្តាហ៍។

ក្រសួង​អប់រំ ក៏បាន​ណែនាំ​ទៅ​អាណាព្យាបាល​សិស្ស និ​សិ្ស​ត ដែល​ប៉ះពាល់​ផ្ទាល់និង​ប្រយោល​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី ត្រូវ​ផ្អាក​បញ្ជូន​កូនចៅ​ទៅ​សិក្សា​រយៈពេល១៤ថ្ងៃ ដើម្បី​ធ្វើ​ចត្តាឡីស័​កនៅ​ផ្ទះ​រៀង​ៗខ្លួន ខណៈ​ក្រសួងការងារក៏​ផ្អាក​ការ​បណ្ដុះបណ្ដាល​នៅ​តាម​គ្រឹះស្ថាន​អប់រំ ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្ដាល ២សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ចូលក្នុង​សហគមន៍។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីម​អេង មានប្រសាសន៍​ថា ក្រៅពី​ការ​ធ្វើតេស្ត​ទៅតាម​ដំណក់​កាលនោះ ក្រសួងសុខាភិបាលនិង​ស្ថាប័ន​ពាក់ព័ន្ធ ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​ឱ្យ​ម៉ឺងម៉ាត់​ដល់​ប្រជាពលរដ្ឋ​ទូទៅ ទោះបី​ពួក​គេ​មិនបាន​ប៉ះពាល់​អ្នក​ផ្ទុក​ជំងឺ​ក៏ដោយ។ 

លោក​ថា៖ «ត្រូវតែ​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​សកម្ម​បន្ថែម​ទៀត ព្រោះ​យើង​នៅក្នុង​កាលៈ​ទេសៈ​នេះ ត្រូវតែ​ប្រុងប្រយ័ត្ន ហើយ​បង្ការ​ជាមួយគ្នា​ទាំងអស់ ពីព្រោះ មិនដឹង​ថា ការដែល​យើង​ខំ​ប្រមូល​ឱ្យ​ធ្វើ​ចត្តាឡីស័​កហ្នឹង បាន​ទាំងអស់គ្នា​ឬយ៉ាងណា។ ម្យ៉ាងវិញទៀត ក៏​យើង​មានការ​ព្រួយបារម្ភ​អ្នក​ធ្វើ​ចត្តាឡីស័​កហ្នឹង គាត់​អាច​គោរព​បាន​ទៀងទាត់​ទេ បើ​គាត់​មិន​អាច​គោរព​បាន​ទៀងទាត់​ទេ អាហ្នឹង​មាន​ហានិភ័យ​ខ្លាំង​ដែរ។ អ៊ីចឹង​ត្រូវ​មាន​យន្តការ​តាមដាន​អ្នក​ធ្វើ​ចត្តាឡីស័​ក ត្រូវលើ​កទឹកចិត្ត​គាត់យ៉ាងម៉េចឱ្យមានការ​ប្រុងប្រយ័ត្ន​ដែរ និង​យកចិត្ត​ទុកដាក់​ក្នុងរយៈពេល​ដាក់ឱ្យ​នៅ​ដាច់ដោយឡែក​ហ្នឹង»។

រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី លោក ភី​ធើ ស៊ី​ចា​តូ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ផ្ទុក​កូ​វីដ១៩ បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​បន្តដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ក្រោយពី​បញ្ចប់​ការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

ដំណើរ​ទស្សនកិច្ច​នៅកម្ពុជា ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី រួម​ទាំង​មន្ត្រី អ្នកសារព័ត៌មាន និង​សិស្សនិស្សិត​ ជាដើម។ បើ​តាម​ក្រសួងសុខាភិបាល រក​ឃើញ​អ្នក​ប៉ះពាល់រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ​សរុប៩៤៤នាក់

គិត​ត្រឹម​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ ចំនួន២៩៧នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ២៨៨នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត ៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ