នាយក​រដ្ឋ​មន្ត្រី​បង្ហើប​ពី​បំណង​ប្រើ​ច្បាប់​​ក្នុង​គ្រា​មាន​អាសន្ន​​ ​ដើម្បី​​ទប់​ស្កាត់​កូវីដ​១៩​

អាជ្ញាធរដាក់របាំងហាមឃាត់ការធ្វើដំណើរពលរដ្ឋ នៅតាមបណ្ដាោយផ្លូវជាតិលេខ៦ រវាងខេត្តកណ្ដាល និងក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបពីបំណងប្រើច្បាប់ដែលអាចនឹង​បិទប្រទេសផ្នែកខ្លះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈលោកបាន​ស្តីបន្ទោសមន្ត្រីមួយចំនួនថា មិនបានធ្វើចត្តាឡីស័កឬដា​​ក់ខ្លួ​នឱ្យនៅដាច់ដោយឡែកឱ្យបានត្រឹមត្រូវតាមការណែនាំ​​របស់ក្រសួងសុខាភិបាល។

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មនុស្ស៤នាក់ត្រូវបានក្រសួងសុខាភិបាលជូនដំណឹងពីការរកឃើញថា បានឆ្លងជំងឺ​កូវីដ១៩ ឆ្លងពីរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៣ ខែវិច្ឆិកា ខណៈ​​មនុស្ស១ ១៦៦នាក់ រកឃើញថា បានប៉ះពាល់ផ្ទាល់និងប្រយោល និងកំពុងស្ថិតក្រោមការ​តាមដាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងធ្វើចត្តាឡីស័កដែរនោះ កាលពីថ្ងៃ​ម្សិលមិញ បានចេញសារក្រើនរំឭកជាថ្មី​ទៅមន្ត្រីដែលពាក់ព័ន្ធ​ឱ្យដាក់ខ្លួននៅដាច់ដោយ​ឡែក​ឱ្យបានត្រឹមត្រូវ ដើម្បី​បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ​១៩ចូលសហគមន៍។

ក្នុងសារអំពាវនាវលើកទី៣នេះ លោកនាយករដ្ឋមន្ត្រីបានស្តីបន្ទោសមន្ត្រីខ្លះថា ធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ និង​ថា ខ្លះទៀ​តបានទៅចូលរួមពិធីផ្សេងៗនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខ្លះធ្វើដំណើរទៅខេត្តព្រះសីហនុ កែប កំពត តាកែវ និងពោធិ៍​សា​ត់ ជាដើម ដែល​​ធ្វើឱ្យកើនឡើង​នៃចំនួនអ្នកប៉ះពាល់ បង្កជាការព្រួយបារម្ភពីលទ្ធភាពឆ្លងចូលសហគមន៍។

លោកថា៖ «ការអំពាវនាវរបស់ខ្ញុំនេះ​​ ធ្វើនៅមុនពេល​ដែល​ខ្ញុំកំពុងតែគិតថា តើត្រូវប្រកាសបិទទីក្រុងភ្នំពេញឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ ព្រោះច្បាប់ក្នុងគ្រាមានអាសន្នមានក្នុងដៃរួចហើយ»។

«ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំនេះ។ ច្បាប់នេះ​បានប្រគល់​សិទ្ធិអំណាចទៅ​រដ្ឋាភិបាល អាចប្រើអាជ្ញាសឹក​បាន ក្រៅពីកម្រិតសិទ្ធិដើរហើរ សិទ្ធិប្រកបមុខរបរ និងសិទ្ធិជួបជុំ ជាដើម។

ទោសប្បញ្ញត្តិវិញ ជាប់ពន្ធនាគាររហូត១០ឆ្នាំ បើរដ្ឋាភិបាលចាត់ទុកថា អ្នកនោះមានចេតនា​ធ្វើឱ្យចលាចលឬប៉ះពាល់​ដល់សន្តិសុខជាតិ។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែងថា លោកមិនចង់ប្រើច្បាប់នេះទេ ដោយថា វាប៉ះពាល់សិទ្ធិពលរដ្ឋច្រើនទៀតដែលមិនជាប់ពាក់ព័ន្ធ។

លោកថា៖ «ដូច្នេះ ខ្ញុំសូមស្នើដោយទទូច សុំឱ្យរំលត់​សភាពការណ៍នេះ យ៉ាងយូរបីសប្តាហ៍​ខាងមុខ។ ដើម្បីរំលត់សភាព​​​ការណ៍ ដែល​​​​ហៅ​​ថា “៣វិច្ឆិកា” នេះបាន ទាមទារឱ្យ​ធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់បំផុត បើ​មិនដូច្នោះទេ មហន្តរាយ​នឹងកើតមានស​ម្រាប់​​​ប្រ​​ទេ​​​ស​យើង មិនខុសពីប្រទេសដទៃដែលកំពុងតែឆ្លងកាត់នូវរោគរាតត្បាតទូទាំង​ប្រទេសដែលត្រួតត្រាមិនបាន»។

ក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះដែរ បានចេញសារព្រមានចាត់វិធានការផ្លូវច្បាប់លើបុគ្គលដែលធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ខ្លួន ក្រៅពីទោសព្រហ្មទណ្ឌ និងត្រូវពិន័យជាប្រាក់រហូតដល់១លានរៀល។

ក្រសួងថា៖ «បុគ្គលដែលមិនអនុវត្ត​តាមវិធានការសុខាភិបាលក្នុងការធ្វើចត្តាឡីស័ក​ ត្រូវ​ទទួលពិន័យ​អន្តរការណ៍ជាទឹកប្រាក់ពី ២០០ ០០០រៀល ដល់ ១ ០០០ ០០០រៀល និងត្រូវផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជាធរមាន តាមមាត្រា៨ នៃអនុក្រឹត្យលេខ​១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៥ ព្រមទាំងតម្រូវ​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​»។

ក្រោយផ្ទុះជំងឺឆ្លងនេះ រដ្ឋាភិបាលបានប្រកាសឱ្យបិទគ្រឹះស្ថានសិក្សា រោងភាពយន្ត ក្លឹបកម្សាន្ត និង​សារមន្ទីរ​ជាថ្មីវិញ នៅក្នុងរាជធានីភ្នំពេញ​និងខេត្តកណ្តាល ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដា​លជំងឺនេះ​។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា បើបញ្ហានេះរីករាលដាលរហូតដល់​​រដ្ឋាភិបាលដាក់ប្រ​ទេសក្នុងស្ថានភាពអាសន្នមែននោះ អ្នកដែលស្លាប់មុនគេគឺក្រុមពលរដ្ឋ​ដែលមានមុខរបររត់ម៉ូតូឌុប កង់បី អ្នកលក់ដូរតាម​ចិញ្ចើមផ្លូវ រួមទាំងកម្មករដែលបាត់បង់ការងារ។

លោកថា៖ «បើសិនរដ្ឋាភិបាលដាក់ប្រទេសក្នុងភាពអាសន្នមែន វាគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ព្រោះគាត់រកមួយថ្ងៃទទួលទានមួយថ្ងៃ ហើយបើដាក់មែន មិនដឹងរស់យ៉ាងម៉េចទេ? មានតែដាច់បាយស្លាប់​តែម្តង ព្រោះនៅក្នុងស្ថានភាពកូវីដ១៩ តាំងពីឆ្លងចូលប្រទេសកម្ពុជាមក ពួកក្រៅប្រព័ន្ធមិនដែលបានការឧបត្ថម្ភអីពីរដ្ឋាភិបាលទេ ហើយបើដាក់ទៀត មានតែដាច់បាយស្លាប់»។

ប្រធានសមាគ​មមួយនេះ អំពាវនាវទៅស្ថាប័នពាក់ព័ន្ធចាត់វិធានការឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ចៀស​ផលប៉ះពាល់ដល់អ្នកដែលមា​ន​មុខរបរតូចតាចនិងមានប្រាក់ចំណូលទាប។

បើតាមលោក វន់ ពៅ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានជាង៨៨ភាគរយនៃកម្លាំងពលកម្មសរុប គិត​ជាប្រជាព​លរដ្ឋមា​នជាង៨លាននាក់ ចំណូលមធ្យមប្រមាណ៣ម៉ឺនរៀលក្នុង១ថ្ងៃ និងអ្នកដែលជាប់បំណុលធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាង៩៥ភាគរយ។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញបញ្ជាផងដែរទៅអាជ្ញាធរ នគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស និង​កងយោធពលខេមរភូមិន្ទ ឱ្យត្រៀមបញ្ចេញកម្លាំងដាក់ពង្រាយនៅតាមមណ្ឌលចត្តាឡីស័ក ដើម្បីពង្រឹងប្រសិទ្ធភាពសេចក្តីណែនាំរបស់ក្រ​សួងសុខាភិបាល និង​ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ