ក្រសួង​អប់រំ​ថា មិន​មាន​ការ​លើក​ថ្ងៃ​ប្រឡង​ថ្នាក់​ទី៩​និង​១២​ដោយសារ​កូវីដ១៩

សិស្សៗនៅវិទ្យាល័យជាស៊ីមបឹងកេងកង ពាក់ម៉ាស់ការពារពីកូវីដ១៩ អង្គុយជជែកគ្នានៅបង់សាលារៀន ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

មន្រ្តីអ្នកនាំពាក្យក្រសួងអប់រំថា កាលបរិច្ឆេទថ្ងៃប្រឡងថ្នាក់ទី៩និងទី១២ និងការដាក់ពិន្ទុវិញ្ញាសាប្រឡងនៅ​​​រក្សាដ​ដែល បើទោះជាមានការបារម្ភសមត្ថភាពសិស្ស និងការព្រមានពីហានិភ័យនៃការឆ្លងកូវីដ១៩ក្នុងសហគមន៍ ផ្តើម​ចេ​ញ​​ពីព្រឹ​ត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា។​

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់ VOD នៅថ្ងៃនេះថា មកទល់ថ្ងៃនេះ ក្រសួងមិនមានគម្រោ​ងផ្លាស់ប្តូរឬលើកពេលប្រឡងមធ្យមសិក្សាទុតិយភូមិឬថ្នាក់ទី១២ ដែលកំណត់យកថ្ងៃទី២១និង២២ ខែធ្នូ និងមធ្យមសិក្សាបឋ​ម​ភូ​មិឬថ្នា​ក់​ទី៩ ដែលកំណត់យកថ្ងៃទី៣០ ខែវិច្ឆិកា។

លោកបន្ថែមថា ក្រសួងអប់រំក៏មិនមានគម្រោងបន្ធូរបន្ថយ​កម្រិតវិញ្ញាសា​ប្រឡងនោះដែរ ដោយសារខ្លួនបានរៀប​ចំ​កម្មវិធី​សិក្សា​តាមប្រព័ន្ធអនឡាញជំនួស​ឱ្យការសិក្សាក្នុងថ្នាក់ ហើយជំរុញឱ្យសិស្សខំប្រឹងសិក្សាដោយខ្លួនឯងក្នុង​កាលៈទេសៈនៃការគំរាម​កំ​ហែ​ងនៃមេរោគរាតត្បាតសកល។ យ៉ាងណា ​លោកថា ខាងក្រសួងនឹងធ្វើការជូនដំណឹង​ជាមុន បើមានហេតុផលសមស្របនិង​​ទៅតាមស្ថានការណ៍ជាក់ស្តែង។

លោក រស់ សុវាចា ថ្លែងថា៖ «ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូនព័ត៌មានពាក់ព័ន្ធនៅពេលក្រោយ ទៅតាមលទ្ធផលនៃការប្រឡងជាក់ស្តែង»

កាលពីសប្តាហ៍មុន ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលាទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្រុងតា​​ខ្មៅរយៈពេល២សប្តាហ៍ បន្ទាប់ពីរកឃើញករណីមន្រ្តីការបរទេសហុងគ្រីដែលបានមកធ្វើទស្សនកិច្ចនៅថ្ងៃទី៣ ខែវិច្ឆិកា មាន​ជំងឺកូវីដ១៩ និង​បាន​ប៉ះដោយ​​ផ្ទាល់និងប្រយោល​ទៅលើមនុស្សយ៉ាងហោចជិត១ ២០០នាក់។

ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា អ្នកស្រី អ៊ុក ឆាយ៉ាវី លើកឡើងថា វិធានការបិទសាលាដើម្បីបង្ការនិងទប់ស្កាត់​ការចម្ល​ងជំងឺ​កូវីដ១៩ របស់ក្រសួង គឺជារឿងត្រឹមត្រូវ ដើម្បីការពារសុខភាពសាធារណជនពីការគំរាមកំហែងរបស់វីរុសនេះ។ យ៉ាងណា អ្នកស្រីថា វិធានការនេះបានប៉ះពាល់ដល់គុណភាពអប់រំរបស់សិស្សធ្ងន់ធ្ងរ ដោយ​សារការបង្រៀនពីចម្ងាយនិងនៅក្នុងថ្នាក់ផ្ទាល់ មានប្រសិទ្ធភាពខុសគ្នា។

អ្នកស្រី​ ឆាយ៉ាវី មានប្រសាសន៍ថា៖ «យើងឃើញថា អ្វីដែលគាត់ទទួលបានគឺខ្សោយ ខ្សោយមែនទែន ដោយសារគាត់សិក្សាមិនដិតដល់ ហើយទី២ទៀត ​យើងឃើញហើយថា កូវីដកើតឡើងធ្វើឱ្យជីវភាពគ្រួសាររបស់ពួកគាត់កាន់តែធ្លាក់ចុះដុនដាប អ៊ីចឹងការស្វះស្វែងរបស់ពួកគាត់ហ្នឹងក៏នៅមានកម្រិតដែរ»

ប្រធានបច្ចេកទេសផ្នែកគណិតវិទ្យានៃវិទ្យាល័យ ជាស៊ីម បឹងកេងកង លោកសាស្រ្តាចារ្យ វ៉ាន់ សាវ៉េត លើកឡើងថា ការប​ង្រៀ​នតាមប្រព័ន្ធអនឡាញ សិស្សអាចចាប់បានការពន្យល់របស់គ្រូទាបជាងការបង្រៀនជាក់ស្តែង ដែលគ្រូនិងសិស្សអាចចោ​ទសួរនិងឆ្លើយបាន​ដោយក្បោះក្បាយ។ លោកបន្ថែមថា បញ្ហានេះប៉ះពាល់ដល់សិស្សដែលខ្សោយស្រាប់ឬដែលមិនខំប្រឹងប្រែងធ្ងន់​ធ្ងរជាងគេ។

លោកសាស្រ្តាចារ្យ សាវ៉េត ប្រាប់ថា៖ «បើយើងបង្រៀនតាមជាក់ស្តែងផ្ទាល់ជាមួយគ្នា យើងបង្រៀន១០០ សិស្សយ៉ាងហោចណាស់​ចាប់បាន៧០ភាគរយដែរ ហើយបើបង្រៀនតាមអនឡាញ​ សិស្សដែលមិនសូវរៀនបានតែ៣០ភាគរយ បាន៤០ភាគរ​យ បើសិស្សគាត់ពូកែ អាចបាន៥០ភាគរយជាងអ៊ីចឹង»

មន្រ្តីរដ្ឋបាលនៃសាលា Start Up Community អ្នកនាង វួច គីម លើកឡើងថា សាលារបស់អ្នកនាងបានបិទទ្វារទាំង​ស្រុង​នៅពេលនេះ​ ទៅតាមសំណើរបស់ក្រសួងអប់រំ ហើយបន្តបង្រៀនសិស្សដែលមានជាង៣០០នាក់តាមប្រព័ន្ធវីដេអូ ក្នុងនោះមាន៥​០ភាគរយ​ជាសិស្សថ្នាក់ទី១២ និង២៥ភាគរយជាសិស្សថ្នាក់ទី៩។

បុគ្គលិករដ្ឋបាលរូបនេះ ឱ្យដឹងថា មានមាតាបិតាសិស្សថ្នាក់ទី៩និងទី១២ជាច្រើន បានស្នើខាងសាលាឱ្យបើកបង្រៀន​សិស្សក្នុ​ងថ្នាក់ឡើងវិញ ដោយសារការបង្រៀនតាមប្រព័ន្ធអនឡាញ កូនៗរបស់ពួកគាត់ចាប់មិនសូវបាន ខណៈកាលបរិច្ឆេទប្រឡងឈានជិតចូ​លមកដល់។  

អ្នកនាង គីម ប្រាប់ថា៖ «ថ្មីៗហ្នឹង ក៏មានអាណាព្យាបាលសិស្សដែលគាត់ត្រូវប្រឡងខែក្រោយ គាត់ទាមទារបង្រៀន​​នៅក្នុងថ្នាក់ ទាមទារប្រញេប​ប្រញាប់ ហើយគាត់បារម្ភខ្លាចកូនគាត់ប្រឡងអត់ជាប់អ៊ីចឹង។ គាត់ខ្លាចខាតឆ្នាំកូនគាត់»។

នៅក្នុងសេចក្តីប្រកាស​ចុះថ្ងៃទី០២ ខែកញ្ញា ក្រសួងអប់រំបានប្រកាសពន្យារពេលកាលបរិច្ឆេទនៃថ្ងៃប្រលងបឋមសិក្សាបឋមភូមិនិងមធ្យមសិក្សាតុទិយភូមិ ដែលជារៀងរាល់ឆ្នាំប្រព្រឹត្តឡើងនៅអំឡុងខែកក្កដានិងសីហា ទៅថ្ងៃទី៣០ ខែវិច្ឆិកា និង ថ្ងៃទី២១និង២២ ខែធ្នូ ដើម្បីទុកពេលដល់ការរៀបចំការប្រឡងប្រព្រឹត្តទៅដោយរលូននិងមានគុណភាពស្របតាមគោលការណ៍របស់ក្រសួង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ