អតីត​​កម្មា​ភិបាល​​ខ្មែរ​ក្រហម​ លោក​ អោ​ អាន ទទួល​មរណ​ភាព​​នៅ​ដើម​​ខែ​វិច្ឆិកា​​នេះ​

លោក ​អោ អាន​​ ហៅ​តាអាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤។ ​រូបថត​៖ ​វ៉ាន់ថាន់ ​ពៅតារា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០១១

​អ្នកនាំពាក្យ​សាលា​ក្តី​ខ្មែរក្រហម បានឱ្យ​ដឹង​ថា អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក អោ អាន បាន​ទទួលមរណភាព កាលពី​ថ្ងៃទី០៦ ខែវិច្ឆិកា​នេះ នៅក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង។

លោក នេត ភក្ត្រា អ្នកនាំពាក្យ​សាលា​ក្តី​ខ្មែរក្រហម មានប្រសាសន៍​ថា លោក អោ អាន ជា​អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម និង​ជា​អតីតជន​សង្ស័យក្នុង​សំណុំរឿង០០៤ វគ្គ០២ នៃ​សាលា​ក្តី​ខ្មែរក្រហម បាន​ទទួលមរណភាពក្នុង​វ័យ៨៧ឆ្នាំ នៅ​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិត​ក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង។ 

ទោះជាយ៉ាងណា លោក ភក្រ្តា មិនដឹង​ថា លោក អោ អាន ស្លាប់​ដោយសារ​បញ្ហា​អ្វី​នោះ​ទេ។ 

លោក នេត ភក្ត្រា បាន​បញ្ជាក់​បន្ថែម​ថា សំណុំរឿង០០៤​/០២ ប្រឆាំង​នឹង អោ អាន បាន​បិទ​បញ្ចប់​នៅចំពោះមុខ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា តាំងពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ 

សំណុំរឿង អោ អាន ក៏​ត្រូវ​បាន​សហ​ចៅក្រម​ស៊ើបអង្កេត​ចេញដីកា​បង្គាប់​រួមគ្នា ឱ្យ​បោះត្រានិង​បញ្ចូល​សំណុំរឿង០០៤​/២ ទៅ​ក្នុង​បណ្ណ​សារ​រួចហើយ​ដែរ កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ ចាប់តាំងពី​ពេលនោះ​មក អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លែង​មាន​យុត្តាធិការ​លើលោក អោ អាន ទៀតហើយ។

លោក អោ អាន រង​ការ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ រវាង​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

បទល្មើស​ដែល​លោក អោ អាន ប្រព្រឹត្ត រួមមាន ការ​ធ្វើ​មនុស្សឃាត ការសម្លាប់រង្គាល ការ​ធ្វើឱ្យទៅជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ធ្វើទារុណកម្ម ការ​ធ្វើទុក្ខ​បុកម្នេញ​មក​លើ “ប្រជាជន១៧មេសា​” អតីត​ទាហាន លន់ នល់ កម្មាភិបាល​ភូមិភាគ​កណ្តាល (ឧត្តរ​ចាស់​) គ្រួសារ​របស់​ពួក​គេ អ្នកក្រោមបង្គាប់​របស់​ពួក​គេ ប្រជាជន​មក​ពី​ភូមិភាគបូព៌ា ដោយ​ចោទ​ថា “សមាសភាព​មិនល្អ​” និង ​“ខ្មាំង​ផ្ទៃក្នុង​” ការ​ធ្វើទុក្ខ​បុកម្នេញ​មក​លើ​ប្រជាជន​ចាមនិង​ប្រជាជន វៀតណាម និង​អំពើ​អមនុស្សធម៌​ដទៃទៀត រួមមាន អាពាហ៍​ពិពាហ៍​ដោយបង្ខំ ការរំលោភ​លើ​ផ្លូវភេទ ការ​បាត់ខ្លួន​ដោយបង្ខំ ការធ្វើបាប​រាងកាយ ពលកម្ម​ដោយបង្ខំ និង​ការ​ឃុំឃាំង​ក្នុង​ស្ថានភាព​អមនុស្សធម៌ ការរំលោភ​លើ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ១៩៥៦ រួមមាន មនុស្សឃាត​ដោយចេតនា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ