ការបោះឆ្នោតជ្រើសរើសឬផ្លាស់ប្តូរមេដឹកនាំនៅសហរដ្ឋអាមេរិករយៈពេល៤ឆ្នាំម្តង គឺជារឿងធម្មតា ដោយផ្អែកលើផលប្រយោជន៍និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយមិនមានការចោទប្រកាន់ថា អ្នកណាម្នាក់ក្បត់ជាតិឬក្បត់បក្សនោះទេ។
មួយអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកមានរយៈពេល៤ឆ្នាំ ហើយមនុស្សម្នាក់អាចឈរឈ្មោះបានតែ២អាណត្តិតែប៉ុណ្ណោះ។ ចំពោះមេដឹកនាំដែលមានសមត្ថភាពអាចធ្វើឱ្យប្រទេសជាតិរីកចម្រើននិងថ្លៃថ្នូរ ពលរដ្ឋអាចបោះឆ្នោតគាំទ្រឱ្យកាន់តំណែងនេះ២អាណត្តិ ប៉ុន្តែបើសិនជាពលរដ្ឋមិនពេញចិត្ត គឺអាចកាន់តំណែងបានតែមួយអាណត្តិ៤ឆ្នាំនេះទេ។
ក្នុងដំណើរការបោះឆ្នោតកាលពីសប្តាហ៍មុននេះ លោក ដូណាល់ ត្រាំ ជាមហាសេដ្ឋីអចលនទ្រព្យ មានការជឿជាក់ខ្ពស់ថា នឹងទទួលបានជ័យជម្នះម្តងទៀត ប៉ុន្តែជាលទ្ធផលផ្លូវការ គឺលោកចាញ់លោក ចូ បៃដិន។ លោក ដូណាល់ ត្រាំ ទទួលបាន៧០,៤លានសំឡេង ស្មើនឹង២១៤អង្គបោះឆ្នោត ចំណែកលោក ចូ បៃដិន ទទួលបាន៧៤,៦លានសំឡេង ស្មើនឹង២៧៩អង្គបោះឆ្នោត។
នៅថ្ងៃបោះឆ្នោត ពលរដ្ឋអាមេរិកអាចបង្ហាញជំហររបស់ពួកគេនៅលើបណ្តាញទំនាក់ទំនងសង្គម និងអាចនិយាយជាមួយអ្នកសារព័ត៌មានបានថា ពួកគេសម្រេចចិត្តបោះឆ្នោតគាំទ្របេក្ខជនណាមួយដោយសារហេតុផលនេះឬហេតុផលនោះ។
ការបង្ហាញជំហរនយោបាយនេះ មិនមានអាជ្ញាធរភូមិឃុំណាតាមស៊ើប ហើយគំរាមកំហែងនោះទេ។ ចំណែកក្នុងស្រទាប់ពលរដ្ឋដូចគ្នា ក៏មិនមានការទាស់ទែងឬចោទប្រកាន់គ្នាថា មានការក្បត់ជាតិ ក្បត់បក្ស លក់ខ្លួន ឬលក់ក្បាលនោះទេ។
ក្នុងដំណើរការនៃការឃោសនាបោះឆ្នោត អ្នកនយោបាយឬបេក្ខជនប្រធានាធិបតី ប្រឹងប្រែងពង្រឹងសមត្ថភាពនិងស្រាវជ្រាវរកគន្លឹះក្នុងការដោះស្រាយបញ្ហារបស់ប្រទេសជាតិឱ្យរីកចម្រើន មិនបានប្រឹងប្រែងស្វែងរកចំណុចខ្សោយឬបង្កើតរឿងមិនពិតផ្សេងដើម្បីចោទប្រកាន់គ្នានោះទេ។
នៅពេលឃោសនារវាងលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ បានជជែកដេញដោលផុសផុលពីបញ្ហានយោបាយជាតិនិងអន្តរជាតិ បញ្ហាពន្ធដារ បញ្ហាសុខភាព សេដ្ឋកិច្ច និងសិទ្ធិមនុស្ស ជាដើម។
ក្រោយពេលលទ្ធផលចុងក្រោយប្រកាសថា លោក ចូ បៃដិន ឈ្នះការបោះឆ្នោតហើយ លោក ចូ បានលើកឡើងពីចំណុចគោលអាទិភាពចំនួន៤ ដែលលោកត្រូវធ្វើក្នុងរយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃលោកស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ចំណុចចំនួន៤នោះ រួមមាន ការឆ្លងរាលដាលមេរោគកូវីដ១៩ ការធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើងវិញ ការបញ្ឈប់ការរើសអើងជាតិសាសន៍ និងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ក្នុងអំឡុងពេលឃោសនា បេក្ខជនទាំង២មិនបានរំឭកបើកកកាយរឿងអាស្រូវផ្ទាល់ខ្លួនដែលរកបានតាមរយៈការលួចសំឡេងគ្នា ឬរៀបចំក្រុមការងារទៅស៊ើបរកនោះទេ។
ការមិនយករឿងអាស្រូវផ្ទាល់ខ្លួនឬប្រឌិតរឿងមិនពិតមកវាយប្រហារគ្នានេះ អាចជាការយល់ឃើញរបស់តួអង្គនយោបាយផ្ទាល់ ដោយដឹងថា ការធ្វើបែបនេះមិនមានសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯងនិងមិនមានប្រយោជន៍ដល់ជាតិ។ ម្យ៉ាងទៀត បើអ្នកនយោបាយនៅសហរដ្ឋអាមេរិកផ្តោតតែរឿងបុគ្គលឬប្រឌិតរឿងមិនពិតវាយប្រហារគ្នានោះ ប្រហែលពលរដ្ឋអាមេរិកមិនបោះឆ្នោតឱ្យពួកគេទាំង២នោះតែម្តង ព្រោះពលរដ្ឋអាមេរិកជាពលរដ្ឋដែលមានចំណេះដឹងនិងតាមដានការដឹកនាំប្រទេស។
ក្នុងសារអបអរលោក Joe Biden ជាប់ឆ្នោតជាប្រធានាធិបតីនោះ លោក Obama ប្រធានាធិបតីទី៤៤របស់អាមេរិក បានជំរុញឱ្យពលរដ្ឋបន្តតាមដាននិងជ្រោមជ្រែងដល់ការងារប្រធានាធិបតីជាប់ឆ្នោតរូបនេះ។ លោក Obama ជំរុញឱ្យពលរដ្ឋចូលរួមឱ្យសកម្មលើកិច្ចការងារសង្គមនយោបាយ បើទោះជាហត់នឿយក្នុងជីវភាពប្រចាំថ្ងៃក៏ដោយ។
លោក Barack Obama៖ «ខ្ញុំដឹងថា អ្នកទាំងអស់គ្នាពិតជាហត់នឿយ ប៉ុន្តែដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យរឹងមាំបានល្អ គឺវាទាមទារឱ្យពលរដ្ឋសកម្មផ្តោតលើបញ្ហាសង្គមជាតិដដែល មិនមែនសកម្មតែក្នុងពេលបោះឆ្នោតនោះទេ គឺត្រូវធ្វើខ្លួនជាប្រជាពលរដ្ឋសកម្មរាល់ថ្ងៃតែម្តង»។
ឥរិយាបថរបស់ពលរដ្ឋអាមេរិកដែលមិនគាំទ្របុគ្គលណាមួយផ្តាច់មុខ ឬមិនវាយប្រហារគ្នាពេលដែលដូរជំហរគាំទ្រ អាចដោយសារតែនៅអាមេរិកសម្បូរអ្នកមានសមត្ថភាព ហើយក៏ជាឱកាសនៃការបង្កើតអ្នកមានសមត្ថភាពដែរ។
សម្បូរអ្នកមានសមត្ថភាពដឹកនាំប្រទេស គឺនៅសហរដ្ឋអាមេរិក បើទោះជាមនុស្សដឹកនាំប្រទេសបានតែ៨ឆ្នាំឬ៤ឆ្នាំនោះ ហើយត្រូវដូរអ្នកថ្មីរហូតក្ដី ក៏នៅអាមេរិកមិនខ្វះអ្នកដឹកនាំដែលមានសមត្ថភាពចូលខ្លួនមកប្រកួតប្រជែងដែរ។
ចំពោះគោលការណ៍ច្បាប់ដែលកំណត់ឱ្យបុគ្គលម្នាក់អាចកាន់តំណែងជាប្រធានាធិបតីយ៉ាងយូរ៨ឆ្នាំនេះ បូករួមជាមួយពលរដ្ឋមិនងប់ងុល ឬប្រកាន់ផ្តាច់មុខលើបុគ្គលឬបក្សណាមួយនោះជាការលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នានៅក្នុងសង្គមនោះ ប្រឹងប្រែងពង្រឹងសមត្ថភាពត្រៀមខ្លួនប្រកួតប្រជែងយកតំណែងមេដឹកនាំ។
ពលរដ្ឋជាយុវជន ក្រុមអ្នកជំនួញ មន្ត្រីរាជការជាដើម សុទ្ធតែអាចចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានាធិបតី បើសិនជាពួកគេមានសមត្ថភាពហើយមានបំណង។ ការត្រៀមខ្លួនដោយប្រឹងពង្រឹងសមត្ថភាព ដោយពួកគេដឹងថា ការចូលកាន់ការងារត្រូវប្រកួតប្រជែងដោយស្មើភាពគ្នានិងមិនមានការភ័យខ្លាចអ្វីនោះទេ។
នយោបាយនៅសហរដ្ឋអាមេរិកជានយោបាយដែលផ្អែកលើបុគ្គលមានសមត្ថភាព មិនមែនជានយោបាយបែបបុគ្គលនិយម ដែលបាត់បុគ្គលម្នាក់ធ្វើឱ្យប្រទេសកើតសង្គ្រាម ឬបាត់បុគ្គលម្នាក់ធ្វើឱ្យប្រទេសមិនមានលទ្ធិប្រជាធិបតេយ្យនោះទេ។
ជម្លោះខ្លះៗក៏កើតមានដែរក្រោយពេលបោះឆ្នោត ដូចជាក្រោយការបោះឆ្នោតឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោត ក៏មានការចោទថា លោក ត្រាំ ត្រូវរ៉ូវជាមួយរុស្ស៊ី ដើម្បីបន្លំសំឡេងឆ្នោត ទើបឈ្នះ។ ចំណែកការបោះឆ្នោតឆ្នាំ២០២០នេះ ពេល ត្រាំ ចាញ់ការបោះឆ្នោត លោក ត្រាំ ក៏បានចោទថា មានការលួចបន្លំដែរ ហើយលោកកំពុងតែរៀបចំប្តឹងទៅតុលាការ។
ទោះយ៉ាងណា ជម្លោះតិចតួចទាំងនោះមិនបានបង្កជាបញ្ហាធំដុំរាំងស្ទះដល់ការអភិវឌ្ឍប្រទេសទេ ដោយពលរដ្ឋអាមេរិកហាក់ជឿជាក់លើស្ថាប័នជំនាញជាអ្នកស្រាវជ្រាវនិងដោះស្រាយ។
ចំណុចមួយទៀត គ្រប់បេក្ខជនដែលដឹងថា ខ្លួនពួកគេឈ្នះ គឺតែងតែថ្លែងសារអំពាវនាវឱ្យមានការរួបរួមគ្នាគ្រប់និន្នាការនយោបាយ ហើយអ្នកឈ្នះទាំងនោះប្តេជ្ញាបំពេញការងារដើម្បីពលរដ្ឋអាមេរិកាំងទាំងអស់ មិនប្រកាន់បក្សណាមួយនោះទេ។
បើនិយាយពីការដូរជំហរគាំទ្រអ្នកនយោបាយ គឺនៅសហរដ្ឋអាមេរិក បក្សដែលឈ្នះឆ្នោតតែងតែឆ្លាស់គ្នាជាប្រចាំ គឺម្តងបក្សប្រជាធិបតេយ្យ ហើយម្តងបក្សសាធារណរដ្ឋ៕